នៅក្នុងរង្វង់ខ្សែមួយដែលចងព័ទ្ឋជុំវិញក្រោមម្លប់ដើមឈើតូចៗ និងមានការតាមឃ្លាំមើលពីកម្លាំងសម្ថកិច្ចប្រមាណជាង២០នាក់ក្រុមអ្នកស្រុកបានឈរកាន់បដារូបថតលោកនាយរដ្ឋមន្ត្រីហ៊ុន សែន និងភរិយារបស់លោក និងរូបព្រះឆាយាល័ក្ខណ៍សម្តេចឪសម្តេចម៉ែព្រមទាំងពាក្យស្លោកដែលរិះគន់ពីការបណ្តេញចេញដោយបង្ខំ។
«ត្រូវតែមានតម្លាភាព និងយុត្តិធម៌ដល់ប្រជាពលរដ្ឋដែលបានចាកចេញនៅតំបន់បឹងកក់»។
ប្រជាពលរដ្ឋប្រមាណជាង៤.០០០គ្រួសារកាលពីអំឡុងឆ្នាំ២០០៨បានចាកចេញពីតំបន់បឹងកក់ជាថ្នូរនឹងទឹកប្រាក់ខុសៗគ្នាដោយគ្រួសារខ្លេះទទួលសំណង១.០០០ដុល្លារ ហើយគ្រួសារខ្លះទទួលបាន៨.០០០ដុល្លារ និងទឹកប្រាក់ចំនួន២លានរៀល។
លោកស្រី សំ វណ្ណាអាយុ៥០ឆ្នាំដំណាងប្រជាពលរដ្ឋនៅតំបន់បឹងកក់បាននិយាយថាសំណងដែលផ្តល់កន្លងមកបានធ្វើឡើងតាមការបង្ខិតបង្ខំនិងគំរាមកំហែង។ លោកស្រីបាននិយាយថា ប្រជាពលរដ្ឋភាគច្រើនមិនអាចយកប្រាក់ទាំងនេះទៅប្រកបរបរចិញ្ចឹមជីវិតបានទេហើយការតវ៉ារបស់ពួកយើងនៅថ្ងៃនេះគឺចង់ទាមទារដល់សាលាក្រុងនិងក្រុមហ៊ុនស៊ូការគូអ៊ីនឲ្យផ្តល់សំណងបន្ថែមរហូតដល់២.០០០០ដុល្លារក្នុងមួយគ្រួសារ។
«អ្នកខ្លះបានត្រឹម៤.០០០ អ្នកខ្លះរុះរើទៅក៏អត់បានលុយដែរ។ អញ្ចឹងហើយពួកយើងខ្ញុំមកនេះដើម្បីឲ្យរាជរដ្ឋាភិបាលធ្វើការឲ្យមានតម្លាភាព និងយុត្តិធម៌ចំពោះអ្នកចាកចេញ»។
ក្រុមប្រជាពលរដ្ឋដែលបានចាកចេញពីតំបន់បឹងកក់បានទៅរស់នៅកន្លែងផ្សេងៗពីគ្នាជាយក្រុងភ្នំពេញប្រមាណជាង២០គីឡូម៉ែត្រនិងមានអ្នកខ្លះទៅរស់នៅតាមបណ្តាខេត្តមួយចំនួន។
អ្នកស្រីដួង ម៉ារីន អាយុ៥៩ឆ្នាំកំពុងអង្គុយក្រោមម្លប់ដើមឈើមួយជាមួយនឹងប្រជាពលរដ្ឋផ្សេងទៀតហើយបច្ចុប្បន្ននេះកំពុងរស់នៅបូរីសន្តិភាពពីរក្នុងខ័ណ្ឌដង្កោបាននិយាយថាប្រជាពលរដ្ឋមានជីវភាពដុនដាបបន្ទាប់ពីបានចាកចេញពីតំបន់បឹងកក់។ អ្នកស្រីបាននិយាយថា អ្នកស្រីបានទទួលសំណងជាផ្ទះមួយល្វែង៤មគុណនឹង១២ក៏ប៉ុន្តែផ្ទះនេះគ្មានគុណភាព។
«ផ្ទះហ្នឹងវាពុកឥឡូវដំបូលវាផ្ទុះហើយ។ ដូចជ្រាបស្រាប់ហើយសុទ្ឋតែកម្មករអ្នកទូលកញ្ច្រែងគ្មានលុយជួសជុលទេ។ មួយរដូវភ្លៀងហ្នឹងវាលិចហើយឡើងប្រេះខ្មៅៗអស់ហើយ»។
លោក កើត ឆែ នាយករងរដ្ឋបាលសាលាក្រុងភ្នំពេញបាននិយាយថា លោកមិនបានដឹងការតវ៉ារបស់ប្រជាពលរដ្ឋអតិតរស់នៅតំបន់បឹងកក់ទេ។
«ខ្ញុំសួរបងឯងវិញ បើបងឯងអត់ដឹងរឿង បងឯងឆ្លើយយ៉ាងម៉េចដែរ។ រឿងហ្នឹងគាត់ប្រគល់ឲ្យសាលាខ័ណ្ឌប្រជុំធ្វើម៉េចខ្ញុំដឹងទៀត»។
លោក សុខ ពេញវុធ អភិបាលរងខ័ណ្ឌដូនពេញមិនបានធ្វើអត្ថាធិប្បាយទេដោយលោកបាននិយាយថា កំពុងជាប់រវល់ប្រជុំ។
លោកបណ្ឌិតឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យមួយរូបដែលបានឃ្លាំមើលការតវ៉ារបស់ប្រជាពលរដ្ឋបាននិយាយថា ទាំងអាជ្ញាធរ ទាំងក្រុមហ៊ុន ទោះបីជាពួកគេរស់នៅតំបន់ណាក៏ដោយត្រូវតែផ្តល់ជីវភាពឲ្យដលើកម្រិតដើមរបស់ពួកគេវិញនៅពេលមានការបណ្តេញចេញពីកន្លែងចាស់។
«គេធ្លាប់រស់នៅស្រួលត្រឹមណាគឺប្រញាប់ប្រញាល់អភិវឌ្ឃន៍កន្លែងហ្នឹងដើម្បីឲ្យជីវភាពរស់នៅរបស់ពួកគេរស់នៅឲ្យបានស្រួលដូចដើមវិញបើមិនបានប្រសើរជាងទេ។ នេះគោលការណ៍សុភមង្គលរបស់ប្រជាពលរដ្ឋ»។
ក្រុមហ៊ុនស៊ូការគូអ៊ីនបានជួលដីបឹងកក់ពីសាលាក្រុងភ្នំពេញរយៈពេល៩៩ឆ្នាំសម្រាប់ធ្វើការអភិវឌ្ឃឲ្យទៅជាមជ្ឃមណ្ឌលពាណិជ្ជកម្មសណ្ឋាគារ និងផ្ទះសម្បែងក៏ប៉ុន្តែការអភិវឌ្ឃនេះត្រូវបានប្រជាពលរដ្ឋចោទប្រកាន់ថាបានធ្វើឲ្យពួកគេដែលធ្លាប់រស់នៅបឹងកក់បានធ្លាក់ខ្លួនក្រនិងខ្វះទីជម្រកសមរម្យ៕
BY:VOA
No comments:
Post a Comment
yes