សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, November 17, 2011

ពលរដ្ឋ​នៅ​បុរីកីឡា​តវ៉ា​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ផានអ៊ីម៉ិច​សង់​អគារ​បន្ថែម

 ប្រជាពលរដ្ឋ​នៅ​សហគមន៍​បុរី​កីឡា នា​ខណ្ឌ​៧​មករា បាន​នាំ​គ្នា​ដុត​កង់​ឡាន​បិទ​ផ្លូវ​ឆេកូស្លូវ៉ាគី នៅ​ទល់​មុខ​វិទ្យាល័យ​បាក់​ទូក និង​ធ្វើ​ពិធី​បន់​ស្រន់​អ្នក​តា​ដើម្បី​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ផានអ៊ីម៊ិច សាងសង់​អាគារ​ចំនួន ២​បន្ថែម​ទៀត សម្រាប់​អ្នក​រស់នៅ​បុរី​កីឡា​ជាង ៣០០​គ្រួសារ ដែល​មិន​ទាន់​បាន​ផ្ទះ​ល្វែង​ទៅ​តាម​គោលនយោបាយ​ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សម្រេច​នា​ពេល​កន្លង​មក។
ប្រជាពលរដ្ឋ​សហគមន៍​បុរី​កីឡា រាជធានី​ភ្នំពេញ ជាង ១០០​នាក់ ដែល​មាន​បញ្ហា​ផ្ទះ​សម្បែង​ជាមួយ​ក្រុមហ៊ុន​ផានអ៊ីម៊ិច បាន​ប៉ះ​ទង្គិច​គ្នា​មួយ​ប្រាវ​ជាមួយ​កម្លាំង​សមត្ថកិច្ច ក្នុង​គ្រា​ដែល​ពួកគាត់​នាំ​គ្នា​លើក​បដា​តវ៉ា​បិទ​ផ្លូវ​នៅ​ខាង​មុខ​វិទ្យាល័យ​បាក់​ទូក ក៏​ប៉ុន្តែ​មិន​បាន​បង្ក​ឲ្យ​មាន​អំពើ​ហិង្សា​នោះ​ទេ។
លោកស្រី ម៉ឹង វណ្ណា ជា​ស្ត្រី​ម្នាក់​ក្នុង​ចំណោម​អ្នក​តវ៉ា​ទាំង​នោះ បាន​ថ្លែង​នៅ​ថ្ងៃ​ទី​១៧ វិច្ឆិកា ថា ពួកគាត់​ធ្វើ​ពិធី​បន់ស្រន់​អ្នកតា និង​រូប​ទីងមោង​ឧបកិច្ច​​ជា​តំណាង​ប្រធាន​សហគមន៍ ប្រធាន​ភូមិ និង​តំណាង​ក្រុមហ៊ុន​ដែល​បាន​រំលោភ​សេចក្ដី​ទុកចិត្ត​ប្រជាពលរដ្ឋ និង​ប្រព្រឹត្ត​អំពើ​ពុករលួយ​មិន​ឲ្យ​ប្រជាពលរដ្ឋ​ក្រីក្រ​ទទួល​បាន​អាគារ​ស្នាក់នៅ។
លោក យ៉ា ប៉េងហ៊ុល បុរស​អ្នក​តវ៉ា​ម្នាក់​ទៀត​បាន​ថ្លែង​ថា ពួកគាត់​ទាមទារ​ឲ្យ​ក្រុមហ៊ុន​នេះ​សាងសង់​អាគារ​ចំនួន ២​បន្ថែម​ទៀត គឺ​អាគារ​ទី​៩ និង​ទី​១០ សម្រាប់​អ្នក​រស់នៅ​បុរី​កីឡា​ចំនួន ៣៨៤​គ្រួសារ ដែល​មិន​ទាន់​ទទួល​បាន​ផ្ទះល្វែង​រស់​នៅ​ទៅ​តាម​គោលនយោបាយ​ដែល​លោក ហ៊ុន សែន បាន​សម្រេច​កន្លង​មក៖ «បើ​តាម​គោលការណ៍​របស់​សម្ដេច​ពី​មុន​មក ពីព្រោះ ១​អាគារ​បាន ១៧៦​បន្ទប់។ គាត់​ថា មិន​ទាន់​ដោះស្រាយ​ឲ្យ​ទេ គាត់​រវល់»។
ចៅ​សង្កាត់​វាលវង់ អ្នកស្រី កែវ សាកល ដែល​បាន​ចុះ​ទៅ​ដល់​កន្លែង​ប្រជាពលរដ្ឋ​តវ៉ា បាន​បដិសេធ​ថា អាជ្ញាធរ​សង្កាត់​មិន​មែន​ជា​អ្នក​គ្រប់គ្រង​ស្ថិតិ​ពលរដ្ឋ​នៅ​បុរី​កីឡា​នោះ​ទេ គឺ​ខណ្ឌ និង​សាលា​រាជធានី​ភ្នំពេញ។ អាជ្ញាធរ​កំពុង​មាន​ភាព​ស្មុគ​ស្មាញ​ច្រើន​ចំពោះ​ការ​ទាមទារ​សាងសង់​អាគារ​បន្ថែម​របស់​ពលរដ្ឋ។
ពលរដ្ឋ​រស់​នៅ​បុរី​កីឡា នៅ​ថ្ងៃ​ទី​១៧ វិច្ឆិកា ក៏​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ដើម្បី​ប្ដឹង​អ្នកស្រី ស៊ុយ សុផាន ប្រធាន​ក្រុមហ៊ុន​ផានអ៊ីម៉ិច ដែល​ទទួល​បាន​ដី​បូរី​កីឡា ដើម្បី​អភិវឌ្ឍ​ផ្ទះល្វែង និង​ប្ដឹង​ប្រធាន​សហគមន៍​បូរី​កីឡា ពី​បទ​ឃុបឃិត​គ្នា​ប្រព្រឹត្ត​ពុករលួយ​យក​ដី​ទំហំ ៤.៣០០​គីឡូម៉ែត្រ​ក្រឡា ទៅ​លក់ ដែល​នាំ​ឲ្យ​អាក់ខាន​សាងសង់​អាគារ ២​បន្ថែម​ទៀត​ឲ្យ​ប្រជាពលរដ្ឋ។
លោក ចាន់ សុវ៉េត អនុ​ប្រធាន​កម្មវិធី​ស៊ើបអង្កេត​សិទ្ធិ​មនុស្ស​សមាគម​អាដហុក ដែល​បាន​ឃ្លាំមើល​ការ​តវ៉ា​នេះ​មាន​ប្រសាសន៍​ថា ដី​តំបន់​បុរីកីឡា គឺ​ជា​តំបន់​អភិវឌ្ឍន៍​ដែល​គេ​គិត​ថា ជា​តំបន់​គំរូ គួរ​រដ្ឋាភិបាល​បើក​ការ​ស៊ើបអង្កេត​ដើម្បី​រក​ដំណោះស្រាយ​ឲ្យ​ប្រជាពលរដ្ឋ។
រដ្ឋាភិបាល​បាន​ប្រគល់​តំបន់​បុរីកីឡា​ទៅ​ឲ្យ​ក្រុមហ៊ុន​ផានអ៊ីម៉ិច អភិវឌ្ឍ​ជា​ផ្ទះល្វែង​តម្លៃ​រាប់​លាន​ដុល្លារ​សម្រាប់​លក់​តាំង​ពី​ឆ្នាំ​២០០៣។ ប៉ុន្តែ​ក្រុមហ៊ុន​ត្រូវ​សាងសង់​ផ្ទះល្វែង​ជាច្រើន​ជាន់ ដើម្បី​ផ្តល់​ឲ្យ​ប្រជាជន​ដែល​រស់នៅ​ក្នុង​អាគារ​ចាស់​ទ្រុឌទ្រោម​នៅ​បុរីកីឡា ដើម្បី​ជា​ថ្នូរ​នឹង​ការរុះរើ​ចេញ៕



ពីវិទ្យុ អាស៊ីសេរី

No comments:

Post a Comment

yes