សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, November 28, 2011

តុលាការ​កាត់ទោស​សាច់ញាតិ​លោក ហ៊ុន សែន តែ​មិន​ស្វែង​រក​ចាប់​ខ្លួន

 នៅ​ទី​បំផុត សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ដែល​កន្លង​មក​បាន​លើ​ពេល​កាត់​ទោស​សាច់​ញាតិ​លោក​នាយក​រដ្ឋ​មន្ត្រី​ដល់​ទៅ ៥​ដង នោះ នៅ​ពេល​នេះ​បាន​សម្រេច​កាត់​ទោស​ហើយ។


 សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា ឆ្នាំ​២០១១ បាន​ប្រកាស​សាលក្រម​ផ្ដន្ទា​ទោស​កំបាំង​មុខ លោក សេង យៀន ឲ្យ​ជាប់​គុក​រយៈ​ពេល ៤​ឆ្នាំ ៦​ខែ និង​ពិន័យ​ជា​ប្រាក់​ចំនួន ៤​ម៉ឺន​ដុល្លារ​អាមេរិក ក្រោម​បទ​ចោទ​ថា លោក​បាន​ទទួល​ប្រាក់​សំណូក​ចំនួន ២០​ម៉ឺន​ដុល្លារ​អាមេរិក មាត្រា​ទី​៣៨ នៃ​ច្បាប់​ព្រហ្មទណ្ឌ​អន្តរ​កាល​សម័យ​អ៊ុនតាក់។
តុលាការ​ដដែល​បាន​ប្រកាស​ផ្ដន្ទា​ទោស​កំបាំង​មុខ​ប្អូន​ស្រី​ជី​ដូន​មួយ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន គឺ​អ្នក​ស្រី ឌី ប្រឹម ឲ្យ​ជាប់​គុក​រយៈ​ពេល ២​ឆ្នាំ ៦​ខែ ក្រោម​បទ​សូក​ប៉ាន់​តាម​មាត្រា​ទី​៥៨ នៃ​ច្បាប់​ដដែល​នោះ។
ដើម​បណ្ដឹង​នៃ​សំណុំ​រឿង​អំពើ​ពុក​រលួយ​នេះ គឺ​ក្រសួង​អធិការកិច្ច​ទំនាក់​ទំនង​សភា និង​ព្រឹទ្ធ​សភា។ ការ​ប្រកាស​សាលក្រម​នេះ គឺ​ក្រោយ​ពេល​ដែល​តុលាការ​បាន​លើក​ពេល​សវនាការ​ចំនួន ៥​ដង​កន្លង​មក រហូត​ដល់​មាន​សវនាការ​ជម្រះ​ក្ដី​លើក​ទី​៥ នៅ​ថ្ងៃ​ទី​២៧ ខែ​តុលា ឆ្នាំ​២០១១ កន្លង​ទៅ​នេះ។
ចៅក្រម​ប្រឹក្សា​លោក សេង នាង បាន​អាន​សាលក្រម​ថា តុលាការ​បើក​ផ្លូវ​ឲ្យ​ប្ដឹង​ទាស់​ទៅ​សាលាឧទ្ធរណ៍​ក្នុង​រយៈ​ពេល ៣០​ថ្ងៃ កំណត់​ដោយ​ច្បាប់។
មេធាវី​ការពារ​ក្ដី​ឲ្យ​កសិករ​ឈ្មោះ ហួត សារុំ គឺ​លោក កៅ ទី បាន​មាន​ប្រសាសន៍​នៅ​ក្រៅ​តុលាការ​ថា លោក​ពេញ​ចិត្ត​និង​ការ​សម្រេច​បែប​នេះ ៖ "សុំ​ឲ្យ​មាន​ចេញ​ដីកា​ចាប់​ខ្លួន ដោយ​សារ​ច្បាប់​បាន​កំណត់​ហើយ កាល​ណា​ផ្ដន្ទា​ទោស​លើស​ពី​១​ឆ្នាំ គឺ​ត្រូវ​ចេញ​ដីកា​ចាប់​ខ្លួន​ជា​ដាច់​ខាត"
កសិករ​ឈ្មោះ ហួត សារុំ អាយុ​៦៥​ឆ្នាំ នៅ​ខណ្ឌ​ដង្កោ ជាយ​ទីក្រុង​ភ្នំពេញ ដែល​បាន​អះអាង​ថា អ្នកស្រី​ជា​ជន​រងគ្រោះ នៃ​ការ​រឹប​យក​ដី​ស្រែ​មិន​បាន​សម្រេច​កន្លង​មក បាន​និយាយ​ប្រាប់​អ្នក​កាសែត​នៅ​ក្រៅ​តុលាការ​ថា ទោស​នេះ​នៅ​ស្រាល​នៅ​ឡើយ អ្នក​ស្រី​មិន​ពេញ​ចិត្ត​ទេ ៖ "ទុក​ពេល​ឲ្យ​វា​ធ្វើ​បាប​គេ​ដល់​កម្រិត​ណា​ទៀត។ បើ​អ៊ីចឹង​ហើយ​ដាក់​វា ១០​ឆ្នាំ ទៅ​៥​ឆ្នាំ ទើប​វា​ត្រឹម​ត្រូវ"
មេធាវី​ការពារ​ក្ដី​ឲ្យ​លោក សេង យៀន គឺ​លោក ខៀវ សុផល បាន​មាន​ប្រសាសន៍​ថា លោក​មិន​អាច​ទទួល​យក​សាលក្រម​នេះ​បាន​ទេ ៖ "ខ្ញុំ​នៅ​តែ​យល់​ឃើញ​ថា គាត់ (សេង យៀន) អត់​មាន​ពាក់ព័ន្ធ​អី​ដដែល។ នៅ​តែ​យល់​ឃើញ​ថា ការណ៍​ដែល​សម្រេច​គឺ​មិន​យុត្តិធម៌​សម្រាប់​គាត់​ទេ។ យើង​ត្រូវ​តែ​ចាត់​ការ​តាម​នីតិវិធី​ត​ទៅ​ទៀត"
កន្លង​មក មេធាវី​ការពារ​ក្តី​ឲ្យ​លោក សេង យៀន និង​អ្នក​ស្រី ឌី ប្រឹម មិន​បាន​ទទួល​ស្គាល់​ឯកសារ​ថត​ចំលង​ស្ដីពី​ការ​សូក​ប៉ាន់ និង​ការ​ទទួល​សំណូក ដែល​លោក សេង យៀន បាន​ចុះ​ហត្ថ​លេខា​ទទួល​យក​ប្រាក់​ចំនួន ២​ម៉ឺន​ដំបូង ក្នុង​ចំណោម​ប្រាក់​សំណូក ២០​ម៉ឺន​ដុល្លារ​អាមេរិក ដោយ​បាន​ទាមទារ​រក​ឯកសារ​ដើម​ជូន​តុលាការ។
លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ដក​តួនាទី​លោក សេង យៀន ជា​អគ្គ​នាយក​រង​នៃ​អគ្គ​នាយកដ្ឋាន​ក្រសួង​អធិការកិច្ច ទំនាក់​ទំនង​សភា និង​ព្រឹទ្ធសភា នៅ​ថ្ងៃ​ទី​៣០ ខែ​កក្កដា ឆ្នាំ​២០០៩ កន្លង​ទៅ ក្រោយ​ពី​រដ្ឋាភិបាល​បាន​រក​ឃើញ​ថា លោក​បាន​ទទួល​ប្រាក់​សំណូក ២០​ម៉ឺន​ដុល្លារ​អាមេរិក ពី​អ្នក​ស្រី ឌី ប្រឹម នៅ​ចន្លោះ​ឆ្នាំ​២០០៨ និង​ឆ្នាំ​២០០៩ ដើម្បី​ជា​ថ្នូរ​ធ្វើ​របាយការណ៍​ភូត​កុហក​រដ្ឋាភិបាល រឹប​យក​ដី​ស្រែ​ជាង ៥​ហិកតារ ពី​កសិករ​ឈ្មោះ ហួត សារុំ នៅ​ខណ្ឌ​ដង្កោ ជាយ​ទីក្រុង​ភ្នំពេញ ប៉ុន្តែ​មិន​បាន​សម្រេច។
ដី​ស្រែ​ជាង ៥​ហិកតារ​នោះ គឺ​មាន​តម្លៃ​ប្រមាណ ៧​លាន​ដុល្លារ​អាមេរិក ដើម្បី​សាង​សង់​រោង​ចក្រ​កាត់ដេរ នៅ​ពេល​តម្លៃ​ដី​ធ្លី​កំពុង​តែ​ឡើង​ថ្លៃ​នោះ៕


អាស៊ីសេរី

No comments:

Post a Comment

yes