សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, December 6, 2011

លោក ស៊ូរិយ៉ា ស៊ូបេឌី ជួប​ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា

 អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ ស្តី​ពី​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា​លោក​ ស៊ូរិយ៉ា ស៊ូបេឌី​ បាន​ជួប​ពិភាក្សា​ជាមួយ​គណបក្ស​សិទ្ធិមនុស្ស​នៅ​ព្រឹក​ថ្ងៃ​អង្គារ​ទី​៦​ធ្នូ​នេះ។ លោក ​កឹម សុខា​ ប្រធាន​គណបក្ស​ជំទាស់​មួយ​នេះ​បាន​ថ្លែង​នៅ​ក្រោយ​ជំនួប​ដែល​ត្រូវ​បាន​ធ្វើ​នៅ​ការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​សិទ្ធិមនុស្ស​ថា លោក​បាន​និយាយ​អំពី​បញ្ហា​ការ​គោរព​សិទ្ធិមនុស្ស និង​បញ្ហា​បោះ ឆ្នោត​នៅ​កម្ពុជា​ជាមួយ​អ្នករាយការណ៍​ពិសេស។


 បញ្ហា​ដែល​កើត​ឡើង​ចំពោះ​គណបក្ស​សិទ្ធិមនុស្ស​កន្លង​ដូចជា​ការ​រារាំង​ពី​សំណាក់​អាជ្ញាធរ​មិន​អោយ​មាន​ការ​លើក​ស្លាក​គណបក្ស ការ​រារាំង​មិន​អោយ​ប្រជាពលរដ្ឋ​ចូលរួម​ក្នុង​វេទិកា​សាធារណៈ​ដែល​រៀបចំ​ដោយ​គណបក្ស​សិទ្ធិមនុស្ស និង​ការ​ប៉ុនប៉ង​រារាំង​សកម្មភាព​របស់​គណបក្ស​សិទ្ធិមនុស្ស​នានា​ទៀត​ត្រូវ​បាន​លោក​ កឹម សុខា​ ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស​លើក​ឡើង​ប្រាប់​លោក ស៊ូរិយ៉ា ស៊ូបេឌី​ អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ស្តី​ពី​បញ្ហា​សិទ្ធិ​មនុស្ស​ដែល​កំពុង​បំពេញ​ទស្សនកិច្ច​៧​ថ្ងៃ​នៅ​កម្ពុជា។
 
  លោក​ស៊ូបេឌី​ដែល​ទើប​មក​ដល់​កម្ពុជា​កាល​ពី​ថ្ងៃ​ចន្ទ​ទី​៥​ធ្នូ​កំពុង​បំពេញ​ទស្សនកិច្ច​លើក​ទី​៦​របស់​លោក​ដោយ​ផ្តោត​ទៅ​លើ​ការ​បោះឆ្នោត។
 
មន្ត្រី​កិច្ចការ​សាធារណៈ​របស់​ការិយាល័យ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា​បាន​បដិសេធ​មិន​ប្រាប់​អំពី​កម្មវិធី​ទស្សនកិច្ច​របស់​អ្នករាយការណ៍​ពិសេស​នៅ​កម្ពុជា​ឡើយ។ ប៉ុន្តែ​បើ​យោង​តាម​​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​លោក​ ស៊ូរិយា ស៊ូបេឌី​ មុន​ដំណើរ​របស់​លោក​មក​កម្ពុជា​នោះ លោក​ ស៊ូបេឌី​ មាន​គម្រោង​ជួប​ជាមួយ​មន្ត្រី​រដ្ឋាភិបាល អង្គការ​សង្គម​ស៊ីវិល គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត​ថ្នាក់​ជាតិ និង​ថ្នាក់​ខេត្ត និង​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ។ លោក​ ស៊ូបេឌី ​ក៏​មាន​គម្រោង​ជួប​ជាមួយ​អគ្គស្នងការ​នគរបាល​ជាតិ​ផង​ដែរ។
 
គួរ​បញ្ជាក់​ថា​ព័ត៌មាន​ដែល​អ្នក​រាយការណ៍​ពិសេស​ប្រមូល​បាន​ពី​ដំណើរ​ទស្សនកិច្ច​នេះ លោក​នឹង​ដាក់​បញ្ចូល​ទៅ​ក្នុង​របាយការណ៍​សិទ្ធិមនុស្ស​របស់​លោក ដែល​របាយការណ៍​នេះ​នឹង​ត្រូវ​ដាក់​ទៅ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ខែ​កញ្ញា​ឆ្នាំ​២០១២​ខាងមុខ៕





RFI

No comments:

Post a Comment

yes