សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, December 6, 2011

សហគមន៍​អន្តរជាតិ​​សន្យា​បង្កើន​ប្រសិទ្ធិ​ភាព​នៃ​ជំនួយ

 សន្និសិទ​អន្តរជាតិ​មួយស្តីពី​ជំនួយ​បាន​បញ្ចប់​​កាល​ពី​​​សប្តាហ៍​មុននេះ​​ដោយ​​មាន​កិច្ច​ព្រម​ព្រៀង​បង្កើត​​ភាព​ជា​ដៃគូ​​សកល​លោក​ថ្មី​មួយ​​ដើម្បី​ធ្វើ​ឲ្យ​ប្រា​កដ​​ថា​​​ជំនួយ​ត្រូវបាន​ចែកចាយ​​កាន់​តែ​មាន​ប្រសិទ្ធិ​ភាព​ឡើង។
សន្និសិទ​រយៈពេល​៣​ថ្ងៃ​ហៅថា​វេទិកា​ជាន់​​ខ្ពស់ទី៤​ស្តីពី​​ប្រសិទ្ធិភាព​ជំនួយ​ បាន​ត្រូវ​ធ្វើ​ឡើង​នៅ​​ទីក្រុង​ Busan ប្រទេស​កូរ៉េខាង​ត្បូង។ ​សន្និសិទ​នោះ​មាន​ការ​ចូលរួម​ពី​ប្រតិភូ​ជាង​​២​ពាន់​នាក់​​មកពី​ប្រទេស​១៦៤​ដែល​តំណាង​ឲ្យ​រដ្ឋាភិបាល​ ពាណិជ្ជករ​ អង្គការ​សង្គម​ស៊ីវិល​និង​អង្គការ​សប្បុរសធម៌។ សេចក្តីប្រកាស​ដោយ​ប្រតិភូ​​បាន​ប្រាប់​ឲ្យ​ដឹងថា​ភាព​ជាដៃគូ​ថ្មីនិង​មានការ​រួម​បញ្ចូលគ្នា​ហើយនឹង​តំណាង​ឲ្យទាំង​ប្រទេស​ទទួល​ជំនួយ​ហើយនឹង​សមាជិក​នៃ​អង្គការ​​កិច្ចសហ​ប្រ​តិ​បត្តិការ​សេដ្ឋកិច្ច​និង​ការ​អភិវឌ្ឍ​​ហៅ​កាត់​ថា​ OECD។ សេចក្តី​ប្រកាស​​នោះ​ប្រាប់​ឲ្យ​ដឹងថា​​ ភាព​ជា​ដៃគូ​ថ្មី​ នឹង​ផ្តល់​ឲ្យ​នូវ​កម្មវិធី​បើក​ចំហរ​ ការ​ឱប​ក្រសោប​យក​ភាព​ទីទៃ​ពីគ្នា​ហើយនឹង​​ផ្តល់​វេទិកា​សម្រាប់​ការ​ផ្លាស់​ប្តូរ​ចំណេះដឹង​​ហើយ​នឹង​សើរើពិនិត្យ​មើល​ឡើង​វិញ​ជាប្រចាំ​ដល់​ដំណើរការ​នេះ។
រួម​នៅ​ក្នុង​ភាព​ទី​ទៃ​ពីគ្នា​មាន​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​កំពុង​ងើប​ឡើង​​ដែល​កំពុង​បង្កើត​កម្មវិធី​ជំនួយ​និង​វិនិយោគទុន​ដ៏​សំខាន់​ ដូចជា​ប្រទេស​ប្រេស៊ីល​ រុស្ស៊ី​ ឥណ្ឌា​ ចិន​និង​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​។ប៉ុន្តែ​យោង​ទៅតាម​ឯក​សារ​ចុងក្រោយ​ ការ​ប្រកាន់​ខ្ជាប់​របស់​ពួកគេ​ដល់​គោល​ការណ៍​​បាន​ត្រូវ​ធ្វើ​ឡើង​​ដោយ​សមាជិក​​អង្គការ​OECD​មិនមាន​ការ​បង្ខំ​ឲ្យ​ធ្វើ​តាមទេ។គោលដៅ​រួមមាន​​ការ​សម្រប​សម្រួល​កម្មវិធី​ជំនួយ​របស់​ប្រទេស​ម្ចាស់​ជំនួយ​ដើម្បី​បញ្ចៀស​ការ​ត្រួត​ស៊ីគ្នា​ហើយ​ធ្វើ​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធិភាព​​និង​ការ​សម្រប​សម្រួល​កាន់តែ​ខ្លាំង​ឡើង​​នៅ​ក្នុង​ការ​ប្រើ​ប្រាស់​ជំនួយ​នោះ។ ហត្ថលេខី​ ក៏​ព្រម​ព្រៀង​គ្នា​​គាំទ្រ​កិច្ច​ខិតខំ​ប្រឹង​ប្រែង​របស់​ប្រទេស​ទទួល​ជំនួយ​ដើម្បី​បង្កើត​កម្មវិធី​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ខ្លួន​ផ្ទាល់​ហើយ​នឹង​លប់​ចោល​លក្ខខណ្ឌ​ពីជំនួយដែល​ធ្វើ​ឡើង​ដោយ​ប្រទេស​ម្ចាស់​ជំនួយ។
ចិន​និង​ប្រទេស​ផ្សេងទៀត​បាន​​យល់​ព្រម​​ដល់​​ឯកសារ​នេះ។
ប៉ុន្តែ​ ពួក​មន្រ្តី​ OECD ​បាន​ហៅ​ឯកសារ​នោះ​​ថា​ជា​ចំណុ​ច​ចាប់​ផ្តើម​ហើយ​ លោក​Andrew Mitchell រដ្ឋ​មន្រ្តី​ក្រសួង​​អភិវឌ្ឍ​ន៍​អន្តរជាតិ​របស់​ប្រទេស​អង់គ្លេស​ បាន​និយាយ​ថា​ឯកសារ​នោះ​ តំណាង​ឲ្យ​ការ​ទទួល​ស្គាល់​គោល​ដៅ​រួម​ហើយ​នឹង​ចែក​រំលែក​ការ​តាំង​ចិត្ត​​ដែល​ជា​ចំណាត់​ការ​ណ៍​ក្នុង​ទិសដៅ​ដូចគ្នា ​ទោះ​បី​ជា​មាន​ល្បឿន​ផ្សេង​គ្នា​ក៏ដោយ។
លោក​ Brian Atwood ជា​អតីត​ប្រធាន​ទីភ្នាក់​ងារ​ USAID ហើយ​ជា​ប្រធាន​នៃ​គណៈកម្មាធិការ​ជំនួយ​អភិវឌ្ឍ​ន៍​(DAC) ​នៃ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​និង​ការ​អភិវឌ្ឍ​ហៅ​កាត់​ថា​ OECD។ លោក​មាន​ប្រសាសន៍​ថា​កិច្ច​ព្រម​ព្រៀង​នោះ​បាន​ពិចារណា​ពី​របៀប​ដោះ​ស្រាយ​ផ្សេងៗ​ដើម្បី​ផ្តល់​ជំនួយ​​​ប្រទេស​នានា​នៅ​ផ្នែក​ខាង​ត្បូង​ ជាពិសេស​ចំពោះ​ជំនួយ​អភិវឌ្ឍន៍​បរទេស(ODA)។
«មានការ​​បញ្ជាក់​យ៉ាង​ច្បាស់​​នៅ​ក្នុង​ឯកសារ​​ថា​​ប្រ​ពៃ​ណី​នៃ​កិច្ច​សហប្រតិបត្តិ​ការណ៍​​​រវាង​តំបន់​ខាង​ត្បូង​និង​ខាង​ត្បូង​ជា​ការ​ខុស​គ្នា​មួយ​។ យើង​ទទួល​ស្គាល់​បញ្ហា​នេះ​​ក៏​ប៉ុន្តែ​ យើង​បាន​​និយាយ​​ដែរ​ពី​អ្វី​ដែល​មាន​សារៈ​សំខាន់​ពិត​ប្រាកដ​គឺ លទ្ធផល​ទៅ​​តាម​កម្រិត​ប្រទេស​ ហើយ​ យើង​ព្រម​ព្រៀង​សម្រប​សម្រួល​សកម្មភាព​របស់​យើង​នៅ​កម្រិត​នោះ។ យន្តការ​ណ៍​អនុវត្តនោះ​គឺស្ថិតនៅក្នុង​ប្រទេស​ខ្លួន​គេ​ផ្ទាល់។ ពួកគេ​ចង់​​មាន​កម្ម​វិធី​របស់​ខ្លួន​ឯង​ ដើម្បី​អភិវឌ្ឍន៍​យុទ្ធសាស្រ្ត​របស់​ខ្លួន​ឯង​ផ្ទាល់​ហើយ​មាន​ម្ចាស់​ជំនួយ​និង​អ្នក​ផ្តល់​ជំនួយ​ធ្វើ​ការ​ជាមួយ​គ្នា​ដើម្បី​ឲ្យ​បាន​ទទួល​លទ្ធផល។ ដូច្នេះ​ យើង​បន្ត​​មាន​វិធី​ដោះស្រាយ​​ខុសៗ​គ្នា។
ប្រទេស​ផ្តល់​ជំនួយ​រវាង​តំបន់​ខាង​ត្បូង​និង​ខាង​ត្បូង​ មិន​ចង់​បាន​របប​ដូច​គ្នា​ដែល​យើង​ប្រើ​ប្រាស់​ដើម្បី​វាស់​វែងនឹង​ផ្តល់​ជំនួយក្នុង​តំបន់​ខាង​ជើង​ទេ​ហើយ​គណៈ​កម្មា​ធិការ​ជំនួយ​អភិវឌ្ឍន៍​របស់ OECDដូច​ក្នុង​ការ​រាប់​ចំនួន​ជំនួយ​អភិវឌ្ឍន៍​បរទេស​ (ODA) ​ហើយ​បាន​ព្រម​ព្រៀង​គ្នា​មិនឲ្យ​ប្រទេស​ផ្តល់​ជំនួយ​​ដាក់​លក្ខខណ្ឌ​​ជំនួយ​របស់​យើង​។ ប៉ុន្តែ​ យើងមិន​រំពឹង​ថា​ពួកគេ​ នឹង​យល់​ព្រម​ចំពោះ​រឿង​នេះ​ទេ។ អ្វី​ដែល​យើង​ត្រូវ​តែ​តស៊ូ​ដើម្បី​ធ្វើ​ឲ្យ​មាន​កិច្ច​ព្រម​ព្រៀង​មួយសម្រាប់​ភាព​ជា​ដៃគូ​សកល​មួយ។ នេះ​ជា​សមិទ្ធិផល​នៃ​សន្និសិទ​ទីក្រុង​Busan។»
លោក​ Atwood ​មាន​ប្រសាសន៍​បន្តទៀត​ថា​ប្រទេស​នានា​នៃ​អង្គការ​ OECD ​និង​សមាជិក​នៃ​​តំបន់​​សកល​ខាង​ត្បូង​កំពុង​ធ្វើ​ការ​ងារ​ជាមួយ​គ្នា​នៅ​ក្នុង​អ្វី​ដែល​លោក​ហៅ​ថា​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​កម្មវិធី​ត្រី​កោណ​ក្នុង​ប្រទេស​ទី៣​ឬ​ប្រទេស​ជា​ម្ចាស់​ផ្ទះ។
«កម្មវិធី​ត្រីកោណ មាន​ការ​កើន​ឡើង​យ៉ាង​ខ្លាំង​ដែល​ប្រទេស​ម្ចាស់​ផ្ទះ​នឹង​ធ្វើ​ការ​ងារ​ឧទាហរណ៍​ជា​មួយ​​ចិន​និង​អាមេរិក​ ឬ​ប្រេស៊ីល​ដែល​ធ្វើ​ការ​ងារ​ជាមួយ​​ម៉ិច​សិច​និង​អាមេរិក។ យើង​បាន​ឃើញ​ការ​កើន​ឡើង​យ៉ាង​ខ្លាំង​នៅ​ក្នុង​ប្រភេទ​នៃ​កម្មវិធី​ទាំង​នោះ។ យើង​ចង់​វាយ​តម្លៃ​កម្មវិធី​ទាំង​នោះ​ហើយ​ពិនិត្យ​មើល​ការ​អនុវត្ត​យ៉ាង​ល្អ​បំផុត។ នេះ​ជា​ចំណុច​វិជ្ជមាន​មួយ។ ការណ៍​ដែល​អស់​លោក​អ្នក​កំពុង​អនុវត្ត​គម្រោង​ផ្ទាល់​ជាមួយ​ប្រទេស​ផ្សេង​ទៀត​ដែល​ចេញ​មកពី​ប្រពៃណី​ខុសគ្នា​ជាការ​រៀន​អនុវត្ត​និង​បង្កើត​ចំណុច​រួម​គ្នា​មួយ។»
ប្រតិភូ​ដែល​ចូល​រួម​សន្និសិទ​ក៏​បាន​ព្រម​ព្រៀង​គ្នា​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ជំនួយ​ជូន​បណ្តា​ប្រទេស​ដែល​ងាយប្រេះឆា​ដែល​មាន​ស្ថាប័ន​រដ្ឋាភិបាល​ទន់​ខ្សោយ​ដូចជា​ប្រទេស​ស៊ូ​ដង់​ខាង​ត្បូង​និង​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ​ជាដើម។ ប្រទេស​ជា​ច្រើន​​មាន​ការ​ព្រួយ​បារម្ម​ថា​ពួកគេ​ នឹង​មិន​មាន​សមត្ថភាព​ឈោង​ទៅ​ដល់​ទិសដៅអភិវឌ្ឍន៍​សហស្សវត្សរ​របស់​អង្គការ​សហប្រជាជាតិ​ ដែល​មាន​គោល​បំណង​កាត់​បន្ថយ​យ៉ាង​ខ្លាំង​ដល់​ភាព​ក្រីក្រ​និង​ការ​ស្លាប់​ស្រ្តី​ជា​មាតា​និង​កូន។ លោក​Atwood ​បាន​ពណ៌នា​អំពីប្រភេទ​នៃ​ជំនួយ​នេះ​ដែល​រដ្ឋ​ចម្រុះ​មិន​រឹង​មាំ( Coalition of fragile states) ដែល​គេហៅ​ G7+ ចង់​បាន​មក​ពី​វេទិកា​នោះ។
«ពួកគេ​ចង់​កំណត់​គោលដៅ​ថ្មី​សម្រាប់​សេចក្តី​ត្រូវការ​ពិសេស​របស់​ខ្លួន​គេ។ពួកគេ​ចង់​ធ្វើ​ឲ្យ​មាន​អាទិភាព​ដល់​នយោបាយ​តាម​ផ្លូវច្បាប់​ដែល​មាន​ន័យ​ថា​ជួយ​ពួកគេ​ក្នុង​ការ​បោះឆ្នោត​ហើយនឹង​បង្កើត​សភា​ សន្តិសុខ​របស់​ពល​រដ្ឋ​ដែល​ទាក់​ទិន​ដល់​អារម្មណ៍របស់ពល​រដ្ឋ​អំពី​សន្តិសុខ​ក្នុង​លំនៅ​ដ្ឋាន​របស់​ខ្លួន​គេ​ផ្ទាល់​ ដោយ​មិន​មាន​យោធា​នៅ​ក្បែ​នោះ​ ហើយ​​នឹង​ប្រព័ន្ធ​យុត្តិ​ធម៌​មួយ​ដែល​មាន​ដំណើរការ​ទាំង​អស់​នេះ​ជា​គោល​ដៅ​សម្រាប់​ពួកគេ។ ប្រទេស​ទាំងអស់​នោះ​ចង់​បាន​កម្មវិធី​ដែល​ខ្លួន​គេ​ដឹកនាំ​ផ្ទាល់​ហើយ​ពួកគេ​ចង់​មាន​សមត្ថភាព​​ដើម្បី​អនុវត្ត​កម្មវិធី​នោះដោយ​ខ្លួន​ឯង​ផ្ទាល់។»
សន្និសិទ​ក៏​សង្កត់​លើ​ការ​ជឿនលឿន​របស់​ OECD លើ​តម្លាភាព​ គម្រោង​ដែល​កាន់​កាប់​ដោយ​ប្រទេស​ម្ចាស់​ផ្ទះ​ហើយ​នឹង​ការ​គាំទ្រ​ស្រ្តី។
សហរដ្ឋ​អាមេរិក​ បាន​យល់​ស្រប​ចូលរួម​កិច្ច​ផ្តួចផ្តើម​តម្លាភាព​ជំនួយ​អន្តរជាតិ​ដែល​ជា​កិច្ច​ប្រឹងប្រែង​មួយ​ដែល​ចេញ​ផ្សាយហើយ​នឹង​ការ​តាំងចិត្ត​ជំនួយ​ជា​លម្អិត​និង​ការផ្តល់​ប្រាក់​ជំនួយ​ជាប្រចាំ​។ កិច្ច​ផ្តួចផ្តើម​ក៏​គាំទ្រ​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ប្រព័ន្ធ​ព័ត៌មាន​សម្រាប់​រៀបចំ​ចាត់ចែង​ជំនួយផង​ដែរ។
លោកស្រី​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​គ្លីនតុន​ បាន​មានប្រសាសន៍​ថា​ឧទាហរណ៍​មួយ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​នៃ​ការ​តាំង​ចិត្ត​របស់​សហរដ្ឋ​អាមេរិក​ដល់​តម្លាភាព​គឺ​ការបង្កើត website ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ដើម្បី​តាម​មើល​​ការ​វិនិយោគ​ទុន​​ជំនួយ​របស់​សហរដ្ឋ​អាមេរិក​ហៅថាជំនួយ​បរទេស​ប៉ាណូបរិធាន​ស្ទង់(Foreign Assistance Dashboard)។Websiteនោះ​​​មាន​គេហទំព័រ​www.Foreignassistantce.gov។ លោកស្រី​រដ្ឋ​មន្រ្តី​ការបរទេស​បាន​ប្រកាស​កិច្ច​ខិតខំ​ប្រឹងប្រែង​រួម​ថ្មី​ដោយ​រដ្ឋា​ភិ​បាល​និង​អង្គការ​អន្តរជាតិ​មួយ​ចំនួន​​ដែល​ហៅ​ថា​ EDGE ​ឬ​ភស្តុតាង​និង​ទិន្នន័យ​សម្រាប់​សមភាព​ Gender ​។​កិច្ច​ផ្តួច​ផ្តើម​នោះ​ នឹង​ផ្តល់​ទិន្នន័យ​​ស្តីពី​ភាព​ជាសហគ្រិន​និង​ទ្រព្យ​សម្បត្តិ​របស់​ស្រ្តី។ មន្រ្តី​សហរដ្ឋ​អាមេ​រិក​​​និយាយ​ថា​ព័ត៌មាន​នេះនឹងជួយ​ធ្វើ​កំណែ​ទម្រង់​នយោបាយ​ឥណទាន​ ច្បាប់​កម្មសិទ្ធិ​និង​ទទួល​កេរ្ត៏​មរតក​ដែល​រើស​អើង​ប្រឆាំង​ស្រ្តី។
ប្រទេស​ទទួល​ជំនួយ​ក៏​បាន​បង្ហាញ​ពី​ការ​ជឿនលឿន​នៅ​ក្នុង​ការ​បើក​ថវិកា​របស់​ខ្លួន​ដើម្បី​ឲ្យ​គេ​ពិនិត្យ​ពិច្ច័យ​នឹង​ក្នុងការ​​រៀបចំ​កម្មវិធី​ជំនួយ​ផ្ទាល់​របស់​ពួកគេ។ នៅ​ឆ្នាំ​នេះ​ប្រទេស​ Kenya បាន​បញ្ចេញ​នូវ​កិច្ច​ផ្តួចផ្តើម​ទិន្នន័យ​បើក​ចំហរ​របស់​ខ្លួន​ដែល​អនុញ្ញាតិ​ឲ្យ​សាធារណៈ​ពិនិត្យ​មើល​ថវិការ​និង​ព័ត៌មាន​ការចំណាយ​។
«ខ្ញុំ​មាន​ការ​កោត​សរសើរដល់​​ប្រព័ន្ធ​​របស់​ប្រទេស​ Cape Verde ​ដែល​កំពុង​ប្រើ​ប្រាស់​​បច្ចេក​វិទ្យា​ទំនើប​​ដើម្បី​តាម​ដាន​​​ជំនួយ​ដែល​​​ចូល​មក​ក្នុង​​ប្រទេស​​របស់​ខ្លួន​​ដើម្បី​ស្ទង់​មើល​លទ្ធផល​នោះ។ ប្រទេស Rwanda ​បាន​ធ្វើ​ការងារ​នេះ​បាន​យ៉ាង​ល្អ​បំផុត​ដោយ​មាន​ក្រុម​​អភិវឌ្ឍន៍​ដ៏​ខ្លាំង​មួយ​​ដែល​ពួកគេ​​ធ្វើ​ផែនការ​យុទ្ធសាស្រ្ត​​​​​និង​​សម្រប​សម្រួល​​​​ហើយ​​ពួកគេ​ដឹក​មុខ​ម្ចាស់​ជំនួយ​ដោយ​ប្រាប់​ពីអ្វី​​​ដែល​ពួកគេ​​ចង់​ធ្វើ​ឲ្យ​​បាន​សម្រេច​។ ហ្គាណា​មាន​ប្រ​ព័ន្ធ​ល្អ​ដែរ។»
លោក​Atwood​បាន​មាន​​ប្រសាសន៍​ថា​សន្និសិទ​នេះ​ក៏​បាន​សង្កត់​លើ​ការ​​រីក​ចម្រើន​​ក្នុង​ចំណោម​សមាជិក​របស់​​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​និង​ការ​អភិវឌ្ឍ​OECD​​ស្តីពី​ការ​ផ្តាច់​ល័ក្ខខ័ណ្ឌចេញ​ពីជំនួយដែល​ត្រូវបាន​កំណត់​​ដោយ​ប្រទេស​ម្ចាស់​ជំនួយ។
លោក​មាន​ប្រសាសន៍​បន្តទៀត​ថា​​​សព្វថ្ងៃ​នេះ​ជំនួយ​ប្រហែល​៧០​ភាគ​រយ​​ត្រូវ​បាន​​កាត់​ផ្តាច់​ល័ក្ខខ័ណ្ឌ​ចោល។ លោក​និយាយ​ទៀត​ថា​ប្រទេស​ជាច្រើន​​​ទទួល​ស្គាល់​ថា​​គេ​ត្រូវ​តែកាត់​បន្ថយ​​សាហ៊ុយ​ចាយ​វាយ​ឲ្យ​បាន​ច្រើន​​ហើយ​នឹង​ធ្វើ​ឲ្យ​មាន​ប្រសិទ្ធិ​ភាព​កាន់​តែ​ច្រើន​ឡើង​​​ដោយ​ការ​​ប្រើ​ប្រាស់​​ប្រភព​ធនធាន​ក្នុង​ស្រុក​​សម្រាប់ធ្វើ​សម្ភារៈ​និង​សេវាកម្ម​​ហើយ​នឹងដោយ​ប្រើ​ប្រាស់​​ការ​ដាក់​ដេញ​ថ្លៃ​បើក​ចំហរ​​ដល់​គម្រោង​​នានា​ដោយ​ក្រុម​ហ៊ុន​និង​អង្គការ​មិន​យក​កម្រៃ។
ប៉ុន្តែ​ លោក​ Atwood ​​មាន​ប្រសាសន៍​បន្ត​ទៀត​ថា​​​ការ​ធ្វើឲ្យ​​ជំនួយ​​គ្មាន​ចំណង​​ទាំង​ស្រុង​ចេញពី​សេចក្តី​ត្រូវការ​ក្នុង​ស្រុក​របស់​ប្រទេស​ម្ចាស់​ជំនួយ​ ប្រហែល​ជាការ​ពិបាក​មួយ​។ ការណ៍​នេះ​ពី​ព្រោះ​តែការភ្ជាប់​​​​ជំនួយ​​បរទេសទៅ​នឹង​​ទំនិញនិង​សេវាកម្ម​​ដែលធ្វើ​​​នៅ​សហរដ្ឋ​អាមេរិក​​​ជួយ​ធ្វើ​ឲ្យ​ប្រាកដ​ប្រជា​​ដល់​ការ​គាំទ្រ​​ជំនួយ​បរទេស​​នៅ​ក្នុង​ចំណោម​អ្នកបង់​ពន្ធដារ​សាធារណៈ៕


VOA

No comments:

Post a Comment

yes