សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, December 6, 2011

អាជ្ញាធរ​ជលផល​ខេត្ត​ព្រៃវែង​មិន​ស្ដាប់​បញ្ជា​លោក ហ៊ុន សែន

ប្រជា​ពល​រដ្ឋ​ស្រុក​ពាមជរ ចោទ​មន្ត្រី​រដ្ឋបាល​ជលផល​ខេត្ត​ព្រៃវែង​ថា មិន​ព្រម​ចុះ​រុះ​រើ​ឡូត៍​នេសាទ​លេខ​១៥ និង​ឡូ​លេខ​១៩ ទៅ​តាម​សេចក្ដី​ជូន​ដំណឹង​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន។
 លោក ទី វុទ្ធី ជា​តំណាង​ឲ្យ​ប្រជាពលរដ្ឋ រស់​នៅ ឃុំ​កោះសំពៅ ស្រុក​ពាមជរ ខេត្ត​ព្រៃវែង។ លោក​មាន​ប្រសាសន៍ នៅ​ថ្ងៃ​ទី​៦ ខែ​ធ្នូ ថា​សព្វ​ថ្ងៃ​នេះ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​នេះ មិន​អាច​ធ្វើ​របរ​នេសាទ​ជា​លក្ខណៈ​គ្រួសារ ចិញ្ចឹម​ជីវិត ក្នុង​ឡូត៍​នេសាទ​លេខ​១៥ និង​ឡូ​លេខ​១៩ បាន​ទេ ព្រោះ​ម្ចាស់​ឡូ និង​មន្ត្រី​ជលផល​មិន​អនុញ្ញាត​ឲ្យ​ចាប់​ត្រី​នៅ​ទី​នោះ។
លោក​បន្ត​ថា ឡូ​នេសាទ​លេខ​១៥ និង​ឡូ​លេខ​១៩ មាន​ទីតាំង​ក្នុង ស្រុក​ពាមជរ ដែល​លោក​ហ៊ុន សែន ចេញ ស.ជ.ណ កាល​ពី ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា ឆ្នាំ​២០១១ ឲ្យ​កាត់​រំសាយ មន្ត្រី​រដ្ឋបាល​ជលផល​ខេត្ត មិន​បាន​អនុវត្ត​តាម​ទេ ៖ «ឡូ​ហ្នឹង​ពី​ដើម​ឡើយ​មាន​ការ​ដេញ​ថ្លៃ​ដ៏​ដេញ​ថ្លៃ​ទៅ​មាន​ភាព​មិន​ប្រក្រតី​សម្ដេច​នាយក គាត់​ដឹង​ក៏​រំសាយ​ឡូ​ហ្នឹង​ចេញ កាល​ពី ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា ឆ្នាំ​២០១១។ ជូន​ដំណឹង​មក​ក្រសួង​កសិកម្ម និង នាយកដ្ឋាន​ជលផល ហើយ​នាយកដ្ឋាន​ជលផល​បាន​ឯក​ភាព​ឲ្យ​ឡូ​ទាំងពីរ​រុះរើ​របាំង​ៗ ទាំងអស់ ប៉ុន្តែ​មក​ដល់​ពេល​នេះ​មិន​ទាន់​រុះរើ​ទេ»
តំណាង​ប្រជាពលរដ្ឋ បាន​អំពាវនាវ​ទៅ​ថ្នាក់​ដឹក​នាំ​ក្រសួង​កសិកម្ម និង ថ្នាក់​ដឹក​នាំ​នាយកដ្ឋាន​ជលផល ឲ្យ​ជួយ​មាន​វិធានការណ៍​រុះ​រើ ឬ​រំសាយ​ឡូ លេខ​១៥ និង​ឡូ​លេខ​១៩ តាម ស.ជ.ណ របស់​ប្រមុខ​ដឹក​នាំ​ឲ្យ​បាន​ឆាប់ ដើម្បី​ឲ្យ​ពលរដ្ឋ​អាច​ចូល​នេសាទ​​​ឡូ​​ទាំង​ពីរ​បាន​ឡើង​វិញ។
ទាក់​ទង​បញ្ហា​នេះ លោក អូន ស៊ីណាត ជា​នាយ​ខណ្ឌ​រដ្ឋបាល​ជលផល ខេត្ត ព្រៃវែង។ លោក​បដិសេធន៍​មិន​ផ្ដល់​អត្ថាធិប្បាយ​​​ជុំវិញ ស.ជ.ណ របស់​ថ្នាក់​ដឹក​នាំ លើ​ករណី​ឲ្យ​កាត់​រំសាយ​ឡូ​លេខ​១៥ និង​ឡូ​លេខ​១៩ ក្នុង ខេត្ត​ព្រៃវែង បាន​ទេ​តាម​ទូរស័ព្ទ ព្រោះ​​លោក​ជាប់​រវល់​ប្រជុំ។
ទោះ​យ៉ាង​ណា លោក ម៉ម សំបូរ ជា​មេ​ឃុំ​កោះសំពៅ ស្រុក​ពាមជរ ខេត្ត​ព្រៃវែង។ លោក​ទទួល​ស្គាល់​ថា មន្ត្រី​ជលផល​ខេត្ត និង​មន្ត្រី​ជំនាញ​ពាក់​ព័ន្ធ ពិត​ជា​មិន​ទាន់​ចុះ​អនុវត្ត​តាម ស.ជ.ណ របស់​ប្រមុខ​ដឹក​នាំ ស្ដី​ពី​ប្រកាស​កាត់​រំសាយ​ឡូ លេខ​១៥ និង​ឡូ​លេខ​១៩ ពិត​មែន។
លោក​ថា ស.ជ.ណ កាត់​រំសាយ​ឡូ​លេខ​១៥ និង​ឡូ​លេខ​១៩ ផ្ដើម​ដោយ​លោក​នាយករដ្ឋមន្ត្រី ពេល​នេះ បាន​ឆ្លើយ​តប​ចំពោះ​តម្រូវ​ការ​ពលរដ្ឋ និង​បាន​ផ្ដល់​សារប្រយោជន៍​ច្រើន​ដល់​ពលរដ្ឋ​ក្នុង​មូលដ្ឋាន ធ្វើ​របរ​នេសាទ​ចិញ្ចឹម​គ្រួសារ​ប្រចាំ​ថ្ងៃ។
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា ឆ្នាំ​២០១១  បាន​ចេញ​សេចក្ដី​ជូន​ដំណឹង ឬ​ស.ជ.ណ ទៅ​ឲ្យ​មន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ឬ​មន្ត្រី​​នាយកដ្ឋាន​ជលផល ឲ្យ​កាត់​រំសាយ​ឡូ​លេខ​១៥ និង​ឡូ​លេខ​១៩ នៅ​ស្រុក​ពាមជរ ខេត្ត ព្រៃវែង ដោយ​ត្រូវ​រុះ​រើ​របាំង​ផ្សេងៗ​ព័ទ្ធ​ជុំវិញ​ដែន​ឡូ​ទាំង​ពីរ ដើម្បី​ទុក​ឡូ​ទាំង​នេះ​ជូន​ប្រជាពលរដ្ឋ​ធ្វើ​នេសាទ​ឡើង​វិញ៕


អាស៊ីសេរី

No comments:

Post a Comment

yes