សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, December 23, 2011

មានការរិះគន់ ​ចំពោះ​ចាន ​គោះ​កន្ទុយបារី ដែលមាន​រូប​ប្រាសាទ​អង្គរវត្ដ និងទង់ជាតិកម្ពុជា


 សៀមរាប៖ មានការ​រិះគន់​ចំពោះ​អ្នកលក់​វត្ថុ​អនុស្សាវរីយ៍​ នៅក្នុង​បរិវេណ​ប្រាសាទ​អង្គរវត្ដ បន្ទាប់ពី​ពួកគេ​ដាក់តាំង​លក់​នូវ​ចាន​គោះ​កន្ទុយបារី ដែល​លម្អ​ទៅដោយ​រូប​ទង់ជាតិ ​ប្រាសាទ​អង្គរវត្ត និង​វិមានឯករាជ្យ ព្រមទាំងរូបប្រាសាទនានា​ថែម​ទៀតផង។ ការរចនាវត្ថុ​អនុស្សាវរីយ៍នោះ ​បណ្ដាល​ឲ្យ​មានការ​ភ្ញាក់ផ្អើល ​ដល់​ភ្ញៀវទេសចរ ក៏ដូចជា​មគ្គុទេសក៍​ទេសចរណ៍។

​អ្វីដែល​គេ​ចាប់អារម្មណ៍ ហើយ​មានការ​រិះគន់​បំផុត​នោះ គឺ​ចាន​គោះ​ក្រញ​ម ឬកន្ទុយ​បារី ដែលនៅ​ជុំវិញ​ចាន​នោះ​ មាន​រូប​ប្រាសាទបាយ័ន​ ប្រាសាទ​អង្គរវត្ដ​ ប្រាសាទបន្ទាយស្រី​ វិមានឯករាជ្យ​ ខ្លោង​ទ្វារ​ចូល​ប្រាសាទបាយ័ន និង​ជាពិសេស​នៅ​បាត​ចាន​ខាងក្នុង មាន​រូប​ទង់ជាតិ​ កំពូល​បី នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​ថែម​ទៀតផង​។ នៅ​ខាងក្រោម​រូប​ទង់ជាតិ​ នៃ​បាត​ចាន​ខាងក្នុង គេ​បាន​សរសេរ​ជា​ភាសា​ខ្មែរ​ដាក់ថា “​កម្ពុជា​”​។ 

​ជុំវិញ​ការធ្វើ​ចាន​គោះ​ក្រញ​ម​បារី​នេះ ត្រូវបាន​គេ​រិះគន់ថា អ្នក​ដែល​ផលិត​ចាន គឺមាន​ចេតនា​ដោយ​មិនអាច​ប្រកែក​បានឡើយ ចំពោះ​ការមើល​ងាយ​ដល់​វប្បធម៌ ទំនៀមទម្លាប់ និង​បង្អាប់​ពូជសាសន៍​ខ្មែរ​។ 

​មគ្គុទេសក៍​ទេសចរណ៍​ភាសា​ជប៉ុន មួយរូប ប្រចាំ​សៀមរាប​អង្គរ សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​និយាយ​ថា រូបលោក​បានឃើញ​ចាន​គោះ​ក្រញ​ម​បារី ត្រូវបាន​គេ​ដាក់​តាំងនៅ​កន្លែង​លក់​វត្ថុ​អនុស្សាវរីយ៍ ដែល​​ស្ថិតនៅ​ទល់មុខ​ប្រាសាទ​អង្គរវត្ដ​ប៉ែក​ខាងជើង​។ លោក​បន្តថា ពេលដែល​ឃើញ​ចាន​នោះ​ហើយ លោក​មានការ​តក់ស្លុត​យ៉ាងខ្លាំង ហើយក៏​ដើរ​ចូលទៅ​សួរ​ទិញ​ចាន​នោះ​។ ពេល​សួរ​អ្នកលក់​នោះ គេ​ឆ្លើយថា ចាន​លក់​តម្លៃ ១០​ដុល្លារ តែ​លោក​តថ្លៃ​នៅត្រឹម ៥​ដុល្លារ ហើយក៏​យល់ព្រម​ទិញ​ទុកជា​វត្ថុតាង​។​

​មគ្គុទេសក៍​ទេសចរណ៍​រូបនោះ ក៏បាន​និយាយ​ដែរ​ថា ប្រាសាទ​អង្គរវត្ដ​ត្រូវបាន​ចុះបញ្ជី​ជា​បេតិកភណ្ឌ​ពិភពលោក​រួចហើយ តាំងពី​ឆ្នាំ​១៩៩២ ជាពិសេស​រូប​សញ្ញា​ទង់​ជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​​តំណាងឱ្យ​ជាតិ​ទាំងមូល អ្នក​ផលិត​ចាន​មិនត្រូវ​យកមក​ធ្វើបែបនេះ​ឡើយ គឺ​ធ្វើឱ្យប៉ះពាល់​ដល់​កិ​ត្ដិ​យស​កម្ពុជា​យ៉ាងខ្លាំង​ក្លា​បំផុត​។ 

​ដោយឡែក មគ្គុទេសក៍​ទេសចរណ៍​ភាសា​អង់គ្លេស មួយរូប​ទៀត បាន​និយាយ​ឱ្យដឹងថា ការដែល​យក​និ​មិ​ត្ដ​សញ្ញា​ជាតិ មាន​ទង់ជាតិ​កំពូល​បី ប្រាសាទ​អង្គរវត្ដ វិមានឯករាជ្យ ជាដើម យកមក​ដាក់​ធ្វើ​ចាន​គោះ​ក្រញ​ម​បារី​បែបនេះ គឺជា​ការប្រមាថ​មួយ​ដល់​ប្រជាជន​កម្ពុជា​ទាំងមូល​។ មគ្គុទេសក៍​រូបនោះ​បាន​បន្ដថា ពិតមែនតែ​ធ្វើ​គ្រឿង​លម្អ គេ​ក៏​មិនត្រូវ​យក​និ​មិ​ត្ដ​សញ្ញា​នានា​របស់​ជាតិ មក​ដាក់​លើ​ចាន​គោះ​បារី​ឡើយ​។​

​មគ្គុទេសក៍​ទេសចរណ៍​ដដែល​បាន​បន្ដថា ប្រាសាទ​អង្គរវត្ដ​សព្វថ្ងៃ មាន​នគរបាល​ការពារ​បេតិកភណ្ឌ នគរបាល​ទេសចរណ៍ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត ឈរ​បណ្ដាក់​គ្នាច្រើន​ណាស់ គួរ​ណាស់​សមត្ថកិច្ច​ទាំងនោះ​ធ្វើការ​រាយការណ៍ ឬក៏​សុំ​ដកហូត​ជូនទៅ​ថ្នាក់លើ ដើម្បី​មាន​វិធានការ មិនត្រូវ​បណ្ដែតបណ្ដោយ​ឱ្យមាន​ការ​លក់ដូរ​យ៉ាង​អនាធិបតេយ្យ​បែបនេះ​ឡើយ​។ 

​ទោះបីយ៉ាងណា​ក៏ដោយ គេ​មិនដឹងថា អ្នកណា​ផលិត​នោះ​ជា​អ្នកណា​ទេ តែ​គេ​សង្ស័យថា របស់​នោះ​មិនមែន​ផលិត​នៅ​ស្រុក​ខ្មែរ​ឡើយ គឺអាច​ផលិត​ចេញពី​ប្រទេស​វៀតណាម ចិន ឬក៏​ប្រទេស​ថៃ​ច្រើនជាង​៕




CEN

No comments:

Post a Comment

yes