សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, December 8, 2011

រដូវ«ណូអែល»​បង្ហាញ​ពីការ​វង្វេង​វប្បធម៌​របស់​ជនជាតិខ្មែរ​


នៅ​ពេល​ដែល​ខែទី​១២​បាន​ឈាន​ចូល​មក​ដល់ ​ការ​រំជើប​រំជួល​ក៏​ចាប់ផ្តើម​ឡើង។ ​ហាង​ទំនិញ​ធំៗ​ជាច្រើន​បាន​ចាប់ផ្តើម​ដាក់​តាំង​ដើម​សាប៉ាំង ​(Sapin) និង​រូប​លោក​តាណូអែល​យ៉ាង​ព្រោង​ព្រាត។​សាលារៀន​មួយចំនួន​ក៏​បាន​ផ្តើម​អង្គាស​លុយ​ពី​សិស្ស​ដើម្បី​រៀបចំ​បុណ្យ​ណូអែល។​ មួក​ពណ៌​ក្រហម​ក៏ត្រូវ​បាន​គេ​ដាក់​លក់​ព្រោងព្រាត។ ​ យុវវ័យ​ក៏ផ្តើម​រៀប​គំរោង​ផ្សេងៗ​ដើម្បី​អបអរ​បុណ្យ​ណូអែល។​ សកម្មភាព​ដ៏​គគ្រឹក​គគ្រេង​ទាំង​អស់​នេះ​មាន​និន្នាការ​កាន់​តែ​កើន​ឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។ ​តើ​នេះ​មិន​មែន​ជា​ការ​វង្វេង​វប្បធម៌​របស់​ជនជាតិ​ខ្មែរ​ទេ​ឬ?


គ្រាន់​តែ​ខែ​ធ្នូ​ចូល​មក​ដល់​ភ្លាម ​ការ​រំជើប​រំជួល​អំពី​បុណ្យ​ណូអែល (Noel)​ ឬ Christmas បាន​ចាប់ផ្តើម​នៅ​ភ្នំពេញ​ក៏ដូច​ជា​នៅ​ទីប្រជុំជន​ដទៃ​ទៀត​ដែរ។ ​ដើម​សាប៉ាំង​ដែល​រចនា​ដោយ​អំពូល​​ភ្លើង​ និង​ក្រដាសពណ៌​ភ្លឺ​ផ្លេក​អម​ដោយ​ប្រអប់​កាដូ​ជាច្រើន​ផង​ត្រូវ​បាន​គេ​ដាក់​តាំង​យ៉ាង​ព្រោងព្រាត​នៅ​តាម​ហាង​ទំនិញ​ធំៗ ​ឬ​នៅ​ពី​មុខ​ក្រុមហ៊ុន​អាជីវកម្ម​ ឬ​សណ្ឋាគារ​មួយចំនួន។ ​វា​មិន​ចម្លែក​ទេ​ប្រសិន​បើ​ហាង​ទំនិញ ​ឬ​ក្រុមហ៊ុន​ទាំង​នោះ​ជា​របស់​ជន​បរទេស ​ប៉ុន្តែ ​ជា​ទូទៅ​គឺ​ជនជាតិ​ខ្មែរ​ជា​អ្នក​ប្រព្រឹត្ត​ដោយ​មិន​បាន​ពិចារណា។

នៅ​តាម​សាលា​ឯកជន​ជាច្រើន​ គេ​បាន​ផ្តើម​រៃ​អង្គាស​លុយ​ពី​សិស្ស​ដើម្បី​ត្រៀម​រៀបចំ​បុណ្យ​ណូអែល។ ​ឪពុក​ម្តាយ​ឬ​អាណាព្យាបាល​មួយចំនួន​ក៏​បាន​ទិញ​មួក​ពណ៌​ក្រហម​ដែល​គេ​ហៅ​ថា​មួក​ណូអែល​មក​បំពាក់​ឲ្យ​កូន។ ​ពិធីករ​ ពិធីការិនី​នៅ​តាម​ស្ថានីយ៍​ទូរទស្សន៍​ខ្លះ ​នៅ​ពេល​បុណ្យ​ណូអែល ​បាន​នាំ​គ្នា​ស្លៀកពាក់​សម្លៀក​បំពាក់​លោក​តា​ណូអែល​ក៏មាន។ ​បុណ្យ​ណូអែល​ហាក់​កំពុង​ក្លាយ​ជា​ពិធី​បុណ្យ​កម្សាន្ត​សប្បាយ​របស់​យុវវ័យ​ខ្មែរ​កាន់​តែ​ពេញ​និយម​ឡើង។

ជាការ​ពិត​ណាស់ ​ជនជាតិ​ខ្មែរ​យើង​ជាទូទៅ​ត្រូវ​គេ​សង្កេត​ឃើញ​ថា​ហាក់​ដូចជា​ឆាប់​ទទួល​យក​វប្បធម៌​បរទេស​ណាស់។ ​ជាក់ស្តែង ​ពលរដ្ឋ​ខ្មែរ​ភាគច្រើន​ដែល​ទៅ​រស់​នៅ​ឯ​បរទេស​ជា​ពិសេស​អ្នក​ដែល​ទៅ​បរទេស​តាំង​ពី​នៅ​ក្មេង ​ឬ​អ្នក​ដែល​កើត​នៅ​ឯ​បរទេស​តែម្តង​តែង​ទទួល​យក​វប្បធម៌​ប្រទេស​នោះ​យ៉ាង​ឆាប់​រហ័ស ​ហើយ​ក៏​ភ្លេច​វប្បធម៌​របស់​ខ្លួន​ស្ទើរតែ​ទាំងស្រុង។ ​ពួកគេ​នឹង​លែង​ចេះ​និយាយ​ភាសា​កំណើត​របស់​ខ្លួន​ ហើយ​ក៏​មិន​ស្គាល់​វប្បធម៌​របស់​ខ្លួន​ដែរ។​ ខុស​ពី​ជនជាតិ​នៅ​ជិត​ខាង​យើង​ដែល​ទោះ​ជា​ទៅ​ដល់​ទីណា​គេ​នឹង​ចាក់​ឫស​វប្បធម៌​គេ​នៅ​ទីនោះ​ ហើយ​កូនចៅ​របស់​គេ​អាច​និយាយ​ភាសា​កំណើត​បាន​យ៉ាង​ស្ទាត់​ជំនាញ។ ​នេះ​ស​បញ្ជាក់​ឲ្យ​ឃើញ​ថា​ជនជាតិ​ខ្មែរ​ហាក់ដូច​ជា​ខ្វះ​គ្រឹះ​រឹងមាំ​នៃ​វប្បធម៌​ជាតិ​របស់​ខ្លួន​ដែល​ជា​ហេតុ​នាំឲ្យ​ឆាប់​ឈ្លក់​វង្វេង​វប្បធម៌​វក់វី​នឹង​វប្បធម៌​បរទេស។ ​កង្វះ​គ្រឹះ​រឹងមាំ​នៃ​វប្បធម៌​ជាតិ​នេះ​ហើយ​បាន​ជា​វប្បធម៌​បរទេស​បាន​ចូល​មក​វាយ​លុក​ដល់​ក្នុង​ប្រទេស​តែម្តង។

អ្វី​ដែល​គួរ​ឲ្យ​សង្វេគ​ថែម​ទៀត​នោះ​គឺ​ មនុស្ស​ចាស់​បាន​នាំ​ក្មេង​ឲ្យ​ទទួល​យក​វប្បធម៌​ដទៃ​ដោយ​មិន​ដឹង​ខ្លួន។ ​ការ​រំជើប​រំជួល​នៃ​ពិធី​បុណ្យ​ណូអែល​គឺ​ជា​ឧទាហរណ៍​ជាក់​ស្តែង​មួយ។​តាមពិត ​ណូអែល​គឺ​ជា​ពិធី​បុណ្យ​សម្រាប់​គ្រិស្តសាសនា​សុទ្ធសាធ។ ​ប៉ុន្តែ ​ជនជាតិ​ខ្មែរ​ដែល​កាន់​ព្រះពុទ្ធ​សាសនា​សោះ​បែរ​ជា​នាំ​គ្នា​ប្រារព្ធ​ពិធី​នេះ​យ៉ាង​ព្រោងព្រាត​ទៅវិញ។ ​អ្វី​ដែល​រឹតតែ​មិន​យល់​បំផុត​នោះ​គឺ ​សាលារៀន​ដែល​ជា​ថ្នាល​បណ្តុះ​គ្រាប់ពូជ​ធនធាន​មនុស្ស​ក្នុង​វិស័យ​អប់រំ​ បែរ​ជា​នាំ​ក្មេងៗ​ឲ្យ​ឆ្កួត​វង្វេង​ជាមួយ​នឹង​ការ​ប្រារព្ធ​ពិធី​បុណ្យ​ណូអែល​ដែរ។ ផ្ទុយ​ទៅវិញ​ គេ​មិន​ដែល​បាន​ឃើញ​មាន​ការ​ចាប់​អារម្មណ៍​ពី​សាធារណជន​ ម្ចាស់​ហាង​ទំនិញ​ ឬ​យុវវ័យ​ចំពោះ​ពិធី​បុណ្យ​ព្រះពុទ្ធសាសនា​ធំៗ​ដូច​ជា​បុណ្យ​វិសាខ​បូជា ​ឬ​មាឃ​បូជា​នោះ​ឡើយ។ ​ពិធី​បុណ្យ​ខួប​កំណើត​«Birth Day»​ ឬ​បុណ្យ​«សង្សារ»​ (​ Valentine Day)​ ក៏​កំពុង​ពេញ​និយម​ ណាស់​ដែរ​សម្រាប់​យុវវ័យ​សម័យ​បច្ចុប្បន្ន។

មាន​មូលហេតុ​ច្រើន​យ៉ាង​ដែល​គេ​អាច​លើក​យក​មក​ពន្យល់​បញ្ហា​នេះ​បាន។ ​មូលហេតុ​ចម្បង​ជាង​គេ​គឺ​ការ​មិន​ស្គាល់​ខ្លួន​ឯង​ថា​ តើ​មាន​កំណើត​មក​ពីណា ​ហើយ​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ណា? ​ម៉្លោះហើយ​ឲ្យ​តែ​ឃើញ​អ្វី​ប្លែក​ក៏​ចេះ​តែ​ចាប់​យក​ដោយ​មិន​បាន​ពិចារណា។ ​ដោយសារ​តែ​ឪពុក​ម្តាយ​ខ្លះ​ឬ​សង្គម​ទាំង​មូល​ខ្វះ​មូលដ្ឋាន​គ្រឹះ​រឹងមាំ​នេះ​ហើយ​បាន​ជា​គេ​បណ្តោយ​ ឬ​ក៏​ជួយ​ជំរុញ​ឲ្យ​កូន​ចៅ​ជំនាន់​ក្រោយ​ដើរ​ខុស​ផ្លូវ​កាន់​តែ​ឆ្ងាយ។ ​មូលហេតុ​សំខាន់​មួយទៀត​នោះ​គឺ​ជម្លោះ ​នយោបាយ​ដែល​បាន​នាំ​ប្រទេស​ជាតិ​ឲ្យ​ធ្លាក់​ក្នុង​សង្គ្រាម​ស៊ីវិល​រ៉ាំរ៉ៃ ​រហូត​ដល់​ទីបំផុត​ធ្លាក់​ក្នុង របប​វាល​ពិឃាត​ដ៏​មហា​ឃោឃៅ​ក៏​ជា​កត្តា​ធ្វើ​ឲ្យ​ជនជាតិ​ខ្មែរ​ជាច្រើន​បាត់​បង់​មោទនភាព​ជាតិ​ស្ទើរ​តែ​អស់​រលីង​ដែរ​ដោយសារ​ការ​ឈឺ​ចាប់​ហួស​និស្ស័យ​ទាំង​ផ្លូវកាយ ​និង​ផ្លូវ​ចិត្ត។ ទាំង​នេះ​ជា​ហានិភ័យ​ដ៏​ធំធេង​សម្រាប់​អនាគត​សង្គម​ខ្មែរ។ ​ដូច្នេះ​ អ្នក​តម្រង់​ទិស​សង្គម​ទាំងឡាយ​ត្រូវ​ពិចារណា ​និង​រិះរក​វិធី​ពង្រឹង​វប្បធម៌​ខ្មែរ​ឲ្យ​បាន​រឹងមាំ​ឡើង​វិញ។ ​ការ​កសាង​មោទនភាព​ជាតិ​រឹងមាំ​ក្នុង​ចំណោម​ពលរដ្ឋ​ខ្មែរ​ក៏​ជា​បេសកកម្ម​មិន​អាច​មើល​រំលង​បាន​ឡើយ។ ​បើ​មិន​ដូច្នោះ​ទេ យុវជន​ខ្មែរ​ស្រករ​ក្រោយ​នឹង​វង្វេង​វក់វី​ដោយសារ​វប្បធម៌​បរទេស​នៅ​ក្នុង​សម័យ​សាកល​ភាវូបនីយកម្ម​នេះ​ជា​មិន​ខាន​ឡើយ៕



RFI

No comments:

Post a Comment

yes