សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, December 21, 2011

ស្ត្រី​ខ្មែរ​៦​នាក់​ជាប់​ឃុំឃាំង​នៅ​ប្រទេស​ឥណ្ឌូនេស៊ី

ស្ត្រី​ខ្មែរ​ចំនួន ៦​នាក់ ត្រូវ​បាន​អាជ្ញាធរ​ឥណ្ឌូនេស៊ី បាន​ឃុំឃាំង​នៅ​ក្នុង​មន្ទីរ​ឃុំឃាំង​មួយ​របស់​អន្តោប្រវេសន៍​ឥណ្ឌូនេស៊ី ក្នុង​ភូមិ​ប៉ាសូ (Paso) នៃ​ទីក្រុង​អាំបន់ (Ambon) កាល​ពី​ថ្ងៃ​ទី​១២ ខែ​ធ្នូ ឆ្នាំ​២០១១។
 អាជ្ញាធរ​ឥណ្ឌូនេស៊ី បាន​ចោទ​ថា ស្រ្តី​ខ្មែរ​ចំនួន ៦​នាក់ បាន​ចូល​មក​ប្រទេស​ឥណ្ឌូនេស៊ី ខុស​ច្បាប់ ដោយ​គ្មាន​ឯកសារ​អ្វី​ទាំង​អស់។ កាសែត ហ្សាកាតា ផូស (Jakarta Post) រាយការណ៍​នៅ​ថ្ងៃ​អង្គារ ទី​២០ ខែ​ធ្នូ ថា ប្រធាន​ការិយាល័យ​អន្តោប្រវេសន៍​ទីក្រុង​អាំបន់ លោក អ៊ីណាំង ស៊ូព្រីវ៉ាឌី (Enang Supriyadi) បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​នៅ​ថ្ងៃ​អង្គារ ថា ស្ត្រី​ខ្មែរ​ទាំង ៦​នាក់​នេះ ធ្លាប់​បាន​ធ្វើ​ការ​ឲ្យ​ក្រុមហ៊ុន​នេសាទ​មួយ នៅ​ភាគ​ខាង​កើត​នៃ​កោះ​ម៉ាឡូគូ (Maluku)។
សេចក្ដី​រាយការណ៍​ឲ្យ​ដឹង​ដែរ​ថា ស្ត្រី​ទាំង​នោះ​បាន​ធ្វើ​ដំណើរ​ចុះ​ឡើងៗ នៅ​ម្ដុំ​ទីក្រុង​អាំ​បន់ បន្ទាប់​ពី​កិច្ចសន្យា​ការងារ​របស់​ពួកគាត់​បាន​បញ្ចប់​ទៅ។ 
សេចក្ដី​រាយការណ៍​ក៏​បាន​បញ្ជាក់​ដែរ​ថា ស្ត្រី​មួយ​ចំនួន​ដែល​មក​រក​ស៊ី​ជាមួយ​គ្នា​ដែរ​នោះ ខ្លះ​បាន​ទូរស័ព្ទ​ទាក់ទង​ទៅ​ក្រុម​គ្រួសារ​របស់​គេ​នៅ​កម្ពុជា រួច​ហើយ ហើយ​ពួក​គេ​ទាំង​នោះ​ក៏​ត្រូវ​បាន​ក្រុម​គ្រួសារ​គេ​ជូន​ដំណឹង​ទៅ​ស្ថានទូត​ខ្មែរ​នៅ​ទីក្រុង​ហ្សាកាតា (Jakarta) ដែល​បាន​សហការ​ជាមួយ​អង្គការ​អន្តោប្រវេសន៍​អន្តជាតិ បញ្ជូន​ពួក​គេ​ទៅ​ត្រឡប់​ទៅ​ប្រទេស​កម្ពុជា វិញ​រួច​រាល់​ហើយ ដោយ​ឡែក​ស្ត្រី​ខ្មែរ ៦​នាក់​នេះ ដែល​បាន​ដើរ​ចុះ​ឡើង​នៅ​ម្ដុំ​ទីក្រុង​អាំបន់ ក្នុង​ស្រុក​បាហ្គូឡា (Bagaula) នេះ​ត្រូវ​បាន​អាជ្ញាធរ​រក​ឃើញ។ 
អ្នកស្រី មូរ សុខហួរ បាន​ថ្លែង​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ល្ងាច​ថ្ងៃ​អង្គារ ទី​២០ ខែ​ធ្នូ ថា អ្នកស្រី​ពុំ​ទាន់​បាន​ដឹង​ដំណឹង​នេះ​នៅ​ឡើយ​ទេ ក៏​ប៉ុន្តែ​អ្នកស្រី​នឹង​ប្រញាប់​ទាក់ទង​សួរ​រក​បញ្ហា​នេះ​ឲ្យ​បាន​ដឹង​នា​ពេល​ឆាប់ៗ​នេះ។ 
អ្នកស្រី​ក៏​មាន​ចម្ងល់​ដែរ​ថា តើ​ហេតុ​អ្វី​បាន​ជា​មាន​ស្ត្រី​ទៅ​រក​ស៊ី​នេសាទ​ដែរ​នោះ៖ «ដំណឹង​នេះ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ការ​ព្រួយ​បារម្ភ​ណាស់។ បើ​អ៊ីចឹង​ឃើញ​ថា ការ​គ្រប់គ្រង​ប្រជាពលរដ្ឋ​យើង​ទៅ​ធ្វើ​ការ​នៅ​បរទេស​នៅ​មាន​បញ្ហា​នៅ​ឡើយ។ ប៉ុន្តែ​មួយ​រយៈ​ក្រោយ​មក រដ្ឋាភិបាល​បាន​សហការ​ធ្វើ​ការងារ​នេះ​ដែរ។ ដូច្នេះ នៅ​ថ្ងៃ​ស្អែក​នេះ ខ្ញុំ​នឹង​ធ្វើ​ការ​ទំនាក់​ទំនង​ជាមួយ​នឹង​ក្រុមហ៊ុន​ពាក់ព័ន្ធ និង​ក្រសួង​ដែល​ពាក់ព័ន្ធ ដើម្បី​ជំរុញ​ការងារ​នេះ​បន្ថែម»
វិទ្យុ​អាស៊ីសេរី​ក៏​បាន​ទូរស័ព្ទ​ទាក់ទង​ទៅ​ខាង​រដ្ឋាភិបាល​ដែរ តែ​ខ្សែ​ទូរស័ព្ទ​ពុំ​អាច​ភ្ជាប់​បាន​នៅ​ល្ងាច​ថ្ងៃ​អង្គារ ទី​២០ ខែ​ធ្នូ នេះ។
នៅ​ក្នុង​ខែ​ធ្នូ ឆ្នាំ​២០១១ នេះ យ៉ាង​ហោច​ណាស់​ក៏​មាន​ពលករ​ខ្មែរ​ប្រមាណ ៦០​នាក់ ដែល​ត្រូវ​បាន​ការិយាល័យ​អន្តោប្រវេសន៍​ឥណ្ឌូនេស៊ី បាន​សហការ​ជាមួយ​ការ​អង្គការ​អន្តោប្រវេសន៍​អន្តរជាតិ (IOM) បញ្ជូន​ពួកគេ​ត្រឡប់​ពី​ប្រទេស​ឥណ្ឌូនេស៊ី មក​កាន់​ប្រទេស​កម្ពុជា វិញ​ដែរ។ 
កាល​ពី​ថ្ងៃ​ទី​១២ ខែ​ធ្នូ ឆ្នាំ​២០១១ មាន​ពលករ​ចំណាក​ស្រុក​ចំនួន ៣០​នាក់ នៅ​ក្នុង​ចំណោម​ពលករ​សរុប ៦៥​នាក់ ពី​ប្រទេស​ឥណ្ឌូនេស៊ី បាន​វិល​ត្រឡប់​មក​ដល់​ប្រទេស​កម្ពុជា​វិញ បន្ទាប់​ពី​ត្រូវ​បាន​សង្គ្រោះ​ដោយ​អាជ្ញាធរ​នគរបាល​ឥណ្ឌូនេស៊ី តាម​សំណើ​របស់​ក្រសួង​ការបរទេស​កម្ពុជា ពី​ការ​ជួញដូរ​កំលាំង​ពលកម្ម និង​ការ​ជួញដូរ​មនុស្ស​កន្លង​មក។
សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​កម្ពុជា ចុះ​ថ្ងៃ​ទី​៦ ខែ​ធ្នូ កន្លង​ទៅ​នេះ បាន​ឲ្យ​ដឹង​ថា មាន​ពលករ​ខ្មែរ​ចំណាក​ស្រុក​ចំនួន ៦៥​នាក់ ត្រូវ​បាន​មេខ្យល់​បោក​បញ្ឆោត​ឲ្យ​ធ្វើ​ជា​កម្មករ​នេសាទ​លើ​ទូក​ថៃ ហើយ​ពលករ​ទាំង​នោះ​ត្រូវ​បាន​អាជ្ញាធរ​ប្រទេស​ឥណ្ឌូនេស៊ី បាន​ចាប់​ឃាត់​ខ្លួន​ពី​បទ​ចូល​នេសាទ​ខុស​ច្បាប់​នៅ​ខេត្ត​ម៉ាគូលូ នៃ​ប្រទេស​ឥណ្ឌូនេស៊ី៕


អាស៊ីសេរី

No comments:

Post a Comment

yes