សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, July 4, 2012

ជំងឺ​ចម្លែក​សម្លាប់​កុមារ​៦០​នាក់​នៅ​មន្ទីរ​ពេទ្យ

120704_05

ភ្នំពេញៈ ជំងឺ​សម្លាប់​ជីវិត​ដែល​គេ​មិន​ទាន់​ស្គាល់​មួយ បាន​បង្ហាញ​ខ្លួន​ក្នុង​ប្រទេស​កម្ពុជា និង​បាន​សម្លាប់​កុមារ​យ៉ាង​ហោច​ណាស់ ៦០ នាក់​រួច​មក​ហើយ ក្នុង​រយៈ​ពេល ៣ ខែ​ចុង​ក្រោយ​នេះ។ នេះ​បើ​យោង​តាម​មន្រ្តី​សុខាភិបាល​បាន​ឲ្យ​ដឹង​កាល​ពី​ម្សិល​មិញ។
កុមារ ៦២ នាក់ ដែល​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​នោះ ​បាន​បង្ហាញ​រោគ​សញ្ញា​ដូច​គ្នា គឺ​ក្តៅ​ខ្លួន​ខ្លាំង ​ប្រព័ន្ធ​ផ្លូវ​ដង្ហើម និង​ខួរ​ក្បាល​ខូច ហើយ​ក្នុង​នោះ​មាន​តែ​កុមារ ២ នាក់​ទេ ដែល​អាច​ជួយ​សង្គ្រោះ​បាន​។ នេះ​បើ​យោង​តាម​លោក​វេជ្ជ​បណ្ឌិត Beat Richner ​ស្ថាបនិក​បង្កើត​មន្ទីរ​ពេទ្យ បាន​ថ្លែង​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ។
ក្នុង​លិខិត​មួយ​ដែល​លោក Richner ផ្ញើ​ជូន​លោក ម៉ម ប៊ុន​ហេង រដ្ឋ​មន្រ្តី​ក្រសួង​សុខាភិ​បាល ​កាល​ពី​ថ្ងៃ​ទី ២០ ខែ​មិថុនា ហើយ​ដែល​ភ្នំពេញ ប៉ុស្តិ៍ បាន​ទទួល​កាល​ពី​ម្សិលមិញ លោក​វេជ្ជបណ្ឌិត​ជន​ជាតិ​ស្វីស បាន​លើក​ឡើង​ពីភាព​បន្ទាន់​នៃ​ជំងឺ​នេះ ហើយ​បាន​ប្រាប់​លោក​រដ្ឋមន្រ្តី​ថា ជំងឺ​នេះ​ មិន​ដែល​ធ្លាប់​ជួប​ប្រទះ​ទេ ក្នុង​រយៈ​ពេល ២០ ឆ្នាំ​ចុង​ក្រោយ​នេះ ក្នុង​ប្រទេស​កម្ពុជា។
«ពួកគេ [កុមារ] មាន​រោគ​រលាក​ខួរ​ក្បាល ហើយ​ក្នុង​រយៈ​ពេល ៦ ម៉ោង​ចុង​ក្រោយ ពួកគេ​កើត​រោគ​រលាក​សួត​ធ្ងន់​ធ្ងរ​បំផុត»។ លោក​បាន​សរសេរ​ទៀត​ថា៖ «កាំ​រស្មី X Ray និងស្កេន CT បង្ហាញ​ថា ថង់​ក្នុង​សួត ដែល​ប្តូរ​ខ្យល់​អ៊ុក​ស៊ីសែន ត្រូវ​បាន​បំផ្លាញ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ម៉ោង មុន​ពេល​អ្នក​ជំងឺ​ស្លាប់»។

កុមារ​ទាំង​អស់​ស្លាប់​ក្នុង​រយៈ​ពេល ២៤ ម៉ោង បន្ទាប់​ពី​សម្រាក​ព្យា​បាល​ក្នុង​មន្ទីរ​ពេទ្យ ជា​អ្វី​ដែល​លោក Richner ហៅ​ថា «ការ​វិវត្តន៍​ថ្មី​» នៃ​ជំងឺ​បំផ្លាញ​សួត។
នៅ​កាល​បរិច្ឆេទ​លិខិត​នោះ កុមារ ៤៧ នាក់​បាន​ស្លាប់​។ ១៣ ថ្ងៃ​ក្រោយ មាន​កុមារ ១៣ នាក់​ថែម​ទៀត​បាន​ស្លាប់​នៅ​មន្ទីរ​ពេទ្យ​គន្ធបុប្ផា។
លោក Nima Asgari ​អ្នក​ឯក​ទេស​សុខ​ភាព​សាធារណៈ នៃ​អង្គ​ការ​សុខ​ភាព​ពិភព​លោក បាន​បញ្ជាក់​កាល​ពី​ម្សិល​មិញថា នៅ​សប្តាហ៍​នេះ អង្គ​ការ​អន្តរជាតិ រួម​ជាមួយ​នឹង​ក្រសួង​សុខាភិបាល​បាន​ស៊ើប​អង្កេត​ការ​ឆ្លើយ​តប​ជំងឺ​អាថ៌កំបាំង និង​ប្រល័យ​ជីវិត​មនុស្ស​នេះ។
លោក​បន្ថែម​ថា៖ «​វា​ឆាប់​ពេក​ហើយ​ក្នុង​ការ​រក​មូល​ហេតុ យើង​កំពុង​តែ​ព្យាយាម​ប្រមូល​ទិន្នន័យ»។ លោក​បាន​បន្ត​ថា វា​មិន​អាច​ទេ ដែល​ជំងឺ​ទាក់​ទង​នឹង​គ្រុន​ឈាម ឬ​ការ​លេច​ឡើង​នូវ​ជំងឺ​គ្រុន​ឈីក​​ក្នុង​ប្រទេស​កម្ពុជា​នោះ។
ទី​ភ្នាក់​ងារ​អង្គ​ការ​សហ​ប្រជាជាតិ​បាន​ថ្លែង​ក្នុង​របាយការណ៍​ថ្ងៃ​ទី ៣០ ខែ​មិថុនា ថា រោគ​សញ្ញា​របស់​អ្នក​ជំងឺ​ឆ្លង​នេះ «​ហាក់​ដូច​ជា​ខុស​ធម្មតា» ​ដោយ​អ្នក​ជំងឺ​គ្រុន​ក្តៅ និង​ប្រព័ន្ធ​ផ្លូវ​ដង្ហើម​ចុះ​ខ្សោយ​យ៉ាង​ខ្លាំង បើ​ទោះ​បី​ជា​ការ​រាប់​គ្រាប់​ឈាម ​មុខ​ងារ​ថ្លើម និង​ក្រលៀន​ដំណើរ​ការ​ធម្មតា​ក៏​ដោយ។
មន្រ្តី​ក្រសួង​សុខាភិបាល ក្នុងនោះ​គឺ​លោក​រដ្ឋ​មន្រ្តី និង​លោក លី សុវណ្ណ​អនុប្រធាន​នាយក​ដ្ឋាន ទប់​ស្កាត់​ជំងឺ​ឆ្លង បាន​បង្វែរ​សំណួរ​ទាំង​អស់ ឲ្យ​ទៅ​សួរ​លោក សុខ ទូច ប្រធាន​នាយក​ដ្ឋាន ទប់​ស្កាត់​ជំងឺ​ឆ្លង ដែល​មិន​អាច​ទាក់​ទង​សុំ​ការ​អត្ថា​ធិប្បាយ​បាន​កាល​ពី​ម្សិលមិញ។
មន្រ្តី​ទទួល​ទូរស័ព្ទ​បន្ទាន់ នៅ​នាយក​ដ្ឋាន​ទប់​ស្កាត់​ជំងឺ​ឆ្លង នៅ​ក្រសួង​សុខាភិបាល បាន​ថ្លែង​ថា មន្រ្តី​២ក្រុម​ពី​ក្រសួង​បាន​ចុះ​ទៅ​ខេត្ត​កំពង់​ចាម និង​ខេត្ត​តាកែវ កាល​ពី​ម្សិលមិញ ដើម្បី​ស៊ើប​អង្កេត​ករណី​ជំងឺ​មិន​ស្គាល់​ដទៃ​ទៀត។​
មន្រ្តី​នោះ បាន​ថ្លែង​ថា៖ «​វា​បាន​កើត​ឡើង​ក្នុង ១៤ ខេត្ត​ទូទាំង​ប្រទេស​»។
លោក​បន្ត​ថា៖ «​យើង​មិន​ទាន់​រក​ឃើញ​មូល​ហេតុ​នៃ​ជំងឺ​នេះ​នៅ​ឡើយ​ទេ ប៉ុន្តែ [អ្នក​ជំងឺ​] មាន​បញ្ហា​ប្រព័ន្ធ​ផ្លូវ​ដង្ហើម​ធ្ងន់ធ្ងរ​»។ លោក​បាន​បន្តថា ក្រុម​ទីបី​នឹង​ទៅ​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា នៅ​ថ្ងៃ​ព្រហស្បតិ៍។
លោក តែ វណ្ណថា អនុ​ប្រធាន​មន្ទីរ​ពេទ្យ​ខេត្ត​តាកែវ បាន​ថ្លែង​ថា លោក​បាន​ចូល​រួម​កិច្ច​ប្រជុំ​ជាមួយ​នឹង​ក្រសួង​សុខា-​ភិបាល និង​មន្រ្តី​មន្ទីរ​ពេទ្យ​គន្ធបុប្ផា ​នៅ​ថ្ងៃ​ទី ២៩​ខែ​មិថុនា ដើម្បី​ពិភាក្សា​ពី​បញ្ហា​ធ្ងន់​ធ្ងរ​នេះ។​ លោក​បញ្ជាក់​ថា៖ «​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា បាន​ជូន​ដំណឹង​យើង​ពី​ការ​វិវត្ត​យ៉ាង​ឆាប់​រហ័ស​នៃ​ជំងឺ​នេះ​ដែល​អាច​ សម្លាប់​កុមារ ក្នុង​រយៈ​ពេល ២៤ ម៉ោង ដូច្នេះ យើង​ត្រូវតែ​ប្រុង​ប្រយ័ត្ន​»។ លោក​បាន​ឲ្យ​ដឹង​ទៀត​ថា​៖«ជំងឺ​មិន​ស្គាល់​នេះ​កើត​ឡើង​ចំពោះ​កុមារ​ភាគ ច្រើន​អាយុ​ក្រោម ៥ ឆ្នាំ ហើយ​រោគ​សញ្ញា​ គឺ​គ្រុន​ក្តៅ ​ក្អក និង​ពិបាក​ដក​ដង្ហើម»។
ថ្លែង​ពី​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា ក្នុង​ខេត្ត​សៀម​រាប ជា​កន្លែង​ដែល​កុមារ ២ នាក់​ស្លាប់ លោក Richner បាន​ថ្លែង​ថា ក្រុម​របស់​លោក​ បាន​ពិនិត្យ​គ្រប់​យ៉ាង ហើយ​ពុំ​ទាន់​អាច​បញ្ជាក់​អ្វី​នៅ​ឡើយ​ទេ។ លោក​បាន​បន្ត​ថា៖ ​«​កុមារ​ទាំង​អស់​មាន​រោគ​រលាក​ខួរ​ក្បាល​ធ្ងន់ធ្ងរ ហើយ​ធ្លាប់​សម្រាក​ព្យា​បាល​នៅគ្លីនិក​ឯក​ជន ​មុន​ពេល​មក​ជួប​យើង​»។ លោក​បន្ថែម​ថា៖ «​ខ្ញុំ​បារម្ភ​ថា ​ការ​ព្យា​បាល​ខុស និង​ការ​ពុល​ថ្នាំ​នៅ​គ្លីនិក​ឯក​ជន បាន​បំផ្លាញ​សួត ​ដែល​បណ្តាល​ឲ្យ​រលាក​សួត ដែល​យើង​មិន​អាច​ព្យា​បាល​បាន​»៕

No comments:

Post a Comment

yes