សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, December 2, 2011

សម្ភាស​លោក Brad Adams ជុំវិញ​សម្ដី​របស់​បង​ធំ​ទី​២ នួន ជា

នៅ​ក្នុង​សវនាការ​សំណុំ​រឿង​លេខ ០០២ កាល​ពី​ពេល​ថ្មីៗ នេះ ជន​ជាប់​ចោទ នួន ជា បាន​ចោទ​សួរ​សាលាក្ដី​ខ្មែរក្រហម​ថា៖ ហេតុ​អ្វី​ បាន​ជា​មិន​លើក​យក​ឧក្រិដ្ឋកម្ម​នានា ដែល​ប្រព្រឹត្ត​ឡើង​មុន​ថ្ងៃ​ទី ១៧ មេសា  ឆ្នាំ ១៩៧៥ និង​ក្រោយ​ថ្ងៃ​ទី ៦ មករា ឆ្នាំ ១៩៧៩ មក​ជំនុំ​ជម្រះ?


សូម​អញ្ជើញ​ស្ដាប់​បទ​សម្ភាសន៍​របស់​លោក ជី វិតា ជា​មួយ​លោក Brad Adams នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស​អន្តរជាតិ Human Rights Watch ជុំវិញ​សម្ដី​របស់​បង​ធំ​ទី ២ នួន ជា នេះ៖
ជី វិតា៖ លោក នួន ជា ជា​អតីត​ប្រធាន​រដ្ឋសភា​ប្រជាជន និង​ជា​អនុ​លេខា​បក្ស​កុម្មុយនិស្ត​កម្ពុជា នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ ដែល​គ្រប់គ្រង​ប្រទេស​កម្ពុជា ពី​ខែ​មេសា ឆ្នាំ ១៩៧៥ ដល់​ខែ​មករា ឆ្នាំ ១៩៧៩។ បច្ចុប្បន្ន លោក​ជា​ជន​ជាប់​ចោទ​ក្នុង​សំណុំ​រឿង ០០២។ ក្នុង​សេចក្ដី​ថ្លែងការណ៍​ព្យាយាម​ដោះ​បន្ទុក កាល​ពី​ថ្ងៃ​ទី ២២ វិច្ឆិកា ក្នុង​សវនាការ​បឋម នៃ​សាលាក្ដី​ខ្មែរក្រហម លោក នួន ជា បាន​ប្រាប់​សវនាការ​តុលាការ​កូន​កាត់​នេះ​ថា ការ​កាត់​ទោស​តែ​មេ​ដឹកនាំ​ខ្មែរក្រហម ដែល​គ្រប់គ្រង​ប្រទេស​កម្ពុជា ក្នុង​អំឡុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​នោះ វា​ពុំ​មាន​ភាព​យុត្តិធម៌​នោះ​ទេ។ លោក​រិះគន់​តុលាការ​ថា ការ​យក​បញ្ហា​តែ​មួយ​ចំណែក​មក​ជំនុំជម្រះ​វា​មិន​ត្រូវ​ឡើយ។
លោក នួន ជា៖ «ខ្ញុំ​សូម​និយាយ​ថា សត្វ​ក្រពើ​មួយ​ទាំង​មូល គេ​យក​តែ​ខ្លួន​មក​និយាយ។ តែ​មិន​យក​ក្បាល និង​កន្ទុយ ដែល​ជា​ចំណែក​សំខាន់​ក្នុង​ការ​បម្រើ​ដល់​សកម្មភាព​ប្រចាំ​ថ្ងៃ​របស់​វា ឬ​ក្នុង​ន័យ​ម្យ៉ាង​ទៀត គឺ​ថា ឫស​គល់ និង​បច្ច័យ​របស់​វា គឺ​ជា​អ្វី​ដែល​បាន​កើត​ឡើង​តាំង​ពី​ឆ្នាំ ១៩៧៥ និង​ក្រោយ​ឆ្នាំ ១៩៧៩។ តែ​តុលាការ​នេះ​មិន​យក​មក​ពិចារណា​ទេ»។
ជី វិតា៖ ក្រៅ​ពី​ការ​ចោទ​តុលាការ​ថា ​មិន​យុត្តិធម៌ ជន​ជាប់​ចោទ នួន ជា បាន​រៀបរាប់​រំលឹក​អំពី​ការ​ពាក់ព័ន្ធ​របស់​បក្ស​កុម្មុយនិស្ត និង​ការ​ទម្លាក់​គ្រាប់​បែក បេ-៥២ របស់​សហរដ្ឋ​អាមេរិក​លើ​ទឹក​ដី​កម្ពុជា ដែល​លោក​ថា ទាំង​នោះ​ជា​ឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ ដែល​បាន​ប្រល័យ​ជីវិត​ពលរដ្ឋ​ខ្មែរ។ លោក​បញ្ជាក់​ថា ហេតុ​ដូចម្ដេច​បាន​ជា​មិន​នាំ​ជន​ពាក់ព័ន្ធ នៃ​ប្រទេស​ទាំង​នោះ​មក​កាត់​ទោស​ផង។ តើ​លោក​ឆ្លើយ​យ៉ាងម៉េច​ដែរ?
Brad: យោង​តាម​ច្បាប់​បង្កើត​សាលាក្ដី​ខ្មែរក្រហម តុលាការ​ពិសេស​នេះ មាន​អាណត្តិ​ជំនុំជម្រះ ឧក្រិដ្ឋកម្ម ដែល​បាន​កើត​ឡើង​ក្នុង​អំឡុង​ពេល​ឡើង​កាន់​អំណាច​របស់​ខ្មែរក្រហម​ពី​ថ្ងៃ​ទី ១៧ មេសា ឆ្នាំ ១៩៧៥ ដល់​ថ្ងៃ ទី ៦ មករា ឆ្នាំ ១៩៧៩។ ប្រសិន​បើ​ច្បាប់​បង្កើត​សាលាក្ដី​ខ្មែរក្រហម កំណត់​អោយ​ជំនុំជម្រះ​ឧក្រិដ្ឋកម្ម ដែល​បាន​ប្រព្រឹត្ត​ឡើង​មុន​ថ្ងៃ​ទី ១៧ មេសា ឆ្នាំ ១៩៧៥ ពេល​នោះ ទាំង​សម្ដេច​ព្រះបាទ នរោត្តម សីហនុ ទាំង​លោក លន់ នល់ និង​សូម្បី​តែ​ខ្មែរក្រហម​ខ្លួន​ឯង ដែល​បាន​ប្រព្រឹត្តិ​ឧក្រិដ្ឋកម្ម​នានា យ៉ាង​សាហាវ​ធ្ងន់ធ្ងរ​មុន​ពេល​នេះ នឹង​ត្រូវ​នាំ​ខ្លួន​មក​កាត់​ទោស។
កាល​នៅ​តស៊ូ​ក្នុង​ព្រៃ នៅ​មុន​ឡើង​កាន់​អំណាច ខ្មែរក្រហម​ក៏​បាន​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ​ច្រើន​ណាស់​ដែរ។ ហើយ​ឧក្រិដ្ឋកម្ម​របស់​សហរដ្ឋ​អាមេរិក​ក៏​នឹង​នាំ​មក​ជំនុំជម្រះ។ ប្រសិន​បើ​ឧក្រិដ្ឋកម្ម ដែល​កើត​ឡើង​មុន​ថ្ងៃ​ទី ១៧ មេសា ឆ្នាំ ១៩៧៥ និង​ក្រោយ​ថ្ងៃ​ទី ៦ មករា ឆ្នាំ ១៩៧៩ ត្រូវ​បាន​កំណត់​ដោយ​ច្បាប់​អោយ​យក​មក​ជំនុំជម្រះ​នោះ ខ្ញុំ​ក៏​ពេញ​ចិត្ត​នឹង​ស្វាគមន៍​ដែរ។
បើ​អាច​ធ្វើ​ដូច្នេះ​បាន​មែន ឧក្រិដ្ឋកម្ម​ដែល​ប្រព្រឹត្ត​ដោយ​សហរដ្ឋ​អាមេរិក បទ​ឧក្រិដ្ឋ​ប្រព្រឹត្ត​ដោយ​លោក ហ៊ុន សែន បទ​ឧក្រិដ្ឋ​ប្រព្រឹត្ត​ដោយ​របប​សាធារណៈ រដ្ឋ​ប្រជាមានិត​កម្ពុជា និង​បទ​ឧក្រិដ្ឋ​ប្រព្រឹត្ត​ដោយ​ខ្មែរក្រហម​ក្នុង​ទសវត្សរ៍​ឆ្នាំ ១៩៨០ នឹង​ត្រូវ​នាំ​មក​កាត់​ទោស។
លើស​ពី​នេះ​ទៅ​ទៀត បទ​ឧក្រិដ្ឋ​ប្រព្រឹត្ត​ដោយ​ថៃ ដោយ​ចិន និង​ដោយ​វៀតណាម នៅ​ពេល​ពួក​គេ​កាន់កាប់​ប្រទេស​កម្ពុជា​ក្នុង​ទសវត្សរ៍​ឆ្នាំ ១៩៨០ ក៏​ត្រូវ​នាំ​មក​កាត់ទោស​ដែរ។ និយាយ​ជា​សរុប​ទៅ ជន​ណា ដែល​ប្រព្រឹត្ត​បទ​ល្មើស​រំលោភ​ច្បាប់​អន្តរជាតិ​ធ្ងន់ធ្ងរ​នៅ​អំឡុង​ពេល​នោះ នឹង​ត្រូវ​រង​ការ​ចោទ​ប្រកាន់​នាំ​ខ្លួន​មក​កាត់​ទោស​ដោយ​តុលាការ​នេះ។
ក៏​ប៉ុន្តែ ប្រសិន​បើ​លោក​ពិចារណា​បន្តិច​ទៅ​លើ​តួ​អង្គ ឬ​បណ្ដា​ប្រទេស ដែល​ខ្ញុំ​រៀបរាប់​អម្បាញ់មិញ​នេះ លោក​នឹង​យល់​ថា ហេតុ​អ្វី បាន​ជា​តុលាការ​នេះ កំណត់​កាត់ទោស​តែ​ទៅ​លើ​ឧក្រិដ្ឋកម្ម ដែល​ប្រព្រឹត្ត​ឡើង​ត្រឹម​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ឬ​របប​ខ្មែរក្រហម​ពី​ថ្ងៃ​ទី ១៧ មេសា ឆ្នាំ ១៩៧៥ ដល់​ថ្ងៃ​ទី ៦ មករា ឆ្នាំ ១៩៧៩ នោះ។ ហេតុផល​គឺ​ថា សាលាក្ដី​ខ្មែរក្រហម​នេះ នឹង​មិន​អាច​កើត​ឡើង​បាន​ទេ ប្រសិនបើ​គេ​តម្រូវ​អោយ​យក​ចិន វៀតណាម ថៃ និង​យក​អាមេរិកាំង ព្រម​ទាំង​អ្នក​ដទៃ​មក​កាត់​ទោស​ដែរ​នោះ ពីព្រោះ​ប្រទេស​ទាំង​នោះ​នឹង​បដិសេធ ឬ​ច្រានចោល​នូវ​ការ​ផ្ដួចផ្ដើម​យក​ជន​ពាក់ព័ន្ធ ឬ​ប្រទេស​ទាំង​អម្បាលម៉ាន​នោះ​មក​កាត់​ទោស។
ជី វិតា៖ ប្រទេស​ចិន​ជា​អ្នក​ជំទាស់​ខ្លាំង​ជាង​គេ​មែន​ទេ?
Brad: ចិន​ព្យាយាម​រារាំង​មិន​អោយ​បង្កើត​តុលាការ​កាត់​ទោស​ខ្មែរ​ក្រហម។ ដោយហេតុ​នេះ​ហើយ ទើប​មិន​មាន​តុលាការ​អន្តរជាតិ​ពេញ​លក្ខណៈ។ ប្រសិន​បើ​ចិន​មិន​ជំទាស់​កាល​ពី​ឆ្នាំ ១៩៩៧ និង ១៩៩៨ នោះ​ទេ ខ្ញុំ​គិត​ថា យើង​អាច​មាន​តុលាការ​អន្តរជាតិ​ពេញ​លក្ខណៈ​មួយ សម្រាប់​ជំនុំជម្រះ​មេ​ខ្មែរក្រហម​រួច​បាត់​ទៅ​ហើយៗ តុលាការ​នោះ នឹង​បង្កើត​ឡើង​នៅ​ទីក្រុង​ឡាអេ តាម​ការ​ផ្ដល់​យោបល់​របស់​អ្នក​ជំនាញ​ទៀត​ផង។ ចិន​ពេល​នោះ បាន​ប្រកាស​ថា នឹងveto ជំទាស់​ទៅ​នឹង​សេចក្ដី​សម្រេច​ណា​មួយ​របស់​អង្គការ​សហប្រជាជាតិ ក្នុង​ការ​បង្កើត​តុលាការ​អន្តរជាតិ ដើម្បី​កាត់ទោស​ខ្មែរក្រហម។ ហេតុ​នេះ​ហើយ ទើប​យើង​មាន​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ឬ​សាលាក្ដី​កូន​កាត់​ខ្មែរ និង​បរទេស​នេះ នៅ​ក្នុង​ប្រទេស​កម្ពុជា។
ជី វិតា៖ ពិត​ទេ ដែល​ថា​សូម្បី​តែ​បង្កើត​តុលាការ​នៅ​កម្ពុជា ក៏​ចិន​មិន​ចង់​អោយ​កើត​មាន​ដែរ?
Brad: ត្រឹម​ត្រូវ។ ប្រទេស​ដទៃ​ទៀត ដូច​ជា វៀតណាម និង​សហរដ្ឋ​អាមេរិក​ជា​ដើម គាំទ្រ​អោយ​បង្កើត។ ក៏ប៉ុន្តែ ប្រសិន​បើ​ច្បាប់​កាត់ទោស​ខ្មែរក្រហម​ត្រូវ​បាន​កែប្រែ​ទៅ​ជា​តម្រូវ​អោយ​កាត់ទោស​ឧក្រិដ្ឋកម្ម ដែល​កើត​ឡើង​មុន​ថ្ងៃ​ទី ១៧ មេសា ឆ្នាំ ១៩៧៥ និង​ក្រោយ​ថ្ងៃ​ទី ៦ មករា ឆ្នាំ ១៩៧៩ ដែរ​នោះ ប្រាកដ​ណាស់ វៀតណាម និង​សហរដ្ឋ​អាមេរិក​នឹង​ជំទាស់ ពីព្រោះ​អតីត​ទីប្រឹក្សា​សន្តិសុខជាតិ​របស់​សហរដ្ឋ អាមេរិក​ក្នុងទស្សវត្សឆ្នាំ១៩៧០ គឺ​លោក Henry Kissinger និង​ថ្នាក់​ដឹក​នាំ​វៀតណាម​នឹង​ត្រូវ​នាំ​ខ្លួន​មក​កាត់ទោស​ដែរ៕


អាស៊ីសេរី

No comments:

Post a Comment

yes