កិច្ចប្រជុំនេះមានគម្រោងពិភាក្សាផ្ដោតលើការដោះស្រាយបញ្ហាសន្តិសុខក្នុងតំបន់ ប្រឆាំងអំពើភេរវកម្ម និងដោះស្រាយជម្លោះព្រំដែននៅសមុទ្រចិនខាងត្បូង ព្រមទាំងដោះស្រាយជម្លោះព្រំដែនរវាងកម្ពុជា និងថៃជាដើម។
ក្រសួងការពារជាតិកម្ពុជា នៅឆ្នាំ២០១២ ខាងមុខនេះនឹងមានភារកិច្ចរៀបចំកិច្ចប្រជុំសំខាន់ៗ ចំនួន ១៤ និងទៅចូលរួមក្នុងកិច្ចប្រជុំនៅក្រៅប្រទេសសរុបចំនួន ៣៤ទៀត។
ប្រធាននាយកដ្ឋាននយោបាយ និងកិច្ចការបរទេសនៃក្រសួងការពារជាតិកម្ពុជា លោកឧត្ដមសេនីយ៍ឯក ណឹម សុវត្ថិ បានមានប្រសាសន៍ក្នុងសន្និសីទកាសែតនៅក្រសួងការពារជាតិ នៅថ្ងៃទី២ ខែធ្នូ ថា កម្ពុជានឹងបំពេញបេសកកម្មនេះឲ្យបានជោគជ័យ។
លោកឧត្ដមសេនីយ៍ឯក ណឹម សុវត្ថិ៖ «ការប្រុងប្រៀបរៀបចំនេះបានផ្ដល់នូវសារសំខាន់ មិនត្រឹមតែកងទ័ព តែប្រទេសជាតិទាំងមូល ហើយនិងតំបន់ រួមទាំងពិភពលោកផងដែរ។ មិនត្រឹមតែកិច្ចប្រជុំដែលយើងត្រូវរៀបចំក្នុងប្រទេសទេ មានកិច្ចប្រជុំមួយចំនួនដែលយើងក៏ត្រូវធ្វើសហការ ដែលយើងត្រូវធ្វើជាសហប្រធាននៅខាងក្រៅប្រទេសផងដែរ ដើម្បីបំរើសំរាប់កិច្ចប្រជុំកិច្ចការពារជាតិ»។
អ្នកវិភាគឯករាជ្យ លោកបណ្ឌិត ឡៅ ម៉ុងហៃ បានមានប្រសាសន៍ថា កម្ពុជាគប្បីរក្សាជំហរអព្យាក្រឹត និងបង្ហាញការប៉ិនប្រសព្វក្នុងការដោះស្រាយជម្លោះនានានៅក្នុងតំបន់៖«សមុទ្រចិនខាងត្បូងហ្នឹង គឺជាឱកាសមួយល្អសំរាប់យើងជួយសម្របសម្រួលឲ្យមានការធូរស្រាល ហើយនិងដោះស្រាយតាមគន្លងកិច្ចព្រមព្រៀងគ្នារវាងអាស៊ាន និងចិន។ មានទស្សនៈខ្លះគេមន្ទិលសង្ស័យពីរឿងដំណោះស្រាយជម្លោះខ្មែរ-ថៃហ្នឹង។ ស៊ីសងនឹងការប៉ិនប្រសព្វរបស់យើង ហើយយើងយកអាហ្នឹងដើម្បីជាផលប្រយោជន៍ខ្មែរប៉ុណ្ណឹង ឬមួយក៏សំរាប់ផលប្រយោជន៍អាស៊ានទាំងមូល»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទទួលវេនជាប្រធានអាស៊ាននៅឆ្នាំ២០១២ ពីប្រធានាធិបតីប្រទេសឥណ្ឌូនេស៊ី លោក ស៊ូស៊ីឡូ បាំបាង យុដូយូណូ (Susilo Bambang Yudhoyono) នៅខែវិច្ឆិកា ថ្មីៗនេះ នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន ចុងក្រោយនៅទីនោះ។
សមាជិកនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីក្រសួងការពារជាតិអាស៊ាននោះ គឺមានរដ្ឋមន្ត្រីមកពីក្រសួងការពារមកពីរដ្ឋសមាជិកអាស៊ាន ចំនួន ១០ មានដូចជា កម្ពុជា (Cambodia) ប្រទេសថៃ (Thailand) ឡាវ (Lao) វៀតណាម (Vietnam) ភូមា (Burma) ហ្វីលីពីន (Philippines) ម៉ាឡេស៊ី (Malaysia) ឥណ្ឌូនេស៊ី (Indonesia) សិង្ហបុរី (Singapore) និងប្រទេសប្រ៊ុយណេ (Brunei)។
កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីក្រសួងការពារជាតិអាស៊ាននេះ គឺមានប្រទេសចំនួន ៨ ជាដៃគូ មានដូចជាប្រទេសឥណ្ឌា កូរ៉េខាងត្បូង ប្រទេសជប៉ុន ប្រទេសចិន រុស្ស៊ី និងសហរដ្ឋអាមេរិកជាដើម។
ប្រទេសប្រ៊ុយណេ នឹងទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីក្រសួងការពារជាតិនៅឆ្នាំ២០១៣ បន្ទាប់ពីកម្ពុជា។ កិច្ចប្រជុំនេះ គឺធ្វើឡើងនៅរៀងរាល់ ៣ឆ្នាំម្ដង ខុសពីកិច្ចប្រជុំកំពូលអាស៊ាន គឺធ្វើឡើងនៅរៀងរាល់ ១ឆ្នាំម្តង៕
អាស៊ីសេរី
No comments:
Post a Comment
yes