ក្រុមកម្មករនឹងទទួលបានរូបសំណាក«វីរបុរស»របស់ពួកគេគឺលោកជា វិជ្ជា ដែលត្រូវឃាតកររកមុខមិនឃើញបាញ់សម្លាប់កាលពីប្រាំពីរឆ្នាំមុន។ លោកនាយករដ្ឋមន្ដ្រីហ៊ុន សែនទើបតែសម្រេចកាលពីថ្ងៃទី៣១ ខែធ្នូ ហើយត្រូវបានផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃអង្គារនេះ ដោយបញ្ជាឲ្យសាលារាជធានីភ្នំពេញជួយចាត់ចែងរៀបចំកសាងទៀតផង។
កាលពីថ្ងៃទី៣១ ខែធ្នូ លោកជា មុន្នី ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជាដែលឡើងជំនួសបងប្រុសរបស់លោក បានផ្ញើលិខិតមួយទៅកាន់លោកនាយករដ្ឋមន្ដ្រីហ៊ុន សែន ដើម្បីស្នើសុំការអនុញ្ញាតធ្វើការសាងសង់រូបសំណាកលោកជា វិជ្ជា សម្រាប់រំឭកវិញ្ញាណក្ខន្ធ និងសម្រាប់រំឭកគុណ ដោយសារតែចាប់តាំងពីមរណភាពរបស់លោកជា វិជ្ជាមក មិនទាន់មានទីតាំងសមរម្យណាមួយសម្រាប់ធ្វើពិធីបុណ្យរំឭកខួបរូបគាត់នោះទេ។
លោកហ៊ុន សែន នៅថ្ងៃដដែលនោះ បានសរសេរចារដោយផ្ទាល់ដៃលើសំណើនោះថា លោក«យល់ព្រម» ហើយលោកឲ្យលោកអភិបាលក្រុងភ្នំពេញ កែប ជុតិមាជួយកសាង ដោយជជែកពិភាក្សាជាមួយមេដឹកនាំសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជាគឺលោកជា មុន្នី។
លោកជា មុន្នីបានសម្ដែងការរីករាយនៅពេលដែលលោកបានទទួលជោគជ័យក្នុងការស្នើសុំនេះ។
«នេះគឺជាការស្នើសុំរបស់កម្មករកម្មការិនីជារៀងរាល់ឆ្នាំ។ ដូច្នេះអ្វីដែលលោកនាយករដ្ឋមន្ត្រីបានផ្តល់គឺសម្រាប់ខាងសហជីពសូមថ្លែងអំណរគុណនិងអរគុណយ៉ាងជ្រាលជ្រៅចំពោះលោកនាយករដ្ឋមន្ត្រីហ៊ុន សែន»។
លោកជា វិជ្ជា អតីតប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា ត្រូវឃាតករដើរចូលបាញ់សម្លាប់យ៉ាងកៀកបំផុតនៅជាប់ជញ្ជាំងវត្តលង្កា ក្បែរវិមានឯករាជ្យ ក្រុងភ្នំពេញ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០០៤។ រដ្ឋាភិបាលបានខកខានក្នុងការស្វែងរកចាប់ខ្លួនឃាតករ សម្រាប់មរណភាពនៃអតីតមេដឹកនាំសហជីពដែលបានធ្វើការតស៊ូយ៉ាងខ្លាំងក្លាដើម្បីសេរីភាព ការដំឡើងប្រាក់ខែ និងការគោរពសិទ្ធិកម្មករ។ ក្រុមកម្មករបានហៅការស្លាប់របស់លោកជា វិជ្ជា ថាជាការបាត់បង់«វីរបុរស»របស់ពួកគេ។
នៅក្នុងលិខិតផ្ញើរទៅកាន់លោកនាយករដ្ឋមន្ដ្រីហ៊ុន សែន លោកជា មុន្នីស្នើសុំទីតាំងទំហំមួយម៉ែត្រក្រឡានៅលើសួនច្បារខាងលិចវិមានឯករាជ្យដែលស្ថិតនៅចម្ងាយប្រមាណ៥០ម៉ែត្រពីទីកន្លែងសម្លាប់លោកជា វិជ្ជា។
លោកជា មុន្នីបញ្ជាក់បន្ថែមថា លោកមិនទាន់ដាក់សំណើណាមួយទៅកាន់សាលារាជធានីភ្នំពេញដើម្បីពន្លឿនការសាងសង់រូបសំណាកបងប្រុសរបស់លោកនោះទេ។
លោកកើត ឆែ នាយរងរដ្ឋបាលសាលារាជធានីភ្នំពេញ មានប្រសាសន៍ថា លោកមិនទាន់ដឹងពីបញ្ហានេះទេ។
ជាមួយគ្នានេះ លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យមានប្រសាសន៍ថា លោកនៅតែទាមទារឲ្យលោកនាយករដ្ឋមន្ដ្រីខ្មែរជំរុញការស៊ើបអង្កេតស្វែងរកឃាតករពិតប្រាកដដែលបានសម្លាប់លោកជា វិជ្ជា។ ជនជាប់សង្ស័យក្នុងឃាតកម្មបិទមុខនេះចំនួនពីរនាក់គឺ ប៊ន សំណាង និងសុខ សំអឿន ត្រូវបានចាប់ឃាត់ខ្លួនយកមកផ្ដន្ទាទោសដាក់ក្នុងពន្ធនាគារជាច្រើនឆ្នាំ ប៉ុន្ដែក្រោយមកតុលាការខ្មែរបានដោះលែងពួកគេជាបណ្ដោះអាសន្ន បន្ទាប់ពីមានគំនាបជាច្រើនលើកឡើងថា ជនសង្ស័យទាំងពីរនេះគ្រាន់តែជាឃាតករដែលគេប្រឌិតជាខែលតែប៉ុណ្ណោះ។
លោកអំ សំអាត ប្រធានការិយាល័យគ្រប់គ្រងបច្ចេកទេសស៊ើបអង្កេតរបស់អង្គការការពារសិទ្ធិមនុស្សលីកាដូ លើកឡើងដែរថា រដ្ឋាភិបាលត្រូវរកឃាតករពិតឲ្យឃើញ។
«ប៉ុន្តែអ្វីដែលនៅជាបញ្ហាគឺទាក់ទងនឹងឃាតករសប្បនិម្មិតហ្នឹង គឺនៅតែមិនទាន់បានបញ្ចប់ឲ្យបានចប់សព្វគ្រប់ហ្នឹង ណា៎។ ធ្វើយ៉ាងណា ដើម្បីស្វែងរកឃាតករពិតប្រាកដហ្នឹងយកមកផ្តន្ទាទោសតាមច្បាប់»។
លោកឧត្តមសេនីយ៍ឯកខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ មានប្រសាសន៍ថា ក្រុមសមត្ថកិច្ចកំពុងរង់ចាំដីកាបង្គាប់ពីតុលាការ ដើម្បីចាត់វិធានការបន្ដលើសំណុំរឿងឃាតកម្មលើអតីតមេដឹកនាំសហជីពសេរីកម្មករដ៏ល្បីល្បាញនោះ៕
VOA
No comments:
Post a Comment
yes