សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, June 7, 2013

តំណាង​រាស្ត្រ​បក្ស​ប្រជាជន​ចូល​រួម​ធ្វើ​បាតុកម្ម​ប្រឆាំង​លោក​កឹម សុខា

លោក​ឈាង វុន តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​អ្នក​នាំ​ពាក្យ​រដ្ឋសភា​នឹង​ចូល​រួម​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​លោក​កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​អាទិត្យ​ខាន​ស្អែក​នេះ ជា​ការ​តវ៉ា ចំពោះ​ការ​ថ្លែង​របស់​លោក កឹម សុខា ដែល​ត្រូវ​បាន​គេ​ដក​ស្រង់​សម្តី​ហើយ​ផ្សព្វ​ផ្សាយ​ថា ទួលស្លែង ជា​គុក​សិប្បនិម្មិត។
យ៉ាង​ណា​ក្តី​មជ្ឈដ្ឋាន​ជា​ច្រើន​មើល​ឃើញ​ថា ការ​តវ៉ា​នេះ​គឺ​ជា​រឿង​នយោបាយ​ខណៈ​ដែល​ការ​បោះឆ្នោត​ជាតិ​ជិត​ចូល​មក​ដល់។
ប៉ុន្តែ​លោក​ឈាង វុន បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ កាល​ពី​ម្សិលមិញ​ថា ក្នុង​នាម​លោក​ជា​ជន​រងគ្រោះ​ម្នាក់ ដែល​មាន​សមាជិក​គ្រួសារ​ចំនួន ១០ នាក់ បាន​ស្លាប់​នៅ​ក្នុង​របប​ខ្មែរ​ក្រហម លោក​មាន​ការ​ឈឺចាប់​ចំពោះ​ប្រជាជន​កម្ពុជា​ណា​ដែល​បដិសេធ​មិន​ទទួល​ស្គាល់​អំពី​អំពើ​ប្រល័យ​ពូជសាសន៍​នៅ​កម្ពុជា​។ លោក​ឈាង វុនបាន​មាន​ប្រសាសន៍​ថា​៖ «​ខ្ញុំ​ចូល​រួម​ជាមួយ​ប្រជាជន​កម្ពុជា​ទាំង​អស់ ដែល​នឹង​មក​ជួប​ជុំ​គ្នា​ដើម្បី​ធ្វើ​ការ​តវ៉ា និង​ដង្ហែ​ក្បួន។
ខ្ញុំ​មិន​ប្រាកដ​ទេ កន្លែង​ដែល​ខ្ញុំ​នឹង​ទៅ ថា​តើ​ខ្ញុំ​នឹង​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ដែល​ខ្ញុំ​នឹង​ចូល​រួម​ក្នុង​រាជធានី​ភ្នំពេញ ឬ​ខ្ញុំ​នឹង​ទៅ​ខេត្ត​បាត់ដំបង នៅ​ថ្ងៃ​អាទិត្យ​ប្រសិន​បើ​មាន​ការ​ដង្ហែ​ក្បួន​នៅ​ទី​នោះ ខ្ញុំ​នឹង​ទៅ​ទី​នោះ​ដើម្បី​ចូល​រួម​ផង​ដែរ។ ខ្ញុំ​នឹង​ចូល​រួម ហើយ​បញ្ចេញ​កំហឹង​របស់​ខ្ញុំ»។
លោក ឈាង វុន មិន​បាន​ដឹង​ថា តើ​មាន​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​ណា​ខ្លះ​នឹង​ចូល​រួម ក្នុង​បាតុកម្ម​នៅ​ថ្ងៃ​អាទិត្យ​នោះ​ទេ។
លោក ជុំ ម៉ី អ្នក​រួច​រស់​ជីវិត​ម្នាក់​ពី​គុក​ទួលស្លែង ដែល​ជា​អ្នក​ដឹក​នាំ​ធ្វើ​បាតុកម្ម ប្រឆាំង​នឹង​លោក កឹម សុខា បាន​ចូល​ជួប​ពិភាក្សា ជាមួយ​អាជ្ញាធរ​រាជធានី កាល​ពី​ម្សិលមិញ ពី​គម្រោង​នៃ​ការ​ធ្វើ​បាតុកម្ម​នេះ​។ លោក​ជុំ ម៉ី បាន​ឲ្យ​ដឹង​ថា ខាង​សាលា​ក្រុង​បាន​ផ្តល់​ការ​អនុញ្ញាត​ឲ្យ​លោក​ធ្វើ​បាតុកម្ម​ទៅ​តាម​ពេល​កំណត់​ហើយ​សាលា​ក្រុង​បាន​បញ្ជូន​លិខិត​អនុញ្ញាត​នេះ​ទៅ​ក្រសួង​មហា​ផ្ទៃ​ដើម្បី​សុំ​ឲ្យ​ជួយ​ការពារ​សន្តិសុខ និង​សណ្តាប់ធ្នាប់។
លោក​ជុំ ម៉ី មិន​បាន​ប្រាប់​លម្អិត​អំពី​ដំណើ​ការ​នៃ​ការ​ធ្វើ​បាតុកម្ម​នៅ​ថ្ងៃ​អាទិត្យ​នោះ​ទេ ដោយ​គ្រាន់​តែ​និយាយ​ថា៖«មាន​ព្រះ​សង្ឃ​ជា​ច្រើន មក​ពី​តាម​បណ្តា​ខេត្ត ចង់​ចូល​រួម​នៅ​ក្នុង​បាតុកម្ម​នេះ​ដែរ»។ លោក​ជុំ ម៉ី បាន​ប្រកាស​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​គុក​ទួលស្លែង​កាល​ពី​ថ្ងៃ​អង្គារ​ថា បាតុកម្ម​ដែល​នឹង​មាន​អ្នក​ចូល​រួម​ពី​មនុស្ស​ប្រមាណ ២ ម៉ឺន​នាក់​នេះ នឹង​ជួប​ជុំ​គ្នា នៅ​សួន​សេរីភាព ហើយ​ដើរ​ដង្ហែ​ក្បួន​ទៅ​កាន់​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ។
លោក កឹម សុខា បាន​ធ្វើ​ការ​បដិសេធ​រួច​ហើយ ថា​លោក​មិន​ដែល​បាន​និយាយ​ថា ទួល​ស្លែង​ជា​គុក​សិប្បនិម្មិត​ដូច​អ្វី​ដែល​គេ​បាន​ផ្សព្វ​ផ្សាយ​នោះ​ទេ ហើយ​ថា សំឡេង​របស់​លោក ត្រូវ​បាន​គណបក្ស​ប្រជាជន យក​ទៅ​កាត់​ត​ខុស​ពី​បរិបទ​ដើម​ទាំង​ស្រុង​ដើម្បី​មួល​បង្កាច់​លោក ខណៈ​ដែល​ការ​បោះឆ្នោត​ជាតិ​ជិត​ចូល​មក​ដល់។
នៅ​ក្នុង​សេចក្តី​អំពាវនាវ​មួយ កាល​ពី​ម្សិលមិញ ដែល​ចុះ​ហត្ថលេខា ដោយ​លោក សម រង្ស៊ី និង​លោក កឹម សុខា ប្រធាន និង​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​គូស​បញ្ជាក់​ថា ក្រោយ​ពី​គណបក្ស សម រង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស​បាន​រួម​បញ្ចូល​គ្នា គណបក្ស​ប្រជាជន​«នៅ​តែ​បន្ត​ព្យាយាម​ញុះ​ញង់ បំបែក​បំបាក់ អ្នក​ប្រជា​ធិបតេយ្យ អ្នក​ជាតិ​និយម និង​អ្នក​រាជា​និយម តាម​មធ្យោបាយ​ផ្សេងៗ​»។ គណបក្ស​ប្រឆាំង ដែល​ជា​គូ​ប្រជែង​ខ្លាំង​ក្លា​ជាមួយ​គណបក្ស​ប្រជាជន​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ខាង​មុខ​នេះ​បាន​បន្ត​ថា​៖«ទោះ​បី​គេ​ខិត​ខំ​ប្រើ​ឧបាយកល​បំបែក​បំបាក់ តាម​រូបភាព​ណា​ក៏​ដោយ យើង​ខ្ញុំ សម រង្ស៊ី និង កឹម សុខា សូម​ប្តេជ្ញា​ចិត្ត​ថា យើង​ខ្ញុំ​ទាំង​ពីរ​នាក់ មិន​ធ្លាក់​ចូល​ក្នុង​ឧបាយកល​បំបែក​បំបាក់​របស់​ពួក​គេ​ឡើយ​»៕ 

No comments:

Post a Comment

yes