សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, January 2, 2012

ថៃ​ឱ្យ​រដ្ឋាភិបាល​ខ្មែរ​ចុះ​​អត្ត​សញ្ញាណ​ពលករ​ខ្មែរ​ខុស​ច្បាប់​២៥​ម៉ឺន​នាក់​នៅ​ថៃ

 ទី​ផ្សារ​ការងារ​របស់​ពលករ​កម្ពុជា គឺ​នៅ​ប្រទេស​ជា​ច្រើន ដូចជា​ប្រទេស​ថៃ ម៉ាឡេស៊ី កូរ៉េខាងត្បូង និង​ប្រទេស ជប៉ុន ជា​ដើម។ ក្រៅ​ពី​នេះ មាន​ប្រទេស​មួយ​ចំនួន​ទៀត នៅ​អារ៉ាប ដូចជា ប្រទេស គុយវ៉េត។
ប៉ុន្តែ​ព័ត៌មាន ស្ដីពី​ការ​រំលោភ​សិទ្ធិ​ពលករ គេ​តែងតែ​ឮ​ពី​ពលករ​កម្ពុជា​នៅ​ប្រទេស​ថៃ និង​នៅ​ប្រ ទេស​ម៉ាឡេស៊ី។ លោក សុខ សេរី មាន​សេចក្ដីរាយការណ៍​ព័ត៌មាន​ផ្ដោត​លើ​ចំណាត់​ការ​របស់​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ការពារ​ពលករ​កម្ពុជា នៅ​ប្រទេស​ថៃ។
សកម្មជន​ការពារ​សិទ្ធិ​ពលករ​កម្ពុជា បាន​សំដែង​ការ​សាទរ​ចំពោះ​ជំហរ​រដ្ឋាភិបាល ដែល​សុំ​ឲ្យ​រដ្ឋាភិបាល​ថៃ បន្ត​ការ​ចុះ​ឈ្មោះ​ធ្វើ​អត្ត​សញ្ញាណ​ស្រប​ច្បាប់ ជូន​ពលករ​ខ្មែរ​ខុស​ច្បាប់ នៅ​ប្រទេស​ថៃ ដោយសារ​តែ​វា​ជា​ការ​ចាំបាច់​ណាស់ ដើម្បី​ការពារ​ពលករ​ទាំង​នោះ ពី​ការ​រំលោភ​សិទ្ធិមនុស្ស និង​ការ​កេង​ប្រវ័ញ្ច​កម្លាំង​ពលកម្ម​ដោយ​ថៅកែ​ថៃ។
ប្រភព​ពី​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន មាន​ពលករ​ខ្មែរ​មិន​ស្រប​ច្បាប់​នៅ​ប្រទេស​ថៃ គឺ​មាន​ចំនួន​ជាង ២៥ ម៉ឺន​នាក់។ រដ្ឋាភិបាល​ថៃ បាន​អនុញ្ញាត​ឲ្យ​ក្រុម​ការងារ​របស់​រដ្ឋាភិបាល​កម្ពុជា ធ្វើ​អត្តសញ្ញាណ​ឲ្យ​ក្លាយ​ជា​ពលករ​ស្របច្បាប់ បាន​ចំនួន​ជាង ៩ ម៉ឺន​នាក់​ហើយ មក​ដល់​ពេល​នេះ ក្នុង​ចំណោម​ពលករ​ខ្មែរ​ខុសច្បាប់​ចំនួន​ជាង ២៥ ម៉ឺន​នាក់​នោះ។
ប្រធាន​អង្គការ ខារ៉ាម កម្ពុជា (Caram-Cambodia) លោក យ៉ា ណាវុធ ដែល​តែងតែ​តាម​ដាន​ស្ថានការណ៍​ពលករ​ចំណាក​ស្រុក​កម្ពុជា មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី ១ ខែ​មករា ឆ្នាំ ២០១២ ថា ការ​ផ្ដល់​ភាព​ស្រប​ច្បាប់​បែប​នេះ គឺ​ជា​ការ​ចាំបាច់​ណាស់។
លោក យ៉ា ណាវុធ៖ «ជា​ទូទៅ គឺ​ថៅកែ​មិន​ចូល​ចិត្ត​ជួល​ពលករ ដែល​មាន​ឯកសារ ដែល​យើង​ហៅ​ថា ស្រប​ច្បាប់​ត្រឹមត្រូវ​ទេ ពីព្រោះ​កាល​ណា​ជួល​ពលករ​ស្រប​ច្បាប់​ទៅ វា​ជាប់​កាតព្វកិច្ច​ច្រើន​ណាស់ គឺ​ត្រូវ​ការពារ​ពលករ ត្រូវ​បង់​ផល​ប្រយោជន៍​ផ្សេងៗ ដែល​រដ្ឋាភិបាល​ទទួល​ស្គាល់​នៅ​ក្នុង​ច្បាប់​ការងារ​ហ្នឹង។ អ៊ីចឹង បើ​សិន​ជួល​ពលករ ដែល​មិន​ស្រប​ច្បាប់​ទៅ កាល​ណា​ពលករ​ហ្នឹង​តវ៉ា​អាច​ហៅ គេ​ហៅ​ថា រាយការណ៍​ទៅ​ប៉ូលិស​អន្តោប្រវេសន្ត​ទៅ។ អ៊ីចឹង​គាត់​អាច​ប្រឈម​មុខ​នឹង​ការ​ចាប់​បញ្ចូល​ត្រឡប់​មក​វិញ ឬ​ចាប់​ដាក់​នៅ​ក្នុង​មណ្ឌល​ឃុំឃាំង​នៅ​ប្រទេស​គេ​ហ្នឹង។ អ៊ីចឹង នេះ​ហើយ​មួយ​វិជ្ជមាន បើ​សិន​ជា​រដ្ឋាភិបាល​ទាំង​ពីរ​យោគយល់​គ្នា ហើយ​បន្ត​ធ្វើ​ការ​ចុះ​បញ្ជី​ពលករ​បរទេស ជាពិសេស ពលករ​ខ្មែរ បន្ថែម​ទៀត​ហ្នឹង​បាទ»។
រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា លោក ហោ ណាំហុង និង​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​ថៃ លោក ស៊ូរ៉ាពង្ស តូវីចក្រឆៃកុល បាន​ចរចា​គ្នា​នៅ​ក្រសួង​ការ​បរទេស​កម្ពុជា កាល​ពី​ថ្ងៃ​ទី ២៩ ខែ​ធ្នូ ឆ្នាំ ២០១១ កន្លង​ទៅ​នោះ ផ្ដោត​លើ​បញ្ហា​សំខាន់ៗ ជា​ច្រើន ក្នុង​នោះ​រាប់​ទាំង​បញ្ហា​ពលករ​ខ្មែរ នៅ​ប្រទេស​ថៃ​ដែរ។
លោក ហោ ណាំហុង មាន​ប្រសាសន៍​ប្រាប់​អ្នក​កាសែត កាល​ពី​ថ្ងៃ​ទី ២៩ ខែ​ធ្នូ ឆ្នាំ ២០១១ កន្លង​ទៅ​នេះ​ថា លោក​បាន​សុំ​ឲ្យ​រដ្ឋាភិបាល​ថៃ​បន្ត​ឲ្យ​ក្រុម​ការងារ​កម្ពុជា បន្ត​ការ​ចុះ​ឈ្មោះ​ពលករ​ខ្មែរ​ឲ្យ​គ្រប់​ចំនួន ២៥ ម៉ឺន​នាក់​នោះ។
លោក ហោ ណាំហុង៖ «នៅ​សល់​ប៉ុន្មាន ថៃ​នឹង​អនុញ្ញាត​ឲ្យ​ធ្វើ ស៊ី.អាយ.ស៊ី (Certificate of Identity Cards) ប័ណ្ណ​សំគាល់​ខ្លួន​នេះ រហូត​ដល់​ខែ​កុម្ភៈ ឆ្នាំ ២០១២។ ខ្ញុំ​ក៏​បាន​ស្នើ ស៊ូរ៉ាពង្ស ថា បើ​សិន​ដល់​ខែ​កុម្ភៈ ឆ្នាំ ២០១២ ធ្វើ​មិន​ចប់ សុំ​ស្នើ​ធ្វើ​បន្ត​ពេល​ថែម​ទៀត ដើម្បី​ឲ្យ​ចប់​នូវ​ពលករ​ខ្មែរ​មិន​ស្រប​ច្បាប់ នៅ​ថៃ​នេះ ឲ្យ​បាន​ចប់​សព្វ​គ្រប់​បន្ត​ទៀត។ ឯក​ឧត្ដម​ថា ឯក​ឧត្តម​សន្យា​នឹង​ពិភាក្សា​ជា​មួយ​រដ្ឋមន្ត្រី​ការងារ​ថៃ ហើយ​នឹង​ដាក់​ជូន​គណៈ​រដ្ឋមន្ត្រី​ថៃ​សម្រេច»។
សកម្មជន​ការពារ​សិទ្ធិ​ពលករ​បាន​ឲ្យ​ដឹង​ថា ពលករ​ខ្មែរ​ភាគ​ច្រើន​នៅ​ប្រទេស​ថៃ គឺ​ធ្វើ​ការងារ​ក្នុង​វិស័យ​សំណង់​កសិកម្ម និង​បម្រើ​ការងារ​នៅ​តាម​ផ្ទះ​ជា​ដើម។
ពលករ​ខ្មែរ​ខុស​ច្បាប់​មួយ​ចំនួន ត្រូវ​បាន​ថៅកែ​ថៃ​លក់​កម្លាំង​ពលកម្ម​បន្ត ឲ្យ​ធ្វើ​ការងារ​ជា​កម្មករ​នេសាទ​នៅ​សមុទ្រ ដែល​បាន​រងគ្រោះ​ពី​ការ​គេង​ប្រវ័ញ្ច​កម្លាំង​ពលកម្ម​យ៉ាង​ធ្ងន់ធ្ងរ ដូច​ជា ធ្វើ​ការងារ​គ្មាន​ពេល​សម្រាក ឬ​ហូប​មិន​គ្រប់គ្រាន់​ជា​ដើម។ ប៉ុន្តែ កន្លង​មក​ក្រសួង​ការ​បរទេស​កម្ពុជា និង​អង្គការ​ការពារ​សិទ្ធិមនុស្ស ដូចជា អង្គការ ខារ៉ាម កម្ពុជា (Caram-Cambodia) អង្គការ​ការពារ​សិទ្ធិមនុស្ស លីកាដូ (Licadho) និង​មជ្ឈមណ្ឌល​ច្បាប់​សម្រាប់​សហគមន៍ (CLEC) បាន​ជួយ​សង្គ្រោះ​ពលករ​ទាំង​នោះ​ឲ្យ​វិល​ត្រឡប់​មក​ស្រុក​កំណើត​វិញ ក្រោយ​ពី​ទទួល​បាន ពាក្យ​បណ្ដឹង​ពី​គ្រួសារ​ពលករ​ទាំង​នោះ៕


RFA

No comments:

Post a Comment

yes