សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, March 21, 2012

តំបន់​ព្រៃ​ស្រោង​ជាង​៥០​ហិកតារ​នៅ​រតនគិរី​ត្រូវ​ក្រុមហ៊ុន​ឈូស​ផ្ដួល​រំលំ

រូបថត​ផ្ដល់​ឲ្យ​ដោយ​សហគមន៍​ភូមិ​តាំងជិ
២០-មីនា-២០១២៖ គ្រឿងចក្រ​អម​ដោយ​ប៉ូលិស​ប្រដាប់​អាវុធ​របស់​ក្រុមហ៊ុន ឌីអឹម ហ្រ្គុប (DM Group) កំពុង​ឈូស​ឆាយ​ព្រៃ​ឈើ​នៅ​តំបន់​អូរ​កាហល់ ក្នុង​ឃុំ​ញ៉ាង ស្រុក​អណ្ដូងមាស ខេត្ត​រតនគិរី។
ក្នុង​សកម្មភាព​ឈូស​ឆាយ​នោះ​ក្រុមហ៊ុន​បាន​ប្រើប្រាស់​កង​នគរបាល​ប្រដាប់​អាវុធ​ជា​កម្លាំង​ការពារ​គំរាម​កំហែង​ស្មារតី​ប្រជាពលរដ្ឋ​អ្នក​តវ៉ា។
តំណាង​ប្រជាពលរដ្ឋ​ជា​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​ចារ៉ាយ​ជាង ៧០​គ្រួសារ រស់​នៅ​ភូមិ​តាំងជិ ឃុំ​ញ៉ាង ស្រុក​អណ្ដូងមាស ខេត្ត​រតនគិរី នៅ​ថ្ងៃ​អង្គារ ទី​២០ ខែ​មីនា ឆ្នាំ​២០១២ បាន​អះអាង​ថា តំបន់​ព្រៃ​ស្រោង​ជាង ៥០​ហិកតារ ត្រូវ​បាន​ក្រុមហ៊ុន​សម្បទាន​មួយ​ឈ្មោះ ឌីអឹម ហ្រ្គុប ប្រើ​គ្រឿង​ចក្រ​ឈូស​ឆាយ​ផ្ដួល​រំលំ​រួច​ជា​ស្រេច ដើម្បី​ដុត​រាន​យក​ដី​ដាំ​កៅស៊ូ​នៅ​ពេល​ឆាប់ៗ​នេះ។

កាល​ពី​ថ្ងៃ​ច័ន្ទ ទី​១៩ ខែ​មីនា តំណាង​ប្រជាពលរដ្ឋ​បាន​នាំ​យក​លិខិត​តវ៉ា​មាន​ស្នាម​មេដៃ​អ្នក​ភូមិ ១៥៤​នាក់ តំណាង​ឲ្យ​ប្រជាពលរដ្ឋ ៧៥​គ្រួសារ មក​ការិយាល័យ​សមាគម​អាដហុក (ADHOC) ខេត្ត​រតនគិរី ដើម្បី​សុំ​ឲ្យ​សមាគម​នេះ​ជួយ​អន្តរាគមន៍​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​នៃ​អាជ្ញាធរ​ខេត្ត​ចាត់​វិធានការ​ទប់​ស្កាត់​ករណី​នេះ។
តំណាង​អ្នក​តវ៉ា លោក គើន ប៊ុណ្ណយ មាន​ប្រសាសន៍​បញ្ជាក់​ថា សកម្មភាព​ឈូស​ឆាយ​រំលំ​ដើម​ឈើ​នេះ ធ្វើ​ឡើង​តាំង​ពី​ចុង​ខែ​កុម្ភៈ នៅ​តំបន់​ព្រៃ​ស្រោង​ចំណុច​អូរកាហល់ ព្រំ​ប្រទល់​ភូមិ​តាំងជិ និង​ភូមិ​កេត ក្នុង​ឃុំ​ញ៉ាង។ 
លោក​បន្ត​ថា មេការ​ក្រុមហ៊ុន​បាន​ប្រើប្រាស់​ក្រុម​ប៉ូលិស​ឯកសណ្ឋាន​ពីរ​នាក់ ប្រដាប់​អាវុធ​ការពារ​សកម្មភាព​ឈូស​ឆាយ​នោះ។ ប្រជាពលរដ្ឋ​ជា​សហគមន៍​បាន​រាយការណ៍​ជូន​អាជ្ញាធរ​ឃុំ​រួច​ហើយ ដើម្បី​ទប់ស្កាត់​គ្រឿងចក្រ​ចំនួន ៤​គ្រឿង កំពុង​ឈូស​រាន​ព្រៃ ក៏​ប៉ុន្តែ​ពុំ​បាន​លទ្ធផល​ឡើយ ហើយ​ប្រធាន​សហគមន៍​ភូមិ​បាន​គំរាម​ចាប់​ប្រជាពលរដ្ឋ​អ្នក​តវ៉ា​ដាក់​ពន្ធនាគារ។
លោក គើន ប៊ុណ្ណយ៖ «ធំៗ​ហ្នឹង​អាប៊ុល (ត្រាក់​ទ័រ​ឈូស​ដី) គេ​រុញ​អត់​កើត គេ​យក​ម៉ាស៊ីន​ត្រង់ស៊ីន័រ គេ​រំលំ។ មិន​មែន​ព្រៃ​បុះ​ទេ ព្រៃស្រោង ឈើ​ធំៗ​ណា! ទាំង​មេ​ភូមិ ទាំង​ប្រធាន​សហគមន៍ ទាំង​មេការ ជូន ឧត្ដម ហ្នឹង គេ​រួម​ដំណើរ​គ្នា គេ​ប្រាប់​ប្រជាពលរដ្ឋ​ថា ដី​របស់​រដ្ឋ ដី​ព្រៃ​ស្រោង​ហ្នឹង គេ​ថា​រដ្ឋ​ឲ្យ​អភិវឌ្ឍន៍​ដាំ​កៅស៊ូ អ៊ីចឹង​បាន​ខ្ញុំ​សង្ស័យ​ធ្វើ​ពាក្យ​ប្ដឹង​ហ្នឹង»
វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​អង្គារ ទី​២០ ខែ​មីនា​នេះ មិន​អាច​ទាក់ទង​តំណាង​ក្រុមហ៊ុន ឌីអឹម ហ្គ្រុប គឺ​លោក សំណាង ដើម្បី​បញ្ជាក់​ពី​បញ្ហា​នេះ​បាន​ទេ។
ប្រធាន​ភូមិ​តាំងជិ គឺ​លោក រចំ ផ្យិង។ លោក​បាន​ទទួល​ស្គាល់​ថា ក្រុមហ៊ុន​ពិត​ជា​បាន​ឈូស​ឆាយ​ដី​តំបន់​ព្រៃ​ឈើ​នោះ​មែន ក៏​ប៉ុន្តែ​លោក​មិន​បាន​ឃើញ​លិខិត ឬ​ឯកសារ​ពាក់ព័ន្ធ​ដែល​បញ្ជាក់​ថា មាន​ការ​អនុញ្ញាត​ឲ្យ​ឈូស​ឆាយ​ដី​នៅ​តំបន់​នោះ​ពី​ក្រុមហ៊ុន​នោះ​ឡើយ។
លោក​បន្ត​ថា អ្នក​ភូមិ​កំពុង​មាន​ការ​ព្រួយ​បារម្ភ​ពី​ការ​បាត់​បង់​ព្រៃ​ដែល​អ្នក​ភូមិ​បាន​អភិរក្ស​សម្រាប់​ប្រពៃណី និង​ជីវភាព​រស់​នៅ​របស់​ពួក​គាត់៖ «ដី​ហ្នឹង​ដី​ព្រៃ​មែន​ទែន មិន​មែន​ថា ដី​ព្រៃ​បុះ​ចំការ​ចាស់​ឯ​ណា! ដី​ហ្នឹង​ដី​ព្រៃ​សុទ្ធ។ ខ្ញុំ​ឃាត់​ដែរ គេ​ថា របស់​រដ្ឋ​ទៀត។ គេ​ឈូស​ហ្នឹង​គេ​មិន​ប្រាប់​ទេ គេ​ថា ខាង​ឃុំ​គេ​ដឹង​ហើយ»
អភិបាល​ស្រុក​អណ្តូងមាស លោក នង ដារឹទ្ធ មាន​ប្រសាសន៍​បញ្ជាក់​ថា ក្រុមហ៊ុន ឌីអឹម ហ្រ្គុប មាន​លិខិត​សម្រេច​ពី​រាជ​រដ្ឋាភិបាល​ប្រគល់​ដី​ជាង ៧០០​ហិកតារ នៅ​ភូមិ​កេត ឃុំ​ញ៉ាង សម្រាប់​វិនិយោគ​ដំណាំ​កៅស៊ូ ក៏​ប៉ុន្តែ​លោក​មិន​ប្រាកដ​ថា ទីតាំង​ដែល​អ្នក​ភូមិ​អះអាង​ថា មាន​ការ​ឈូស​រាន​ព្រៃ​នោះ​ឋិត​ក្នុង​បរិវេណ​ដី​សម្បទាន ឬ​យ៉ាង​ណា។
លោក​បន្ត​ថា ប្រជាពលរដ្ឋ​គួរ​ផ្ដល់​ព័ត៌មាន ឬ​ពាក្យ​ប្ដឹង​មក​អាជ្ញាធរ​ស្រុក ដើម្បី​ចុះ​ពិនិត្យ​ករណី​នេះ៖ «ចំណុច​ភូមិ​ដែល​គាត់​មក​និយាយ​ហ្នឹង មិន​ត្រូវ​ចំណុច ឌីអឹម ហ្រ្គុប ទេ។ សំណូមពរ​ឲ្យ​គាត់​ហ្នឹង​មាន​ការ​អី​ទាក់ទង​មក​អាជ្ញាធរ​ដែន​ដី​ឲ្យ​ច្បាស់លាស់​ទៅ​គេ​ធ្វើ​ការ​ជូន»
នាយ​រង​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​រតនគិរី លោក ផាន់ ភីន មាន​ប្រសាសន៍​បញ្ជាក់​ថា លោក​មិន​ទាន់​បាន​ទទួល​ពាក្យ​បណ្ដឹង​ណា​មួយ​ពី​ករណី​នេះ​ទេ ក៏​ប៉ុន្តែ​លោក​ទទួល​ស្គាល់​ថា ក្រសួង​កសិកម្ម​បាន​សម្រេច​ផ្ដល់​ដី​សម្បទាន​នៅ​តំបន់​នោះ​ឲ្យ​ក្រុមហ៊ុន ឌីអឺម ហ្រ្គុប និង​បាន​បោះ​បង្គោល​កំណត់​ព្រំ​ដី​សម្បទាន​រួច​ហើយ។
លោក​បន្ត​លោក​មិន​ទាន់​ប្រាកដ​ថា តើ​ក្រុមហ៊ុន​ទទួល​បាន​ការ​អនុញ្ញាត​ឲ្យ​ឈូស​រាន​ផ្ទៃ​ដី​សម្បទាន ឬ​យ៉ាង​ណា​ទេ ក៏​ប៉ុន្តែ​លោក​នឹង​ចាត់​មន្ត្រី​ចុះ​ផ្ទៀងផ្ទាត់ ប្រសិន​លោក​បាន​ទទួល​ពាក្យ​ប្ដឹង​ពី​ករណី​នេះ៖ «យើង​ក៏​ត្រូវ​ទៅ​មើល​ដែរ បើ​វា​មែន។ ជួនកាល​កន្លែង​ខ្លះ​គេ​គ្រាន់​តែ​យក​ឈ្មោះ​ក្រុមហ៊ុន​មក​ដាក់ តាម​ពិត​ជា​រឿង​ឯកជន។ គេ​ឈូស​ហ្នឹង​ដូចជា​អត់​ទាន់​បាន​ទទួល​ដំណឹង​អី​ទេ ចាំ​មើល​ខ្ញុំ​ពិនិត្យ​មើល​ឯកសារ​ទៀត។ ម្យ៉ាង​ទៀត​គាត់​លំបាក​ដោយសារ​កន្លែង​ហ្នឹង​មាន​ការ​លក់​ដូរ​ទិញ​ដី​របស់​គាត់​អស់​មួយ​ចំនួន​ហើយ»
ក្នុង​ពាក្យ​បណ្ដឹង​របស់​តំណាង​សហគមន៍​ឲ្យ​ដឹង​ថា អ្នក​ភូមិ​សម្រេច​ចិត្ត​ប្ដឹង​មេការ​ក្រុមហ៊ុន​ឈ្មោះ ជូន ឧត្តម រស់​នៅ​ឃុំ​ម៉ាលិច ស្រុក​អណ្ដូងមាស ពី​បទ​ដឹក​នាំ​កាប់​រាន​ព្រៃ​ឈើ និង​ប្រធាន​សហគមន៍​ភូមិ​តាំងជិ លោក សល់ តក់ ពី​បទ​គំរាមកំហែង​ប្រជាពលរដ្ឋ​អ្នក​តវ៉ា​ការពារ​មិន​ឲ្យ​ឈូស​រាន​ព្រៃ​ឈើ៕

No comments:

Post a Comment

yes