បន្លាលួសដែលអាជ្ញាធរដាក់រាំងមិនឲ្យកម្មករចូលទៅក្បែរទីស្ដីការគណៈ
រដ្ឋមន្ត្រី តាមផ្លូវសហព័ន្ធរុស្ស៊ី រាជធានីភ្នំពេញ នៅរសៀលថ្ងៃ៣០ ធ្នូ ឆ្នាំ២០១៣
កម្មកររោងចក្រកាត់ដេរតវ៉ាទាមទារប្រាក់ខែអប្បបរមាចំនួន ១៦០ដុល្លារ មិនបានសម្រេចដូចការចង់បាននោះឡើយ។ ភាគីរដ្ឋាភិបាលនិងនិយោជកបានសម្រេចផ្ដល់ប្រាក់ខែឲ្យកម្មករចំនួន ១០០ដុល្លារប៉ុណ្ណោះ។ ការតវ៉ានេះ រងការបង្ក្រាបយ៉ាងខ្លាំង រហូតធ្វើឲ្យមានមនុស្សស្លាប់ ៤នាក់ របួសជិត ៤០នាក់ និងត្រូវចាប់ខ្លួន ២៣នាក់។ ភាគីកម្មករដែលមានសហជីពជាតំណាងមិនយល់ព្រមឡើយ ហើយទាមទារឲ្យមានការជួបប្រជុំត្រីភាគី គឺភាគីសហជីព និយោជក និងតំណាងរដ្ឋាភិបាល ដើម្បីពិនិត្យការឡើងប្រាក់ខែឡើងវិញ។
ទាក់ទងបញ្ហានេះ សមាគមអ្នកទិញទំនិញលក់រាយធំៗ ចំនួន ៦ នៅសហរដ្ឋអាមេរិក និងកាណាដា នៅថ្ងៃទី១៥ មករា បានផ្ញើលិខិតចំហឲ្យតំណាងរដ្ឋាភិបាលកម្ពុជា តំណាងនិយោជករោងចក្រកាត់ដេរខោអាវ និងស្បែកជើង លោក ខេន លូ និងតំណាងសហជីពចំនួន ៦ នៅកម្ពុជា ជំរុញឲ្យបញ្ចប់ជម្លោះអំពើហិង្សាទាក់ទងការទាមទារប្រាក់ខែគោល ហើយចាប់ផ្ដើមចរចាគ្នាដោះស្រាយបញ្ហានោះដើម្បីឲ្យស្ថានការណ៍វិលទៅរកភាពធម្មតាឡើងវិញ។
សមាគមអ្នកទិញទំនិញខោអាវនិងស្បែកជើងលក់រាយធំៗទាំង ៦ នៅសហរដ្ឋអាមេរិក និងកាណាដា ដែលរួមគ្នាចុះហត្ថលេខាលើលិខិតចំហនោះ បានអះអាងថា ពួកគេជាអ្នកទិញទំនិញខោអាវ និងស្បែកជើងប្រមាណ ៩០% ពីកម្ពុជា នាំចូលទៅលក់នៅសហរដ្ឋអាមេរិក និងកាណាដា។
សមាគមទាំងនោះរួមមាន Retail Council of Canada (RCC), American Apparels & Footwear Association (AAFA), U.S. Fashion Industry Association (USFIA), Retail Industry Leaders (RIL), Canadian Apparel Federation (CAF), និង National Retail Federation (NRF)។
លិខិតចំហបានសរសេរមានខ្លឹមសារជាអាទិថា ឧស្សាហកម្មយើងគឺមានការប្ដេជ្ញាចិត្តធានាថា រាល់ផលិតផលប្រភពទំនិញ និងការលក់ គឺផលិតក្នុងរូបភាពស្របច្បាប់ និងមានគោរពសិទ្ធិមនុស្ស។ ដូច្នេះជាចំណែកមួយនៃការប្ដេជ្ញាចិត្តនេះ យើងប្ដេជ្ញាផ្ដល់សុវត្ថិភាព និងសន្តិសុខដល់កម្មករដែលបំពេញការងារក្នុងខ្សែសង្វាក់ផលិតកម្មដែលផ្ដល់ទំនិញឲ្យយើង។
លិខិតចំហរបស់សមាគមអ្នកទិញទំនិញលក់រាយទាំងនោះ បានសង្កត់ធ្ងន់ថា ការជួបចរចាគ្នាដើម្បីដោះស្រាយបញ្ហាប្រាក់ខែគោលរបស់កម្មករឡើងវិញនេះ មិនគ្រាន់តែជួយតែធ្វើឲ្យស្ថានភាពវិស័យកាត់ដេរមានស្ថិរភាពល្អសម្រាប់រយៈពេលខ្លី និងវែងប៉ុណ្ណោះទេ តែវាអាចជួយរក្សាចំណងមិត្តភាពល្អរវាងវិស័យកាត់ដេរកម្ពុជា ជាមួយក្រុមហ៊ុនប្រមូលទិញដែលជាសមាជិកសមាគមទៀតផង។
លោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា មានប្រសាសន៍ថា លោកមានក្ដីរីករាយ និងអរគុណចំពោះក្រុមហ៊ុនប្រមូលទិញនៅបរទេស ដែលបានជួយអន្តរាគមន៍ដល់កម្មករកាត់ដេរកម្ពុជា ដែលកំពុងមានការលំបាក៖ «ខ្ញុំគិតថា នេះជាការអន្តរាគមន៍មួយល្អ និងទាន់ពេល ព្រោះកម្មករកម្ពុជា បច្ចុប្បន្នកំពុងមានបញ្ហា។ ហើយយើងឃើញជំហររបស់ខាងនិយោជកមិនច្បាស់លាស់ទេ ដូចជាមានចេតនា មានការពន្យារពេលក្នុងការដោះស្រាយបញ្ហាហ្នឹង រួមទាំងខាងរដ្ឋាភិបាលផង។ អ៊ីចឹងបើមានលិខិតចំហរបស់សមាគមនោះទៀត វាមានឥទ្ធិពលជំរុញឲ្យក្រុមហ៊ុន និងរដ្ឋាភិបាលចរចាដោះស្រាយបញ្ហានេះឲ្យបានឆាប់»។
ចំណែកលោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានប្រសាសន៍ថា លោកមិនទាន់បានទទួលលិខិតរបស់សមាគមអ្នកលក់រាយរបស់សហរដ្ឋអាមេរិក និងកាណាដានោះនៅឡើយទេ ប៉ុន្តែការជួបប្រជុំឡើងវិញ របស់ក្រុមប្រឹក្សាត្រីភាគី អាចធ្វើឡើងវិញ គ្រាន់តែមិនទាន់កំណត់ពេលនៅឡើយ។
លោក ហេង សួរ៖ «តាមការពិតនៅក្នុងសេចក្ដីជូនដំណឹងរបស់គណៈរដ្ឋមន្ត្រីកាលពីថ្ងៃ១០ កន្លងទៅនេះ ក៏ដូចជាមានការបញ្ជាក់រួចហើយថា រាជរដ្ឋាភិបាលបានបង្កើតគណៈកម្មការមួយដែលដឹកនាំដោយឯកឧត្ដមឧបនាយករដ្ឋមន្ត្រី គាត ឈន់ ដើម្បីសិក្សាអំពីការកំណត់ប្រាក់ឈ្នួលអប្បបរមា។ ដូច្នេះបញ្ហាប្រាក់ឈ្នួលអប្បបរមានេះ មិនមែនមានន័យថា យើងបញ្ចប់ត្រឹមយើងជជែកគ្នាលើកមុននោះទេ គឺយន្តការនៅមានដដែល គ្រាន់តែថា ពេលណាដែលយើងរៀបចំឲ្យមានការប្រជុំត្រីភាគីនោះ? អាហ្នឹងគឺវាអាស្រ័យទៅលើការប្រជុំរបស់គណៈកម្មការដែលដឹកនាំដោយឯកឧត្ដម ឧបនាយករដ្ឋមន្រ្តី គាត ឈន់ ជាមុនសិន»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងតំណាងសមាគមនិយោជករោងចក្រ លោក ខេន លូ ដើម្បីសុំយោបល់ទាក់ទងជាមួយលិខិតចំហរបស់សមាគមអ្នកទិញទំនិញលក់រាយនៅសហរដ្ឋអាមេរិក និងកាណាដា នេះឡើយ។
កាលពីថ្ងៃទី១៥ មករា មានសហជីពចំនួន ៨ នៅកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍រួមមួយ ទាក់ទងរឿងសុំកោះប្រជុំក្រុមប្រឹក្សាត្រីភាគី ដើម្បីដោះស្រាយបញ្ហាប្រាក់ខែគោលរបស់កម្មករនេះឲ្យស្របតាមលក្ខណៈវិទ្យាសាស្ត្រសម្រាប់អនុវត្ត និងតាមបទដ្ឋានអន្តរជាតិសម្រាប់យកមកអនុវត្តនៅកម្ពុជា ដើម្បីដំឡើងប្រាក់ឈ្នួលជូនកម្មករនិយោជិតឲ្យបានសមរម្យ។
មេដឹកនាំមីយ៉ាន់ម៉ាថ្កោលទោសរដ្ឋាភិបាលកម្ពុជារឿងបង្ក្រាបកម្មករ
កាសែតមីយ៉ាន់ម៉ា ឬភូមា ឈ្មោះ ដឹ មីយ៉ាន់ម៉ា ថែមស៍ (The Myanmar Times) ចុះថ្ងៃទី១៦ មករា សរសេរថា មេដឹកនាំរដ្ឋាភិបាលមីយ៉ាន់ម៉ា មិនថ្កោលទោសរដ្ឋាភិបាលកម្ពុជាទេ ក្នុងការបង្ក្រាបក្រុមកម្មករកម្ពុជា ធ្វើបាតុកម្មនៅពេលថ្មីៗកន្លងទៅនេះ។
កាសែត ឌឹ មីយ៉ាន់ម៉ា ថែមស៍ បានស្រង់សម្ដីលោក អ៊ុយ យេ ហ្ធុត (U Ye Htut) អ្នកនាំពាក្យរដ្ឋាភិបាល និងជាអនុរដ្ឋមន្ត្រីក្រសួងព័ត៌មានមីយ៉ាន់ម៉ា បានប្រាប់សមាជិកសារព័ត៌មានមីយ៉ាន់ម៉ា អំពីមូលហេតុដែលរដ្ឋាភិបាលទីក្រុងណៃពិដោរ (Nay Pyi Taw) ឬរដ្ឋាភិបាលមីយ៉ាន់ម៉ា មិនរវីរវល់រឿងសុខទុក្ខប្រទេសជិតខាង ដែលជាសមាជិកអាស៊ានដូចគ្នានោះ គឺមកពីមូលហេតុពីរ។ ទី១ ដោយមូលហេតុថា ប្រទេសមីយ៉ាន់ម៉ា ទទួលបន្ទុកជាប្រធានវេនអាស៊ាន មិនត្រូវលូកលាន់កិច្ចការផ្ទៃក្នុងប្រទេសដទៃ និងទី២ ដោយមេដឹកនាំមីយ៉ាន់ម៉ា រំពឹងថា ការបះបោរនយោបាយនៅប្រទេសជិតខាងខ្លួន ដូចជាប្រទេសថៃ និងកម្ពុជា អាចបញ្ចប់ជម្លោះនយោបាយបានដោយខ្លួនឯងដោយសន្តិវិធី៕
No comments:
Post a Comment
yes