សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, May 15, 2012

អតីតអ្នកសួរចម្លើយគុកទួលស្លែងបញ្ចេញអាថ៌កំបាំង


អង្គុយ​ក្រោមដំបូលផ្ទះឈើ ក្នុងតំបន់​ដាច់ស្រយាលមួយ នៅស្រុក​បាទី​ខេត្តកណ្តាល បុរស​សក់ស្កូវ​ម្នាក់ ស្លៀកពាក់អាវ​ខៀវប្រផេះ បាន​ហូតបារីមួយដើម​ចេញពី​កញ្ចប់រួចហើយ​អុជជក់​។
បន្ទាប់ពី​ជក់បារីរួច បុរស​ស្គមម្នាក់នេះ ដែល​មានឈ្មោះ ប្រាក់ ខាន់ បានចាប់ផ្តើម​រៀបរាប់​រឿងរ៉ាវ​របស់ខ្លួន។
លោកបាន​ថ្លែង​ថា៖ «​ខ្ញុំ​មិនដែល​ប្រាប់​ប្រវតិ្ត​ជូរចត់​របស់ខ្ញុំ​ដល់​អ្នកណា​ម្នាក់ឡើយ នៅក្នុងភូមិ​របស់ខ្ញុំ សូម្បីតែ​ប្រពន្ធខ្ញុំ ក៏ខ្ញុំ​មិនបាន​ប្រាប់ដែរ។ ពួកគេស្គាល់​ខ្ញុំជា​អ្នកលក់ចេក​ប៉ុណ្ណោះ»។

អ្វី​ដែល​អ្នកជិតខាង​មិនបានដឹង គឺថា ពីឆ្នាំ ១៩៧៦ ដល់ឆ្នាំ ១៩៧៩ លោក ប្រាក់ ខាន់ អាយុ ៦០ ឆ្នាំ ជា​អ្នកសួរចម្លើយ​ម្នាក់ នៅមន្ទីរ​ឃុំ​ឃាំងស‑២១។
កំណត់ត្រា​ពីមជ្ឈមណ្ឌល​ឯកសារ​កម្ពុជា បាន​បញ្ជាក់ថា លោក ប្រាក់ ខាន់ សួរចម្លើយ​អ្នកទោស ៥១ នាក់ ដោយ​បានសរសេរ​ចម្លើយ​សារភាព ២ ច្បាប់ឡើង​វិញ។
អ្នកទោស​មួយចំនួន​ជាសមាជិក​ជាន់ខ្ពស់​ក្នុងជួរ​ខ្មែរក្រហម​ដែលត្រូវបាន​សម្អាតពី​បក្ស​។ អ្នកខ្លះមកពី​យោធាទាំង​កងទ័ព​របស់ប៉ុល ពត និង​លោក លន់ នល់។ អ្នកខ្លះ​ជាលេខា​ស្រុក​និង​តំបន់ ហើយ​អ្នកដទៃទៀត​ជាមនុស្ស​ដែល​ថ្នាក់ដឹកនាំ​ខ្មែរក្រហម​បានចោទប្រកាន់​ពីបទចារកម្ម។
បង្ហាញពី​ភាព​សោកសៅរបស់ខ្លួន​យ៉ាងច្បាស់ លោក​បានបន្តថា៖ «​ប្រពន្ធ​របស់ខ្ញុំ​ទើបតែបានដឹង​ពីប្រវតិ្ត​របស់​ខ្ញុំនៅ​ពេលដែល​អ.វ.ត.ក. បាន​អញ្ជើញ​ខ្ញុំទៅផ្តល់​ចម្លើយ​នៅក្នុងសំណុំរឿង ០០១ ដូច្នេះ ចាប់ពី​ពេលនេះ​តទៅ ខ្ញុំត្រូវ​និយាយ​ប្រាប់អ្នកជំនាន់ថ្មី​ឲ្យបានដឹង​ពីប្រវត្តិសាស្រ្ត​របស់ពួកគេ»។
លោក ប្រាក់ ខាន់ កើតក្នុង​គ្រួសារ​កសិករមួយ ក្នុង​ខេត្ត​តាកែវ លោក​ជាកូនច្បង​មាន​បងប្អូនស្រីប្រុស ៥ នាក់​។ លោក​ចិញ្ចឹម​សត្វ​រហូតដល់​ឆ្នាំ​១៩៧១ ជា​ពេល​ដែល​លោក​ចូលរួម​កម្លាំង​ខ្មែរក្រហម។
លោកបាន​ថ្លែងថា៖ «​អង្គការ [ថ្នាក់​ដឹកនាំ​ស្រមោល​របស់​ខ្មែរក្រហម] បានថ្លែងថា បើ​បុរស​ក្នុងភូមិ​មិនបម្រើ​យោធា ២ ឬ ៣ ឆ្នាំ​ទេ ស្រ្តីនឹង​មិនរៀបការ​បុរសនោះឡើយ។ ដូច្នេះ បុរស​ទាំងអស់​បានចូលរួម​អង្គការ»។
លោក ប្រាក់ ខាន់ ដែល​នៅពេលនោះ​មានអាយុ ១៧ ឆ្នាំ ត្រូវបាន​ល្បួង ដូចបុរស​ដទៃទៀត ដោយពាក្យ​សន្យាថា លោក​ប្រយុទ្ធ​ដើម្បី​ព្រះមហាក្សត្រ និង​ប្រទេស។
លោកបានថ្លែង​ថា៖ «​ខ្ញុំ​ប្រយុទ្ធ​យ៉ាងក្លាហាន ដើម្បី​ការពារជាតិ តែខ្ញុំ​មិនដែលស្គាល់ថា​តើមេដឹកនាំ​ខ្ញុំជាអ្នកណា​ពិតប្រាកដ​នោះទេ។ ខ្ញុំ​គ្រាន់តែ​ដឹង​ថា ខ្ញុំប្រយុទ្ធ​ដើម្បី​ដណ្តើម​ប្រទេស​ឲ្យព្រះមហាក្សត្រ នរោត្តម សីហនុ វិញ។ ខ្ញុំ​ទើបតែ​រកឃើញ​ឈ្មោះ ខៀវ សំផន នួន ជា និង​អៀង សារី នៅ​ពេល​ខ្មែរក្រហម​គ្រប់គ្រង​ក្រុង​ភ្នំពេញ​ប៉ុណ្ណោះ»។
លោក ប្រាក់ ខាន់ បានចាប់ផ្តើម​ធ្វើការ​នៅទួលស្លែង ក្នុង​ឆ្នាំ​១៩៧៦ ដំបូងឡើយ​ជាអ្នកយាម ហើយ​បន្ទាប់មក ជា​អ្នកសួរចម្លើយ នៅ​ពេល​មេរបស់​លោក​រកឃើញ​ថា លោក​មាន​ការអប់រំ​ថ្នាក់ទី ៨។
លោក​ជា​សមាជិកម្នាក់​ក្នុង​ក្រុម​អ្នកសួរចម្លើយ ៣០ នាក់។ លោក​មិនបាន​ទទួល​ការបណ្តុះបណ្តាល​អ្វីឡើយ។
លោកថា៖ «​ឌុច​អនុញ្ញាត​ឲ្យខ្ញុំ​ទៅជាមួយនឹង​អ្នកសួរចម្លើយ​ចាស់ៗ​ប៉ុណ្ណោះ ហើយ​មើលអ្វី​ដែល​គាត់​ធ្វើ ហើយ​ខ្ញុំ​បានដើរតាមគាត់​រយៈពេល​ជាយូរ​។ បន្ទាប់មក ឌុចបាន​ឲ្យខ្ញុំ​ចាប់ផ្តើម​ការងារ​របស់​ខ្ញុំ គឺមនុស្សម្នាក់​សួរ​ចម្លើយ​មនុស្ស​ម្នាក់ នៅកន្លែងស្ងាត់ ដោយ​ព្យាយាម​ធ្វើឲ្យ​អ្នកទោស​ឆ្លើយ​សារភាព​ទាំងអស់»។
ដោយ​មានចម្លើយ​សារភាព​អ្នកទោស​ក្នុងដៃ​រួចហើយ លោក ប្រាក់ ខាន់ បានឲ្យដឹងថា លោក​មិនសួរ​សំណួរ​ជាក់លាក់ទេ​។ ប្រសិនបើ​អ្នកទោស​មិនចាប់ផ្តើម​ឆ្លើយសារភាព លោក​នឹង​ចាប់ផ្តើម​គំរាម​ពួកគេ បន្ទាប់មក​វាយនឹង​ខ្សែតី។
បើ​អ្នកទោស​នៅតែ​មិនសារភាព នឹង​ឈាន​ដល់​ការធ្វើទារុណកម្ម។
លោក​បានពន្យល់​ថា៖ «ចំពោះ​អ្នកទោស ដែល​មិនសារភាព យើងយក​ប្លាស្ទិក​គ្របមុខ និង​ក្បាល​ពួកគេ ហើយ​ចាក់ម្ជុល​ពីក្រោម​ក្រចក​ដៃ ដូច្នេះ ពួកគេ​នឹងឆ្លើយ​សំណួរ​ទាំងអស់​»។
លោក ប្រាក់ ខាន់ បាន​ថ្លែងថា បច្ចេកទេស​សួរចម្លើយ គឺ​អាស្រ័យ​លើ​អ្នកសួរចម្លើយ។
លោក​បានថ្លែងថា៖ «​យើង​ប្រើវិធីសាស្រ្ត​ផ្ទាល់​របស់​យើង​ដើម្បី​ទទួល​បាន​ចម្លើយ តែអ្នកទោស​ទាំងអស់ យើង​ធ្វើ​ទារុណកម្ម យើង​មិន​សម្លាប់​ពួកគេ​ទេ ព្រោះយើងខ្លាចថា យើង​នឹងបាត់បង់​ចម្លើយ។ ប្រសិនបើ​អ្នកទោស​ស្លាប់ យើងនឹង​ទទួលទោស​»។
ការសួរចម្លើយ​អ្នកទោសម្នាក់​ត្រូវការ​រយៈ​ពេល ២ ឬ ៣ ខែ ហើយ​ធ្វើឡើង​ដោយ​សម្ងាត់ នៅគ្រប់ពេល​ទាំងថ្ងៃ និង​យប់ នៅ​អគារមួយ​ដោយឡែក​ពី​អគារ​ឃុំឃាំង​ធំ។
បន្ទាប់ពី​អុតបារី​មួយដើម​ទៀតរួច លោក ប្រាក់ ខាន់ បាន​បន្តថា ចម្លើយ​សារភាព​របស់​អ្នកទោស​ទាំងអស់​ត្រូវយកទៅ​ឲ្យឌុច និង មុំ នៃ អ្នក​សួរចម្លើយ​ម្នាក់ទៀត។ ពេលខ្លះ ចម្លើយ​សារភាព​ត្រូវបាន​ប្រគល់​មកឲ្យវិញ​ដោយ​បញ្ជាឲ្យសួរចម្លើយ​អ្នកទោស​ម្តងទៀត ព្រោះ​ចម្លើយ​របស់​ពួកគេ​ជា​ចម្លើយ​មិនពេញចិត្ត​។
លោកបាន​បញ្ជាក់​ថា៖ «​នៅពេល​ខ្ញុំ​ឮថា ឌុច ត្រូវបាន​កាត់ទោស​ឲ្យជាប់​ពន្ធនាគារ​មួយជីវិត វាគឺជា​យុត្តិធម៌ ព្រោះ​ក្រុមគ្រួសារ​ជនរងគ្រោះ​អាចទទួល​យក​បាន។ ប្រសិន​បើ​មិនមែន​ជា​ទោស​មួយជីវិត វាមិនមាន​យុតិ្តធម៌​ទេ ព្រោះ​គាត់​បញ្ជា​ឲ្យ​សម្លាប់​មនុស្ស​ជាច្រើន ក្នុង​របបរបស់​គាត់»។
ទោះជាយ៉ាងណា​ក៏ដោយ លោក ប្រាក់​ ខាន់ គាំទ្រ​ការចោទប្រកាន់​របស់​ឌុច ប្រឆាំងនឹង​លោក នួន ជា។
លោក​បានលើកឡើង​ថា៖ «​ខ្ញុំដឹងថា អ្វី​ដែល​ឌុច និយាយ​នៅ​អ.វ.ត.ក. អំពី​លោក នួន ជា គឺជា​ការពិត ព្រោះ​ខ្ញុំឃើញ នួន ជា ៣ ឬ ៤ លើក»។ លោក​បានហៅ​ការបដិសេធ​របស់ លោក នួន ជា ថា ជា​ពាក្យ​កុហក។
លោក នួន ជា ដែល​បច្ចុប្បន្ន​កំពុង​ទទួល​ការជំនុំជម្រះ​នៅចំពោះមុខ​អ.វ.ត.ក. បាន​បដិសេធ​ដាច់អហង្ការថា លោក​មិនមែន​ជា​អ្នកទទួល​ខុសត្រូវ​ចំពោះ​របបនោះទេ ដែលបាន​សម្លាប់​មនុស្ស ១/៤ នៃ​ប្រទេស​កម្ពុជា​ទាំងអស់​នៅពេលនោះ។
«គាត់​មិនចង់​ទទួល​ខុសត្រូវ​ចំពោះអ្វី​ដែលគាត់​បានធ្វើ​ឡើយ»។
បន្ទាប់ពី​ខ្មែរក្រហម​បានដួលរលំ​ក្នុងឆ្នាំ ១៩៧៩ លោក ប្រាក់ ខាន់ បាន​ភៀសខ្លួន​ទៅ​ឃុំ​អមលាំង ខេត្ត​កំពង់ស្ពឺ មិនមែន​ប្រទេស​ថៃ​ទេ។ នេះបើ​យោងតាម​កំណត់ត្រា​មួយចំនួន​បាន​បង្ហាញ​ឲ្យដឹង​។
លោក​បាន​វិលត្រឡប់​មកស្រុកកំណើតវិញ មួយឆ្នាំក្រោយមក ហើយ​បានរៀបការ និងចិញ្ចឹម​កូនប្រុស ៤ នាក់ និង​កូនស្រី ម្នាក់។
ក្នុងចំណោម​អ្នកសួរចម្លើយ ៣០ នាក់​នៅមន្ទីរ​ស‑២១ នៅសល់តែ​លោក​ម្នាក់​គត់។
លោក ប្រាក់ ខាន់ បាន​ថ្លែងថា អារម្មណ៍​ទទួលខុសត្រូវ​ចំពោះ​សកម្មភាព​ផ្ទាល់ខ្លួន​របស់​លោក​បានជំរុញ​ឲ្យលោក​សហការ​ពេញលេញ​ជាមួយនឹង អ.វ.ត.ក. នៅ​ពេល​អ.វ.ត.ក ស្នើសុំឲ្យ​លោក​ផ្តល់ចម្លើយ​កសិណ។
លោក​បានបន្ថែមទៀតថា៖ «​ខ្ញុំជាមន្រ្តី​ថ្នាក់ទាប ដូច្នេះ ខ្ញុំ​និយាយអ្វី​ដែលខ្ញុំ​ដឹងពី​ការងារ​។ គ្មានអ្វី​ត្រូវខ្លាច​ទេ។ ប៉ុន្តែ​ប្រសិនបើ​មេដឹកនាំ​ខ្មែរក្រហម​ទាំងអស់​ព្យាយាម​ស្ងប់ស្ងាត់ អ្នកជំនាន់ថ្មី​នឹងមិនដឹង​អ្វី​ទេ អំពី​ប្រវតិ្តសាស្រ្ត​ក្នុង​ប្រទេស​របស់​ខ្លួន»​៕

No comments:

Post a Comment

yes