ភ្នំពេញ:កាលពីព្រឹកមិញ ប្រជាពលរដ្ឋប្រមាណជាង ១០០នាក់ មកពីសហគមន៍អ្នកភូមិបឹងកក់ បុរីកីឡា និងសហជីពកម្មករបានធ្វើការតវ៉ានៅមុខរដ្ឋសភាជាតិ ដើម្បីស្នើសុំឲ្យរដ្ឋសភាពិនិត្យមើល និងចាត់វិធានការ ដោះស្រាយអំពីករណីចាប់ខ្លួនប្រជាពលរដ្ឋចំនួន ១៥នាក់នៅបឹងកក់ និង អន្តរាគមន៍ដើម្បីឲ្យមានការដោះលែងអ្នកទាំង ១៥នាក់នោះឲ្យមានសេរីភាពជួបជុំគ្រួសារឡើងវិញ។
កាលពីថ្ងៃទី២២រហូតដល់ថ្ងៃទី២៤ ឧសភា ឆ្នាំ២០១២ អ្នកភូមិបឹងកក់១៥នាក់ត្រូវបានចាប់ខ្លួន និងត្រូវសាលាដំបូងរាជធានីភ្នំពេញ កាត់ទោស និងបញ្ជូនខ្លួនទៅឃុំនៅពន្ធនាគារព្រៃសរ យ៉ាងតក់ក្រហល់។
យោងតាមលិខិតដាក់ជូនរដ្ឋសភា បានឲ្យដឹងថាកាលពីឆ្នាំ២០០៧ សាលាក្រុងភ្នំពេញបានជួលដីក្នុងតំបន់បឹងកក់១៣៣ ហិកតាឲ្យទៅក្រុមហ៊ុនសូកាគូអ៊ីន ក្នុងនោះមានប្រជាពលរដ្ឋចំនួនជាង៤០០០គ្រួសារដែលទទួលរងផលប៉ះពាល់ដោយពុំទទួលបានសំណង សមរម្យឡើយ។ ក្រោយមកនៅខែសីហាឆ្នាំ ២០១១ រាជរដ្ឋាភិបាលបានសម្រេចផ្តល់ដីសម្បទានសង្គមកិច្ចជូនប្រជាពលរដ្ឋចំនួន ១២.៤៤ ហិកតាមកប្រជាពលរដ្ឋដើម្បីជាគោលការណ៍នៃការដោះស្រាយនូវផលប៉ះពាល់នេះ តែផ្ទុយទៅមកវិញការដោះស្រាយដីសម្បទានខាងលើនេះមិនត្រូវបានយកមកដោះស្រាយបែងចែកជូនប្រជាពលរដ្ឋដោយតម្លាភាពឡើយ ដោយក្នុងនោះមានប្រជាពលរដ្ឋខ្លះមិនបានទទួលដីនិងមិនដឹងថាព្រំដី១២.៤៤ហិកតា មានទីតាំងនៅទីណាច្បាស់លាស់ក្នុងតំបន់ដីបឹងកក់នេះឡើយ។

No comments:
Post a Comment
yes