រតនគិរី៖ ក្រុមសហគមន៍ជនជាតិដើមភាគតិច នៅខេត្តរតនគិរី ស្នើសុំឲ្យអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិឱ្យជួយផ្ដល់សារពីផលប៉ះពាល់ប្រជាពលរដ្ឋស្ដីពីគម្រោងផ្ដល់ដីសម្បទានសេដ្ឋកិច្ច ជូនចំពោះរាជរដ្ឋាភិបាល ឱ្យជួយដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ។
អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិស្ដីពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា លោក សុរិយា ស៊ូប៊ែឌី (Surya P. Subedi) នៅថ្ងៃអាទិត្យទី ៦ ខែកុម្ភៈឆ្នាំ ២០១២ បានមកបំពេញបេសកកម្មនៅខេត្តរតនគិរី ដោយផ្ដោតជាសំខាន់ទៅលើសម្បទានដីសេដ្ឋកិច្ច និងសម្បទានដីដទៃទៀត រួមទាំងផលប៉ះពាល់ទៅលើសហគមន៍មូលដ្ឋាន។
លោកបានថ្លែងទៅកាន់ប្រជាពលរដ្ឋជនជាតិដើមភាគតិចនៅភូមិសមុទ្ទលើ ឃុំសេដា ស្រុកលំផាត់ប្រមាណ ៥០ នាក់ថា លោកមានការព្រួយបារម្ភ ចំពោះសេចក្ដីរាយការណ៍របស់ប្រជាពលរដ្ឋ ដែលបានបញ្ជាក់ថា គម្រោងផ្ដល់ដីសម្បទានសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលនៅតំបន់នោះ បានបង្កផលប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
លោក សុរិយា ស៊ូប៊ែឌី៖ «ខ្ញុំមកនេះ ខ្ញុំចង់ឃើញដោយផ្ទាល់ ហើយស្ដាប់ដោយខ្លួនឯង។ហើយខ្ញុំបានព័ត៌មាននេះហើយ។ ឥឡូវ ខ្ញុំមានការព្រួយបារម្ភ។បើតាមមើលផ្លូវច្បាប់រដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជា គឺធានាដល់សិទ្ធិជាមូលដ្ឋាន ជាពិសេស សេរីភាពនានា ដល់ប្រជាជនទូទៅ ហើយជាពិសេសជនជាតិនៅទីនេះ ក៏ទទួលបានដូចគ្នាដែរ»។
ប្រជាពលរដ្ឋនៅចំនួន ៣ ភូមិ នៅឃុំសេដា កាលពីខែដើមឆ្នាំ ២០១២ បានធ្វើការតវ៉ាប្រឆាំងដោយអំពើហិង្សាចំនួនពីរលើក គឺវាយបំផ្លាញសម្ភារៈគ្រឿងចក្រក្រុមហ៊ុន និងចាប់កងកម្លាំងប្រដាប់អាវុធ មានយោធា និងនគរបាលអ្នកការពារក្រុមហ៊ុន និងមន្ត្រីបរិស្ថានអ្នកអភិរក្សដែនជម្រកសត្វព្រៃលំផាត់ជាចំណាប់ខ្មាំង បន្ទាប់ពីក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចមួយឈ្មោះ ហ្យុងជូរី បានចូលមកបោះទីតាំងធ្វើផ្លូវ និងឈូសឆាយព្រំដីសម្បទាន នៅតំបន់នោះ ហើយប្រជាពលរដ្ឋចោទថា មានផលប៉ះពាល់ដីស្រែចម្ការ និងដីចិញ្ចឹមសត្វពាហនៈប្រជាពលរដ្ឋ។
តំណាងប្រជាពលរដ្ឋភូមិសមុទ្ទលើ គឺលោក ខាំ ផ សាវ៉ាត មានប្រសាសន៍បញ្ជាក់ថា ប្រជាពលរដ្ឋសហគមន៍ត្រេកអរដោយបានជួបពិភាក្សាផ្ទាល់ជាមួយមន្ត្រីអ្នករាយការណ៍របស់អង្គការសហប្រជាជាតិស្ដីពីសិទ្ធិមនុស្ស។
លោកបន្តថា ប្រជាពលរដ្ឋនៅឃុំសេដា រំពឹងថា ដំណើរបេសកកម្មផ្នែកសិទ្ធិមនុស្សរបស់មន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិនៅពេលនេះ នឹងជួយបំពេញបន្ថែមពីសិទ្ធិជនជាតិដើមភាគតិច តាមរយៈការផ្ដល់សារជូនប្រមុខរាជរដ្ឋាភិបាល និងសហគមន៍អន្តរជាតិ ដើម្បីពិនិត្យឡើងវិញ ពីគម្រោងផ្ដល់ដីសម្បទានសម្រាប់ក្រុមហ៊ុន និងដោះស្រាយផលប៉ះពាល់ប្រជាពលរដ្ឋឲ្យបានសមស្រប។
លោក ខាំ ផ សាវ៉ាត៖ «ថ្ងៃនេះជាថ្ងៃល្អបំផុត ព្រោះយើងបានផ្ដល់ព័ត៌មានដល់អង្គការសហប្រជាជាតិ។ សង្ឃឹមថាគាត់នឹងជួយផ្ដល់ព័ត៌មាននេះ ដល់គ្រប់ស្ថាប័នពាក់ព័ន្ធ និងជាពិសេសរាជរដ្ឋាភិបាល»។
ទាក់ទិននឹងករណីនេះ អភិបាលខេត្តរតនគិរី លោក ប៉ាវ ហមផាន មានប្រសាសន៍បញ្ជាក់ថា អាជ្ញាធរស្វាគមន៍ដំណើរទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិមកកាន់ខេត្តប៉ែកឦសានមួយនេះ។ លោកបន្តថា អ្វីៗ ដែលជាកង្វល់របស់ប្រជាពលរដ្ឋពីបញ្ហាផលប៉ះពាល់ស្ដីពីការផ្ដល់ដីសម្បទាន អាជ្ញាធរខេត្ត និងប្រមុខរាជរដ្ឋាភិបាលមានគោលនយោបាយដោះស្រាយជូនប្រជាពលរដ្ឋអស់ហើយ។
លោកបន្តថា អ្វីដែលកំពុងកើតមាននៅឃុំសេដា គ្រាន់តែជាក្ដីបារម្ភរបស់ប្រជាពលរដ្ឋ ហើយក្រុមហ៊ុនក៏មិនបានបង្កផលប៉ះពាល់អ្វីដល់ប្រជាពលរដ្ឋនោះនៅឡើយ។
លោក ប៉ាវ ហមផាន៖ «គោលការណ៍ក៏អត់ត្រូវមានប៉ះពាល់របស់ប្រជាពលរដ្ឋដែរ ដីស្រែចម្ការទាំងអស់។ ហើយការលើកឡើងខ្លះ វាគ្រាន់តែការគិតទេ ប្រសិនមានចម្ការកៅស៊ូអញ្ចឹងទៅគាត់ចិញ្ចឹមសត្វ វាអាចប៉ះពាល់ចូលចម្ការគេ។ អាហ្នឹងវាគ្រាន់តែជាការគិតសោះហ្នឹង។ដីទាំងអស់មិនមែនធ្វើសម្បទានទេ វាមាន
ដីសហគមន៍ព្រៃសហគមន៍ក៏មានគាត់អាចលែងសត្វបានព្រៃសហគមន៍ ហើយត្រូវការធ្វើផ្ទះសំបែង»។
ដីសហគមន៍ព្រៃសហគមន៍ក៏មានគាត់អាចលែងសត្វបានព្រៃសហគមន៍ ហើយត្រូវការធ្វើផ្ទះសំបែង»។
លោក សុរិយា ប្រាសាទ ស៊ូប៊ែឌី បានមកបំពេញទស្សនៈកិច្ចផ្លូវការនៅប្រទេសកម្ពុជាចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី១១ខែឧសភាឆ្នាំ២០១២។ លោកមានគម្រោងជួបប្រជុំជាមួយមន្ត្រីថ្នាក់ដឹកនាំសំខាន់ៗ របស់រាជរដ្ឋាភិបាល ហើយលោករំពឹងថា នឹងជួបប្រជុំតំណាងមកពីវិស័យឯកជន និងអង្គការសង្គមស៊ីវិល។ បន្ទាប់ពីធ្វើទស្សនកិច្ចនៅខេត្តរតនគិរី លោកនឹងអញ្ជើញទៅធ្វើទស្សនកិច្ចនៅខេត្តស្ទឹងត្រែង និងខេត្តក្រចេះ។
នៅចុងទស្សនកិច្ចរបស់លោកនៅកម្ពុជា លោកនឹងចេញប្រកាសព័ត៌មានមួយគូសបញ្ជាក់ពីបញ្ហាទាំងឡាយ ដែលបានលើកឡើងក្នុងអំឡុងពេលជួបប្រជុំនៃដំណើរទស្សនកិច្ចរបស់លោក និងធ្វើសេចក្ដីសន្និដ្ឋានសង្ខេបជាជំហានដំបូង។
លោកក៏នឹងបង្ហាញរបាយការណ៍មួយស្ដីពីសម្បទានសេដ្ឋកិច្ច និងសម្បទានដទៃទៀត ជូនសម័យប្រជុំក្នុងខែកញ្ញា ឆ្នាំ ២០១២ របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិក្នុងគោលដៅបង្កើនតម្លាភាពក្នុងការផ្ដល់ និងការគ្រប់គ្រងសម្បទាន៕
No comments:
Post a Comment
yes