រាជធានីភ្នំពេញ ៖ កូនប្រុសឧត្តមសេនីយ៍មួយរូបឈ្មោះឃួន សុភ័ក្រ ត្រូវសមត្ថកិច្ចមូលដ្ឋាន និងប្រជាពលរដ្ឋរស់នៅជិតខាងរាយការណ៍ថា ពេលផឹកស្រាស្រវឹងក៏ទាញកាំភ្លើងអាកា បាញ់មេឃលេង អស់ជាច្រើនគ្រាប់ បង្កការភ័យខ្លាចយ៉ាងខ្លាំងដល់អ្នកភូមិបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌមានជ័យ កាលពីល្ងាចថ្ងៃទី១២ ឧសភា  ។
តាមប្រភពព័ត៌មានឱ្យដឹងថា នៅមុនពេលមានការបាញ់បោះសេរីកើតឡើង កូនប្រុសឧត្តមសេនីយ៍ពីរនាក់ ឈ្មោះឃួន សុភ័ក្រ និងឈ្មោះឃួន ឧត្តម រួមជាមួយមិត្តភក្តិដទៃទៀតនាំគ្នាផឹកស្រាបារាំងអស់ចំនួន៥ដប ។ នៅពេលស្រវឹង ពួកគេបែកគំនិតចង់បាញ់លេងក្នុងបំណងសាកកាណុងកាំភ្លើង ។ នៅពេលមានគំនិតបែបនេះកើតឡើង ក្រុមអ្នកផឹកស៊ីជាមួយគ្នាមិនមានអ្នកឃាត់ទេ គឺមានតែអ្នកពន្យុះថែម ទើបឈ្មោះឃួន សុភ័ក្រ បាញ់រះឡើងលើប្រាវផ្អើលអ្នកស្រុកតែម្តង ។
បន្ទាប់ពីបាញ់រួច សមត្ថកិច្ចកងរាជអាវុធហត្ថខណ្ឌមានជ័យបានទៅឃាត់ខ្លួនឈ្មោះឃួន ឧត្តម បញ្ជូនទៅកាន់ទីបញ្ជាការកងរាជអាវុធហត្ថ រាជធានីភ្នំពេញ ដោយពុំទាន់ដឹងថា មានចំណាត់ការបែបណានៅឡើយទេ ។
សមត្ថកិច្ចកងរាជអាវុធហត្ថខណ្ឌមានជ័យ ឱ្យដឹងថា ក្រុមកូនលោកឧត្តមសេនីយ៍ទាំងនោះ ឧស្សាហ៍បាញ់បោះបង្កការភ័យខ្លាចដល់អ្នកជិតខាងញឹកញាប់ណាស់ សមត្ថកិច្ចមូលដ្ឋាន និងប្រជាពលរដ្ឋរស់នៅជិតនោះ មានការភ័យខ្លាច តក់ស្លុត ខ្លាំងណាស់ពេលឮសូរផ្ទុះអាវុធម្តងៗ ព្រោះពិបាកចាប់ខ្លួនខ្មាន់កាំភ្លើងទាំងនោះដោយសារតែយល់មុខឪពុកជាឧត្តមសេនីយ៍ ។ ប៉ុន្តែបើតាមអនុសាសន៍របស់សម្តេចតេជោហ៊ុន សែន គឺត្រូវបង្ក្រាបចំពោះសកម្មភាពទំនើង និងខុសច្បាប់គ្រប់រូបភាពទាំងអស់ ៕
No comments:
Post a Comment
yes