ក្មួយប្រុសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺលោកឧកញ៉ា ហ៊ុន តូ បានវិលត្រឡប់មកដល់ប្រទេសកម្ពុជាវិញហើយ ក្រោយពីបានទៅទស្សនកិច្ចឯកជនរយៈពេលជាងពីរសប្ដាហ៍ នៅប្រទេសអូស្ត្រាលី (Australia) ជាទីដែលមានការចោទប្រកាន់ថា អាជ្ញាធរនគរបាលអូស្ត្រាលីបានស្វែងរកចាប់ខ្លួនលោកកន្លងមក។
លោកឧកញ៉ា ហ៊ុន តូ បានជួលមេធាវីចំនួនពីរនាក់ ដើម្បីរៀបចំពាក្យបណ្ដឹង ប្ដឹងកាសែតអូស្ត្រាលីមួយឈ្មោះ The Age ក្រោមបទបរិហារកេរ្តិ៍ និងផ្សាយព័ត៌មានមិនពិត ក្រោយពីកាសែតនេះបានចេញផ្សាយចោទប្រកាន់កាលពីខែមីនា ឆ្នាំ២០១២ កន្លងទៅនេះថា នគរបាលអូស្ត្រាលីបានស្វែងរកចាប់ខ្លួនលោកឧកញ៉ា ហ៊ុន តូ ក្រោមបទជួញដូរគ្រឿងញៀន និងលាងលុយកខ្វក់នៅប្រទេសអូស្ត្រាលី កន្លងមក។
ការមកដល់របស់លោកឧកញ៉ា ហ៊ុន តូ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១២ ត្រូវបានទទួលស្វាគមន៍ដោយអ្នកនាំពាក្យ នៃទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន នៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
លោកឧកញ៉ា ហ៊ុន តូ មិនបានមានប្រសាសន៍អត្ថាធិប្បាយអ្វីទេ ចំពោះសំនួររបស់អ្នកកាសែត ប៉ុន្តែលោកធ្លាប់បានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១២ កន្លងទៅនេះ តាមទូរស័ព្ទ ពីប្រទេសអូស្ត្រាលីមកថា លោកបានផ្តល់សិទ្ធិនានា ឲ្យមេធាវីចាត់ការប្ដឹងកាសែតនោះហើយ។
លោកឧកញ៉ា ហ៊ុន តូ៖ «គិតមើលថា បើសិនខ្ញុំពាក់ព័ន្ធជាមួយគ្រឿងញៀន ខ្ញុំចូលដល់ដីអូស្ត្រាលីហ្នឹង គេចាប់ខ្ញុំបាត់ទៅហើយ។ អីចឹង មានន័យថា ពួកកាសែតហ្នឹង វាដើរចោទគេ តែផ្ដេសផ្ដាសអីចឹង វាអត់ល្អប៉ុន្មានទេ ប៉ះពាល់ដល់កិត្តិយសក្រុមគ្រួសាររបស់ខ្ញុំ ហើយប៉ះពាល់ដល់ការងាររកស៊ីរបស់ខ្ញុំទៀត។ មេធាវីខ្ញុំ គឺស្ថានទូតរបស់ប្រទេសអូស្ត្រាលីប្រចាំនៅស្រុកខ្មែរ គេអ្នកឲ្យមក។ ចុះឥឡូវ លោកត្រូវដឹងហើយ គេចោទយើងរបៀបម៉េច យើងត្រូវប្ដឹងវារបៀបហ្នឹងវិញហើយ។ យើងអត់មានខុសអ្វីផង អ្នកឯងចេះតែចោទថា រដ្ឋាភិបាលអូស្ត្រាលីមកចង់ចាប់ខ្ញុំស្អី។ ឥឡូវខ្ញុំមក ខ្ញុំដើរលេង ខ្ញុំនាំកូនខ្ញុំមក Queen Land។ ឥឡូវ ខ្ញុំនៅ Melbourne។ ខ្ញុំមិនដែលរកស៊ីអ្វីខុសច្បាប់ផង អ្នកឯងចេះតែចោទខ្ញុំផ្ដេសផ្ដាស វាអត់ល្អសម្រាប់ខ្លួនខ្ញុំហើយ»។
ទាក់ទងរឿងនេះដែរ អ្នកតំណាងឲ្យលោកឧកញ៉ា ហ៊ុន តូ លោក ផៃ ស៊ីផាន បានមានប្រសាសន៍នៅក្នុងសន្និសីទកាសែត នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១២ ថា ការប្ដឹងកាសែតឈ្មោះ The Age និងវត្តមានរបស់លោកឧកញ៉ា ហ៊ុន តូ នៅប្រទេសអូស្ត្រាលីកន្លងមកនេះ គឺជាការជម្រះការសង្ស័យនានាកន្លងមក។
លោក ផៃ ស៊ីផាន៖ «វាមិនត្រឹមត្រូវ គ្រាន់តែជាទិសដៅមួយ នៃការវាយប្រហារដល់កិត្តិយសរបស់អ្នកឧកញ៉ា ជាសាមីខ្លួនផ្ទាល់ ក៏ដូចជាកិត្តិយសរបស់អគ្គសេនាបតីតេជោ ហ៊ុន សែន ក៏ដូចជាកិត្តិយសរបស់រាជាណាចក្រកម្ពុជា នៅក្នុងឆាកអន្តរជាតិ។ នេះជា ប៉ាសស្ព័រ (Passport) របស់អ្នកឧកញ៉ា ដែលលោកបានអញ្ជើញមកវិញ។ ប៉ាសស្ព័រនេះ ដែលគេបានចោទប្រកាន់ ប៉ុន្តែការពិតនោះ លោកបានទទួលទិដ្ឋាការរួចស្រេចទៅហើយ ក្នុងរយៈពេលមួយឆ្នាំ ក្នុងការធ្វើដំណើរចុះឡើង»។
រដ្ឋមន្ត្រីក្រសួងការបរទេសអូស្ត្រាលី លោក បុប ខា (Bob Carr) ដែលបានមកធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជា កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១២ កន្លងទៅនេះបានបដិសេធមិនធ្វើអត្ថាធិប្បាយអ្វីទេជុំវិញរឿងនេះ៕
No comments:
Post a Comment
yes