តំណាងអយ្យកាសាលាដំបូងខេត្តបន្ទាយមានជ័យ បានដោះលែងបុគ្គលិកអង្គការប្រឆាំងបទល្មើសសង្គមកម្ពុជាចំនួន ៧នាក់ ឲ្យមានសេរីភាពនៅក្រៅឃុំឡើងវិញ ក្រោយពីបានពិនិត្យទៅរកឃើញថា បុគ្គលិកអង្គការនេះ ពុំបានប្រព្រឹត្តិបទល្មើស ហើយអង្គការនេះមានលក្ខន្តិកៈ មានច្បាប់អនុញ្ញាតត្រឹមត្រូវ ពីអង្គភាពប្រឆាំងអំពើពុករលួយ។
ព្រះរាជអាជ្ញាតុលាការខេត្តបន្ទាយមានជ័យ លោក ផាន់ វណ្ណរ័ត្ន មានប្រសាសន៍ឲ្យដឹងនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១២ ថា បុគ្គលិកអង្គការប្រឆាំងបទល្មើសសង្គមនៅកម្ពុជាទាំង ៧នាក់នោះ ត្រូវបានតុលាការចេញដីកាដោះលែងឲ្យមានសេរីភាពនៅក្រៅឃុំ កាលពីយប់ថ្ងៃទី២១ ខែមិថុនា បន្ទាប់ពីមន្ត្រីកងរាជអាវុធហត្ថ បានចាប់ឃាត់ខ្លួនខណៈដែលពួកគេស្លៀកពាក់ឯកសណ្ឋានឈុតខ្មៅ ធ្វើសកម្មភាពនៅក្នុងព្រៃនៃតំបន់ជម្រកសត្វព្រៃរនាមដូនសំ ក្នុងឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
លោក ផាន់ វណ្ណរ័ត្ន៖ «ដល់ពេលយើងស៊ើបសួរទៅ ខោអាវគេ ជាឡូហ្គោរបស់អង្គការគេ មានលក្ខន្តិកៈរបស់គេគ្រប់គ្រាន់ ត្រឹមត្រូវជាអង្គការប្រឆាំងបទល្មើសសង្គម មានលក្ខន្តិកៈរបស់គេត្រឹមត្រូវ។ អញ្ចឹងទៅ វាប៉ះពាល់សិទ្ធិរបស់គេ។ អញ្ចឹង ខ្ញុំសម្រេចយប់មិញឲ្យទៅវិញទាំងយប់ ឲ្យគាត់មានសេរីភាពវិញ។ អាហ្នឹង ក្នុងដំណាក់កាលឃាត់ខ្លួន យើងនៅប្រមូលភស្តុតាងអីផ្សេងៗទៀត ប្រសិនបើថា អត់មានទេ យើងតម្កល់រឿងហ្នឹងចោលទៅ បើថាមាន យើងបើករឿងហ្នឹងចោទប្រកាន់តាមនីតិវិធីអញ្ចឹង»។
លោកឧត្ដមសេនីយ៍ទោ រ័ត្ន ស៊្រាង មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបដិសេធមិនផ្ដល់អត្ថាធិប្បាយជុំវិញករណីនេះទេ។ ប៉ុន្តែនៅក្នុងរបាយការណ៍ឃាត់ខ្លួន ដែលរៀបចំឡើងដោយកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដាក់ជូនទៅលោក សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាក់ថា បុគ្គលិកអង្គការទាំង ៧នាក់នេះ បានបំផុសឲ្យប្រជាពលរដ្ឋមកពីកន្លែងផ្សេង ទៅកាប់ទន្ទ្រានដីលើទីតាំង ៥០០ហិកតារ ក្នុងផ្ទៃដីទំហំ ១.៥០០ហិកតារ ដែលបានគ្រោងទុកបែងចែករបស់អាជ្ញាធរ ជូនដល់ប្រជាពលរដ្ឋនៅឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
មន្ត្រីនាំពាក្យសាលាខេត្តបន្ទាយមានជ័យ លោក អុក កែវរតនៈ បានមានប្រសាសន៍ថា បុគ្គលិកអង្គការប្រឆាំងបទល្មើសនៅសង្គមកម្ពុជានេះ បានបង្កការអុកឡុក រំខានដល់ក្រុមការងាររបស់អាជ្ញាធរខេត្ត៖ «ព្រោះវាទាក់ទិនទៅបញ្ហាទៅទន្ទ្រានលើដី ដែលមានអនុក្រឹត្យ ត្រូវបែងចែកជូន ប្រជាពលរដ្ឋ វាបង្កអនាធិបតេយ្យ ហើយអនុក្រឹត្យរបស់រាជរដ្ឋាភិបាល គេកាត់ជូនប្រជាពលរដ្ឋមានស្ថិតិច្បាស់លាស់ ហើយដល់ទៅទន្ទ្រានអញ្ចឹង អង្គការទៅធ្វើអីការងារអីវាដែរ បានជាបង្កបញ្ហាឲ្យគេចាប់ខ្លួន»។
របាយការណ៍បញ្ជាក់ថា ជនទាំង ៧នាក់ បានបង្ហាញឯកសារក្នុងនោះមានលិខិតអនុស្សរណៈ នៃការយោគយល់គ្នា (MOU) រវាងអង្គភាពប្រឆាំងអំពើពុករលួយ និងសង្គមស៊ីវិល សម្រាប់កិច្ចសហប្រតិបត្តិការផ្សព្វផ្សាយអប់រំ បង្ការ និងទប់ស្កាត់ការយកកម្រៃ មិនស្របច្បាប់លើសេវាសាធារណៈ នៅតាមឃុំសង្កាត់។
ប្រធានសម្របសម្រួលសមាគម អាដហុក ប្រចាំខេត្តបន្ទាយមានជ័យ លោក ស៊ុម ចន្ទគា បានថ្លែងថា សមាគម អាដហុក មិនអាចធ្វើការសន្និដ្ឋានបែបណាទេ ជុំវិញករណីនេះ រង់ចាំធ្វើការស៊ើបអង្កេតជាមុនសិន៖ «បើសិនជាមានលទ្ធផលដែលការ គេហៅថា ផ្ដល់នូវប្រឹក្សាយោបល់ ទៅឲ្យប្រជាពលរដ្ឋប្រព្រឹត្តនូវអ្វីដែលជាបទល្មើសវិញ គឺជាការប្រព្រឹត្តខុសហើយ»។
លោក អែម សុខា អភិបាលស្រុកម៉ាឡៃស្ដីទី លោក ញ៉ែម សារុន មេបញ្ជាការផ្នែកសឹករងស្រុកម៉ាឡៃ លោក ភុំ សារុន នាយករងតំបន់ដែនជម្រកសត្វព្រៃរនាមដូនសំ និងលោក ឆុន ឡែន ប្រធានទីស្នាក់ការតំបន់ដែនជម្រកសត្វព្រៃរនាមដូនសំ បានឲ្យដឹងថា ឈ្មោះ គយ លន់ ភេទប្រុស អាយុ ៤៦ឆ្នាំ ឈ្មោះ ស៊ឹម យ៉ុង ភេទប្រុស អាយុ ៤៦ឆ្នាំ និងឈ្មោះ នី ធឿន ភេទប្រុស អាយុ ៣០ឆ្នាំ ជនទាំងបីនាក់ បានធ្វើសកម្មភាពបង្កើតភូមិថ្មី ក្នុងតំបន់ហាមឃាត់រនាមដូនសំ ស្ថិតនៅចំណុចសត្វព្រៃឆ្លងកាត់ អស់រយៈពេលមួយឆ្នាំកន្លងមកហើយ ដែលសកម្មភាពនេះត្រូវបានអាជ្ញាធរមូលដ្ឋាន ក៏ដូចជាមន្ត្រីអភិរក្សដែនជម្រកសត្វព្រៃរនាមដូនសំ មិនឯកភាពឲ្យធ្វើ ព្រោះភូមិថ្មីនេះ អាជ្ញាធរខេត្តមិនទទួលស្គាល់ឡើយ៕
No comments:
Post a Comment
yes