ភ្នំពេញៈ ក្រុមចោរបានធ្វើសកម្មភាពភ្ជង់ និងបាញ់ គំរាមប្លន់អាជីវករលក់មាសទៀតហើយ នៅវេលាម៉ោង ៦ និង៥០នាទីល្ងាចថ្ងៃព្រហស្បតិ៍ ឆ្នាំ២០១២នេះ នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ទាក់ទិនករណីប្លន់ខាងលើនេះ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ លោក ប៊ន សំអាត បានមានប្រសាសន៍ថា ជនសង្ស័យ ដែលជាក្រុមចោរប្លន់ មានគ្នាចំនួន ២នាក់ ជិះម៉ូតូមួយគ្រឿង ប្រដាប់ដោយអាវុធខ្លី បានធ្វើសកម្មភាពភ្ជង់ និងប្លន់អាជីវករ លក់មាស រួចហើយបាញ់គំរាមចំនួន ៤គ្រាប់ រួចក៏ជិះម៉ូតូគេចខ្លួនបាត់ទៅ។
យោងតាមប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះក្នុងអំពើប្លន់ខាងលើនេះ បុរសជាប្ដីមានឈ្មោះ សាន ឡា អាយុ ៣៧ឆ្នាំ និងប្រពន្ធឈ្មោះ ជីម សុខេន អាយុ ៣៣ឆ្នាំ ជាអ្នកលក់ប្លាទីន ប្ដូរប្រាក់ នៅផ្សារត្រពាំងថ្លឹង។
ប្រភពបានឲ្យដឹងផងដែរថា ទ្រព្យសម្បត្តិដែលបាត់បង់រួមមាន គ្រឿងអលង្ការប្រាក់ ១៥តម្លឹង លុយ ២.០០០ដុល្លារ លុយខ្មែរមួយចំនួន និងប្លាទីនជាច្រើនតម្លឹងទៀត។
លោក ប៊ន សំអាត បានបញ្ជាក់ថា កម្លាំងសមត្ថកិច្ចរបស់លោក បាននឹងកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំង តាម ចាប់ក្រុមចោរប្លន់ទាំងនេះ៕
No comments:
Post a Comment
yes