សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, June 21, 2012

សង្គម​ស៊ីវិល​បារម្ភ​ពី​បញ្ហា​អំពើ​ពុករលួយ​នៅ​តាម​មូលដ្ឋាន


អង្គការ​មិន​មែន​រដ្ឋាភិបាល ដែល​ធ្វើការ​ឃ្លាំមើល​អំពើ​ពុករលួយ បាន​បង្ហាញ​ថា អំពើ​ពុករលួយ​នៅ​ថ្នាក់​មូលដ្ឋាន​មិន​ទាន់​មាន​ការ​ទប់ស្កាត់​ទេ ផ្ទុយ​ទៅ​វិញ​ថែម​ទាំង​មាន​ការ​រីក​រាលដាល​កាន់​តែ​ខ្លាំង​ឡើង​ថែម​ទៀត។
RFA/Den Ayuthyea
ប្រធាន​បទ «ត្រូវ​មាន​បង្កាន់​ដៃ​បង់​ប្រាក់​​រាល់​​សេវាកម្ម​​​របស់​រដ្ឋ» ត្រូវ​បាន​លើក​ឡើង​នៅ​ក្នុង​ពិធី​ប្រារព្ធ​ទិវា​អន្តរជាតិ​​​ប្រឆាំង​​​​អំពើ​ពុករលួយ​លើក​ទី​៧ នា​ទីលាន​ប្រជាធិបតេយ្យ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៩ ខែ​ធ្នូ ឆ្នាំ​២០១០។
ការ​បង្ហាញ​ពី​ក្ដី​បារម្ភ​ចំពោះ​អំពើ​ពុក​រលួយ​នេះ នៅ​ក្រោយ​ពេល​ដែល​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​បាន​បង្ហាញ​ជំហរ​ក្នុង​ការ​ទប់ស្កាត់ ឬ​លុប​បំបាត់​អំពើ​ពុករលួយ​នៅ​ថ្នាក់​មូលដ្ឋាន​នោះ​ឲ្យ​បាន​នៅ​ពេល​ខាង​មុខ​នេះ។
មន្ត្រី​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​បាន​សំដែង​ក្តី​បារម្ភ​ចំពោះ​យន្តការ ឬ​គោលនយោបាយ​របស់​គណបក្ស​នយោបាយ និង​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ដែល​សច្ចា​ថា នឹង​លុប​បំបាត់​អំពើ​ពុករលួយ​នៅ​តាម​ឃុំ​សង្កាត់​ឲ្យ​បាន​នោះ។
អ្នកស្រី ម៉ម ស៊ីថា ប្រធាន​គណៈកម្មាធិការ​កម្ពុជា​ឯករាជ្យ​ប្រឆាំង​អំពើ​ពុករលួយ។ អ្នកស្រី​មាន​ប្រសាសន៍​ថា មុន​ការ​ប្រកួត​ប្រជែង​ស្វែង​រក​សន្លឹក​ឆ្នោត​គាំទ្រ​ម្តងៗ បក្ស​នយោបាយ​នីមួយៗ​សុទ្ធ​តែ​បាន​ដាក់​ចេញ​នូវ​គោលនយោបាយ​លុបបំបាត់​អំពើ​ពុករលួយ​បង្ហាញ​ជូន​ប្រជាពលរដ្ឋ ឬ​អ្នក​គាំទ្រ​បក្ស​នយោបាយ​នោះ។ ប៉ុន្តែ​តាម​ការ​ពិនិត្យ​ជាក់ស្ដែង អំពើ​ពុករលួយ​ពុំ​បាន​ថយ​ចុះ​ដូច​ការ​សន្យា​កន្លង​មក​នោះ​ទេ ផ្ទុយ​ទៅ​វិញ​ករណី​នេះ​វា​កំពុង​រីក​រាលដាល​តាំង​ពី​ថ្នាក់​មូលដ្ឋាន​រហូត​ដល់​ថ្នាក់​ជាតិ​ក៏​នៅ​តែ​កើត​មាន។
អ្នកស្រី ម៉ម ស៊ីថា៖ «ហើយ​យន្តការ​នៃ​ការ​ទប់ស្កាត់​ត្រួត​ពិនិត្យ​ឃើញ​ថា ហាក់​មិន​ទាន់​ឆ្លើយ​តប​នឹង​ការ​រីក​ចម្រើន​នៃ​អំពើ​ពុករលួយ​ទាំង​ច្បាប់ និង​ការ​អនុវត្ត»

អ្នកស្រី​បន្ត​ថា កត្តា​ដែល​ដែល​មិន​អាច​ឲ្យ​អំពើ​ពុករលួយ​ថយ​ចុះ​បាន​នោះ គឺ​មាន​ការ​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​បក្ខពួក​និយម៖«អ៊ីចឹង​តែង​តែ​មាន​ការ​អនុគ្រោះ​បក្ស​នេះ​បក្ស​នោះ​អី​អ៊ីចឹង​ទៅ គឺ​គេ​ធ្វើ​ទៅ​តាម​ចរិត​បក្ស​ទៅ​វិញ។ អ៊ីចឹង​វា​មាន​ការ​លំបាក​នឹង​ជឿ​ថា មាន​ប្រសិទ្ធភាព​ណាស់ គឺ​យើង​មើល​ឃើញ​ជាក់ស្ដែង​តែម្ដង​ករណី​ហ្នឹង។ ពាក់ព័ន្ធ​នឹង​បញ្ហា​ហ្នឹង​ឯង​ជា​បញ្ហា​សំខាន់ ពីព្រោះ​ថា អំណាច​ភាគ​ច្រើន​គឺ​ចេញ​ពី​បក្ស គឺ​ថា ធ្វើ​អ្វី​ក៏ដោយ គឺ​ថា​ក្រឡេក​មើល​ទៅ​លើ​មើល​ថា បើ​គេ​ទៅ​ហើយ​បើ​យើង​មិន​ទៅ​ទេ គឺ​នៅ​ឯកោ ហើយ​ក៏​មិន​អាច​រឹងមាំ​ដែរ ចំពោះ​អំណាច​របស់​ខ្លួន ឬ​កៅអី ឬ​តំណែង​របស់​ខ្លួន​នោះ គឺ​មិន​សូវ​រឹងមាំ​ទេ»
អំពើ​ពុករលួយ​ដែល​កើត​មាន​នៅ​ថ្នាក់​ឃុំ សង្កាត់ ច្រើន​តែ​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ចេញ​លិខិត​ស្នាម​រដ្ឋបាល ដូចជា​ការ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ សៀវភៅ​គ្រួសារ ប័នស្នាក់នៅ លិខិត​សុំ​អនុញ្ញាត​ធ្វើ​ពិធី​បុណ្យ ការ និង​គម្រោង​អភិវឌ្ឍន៍​មូលដ្ឋាន​ជាដើម។
ទាក់ទង​បញ្ហា​អំពើ​ពុករលួយ​នៅ​ក្នុង​មូលដ្ឋាន​ឃុំ សង្កាត់​នេះ បុរស​ម្នាក់​ឈ្មោះ ស៊ីថា រស់​នៅ​ស្រុក​ពញាឭ ខេត្ត​កណ្ដាល បាន​ឲ្យ​ដឹង​ថា អាជ្ញាធរ​ក្នុង​មូលដ្ឋាន​របស់​លោក​កំពុង​ប្រព្រឹត្ត​អំពើ​ពុករលួយ​ក្នុង​ការ​ធ្វើ​លិខិត​ស្នាម​ប្ដូរ​ទីលំនៅ និង​លិខិត​សុំ​អនុញ្ញាត​ធ្វើ​កិច្ចការ​ផ្សេងៗ។ ការ​ធ្វើ​លិខិត​ស្នាម​ទាំង​នេះ ចាំបាច់​ពលរដ្ឋ​ត្រូវ​ចំណាយ​ប្រាក់​ពី​មួយ​ម៉ឺន​រៀល រហូត​ដល់​ជាង​បួន​ម៉ឺន​រៀល ឬ​ក៏​ច្រើន​ជាង​នេះ​ក៏​មាន។
លោក ស៊ីថា បន្ថែម​ដូច្នេះ៖ «វា​ត្រូវ​អ៊ីចឹង! វា​ចង់​បាន​លុយ ច្បាប់​មិន​តម្រូវ​ឲ្យ​យក​លុយ តែ​វា​ត្រូវ​យក​លុយ យើង​មិន​ឲ្យ​វា វា​ទុក​របស់​យើង​ចោល គេ​មិន​ហៅ​យើង យើង​សួរ​គេ​ថា ខ្វះ​នេះ​ខ្វះ​នោះ​អី​អ៊ីចឹង។ យក​លុយ​យើង​ហើយ​សម្ដី​អាក្រក់​ទៀត។ ខ្ញុំ​មើល​អំពើ​វា​ធ្វើ​វា​អាក្រក់​មើល​ដែរ ខ្ញុំ​ចង់​ឲ្យ​ប៉ូលិស​សម្រួល​ឥរិយាបថ​នេះ​ឡើង​វិញ កុំ​ឲ្យ​យក​លុយ​ខ្លាំង​ពេក ការងារ​រដ្ឋបាល​ត្រូវ​ជួយ​ប្រជាពលរដ្ឋ បែរ​ជា​ធ្វើ​បាប​ប្រជាពលរដ្ឋ​ទៅ​វិញ»
អនុ​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ លោក ឆាយ សាវុធ មាន​ប្រសាសន៍​ថា អង្គភាព​នេះ​មិន​អាច​ទប់​ស្កាត់​អំពើ​ពុករលួយ​ពាក់ព័ន្ធ​នឹង​ការ​យក​ប្រាក់​កម្រៃ​បន្ថែម​ខុស​ច្បាប់​នៅ​តាម​មូលដ្ឋាន​ភូមិ ឃុំ តែ​ម្នាក់​ឯង​បាន​នោះ​ទេ គឺ​ទាល់​តែ​មាន​កិច្ច​សហការ​ចូល​រួម​ទាំង​អស់​គ្នា ក្នុង​នោះ​មាន​ពលរដ្ឋ និង​សង្គម​ស៊ីវិល​ផង​ដែរ។
លោក ឆាយ សាវុធ៖ «តាម​រយៈ​សង្គម​ស៊ីវិល​មានNGO មាន​គណបក្ស​នយោបាយ​នានា ដើម្បី​ចូល​រួម​តាម​រយៈ​ការ​ចុះ MOU ជាមួយ​គ្នា ដើម្បី​ប្រមូល​កម្លាំង​ធនធាន​សហការ​គ្នា ផ្សព្វផ្សាយ​អប់រំ​បង្ការ និង​ទប់ស្កាត់​ការ​យក​ប្រាក់​កម្រៃ​មិន​ស្របច្បាប់​នៅ​តាម​ភូមិសាស្ត្រ​ភូមិ​ឃុំ»
គណបក្ស​សិទ្ធិ​មនុស្ស​ដែល​ទើប​នឹង​មាន​ឱកាស​ទទួល​បាន​តំណែង​ជា​មេ​ឃុំ ប្រមាណ ១៨ ជា​លើក​ដំបូង​នៅ​ក្នុង​អាណត្តិ​ទី​៣ នៃ​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់ នៅ​ឆ្នាំ​២០១២ នេះ បាន​ដាក់​ផែនការ​ឲ្យ​មេ​ឃុំ​របស់​ខ្លួន​ឲ្យ​ធ្វើ​ការ​បម្រើ​ប្រជាពលរដ្ឋ​ដោយ​សុទ្ធចិត្ត ហើយ​ត្រូវ​លុប​បំបាត់ និង​ត្រូវ​ជៀសវាង​កុំ​ប្រព្រឹត្ត​អំពើ​ពុករលួយ​នេះ​ឲ្យ​បាន។
លោក កឹម សុខា ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស​មាន​ប្រសាសន៍​ថា គោលការណ៍​របស់​គណបក្ស គឺ​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​តម្លាភាព គណនីយភាព ឬ​ភាព​ទទួល​ខុស​ត្រូវ ក្នុង​ការ​ដឹក​នាំ​ឃុំ ដោយ​ចាប់​ផ្តើម​ធ្វើ​លិខិត​ស្នាម​ជូន​ប្រជាពលរដ្ឋ​ឲ្យ​ទាន់​ពេល​វេលា និង​ត្រូវ​បិទ​តារាង​តម្លៃ​ក្នុង​ការ​ធ្វើ​លិខិត​ស្នាម​នីមួយៗ​ទៅ​តាម​ការ​កំណត់​ជាក់ស្ដែង ដោយ​មិន​គិត​ថ្លៃ​ទឹក​តែ ឬ​ទឹក​ប៊ិច​ក្រៅ​ផ្លូវការ​នោះ​ទេ។
លោក កឹម សុខា៖ «យ៉ាង​យូរ ៣​ខែ​ម្ដង យើង​ឲ្យ​មេ​ឃុំ​គណបក្ស​សិទ្ធិ​មនុស្ស​បើក​វេទិកា​សាធារណៈ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​សួរ​ដេញដោល​ពី​បញ្ហា​ណា​ដែល​មាន​ភាព​មិន​ប្រក្រតី​នៃ​អំពើ​ពុករលួយ​ជា​ដើម គឺ​យើង​បើក​ចំហ ដើម្បី​ឲ្យ​មាន​តម្លាភាព គនីយភាព ការ​ទទួល​ខុស​ត្រូវ។ ហើយ​គណបក្ស​សិទ្ធិ​មនុស្ស គឺ​យើង​ផ្ដើម​ចេញ​ពី ១៨​ឃុំ ដែល​យើង​ឈ្នះ​នេះ ខ្ញុំ​បាន​ជួប​ជាមួយ​មេ​ឃុំ​ទាំង​អស់​នោះ​ហើយ ហើយ​មេ​ឃុំ​ទាំង​អស់​នោះ បាន​ទទួល​គោលការណ៍​ពី​គណបក្ស ហើយ​ថា យើង​ធ្វើ​លិខិត​ស្នាម​ជូន​ប្រជាពលរដ្ឋ​ដាច់​ខាត​អត់​ឲ្យ​យក​កម្រៃ​ក្រៅ​ច្បាប់​កំណត់​ទេ»
អ្នកស្រី ម៉ម ស៊ីថា មាន​សង្ឃឹម​ខ្លះៗ​ទៅ​លើ​ការ​តាំង​ចិត្ត​អនុវត្ត​លើ​គោលនយោបាយ​របស់​គណបក្ស​សិទ្ធិ​មនុស្ស​នេះ ដោយសារ​គណបក្ស​នេះ​ត្រូវ​ការ​បង្ហាញ​ស្នាដៃ និង​សមត្ថភាព​ក្នុង​តួនាទី​ជា​មេ​ឃុំ​ជា​លើក​ដំបូង និង​ដើម្បី​ការ​ប្រកួត​ប្រជែង​នៅ​ពេល​ខាង​មុខ​ទៀត។
អ្នកស្រី ម៉ម ស៊ីថា៖ «អ៊ីចឹង​រាល់​ការ​ធ្វើ​សកម្មភាព​ទាំង​ឡាយ​ប្រាកដ​ជា​មាន​ការ​ភ័យ​ព្រួយ​ខ្លាច​មិន​ឯករាជ្យ មិន​ជិះ​សេះ​លែង​ដៃ​ដូច​សា​មុន​ទេ បើ​ធ្វើ​ដូច​សា​មុន នឹង​ធ្វើ​​ឲ្យ​បាត់បង់​ប្រជាប្រិយភាព អ៊ីចឹង​លក្ខណៈ​ប្រកួតប្រជែង​បែប​នេះ​យើង​គិត​ថា ជា​លក្ខណៈ​មួយ​ល្អ»
អំពើ​ពុករលួយ​នៅ​ថ្នាក់​មូលដ្ឋាន ឬ​ថ្នាក់​ណា​មួយ​ក៏ដោយ តិច​ឬ​ក៏​ច្រើន​បាន​ធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់ ជា​ពិសេស​ដល់​ជីវភាព​ប្រជាពលរដ្ឋ​ដែល​រក​ចំណូល​បាន​ទាប។ បន្ថែម​លើ​នេះ​ទៀត ការ​សូក​ប៉ាន់​តាម​រូបភាព​ណា​ក៏ដោយ គឺ​ធ្វើ​ឲ្យ​មាន​គំរូ​អាក្រក់​មួយ​ក្នុង​សង្គម ដូច​ជា​បង្ក​ឲ្យ​បក្ខពួក​និយម មាន​ភាព​អយុត្តិធម៌​ក្នុង​សង្គម​បាត់បង់​នូវ​សីលធម៌​ល្អ និង​ធ្វើ​ឲ្យ​ពលរដ្ឋ​ក្រីក្រ​ងើប​មិន​រួច​ជាដើម៕

No comments:

Post a Comment

yes