មេដឹកនាំគណបក្សប្រឆាំង មិនចាប់អារម្មណ៍ចំពោះសាលដីកាស្ថាពរ របស់សាលារាជធានីភ្នំពេញ លើសំណុំរឿងផ្សព្វផ្សាយផែនទីព្រំដែនកម្ពុជា-វៀតណាម ក្លែងក្លាយ ដែលតុលាការចោទប្រឆាំងលោក សម រង្ស៊ី នោះទេ ដែលសង្គមស៊ីវិលចាត់ទុកថា ជាករណីនយោបាយ។
ទោះបីសាលដីកាចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១១ របស់តុលាការសាលាដំបូងរាជធានីភ្នំពេញ បានចូលជាស្ថាពរនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១២ ដោយសារតែលោក សម រង្ស៊ី មិនប្ដឹងបន្តទៅតុលាការកំពូលក្តី ក៏ប៉ុន្តែលោក យឹម សុវណ្ណ មន្ត្រីនាំពាក្យគណបក្ស សម រង្ស៊ី មិនចាប់អារម្មណ៍ចំពោះសាលដីកាស្ថាពរនេះទេ។
លោក យឹម សុវណ្ណ បានឲ្យដឹងនៅថ្ងៃទី១៥ ខែមិថុនា ដោយចាត់ទុកបទចោទរបស់តុលាការដំបូងប្រឆាំងលោក សម រង្ស៊ី ថា ជារឿងនយោបាយ ហើយចោទថា តុលាការជាឈ្នាន់បក្សកាន់អំណាច។ លោកបានចោទតុលាការកម្ពុជាថា គ្រាន់តែជាអាយ៉ងបម្រើឲ្យគណបក្សកាន់អំណាច មិនផ្តល់យុត្តិធម៌សំរាប់ប្រជាពលរដ្ឋខ្មែរក្រីក្រនោះទេ។
លោក យឹម សុវណ្ណ៖ «យើងគ្មានជំនឿទៅលើតុលាការស្រុកខ្មែរ ដែលកាត់សេចក្តីយុត្តិធម៌ឲ្យជនរងគ្រោះនោះទេ។ តុលាការស្រុកខ្មែរ នរណាក៏ដឹងដែរ ឲ្យតែកាត់ក្តីរឿងនយោបាយ គឺគាត់ទទួលឥទ្ធិពលរបស់គណបក្សកាន់អំណាច។ បើគណបក្សកាន់អំណាចបញ្ជាឲ្យធ្វើយ៉ាងម៉េច ធ្វើយ៉ាងហ្នឹង។ អញ្ចឹងករណីឯកឧត្តម សម រង្ស៊ី យើងមិនអាចទៅដោះស្រាយតាមរយៈប្រព័ន្ធតុលាការកម្ពុជាបានទេ។ ដូច្នេះ រឿងប្រព័ន្ធតុលាការនេះ យើងមិនចាប់អារម្មណ៍ទេ ខាងគណបក្សកាន់អំណាច តុលាការបក្សកាន់អំណាច គេធ្វើយ៉ាងម៉េចក៏ធ្វើទៅ»។
លោក សុខ រឿន ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់លោក សម រង្ស៊ី ប្រធានគណបក្ស សម រង្ស៊ី ពីបទ ការក្លែងបន្លំអក្សរក្នុងឯកសារសាធារណៈ និងការផ្សាយព័ត៌មានមិនពិត និងបានបញ្ជូនសំណុំរឿងនេះឲ្យចៅក្រមស៊ើបសួរចាត់ការបន្តតាមនីតិវិធី។
កាលពីខែកុម្ភៈ ឆ្នាំ២០១០ តុលាការបានចោទលោក សម រង្ស៊ី ថា បានធ្វើអត្ថាធិប្បាយ និងបង្ហាញរូបភាពឯកសារក្លែងបន្លំ ដូចជា រូបថតផែនទីខ្សែបន្ទាត់ព្រំដែនកម្ពុជា និងវៀតណាម នាំឲ្យសាធារណៈជនយល់ច្រឡំ។
ឯកសារនេះ មានបង្ហាញពន្យល់ជាអក្សរ ជាលេខច្រើនទំព័រ និងបានផ្សព្វផ្សាយតាមប្រព័ន្ធអ៊ីនធឺណិត (Internet) ដែលតុលាការចោទថា មានគោលបំណងបំភ័ន្តមតិជាតិ និងអន្តរជាតិ ឲ្យយល់ខុសលើការងាររបស់គណៈកម្មការចម្រុះ ទទួលបន្ទុកកិច្ចការព្រំដែនកម្ពុជា-វៀតណាម ធ្វើឱ្យប៉ះពាល់ដល់ស្ថិរភាព និងសន្តិសុខជាតិ ឬជាចេតនាទុច្ចរិត ក្លែងបន្លំឯកសារសាធារណៈ ដោយប្រើប្រាស់ឯកសារក្លែងបន្លំ និងទម្លាក់កំហុសដោយអសុទ្ធចិត្ត ទៅរាជរដ្ឋាភិបាលកម្ពុជា។
សំណុំរឿងនេះ ត្រូវបានសាលាឧទ្ធរណ៍លើកយកមកជំនុំជម្រះ កាលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១១ ដែលកាលនោះ លោក សម រង្ស៊ី គ្មានមេធាវីការពារក្តីនោះទេ ប៉ុន្តែតុលាការបានចាត់តាំងលោក រាជ្យ ហុកសេង ជាមេធាវីការពារសិទ្ធិឲ្យលោក សម រង្ស៊ី។
បន្ទាប់ពីបានសួរនាំ និងអានឯកសារខ្លះ ពាក់ព័ន្ធសំណុំរឿងក្តី សាលាឧទ្ធរណ៍ ក៏បានសម្រេចតម្កល់សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ទុកជាបានការ ប៉ុន្តែបានកែប្រែការផ្ដន្ទាទោសពី ១០ឆ្នាំ មករយៈពេល ៧ឆ្នាំ និងពិន័យប្រាក់ចំនួន ៣លានរៀល ពីបទ ក្លែងបន្លំអក្សរក្នុងឯកសារសាធារណៈ និងបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ វិញ។
ទោះសាលាឧទ្ធរណ៍ បានប្រកាសសាលដីកា និងបើកសិទ្ធិឲ្យលោក សម រង្ស៊ី ប្ដឹងសារទុក្ខទៅកាន់តុលាការកំពូលតាមនីតិវិធីក្តី ក៏ប៉ុន្តែលោក សម រង្ស៊ី មិនបានចាត់ឲ្យមេធាវីប្ដឹងបន្តទៅតុលាការកំពូលទេ ព្រោះគ្មានជំនឿលើប្រព័ន្ធតុលាការ។
ករណីលោក សម រង្ស៊ី មិនប្ដឹងសារទុក្ខតាមនីតិវិធីនោះ សាលដីការបស់សាលាឧទ្ធរណ៍ ក៏បានចូលជាស្ថាពរ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១២។
ទោះយ៉ាងណា លោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគស្ថានការនយោបាយឯករាជ្យ បានចាត់ទុកករណីសំណុំរឿងក្តីលោក សម រង្ស៊ី ជារឿងនយោបាយ ដូច្នេះមិនត្រូវយកប្រព័ន្ធតុលាការមកដោះស្រាយនោះទេ។
លោកបណ្ឌិត ឡៅ ម៉ុងហៃ៖ «តាំងពីដើមមក រឿងពាក់ព័ន្ធនឹងគណបក្សនយោបាយ គឺស្អីក៏ដោយ ជម្លោះហ្នឹងមានទិដ្ឋភាពនយោបាយពាក់ព័ន្ធជានិច្ច។ ហើយគេមិនអាចបដិសេធទិដ្ឋភាពនយោបាយហ្នឹងទេ។ ករណីអត់មានដំណោះស្រាយទេខាងផ្លូវច្បាប់ មានតែដោះស្រាយខាងនយោបាយ»។
ករណី លោក សម រង្ស៊ី ក៏ត្រូវតុលាការសាលាដំបូង ខេត្តស្វាយរៀង ផ្ដន្ទាទោសកំបាំងមុខ ឲ្យជាប់ពន្ធនាគារ ២ឆ្នាំ ចោទពីបទ ដកតម្រុយបង្គោលព្រំដែនកម្ពុជា-វៀតណាម លេខ ១៨៥ នៅស្រុកចន្ទ្រា ខេត្តស្វាយរៀង។ ហើយថា សាលដីកាសំណុំរឿងនេះ បានចូលជាស្ថាពរ កាលពីខែមីនា ឆ្នាំ២០១១។
យ៉ាងណាក៏ដោយ មជ្ឈដ្ឋានជាតិ និងអន្តរជាតិមួយចំនួន បានចាត់ទុកករណីលោក សម រង្ស៊ី មេបក្សប្រឆាំង គ្រាន់តែជារឿងនយោបាយ។ ប៉ុន្តែមន្ត្រីរដ្ឋាភិបាល និងតុលាការ បានចាត់ទុកករណីលោក សម រង្ស៊ី ជាករណីរឿងព្រហ្មទណ្ឌ និងត្រូវផ្ដន្ទាទោសតាមច្បាប់៕
No comments:
Post a Comment
yes