សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, June 15, 2012

អាមេរិក​ជំរុញ​ឲ្យ​កម្ពុជា​បើក​ទូលាយ​ក្នុង​ការ​ចូល​រួម​បោះ​ឆ្នោត​សកល

សហរដ្ឋ​អាមេរិក​ប្រាថ្នា​ចង់​ឃើញ​ប្រទេស​កម្ពុជា រៀបចំ​ការ​បោះ​ឆ្នោត​សកល​ឆ្នាំ​២០១៣ ខាង​មុខ​​ប្រព្រឹត្ត​ទៅ​ដោយ​មាន​បរិយាកាស​នយោបាយ​សេរី ត្រឹម​ត្រូវ និង​មាន​ការ​ចូល​រួម​ពី​គ្រប់​ភាគី​ពាក់​ព័ន្ធ។

មន្ត្រី​ជាន់​ខ្ពស់​សហរដ្ឋ​អាមេរិក​ជំរុញ​ឲ្យ​រដ្ឋាភិបាល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បើក​ផ្លូវ​នយោបាយ​ឲ្យ​មាន​ការ​ចូល​រួម​ពី​គ្រប់​ដៃ​គូរ​ពាក់​ព័ន្ធ​ឲ្យ​​ស៊ី​ជម្រៅ​ ដើម្បី​ធានា​បាន​នូវ​ការ​បោះ​ឆ្នោត​មួយ​ដោយ​​សេរី ត្រឹម​ត្រូវ និង​យុត្តិ​ធម៌ ខណៈ​សហរដ្ឋ​អាមេរិក​ក៏​សន្ទនា​ផង​ដែរ ពី​លទ្ធ​ភាព​របស់​លោក សម រង្ស៊ី ក្នុង​ការ​វិល​ចូល​ឆាក​នយោ​បាយ​ឡើង​វិញ។
យោង​តាម​ការ​​ផ្សាយ​របស់​កាសែត​វ៉ាស៊ីនតោន ប៉ុស្តិ៍ (Washington Post) ដែល​វិទ្យុ​អាស៊ី​សេរី ទទួល​បាន​នៅ​ថ្ងៃ​ទី​១៤ ខែ​មិថុនា ឲ្យ​ដឹង​ថា សហរដ្ឋ​អាមេរិក​ចង់​ឃើញ​ការ​បោះ​ឆ្នោត​មួយ​ប្រកប​ដោយ​តម្លាភាព និង​យុត្តិធម៌​នៅ​កម្ពុជា តាម​រយៈ​ការ​ចូល​រួម​ដោយ​ជា​ចំហ​ពី​គ្រប់​ដៃគូ​ពាក់​ព័ន្ធ​នៅ​ក្នុង​​ការ​បោះ​ឆ្នោត​សកល​ឆ្នាំ​២០១៣ ខាង​មុខ។

វ៉ាស៊ីនតោន ប៉ុស្តិ៍ ឲ្យ​ដឹង​តាម​រយៈ​ការ​ស្រង់​សម្ដី​របស់​អ្នកស្រី វ៉ិចតូរៀ ណូឡែន (Victoria Nuland) អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ពុធ ទី​១៣ ខែ​មិថុនា ថា ក្នុង​កិច្ច​សន្ទនា​រវាង​លោក ហោ ណាំហុង និង​អ្នកស្រី ហ៊ីលឡារី គ្លិនតុន (Hillary Clinton) ភាគី​ទាំង​ពីរ​ក៏​ពិភាក្សា​ផង​ដែរ​ពី​ទិដ្ឋភាព​នៃ​ការ​ចូល​រួម​ដោយ​សេរី​ក្នុង​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣ និង​ជំរុញ​ឲ្យ​ដោះ​លែង​​ស្ត្រី​អ្នក​បឹង​កក់​ចំនួន ១៣​នាក់ ដែល​កំពុង​ជាប់​ឃុំ​ព្រោះ​តែ​តវ៉ា​ក្នុង​រឿង​ដី​ធ្លី ឲ្យ​មាន​សេរី​ឡើង​វិញ។
លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស សម រង្ស៊ី។ លោក​សាទរ​ចំ​ពោះ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​អ្នកស្រី​ ហ៊ីលឡារី គ្លិនតុន រដ្ឋមន្រ្តី​ការបរទេស​សហរដ្ឋ ដើម្បី​រក​ច្រក​ចេញ​សម្រាប់​លោក សម រង្ស៊ី អាច​វិល​ចូល​ឆាក​នយោបាយ​ឡើង​វិញ​នៅ​មុន​ការ​បោះ​ឆ្នោតជាតិ​២០១៣ និង​ស្វែង​រក​ដំណោះ​ស្រាយ​ចំពោះ​​បញ្ហា​ប្រឈម​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ក្នុង​ន័យ​នេះ លោក​បញ្ជាក់​ជំហរ​ថា ការ​បោះ​ឆ្នោត​ដោយ​ពុំ​មាន​វត្ត​មាន​មេ​ដឹក​នាំ​បក្ស​ប្រឆាំង​ចូល​រួម ចាត់​ទុក​ថា វា​ជា​ផ្នែក​មួយ​ពុំ​សេរី ត្រឹម​ត្រូវ និង​យុត្តិធម៌​នោះ​ទេ។
លោក​បន្ត​ថា៖ «ទាល់​តែ​មាន​វត្តមាន​ប្រ​ធាន​គណបក្ស​ដ៏​ធំ​បំ​ផុត​ក្នុង​ប្រទេស​កម្ពុជា ពេល​នោះ​បាន​ជា​​​អ្វីៗ​បាន​​ដោះ​ស្រាយ។ បើ​មិន​ដូច្នេះ​ទេ ខ្ញុំ​យល់​ឃើញ​ថា ប្រទេស​នេះ​ខិត​ទៅ​រក​របប​ផ្តាច់​ការ​សា​ជា​ថ្មី​ម្តង​ទៀត»
តែ​យ៉ាង​ណា​ក៏​ដោយ​សហរដ្ឋ​អាមេរិក ឲ្យ​ដឹង​ថា ការ​ផ្តល់​លទ្ធភាព​ដល់​លោក សម រង្ស៊ី អាច​វិល​ចូល​ឆាក​នយោបាយ​វិញ ដើម្បី​ចូល​រួម​បោះ​ឆ្នោត គឺ​ជា​ផ្នែក​មួយ​នៃ​ការ​ទទួល​ខុស​ត្រូវ​របស់​រដ្ឋាភិបាល​កម្ពុជា។
ទាក់​ទិន​បញ្ហា​នេះ លោក កុយ គួង អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស និង​សហ​ប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា បដិសេធ​ក្នុង​ការ​អធិប្បាយ​ជុំវិញ​ករណី​នេះ​។ លោក​មាន​ប្រសាសន៍​ថា នៅ​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​ជា​ផ្លូវ​ការ​ណា​មួយ​ស្តី​ពី​ជំនួប​រវាង​ភាគី​កម្ពុជា និង​សហរដ្ឋ​អាមេរិក​នៅ​ឡើយ​រហូត​មក​ដល់​ពេល​នេះ៖«ខ្ញុំ​អត់​ទាន់​ទទួល​បាន​ព័ត៌មាន​អំ​ពី​លទ្ធផល​នៃ​ការ​ពិភាក្សា​រវាង​ឯកឧត្តម​ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា ជាមួយ​នឹង​លោក​ជំទាវ ហ៊ីលឡារី គ្លិនតុន ទេ»
បើ​យ៉ាង​នេះ​ក្តី លោក ហង្ស ពុទ្ធា នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌ ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​ត្រឹម​ត្រូវ​នៅ​កម្ពុជា ឬ​ហៅ​កាត់​ថា និចហ្វិក។ លោក​គិត​ថា កិច្ច​ផ្តួច​ផ្តើម​ដែល​ធ្វើ​ឡើង​ដោយ​សហរដ្ឋ​អាមេរិក​នេះ ទំនង​អាច​ជា​ពន្លឺ​ថ្មី​មួយ​ទៀត​សម្រាប់​លោក សម រង្ស៊ី វិល​ចូល​ឆាក​នយោបាយ​ឡើង​វិញ​នៅ​មុន​ការ​ឆ្នោត​ខាង​មុខ។
លោក ហង្ស ពុទ្ធា៖ «ប្រហែល​ជា​អាច​ដែរ ពី​ព្រោះ​លើក​មុន​យើង​ឃើញ​ថា ពេល​ដែល​សកម្មជន អ៊ិនជីអូ (NGO) សកម្ម​ជន​សិទ្ធិ​មនុស្ស​ប៉ុន្មាន​នាក់​ត្រូវ​ចាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ ហើយ​ក្រោយ​មក​ឃើញ​នៅ​ពេល​ដែល​សម្ពោធ​ស្ថាន​ទូត​អា​មេរិក​ហ្នឹង រដ្ឋមន្រ្តី​ក្រសួង​ការបរទេស ពេល​ដែល​គាត់​មក​ដល់​​កម្ពុជា​ហ្នឹង យើង​​ឃើញ​ថា កិច្ច​អន្តរាគមន៍​នេះ​ត្រូវ​បាន​ដោះ​លែង​​សកម្មជន​សិទ្ធិ​មនុស្ស»
អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ចាត់​ទុក​ថា រដ្ឋាភិបាល​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ​ហាក់​ពុំ​បាន​ខ្វល់​ខ្វាយ​ចំ​ពោះ​បញ្ហា​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ​ទេ។ បញ្ហា​ទាំង​នេះ​សង្គម​​​ស៊ីវិល​រក​ឃើញ​ថា ក្នុង​ដំណាក់​កាល​ចុង​ក្រោយ​នេះ ពលរដ្ឋ​ត្រូវ​បាន​បាញ់​សម្លាប់ និង​ចាប់​ដាក់​ពន្ធនាគារ ព្រោះ​តែ​តវ៉ា​ប្រ​ឆាំង​នឹង​ការ​ឈូស​ឆាយ​លំនៅឋាន​ពី​សំណាក់​ក្រុមហ៊ុន​ដែល​ទទួល​បាន​សិទ្ធិ​វិនិយោគ​លើ​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល​ជាដើម៕

No comments:

Post a Comment

yes