អង្គការឃ្លាំមើលបរិស្ថាន គ្លបល វីនេស (Global Witness=GW) បានចេញរបាយការណ៍មួយបញ្ជាក់ថា ការសម្លាប់មនុស្សក្នុងជម្លោះដីធ្លី និងជម្លោះការពារព្រៃឈើ រួមទាំងបរិស្ថាននៅក្នុងប្រទេស ២៣ ក្នុងនោះមានកម្ពុជាផង កំពុងកើនឡើងគួរឲ្យព្រួយបារម្ភ។
"ការសម្លាប់កើនឡើង ខណៈដែលការប្រឈមនឹងជម្លោះដី និងធនធានព្រៃឈើកំពុងកើតឡើងខ្លាំង"៖ នេះគឺជាចំណងជើងរបាយការណ៍អង្គការឃ្លាំមើលបរិស្ថាន គ្លបល វីនេស ផ្សាយលើគេហទំព័ររបស់ខ្លួននៅថ្ងៃទី១៩ មិថុនា ឆ្នាំ២០១២។
របាយការណ៍នេះបានដកស្រង់ការស្ទាបស្ទង់មតិមួយបង្ហាញថា ចំនួនមនុស្សដែលគេសម្លាប់ក្នុងទំនាស់ដី និងព្រៃឈើនៅប្រទេស ២៣ មានចំនួន ៧១១នាក់ ចាប់ពីដើមឆ្នាំ២០១២ មក ក្នុងនោះមានប្រទេសកម្ពុជាដែរ។ ប្រៀបធៀបឆ្នាំ២០១១ មានមនុស្ស ១០៦នាក់ស្លាប់ក្នុងទំនាស់ទាំងពីរនេះ។ បើគិតជាមធ្យមភាគជាពេលវេលាវិញ គឺមនុស្សជាងម្នាក់ត្រូវបានគេសម្លាប់រៀងរាល់មួយសប្ដាហ៍ដោយកងកម្លាំងប្រដាប់អាវុធរបស់រដ្ឋាភិបាល និងសន្តិសុខក្រុមហ៊ុន។
ដោយឡែកនៅប្រទេសកម្ពុជាវិញ របាយការណ៍ដដែលសរសេរថា យ៉ាងហោចណាស់មានមនុស្ស ១១នាក់ត្រូវបានសម្លាប់ក្នុងទំនាស់ដីធ្លី និងទំនាស់ការពារធនធានព្រៃឈើដែលធ្វើឡើងទាក់ទងដោយកងកម្លាំងប្រដាប់អាវុធរបស់រដ្ឋាភិបាល និងក្រុមហ៊ុនដូចគ្នា។ របាយការណ៍ដដែលនោះបានលើកឈ្មោះជនរងគ្រោះខ្លះនៃការបាញ់សម្លាប់មនុស្សនៅប្រទេសកម្ពុជា មួយចំនួនដោយកងកម្លាំងរដ្ឋាភិបាល និងកងសន្តិសុខក្រុមហ៊ុន ដូចជាករណីបាញ់សម្លាប់ក្មេងស្រីអាយុ ១៤ឆ្នាំ នៅខេត្តក្រចេះ ក្នុងការបណ្ដាញចេញប្រជាពលរដ្ឋពីលំនៅឋាន និងករណីបាញ់សម្លាប់សកម្មជនការពារព្រៃឈើ លោក ឈុត វុទ្ធី នៅខេត្តកោះកុង កាលពីខែមេសា កន្លងទៅជាភស្តុតាង។ សារនេះត្រូវបានមន្ត្រីអង្គការការពារសិទ្ធិមនុស្សក្នុងស្រុកសាទរ។
លោក ចាន់ សុវ៉េត អនុប្រធានផ្នែកស៊ើបអង្កេតអង្គការអាដហុក (Adhoc) បន្ទរថា របាយការណ៍នេះគឺជាគ្រឿងម្យ៉ាងដែលអាចជំរុញឲ្យរដ្ឋាភិបាលកម្ពុជា ស៊ើបអង្កេតករណីប្រជាពលរដ្ឋ និងសកម្មជនព្រៃឈើដែលត្រូវបានគេបាញ់សម្លាប់កន្លងមក នៅពេលដែលពួកគេក្រោកឡើងតវ៉ាការពារការរំលោភយកដី និងការកាប់បំផ្លាញព្រៃឈើពីសំណាក់ក្រុមហ៊ុនឯកជន និងក្រុមឧកញ៉ាមួយចំនួនដែលមន្ត្រីរដ្ឋាភិបាលនៅពីក្រោយខ្នង។
លោក ចាន់ សុវ៉េត៖ «សកម្មភាពនៃការសម្លាប់អ្នកដែលការពារដីធ្លី ការពារព្រៃឈើហ្នឹង កន្លងមកយើងខ្ញុំទទួលបានព័ត៌មានតាមរយៈ គ្លបល វីនេស ព័ត៌មាននេះជារឿងត្រឹមត្រូវដែលគួរឆ្លុះបញ្ចាំងឲ្យរដ្ឋាភិបាលចេះពិនិត្យមើល និងកែតម្រូវរបស់ខ្លួន ហើយធ្វើការស៊ើបអង្កេតពាក់ព័ន្ធលើករណីពាក់ព័ន្ធការប្រហារជីវិតមនុស្សនេះ។ ឧទាហរណ៍នៅខេត្តក្រចេះ អ៊ីចឹង ខេត្តក្រចេះ គឺមិនមែនជារឿងមួយដែលយើងគិតថា វាមិនមែនឧប្បត្តិហេតុ នេះជារឿងទំនាស់ដី មិនមែនរឿងសង្គ្រាមទេ»។
ឆ្លើយតបទៅនឹងរបាយការណ៍នេះ លោក ផៃ ស៊ីផាន រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី ក្នុងនាមតំណាងឲ្យរដ្ឋាភិបាលកម្ពុជា មានប្រសាសន៍ថា តួលេខចំនួនប្រជាពលរដ្ឋស្លាប់នោះ គឺជាតួលេខចាស់ មិនឆ្លុះបញ្ចាំងអំពីបច្ចុប្បន្នភាពដែលរដ្ឋាភិបាលកម្ពុជា ខិតខំប្រឹងប្រែងលុបបំបាត់អំពើហិង្សាក្នុងជម្លោះដីធ្លី និងព្រៃឈើទេ។
លោកបន្តថា បច្ចុប្បន្ន នៅទូទាំងប្រទេសរដ្ឋាភិបាលទទួលបានជោគជ័យយ៉ាងសស្រាក់សស្រាំនៅគ្រប់ខេត្តក្រុង ក្នុងការលុបបំបាត់ការរំលោភយកដីរបស់ប្រជាពលរដ្ឋពីក្រុមហ៊ុនមួយចំនួន ដែលមិនគោរពតាមគោលការណ៍ណែនាំរបស់រដ្ឋាភិបាល។
នៅពេលសួរថា តើអ្នកដែលបាញ់ប្រហារប្រជាពលរដ្ឋក្នុងទំនាស់ដីកន្លងមក គឺជាកងកម្លាំងប្រដាប់អាវុធរបស់រដ្ឋាភិបាល ដូចរបាយការណ៍នោះចោទប្រកាន់មែន ឬយ៉ាងណា?
លោក ផៃ ស៊ីផាន ឆ្លើយថា នោះជាការទទួលខុសត្រូវរបស់បុគ្គលជាអ្នកប្រព្រឹត្ត មិនមែនកងប្រដាប់អាវុធរបស់រដ្ឋាភិបាលទេ៖ «នៅក្នុងសាច់រឿងហ្នឹងយើងបានបែងចែក ពីព្រោះគោលការណ៍រដ្ឋាភិបាល និងអ្នកដែលប្រព្រឹត្តអំពើខុស ដូច្នេះមិនមែនអ្នកប្រព្រឹត្តអំពើខុសហ្នឹង តំណាងនៃរាជរដ្ឋាភិបាល គឺមិនមែនទេ។ រាជរដ្ឋាភិបាលធ្វើការគ្រប់គ្រាន់ការពារប្រជាពលរដ្ឋ។ ឥឡូវនេះយើងដោះស្រាយដីធ្លី ជីវភាពរបស់គាត់ជាបណ្ដើរៗ កន្លែងមួយចំនួនធំបានដោះស្រាយអស់។ តាមខេត្តទាំងអស់យើងឃើញសស្រាក់សស្រាំតាមគោលនយោបាយថ្មីរបស់រាជរដ្ឋាភិបាល ផ្អាករាល់ការរំលោភ ឬការមិនយកចិត្តទុកដាក់ខ្ពស់របស់ក្រុមហ៊ុនដែលរាជរដ្ឋាភិបាលបានផ្ដល់ដីសម្បទានឲ្យហ្នឹង គឺមិនឲ្យប៉ះពាល់ជាដាច់ខាត។ បើចំពោះដែលយើងកំពុងនិយាយសព្វថ្ងៃហ្នឹង អាវិបត្តិនៃការរំលោភដូចជាបានដោះស្រាយជាជំហានៗធំទៅទៀតនៅពេលក្រោយ»។
ទន្ទឹមនឹងនេះ អង្គការឃ្លាំមើលបរិស្ថាន គ្លបល វីនេស បានសរសេរថា រដ្ឋាភិបាលកម្ពុជា មានប្រវត្តិពុករលួយក្នុងការរឹបអូសយកដី និងបណ្ដេញប្រជាពលរដ្ឋពីលំនៅឋាន គួរតែឈប់បញ្ជូនកងកម្លាំងប្រដាប់អាវុធជាតិ ដែលកាន់អាវុធទៅការពារផលប្រយោជន៍ឲ្យក្រុមហ៊ុនឯកជនដែលមានទំនាស់ដី និងធនធានព្រៃឈើដែលមានទំនាស់ជាមួយប្រជាពលរដ្ឋ ឬឈប់បញ្ជូនកងកម្លាំងដែលកាន់អាវុធទៅបង្ក្រាបប្រជាពលរដ្ឋនៅពេលតវ៉ាទំនាស់ដី និងព្រៃឈើបន្តទៅទៀត៕
No comments:
Post a Comment
yes