សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, July 3, 2012

មេឃុំ-ចៅសង្កាត់​អាណត្តិ​ទី​៣ ចាប់​ផ្ដើម​ចូល​ធ្វើ​ការ


ក្រសួង​មហាផ្ទៃ​ចាប់​ផ្ដើម​ប្រកាស​សុពលភាព​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ អាណត្តិ​ទី​៣ នៅ​ទូទាំង​ប្រទេស ដែល​នឹង​ចូល​កាន់​តំណែង​ជា​បណ្ដើរៗ ហើយ​ការ​ប្រកាស​សុពលភាព​នេះ​ធ្វើ​ឡើង​តាម​ឃុំ-សង្កាត់​និមួយៗ។
RFA/Ouk Savborey
ទិដ្ឋភាព​អ្នក​ទៅ​បោះ​ឆ្នោត​នា​ការិយាល័យ​បោះ​ឆ្នោត​សង្កាត់​វត្ត​ភ្នំ ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៣ ខែ​​មិថុនា ឆ្នាំ​២០១២។
លោក ខៀវ សុភ័គ មន្ត្រី​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៣ ខែ​កក្កដា ថា​មេឃុំ-ចៅសង្កាត់ ឬ​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ អាណត្តិ​ទី​៣ បាន​ចាប់​ផ្ដើម​ប្រកាស​សុពលភាព នៅ​ទូទាំង​ប្រទេស ចាប់​ពី​ខែ​កក្កដា នេះ​តទៅ។
ពិធី​ប្រកាស​ចូល​កាន់​តំណែង​មេឃុំ-ចៅសង្កាត់ ធ្វើ​ឡើង​តាម​ឃុំ-សង្កាត់​និមួយៗ និង​មាន​ប្រធាន​ក្រុម​ប្រឹក្សា​អភិបាល និង​អភិបាល​រង​រាជធានី ខេត្ត ជា​អធិបតី។
ការ​បោះឆ្នោត​ឃុំ-សង្កាត់ អាណត្តិ​ទី​៣ ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​៣ ខែ​មិថុនា ឆ្នាំ​២០១២ មាន​គណបក្ស​ចំនួន ១០ ចូល​រួម​ប្រកួត​ដណ្ដើម​អាសនៈ​ឃុំ-សង្កាត់ សរុប​ចំនួន ១១.៤៥៩​រូប ក្នុង​ឃុំ-សង្កាត់​សរុប ១.៦៣៣​ឃុំ-សង្កាត់ ទូទាំង​​​​ប្រទេស។ មាន​គណបក្ស ៧ ទទួល​បាន​អាសនៈ​នៅ​ឃុំ-សង្កាត់ ក្នុង​អាណត្តិ​ទី​៣ នេះ។

ការ​ប្រកាស​សុពលភាព​នេះ សម្រាប់​តែ​គណបក្ស​ឈ្នះ​តំណែង​ជា​មេឃុំ-ចៅសង្កាត់។ ទន្ទឹម​គ្នា​នេះ​ដែរ គណបក្ស​ប្រឆាំង បាន​ប្ដេជ្ញា​ថា មេឃុំ ចៅសង្កាត់ ដែល​ចេញ​ពី​បក្ស​របស់​ខ្លួន​នោះ​នឹង​បម្រើ​ពលរដ្ឋ​ឲ្យ​អស់​លទ្ធភាព។
លោក កឹម សុខា ប្រធាន​គណបក្ស សិទ្ធិ​មនុស្ស មាន​ប្រសាសន៍​ថា មេឃុំ​ជាប់​ឆ្នោត​បក្ស​របស់​ខ្លួន បាន​ត្រៀម​លក្ខណៈ​បម្រើ​ពលរដ្ឋ ដោយ​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់។
លោក​បន្ត​ថា មេឃុំ​បក្ស សិទ្ធិ​មនុស្ស មិន​ទទួល​សំណូក​ពី​ពលរដ្ឋ រាល់​ការ​ធ្វើ​លិខិត​ស្នាម ឬ​ក៏​ពលរដ្ឋ​ស្នើ​ឲ្យ​ជួយ​ធ្វើ​កិច្ចការ​អ្វី​មួយ​នោះ​ទេ។
ចំណែក លោក យឹម សុវណ្ណ មន្ត្រី​នាំ​ពាក្យ​គណបក្ស សម រង្ស៊ី បាន​ឲ្យ​ដឹង​ដែរ​ថា មេឃុំ​បក្ស​ខ្លួន​បាន​ត្រៀម​បម្រើ​ពលរដ្ឋ មិន​ឲ្យ​ខុស​កិច្ចសន្យា​មុន​យុទ្ធនាការ​បោះ​ឆ្នោត​នោះ​ទេ។
មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ ក៏​បាន​អះអាង​ពី​ភាព​ស្អាតស្អំ របស់​មេឃុំ​បក្ស​ខ្លួន ដើម្បី​បម្រើ​សេចក្តី​ត្រូវ​ការ​របស់​ពលរដ្ឋ មិន​យក​កម្រៃ​នោះ​ទេ។
លោក ទេព នីថា អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត គ.ជ.ប បាន​ឲ្យ​ដឹង​ថា តាម​ច្បាប់​ការ​ប្រកាស​សុពលភាព​មេឃុំ-ចៅសង្កាត់ ឬ​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ អាណត្តិ​ទី​៣ ចាប់​ផ្ដើម​ក្នុង​រយៈពេល ពីរ​សប្ដាហ៍ ក្រោយ​ថ្ងៃ​ប្រកាស​លទ្ធផល​ផ្លូវ​ការ។
លោក​ថា ការ​ប្រកាស​សុពលភាព​នេះ ក្រសួង​មហាផ្ទៃ​ជា​អ្នក​ទទួល​ខុស​ត្រូវ។ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត បាន​ប្រកាស​លទ្ធផល​ផ្លូវ​ការ នៃ​ការ​បោះ​ឆ្នោត​ឃុំ-សង្កាត់ អាណត្តិ​ទី​៣ នៅ​ថ្ងៃ​ទី​២៤ ខែ​មិថុនា ឆ្នាំ​២០១២។
លទ្ធផល​បង្ហាញ​ថា គណបក្ស​ប្រជាជន​កម្ពុជា ទទួល​បាន ៨.២៩២​អាសនៈ ឈ្នះ​តំណែង​ជា​មេឃុំ-ចៅ​សង្កាត់ ចំនួន ១.៥៩២​ឃុំ-សង្កាត់។
គណបក្ស សម រង្ស៊ី ទទួល​បាន ២.១៥៥​អាសនៈ ឈ្នះ​តំណែង​មេឃុំ-ចៅសង្កាត់ ចំនួន ២២​ឃុំ-សង្កាត់។
គណបក្ស សិទ្ធិ​មនុស្ស ទទួល​បាន​ចំនួន ៨០០​អាសនៈ ឈ្នះ​តំណែង​ជា​មេឃុំ​ចំនួន ១៨​ឃុំ។
គណបក្ស​ហ៊្វុនស៊ិនប៉ិច ទទួល​បាន ១៥១​អាសនៈ ឈ្នះ​មេឃុំ​ចំនួន​១។
គណបក្ស នរោត្តម រណឫទ្ធិ ទទួល​បាន ៥២​អាសនៈ។
គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ទទួល​បាន ៨​អាសនៈ និង​គណបក្ស​សញ្ជាតិ​កម្ពុជា ទទួល​បាន ១​អាសនៈ៕

No comments:

Post a Comment

yes