សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, July 3, 2012

សិស្ស​វិទ្យាល័យ ហ៊ុន សែន ពាមជីកង ចោទ​នាយក​ជំរិត​ទារ​ប្រាក់​ប្ដូរ​នឹង​ពិន្ទុ


សិស្សានុសិស្ស និង​អាណាព្យាបាល​សិស្ស​នៅ​ស្រុក​កងមាស ខេត្ត​កំពង់ចាម បាន​បញ្ចេញ​ប្រតិកម្ម​ចំពោះ​នាយក​វិទ្យាល័យ ហ៊ុន សែន ពាមជីកង ថា លោក​នាយក​បាន​ប្រកាស​ឲ្យ​សិស្ស​ថ្នាក់​ទី​១២ ទាំង​អស់ ឲ្យ​បង់​លុយ​ក្នុង​ម្នាក់ៗ​ជាង​១០​ម៉ឺន​រៀល​ជូន​គាត់ ជា​ថ្នូរ​នឹង​ការ​បន្ថែម​ពិន្ទុ​ជូន។
យុវ​សិស្ស​ថ្នាក់​ទី​១២ មួយ​រូប សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៣ កក្កដា ថា កាល​ពី​ចុង​ខែ​មិថុនា កន្លង​ទៅ នៅ​មុន​ពេល​ប្រលង​ឆមាស​លើក​ទី​២ នាយក​សាលា​ឈ្មោះ តូច វុទ្ធី និង​នាយក​រង​ឈ្មោះ ស៊ាន សុផល បាន​ប្រាប់​សិស្ស​ថ្នាក់​ទី​១២ ថា បើ​អ្នក​ណា ហើយ​ចង់​បាន​ពិន្ទុ​ខ្ពស់ ត្រូវ​បង់​លុយ​ជូន​នាយក​ចន្លោះ ១០​ម៉ឺន ទៅ ១២​ម៉ឺន​រៀល គាត់​នឹង​ឲ្យ​គ្រូ​កំណែ​បន្ថែម​ពិន្ទុ​ជូន​ឲ្យ​បាន​ច្រើន ដើម្បី​យក​ពិន្ទុ​ទាំង​នោះ ទៅ​បូក​នឹង​ពិន្ទុ​ប្រលង​ថ្នាក់​ជាតិ នៅ​ពេល​ខាង​មុខ។
យុវ​សិស្ស​រូប​នេះ បាន​បញ្ជាក់​ថា លោក​មិន​បាន​បង់​លុយ​ឲ្យ​នាយក​ទេ ពីព្រោះ​ថា លោក​ខំ​រៀន​តាម​សមត្ថភាព​ជាក់​ស្ដែង ពិសេស​ទៅ​ទៀត​នោះ លោក​ជា​កូន​កសិករ​គ្មាន​លុយ​យក​ទៅ​សូក​លោក​នាយក​ដូច្នេះ​ទេ៖ «នាយក​ហ្នឹង​គាត់​ដើរ​ប្រមូល​លុយ ហើយ​ប្រកាស​ប្រាប់​ថា គាត់​យក​ទៅ​ឲ្យ​គ្រូ​តាម​មុខ​វិជ្ជា ដូច​ជា​មុខ​វិជ្ជា​គណិត ជាដើម តាម​ពិត​គាត់​ខ្លួន​គាត់​ទេ»

អាណាព្យាបាល​សិស្ស​នៅ​ស្រុក​កងមាស បាន​និយាយ​ថា នាយក​វិទ្យាល័យ ហ៊ុន សែន ពាមជីកង ធ្វើ​ដូច្នេះ ជា​ការ​ធ្វើ​ឲ្យ​បាក់​ទឹក​ចិត្ត ចំពោះ​សិស្ស​ដែល​ខំ​រៀន។ ម្យ៉ាង​ទៀត ក៏​ជា​សារ​មួយ​ដល់​សិស្ស​គេច​សាលា ដែល​ពួក​គេ​មិន​ចាំបាច់​ខំ​ប្រឹង​រៀន ចាំ​តែ​យក​លុយ​ទៅ​សូក​គ្រូ​នាយក គេ​នឹង​បាន​ពិន្ទុ​ខ្ពស់​ជាង​អ្នក​ទៅ​រៀន​ជាប់​រាល់​ថ្ងៃ​ទៅ​ទៀត៖ «វា​អាច​ឲ្យ​សិស្ស​បាក់​ទឹក​ចិត្ត ឬ​មាតាបិតា​ហ្នឹង បាក់​ទឹក​ចិត្ត អាច​ថា រៀន​ធ្វើ​អី​គេ​យក​លុយ​អីចឹង ហើយ​អនាគត​ហ្នឹង​ធ្វើ​អ្វី? ម្យ៉ាង​ទៀត ជា​ការ​បណ្ដុះ​គំនិត​ក្មេង​ជំនាន់​ក្រោយ​ចេញ​ពី​សាលា​ទៅ ធ្វើ​ការ​មាន​គំនិត​ពុក​រលួយ​បាត់​ហើយ»
នាយក​វិទ្យាល័យ ហ៊ុន សែន ពាមជីកង លោក តូច វុទ្ធី បាន​បដិសេធ ដោយ​លោក​ឆ្លើយ​យ៉ាង​ខ្លី​ថា លោក​មិន​បាន​ដឹង​អំពី​ករណី​នេះ​ទេ។
ទោះ​បី​ជា​យ៉ាង​នេះ​ក៏​ដោយ អនុប្រធាន​មន្ទីរ​អប់រំ​យុវជន និង​កីឡា ខេត្ត​កំពង់ចាម លោក អ៊ិន ពៅសម្បត្តិ មាន​ប្រសាសន៍​ថា ប្រសិន​បើ​នាយក​សាលា ហ៊ុន សែន ពាមជីកង បាន​ប្រព្រឹត្តិ​តាម​ការ​ចោទ​ប្រកាន់​របស់​សិស្ស​មែន​នោះ ជា​រឿង​ខុស​ច្បាប់។ លោក អ៊ិន ពៅសម្បត្តិ អះ​អាង​ថា លោក​នឹង​ចុះ​ធ្វើ​ការ​ស៊ើប​អង្កេត​លើ​ករណី​នេះ៖ «វា​មិន​ប្រក្រតី ការ​ធ្វើ​ដូច្នេះ មិន​ត្រូវ​តាម​សេចក្ដី​ណែនាំ​របស់​ក្រសួង​អប់រំ​ទេ»
លិខិត​ចំនួន​ពីរ​ច្បាប់​ដែល​វិទ្យុ​អាស៊ី​សេរី​ទទួល​បាន​ពី​សិស្សានុសិស្ស នៅ​វិទ្យាល័យ ហ៊ុន សែន ពាមជីកង មាន​ខ្លឹម​សារ​ដូច​គ្នា​ថា នាយក​សាលា​ឈ្មោះ តូច វុទ្ធី នាយក​រង​ឈ្មោះ ស៊ាន សុផល ទទួល​បន្ទុក​ការ​សិក្សា និង​លោក អ៊ុង ណារ៉េត ជា​នាយក​រង​ផ្នែក​សណ្ដាប់​ធ្នាប់ បាន​ដើរ​ប្រមូល​លុយ​ពី​សិស្ស​ចំនួន ១០ ទៅ ១២​ម៉ឺន​រៀល ក្នុង​មួយ​នាក់ ដោយ​សន្យា​ថា គេ​នឹង​ឲ្យ​គ្រូ​កំណែ​ផ្ដល់​ពិន្ទុ​ច្រើន​ដល់​សិស្ស ដែល​ឲ្យ​លុយ​នោះ ចាប់​ពី ៣៨​ពិន្ទុ ឬ​៤០​ពិន្ទុ ឡើង​ទៅ សម្រាប់​ដល់​ពេល​ប្រលង​ថ្នាក់​ជាតិ សិស្ស​ទាំង​នោះ​នឹង​ឈាន​ទៅ​បាន​និទ្ទេស​ល្អ ដើម្បី​ទទួល​បាន​អាហារូបករណ៍​សិក្សា​នៅ​ថ្នាក់​ឧត្តម​សិក្សា។
លិខិត​ដដែល​បាន​សរសេរ​ថា បច្ចុប្បន្ន​នេះ​សិស្ស​ភាគ​ច្រើន​គេច​សាលា បន្ទាប់​ពី​ពួក​គេ​បាន​ឲ្យ​លុយ​ទៅ​នាយក​សាលា​រួច​នោះ។ សិស្ស​ថ្នាក់​ទី​១២ នៅ​វិទ្យាល័យ ហ៊ុន សែន ពាមជីកង មាន​ចំនួន ៥​ថ្នាក់ ដែល​ថ្នាក់​និមួយៗ​មាន​សិស្ស​ប្រមាណ​៥០​នាក់។
របាយការណ៍​របស់​មន្ទីរ​អប់រំ​យុវជន និង​កីឡា ខេត្ត​កំពង់ចាម បាន​សរសេរ​ថា សិស្សានុសិស្ស​ថ្នាក់​ទី​១២ នៅ​ទូទាំង​ប្រទេស ពួក​គេ​នឹង​ត្រូវ​ប្រលង​សញ្ញាប័ត្រ​មធ្យម​សិក្សា​ទុតិយភូមិ នៅ​ថ្ងៃ​ទី​៦ ខែ​សីហា ឆ្នាំ​២០១២។ ដោយ​ឡែក​សិស្ស​ថ្នាក់​ទី​១២ នៅ​ខេត្ត​កំពង់ចាម មាន ៩.៨០០​នាក់ ក្នុង​នោះ​ក៏​មាន​សិស្ស​ស្វ័យរិន និង​សិស្ស​បំពេញ​វិជ្ជា​ដែរ៕

No comments:

Post a Comment

yes