សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, July 18, 2012

កិច្ច​ប្រជុំ​អា​ស៊ាន​ក្លាយ​ជា​សង្វៀន​ដណ្តើម​អំណាច​តំបន់

120718_02
រដ្ឋ​មន្ត្រី​ការ​បរទេស​ចិន​លោក​ Yang Jiechi ថ្លែង​នៅ​ក្នុង​កិច្ច​ប្រជុំ​អា​ស៊ាន​
នៅ​រាជ​​ធានី​ភ្នំ​ពេញ កាល​ពី​សប្តាហ៍​មុន​
វា​មិន​មែន​ជា​រឿង​ភ្ញាក់​ផ្អើល​នោះ​ទេ ដែល​រដ្ឋ​មន្រ្តី​ការ​បរទេស និង​ប្រមុខ​រដ្ឋ​អាស៊ាន មិន​អាច​ឈាន​ដល់​ការ​ព្រម​ព្រៀង​ស្តីពី​វិវាទ​បូរណ​ភាព​ទឹក​ដី នៅ​សមុទ្រ​ចិន​ខាង​ត្បូង នៅ​ក្នុង​កិច្ច​ប្រជុំ នៅ​រាជ​ធានីភ្នំពេញ។
ការ​មិន​អាច​ប្រកាន់​យក​ជំហរ​មួយ គឺ​ជា​ការ​បញ្ជាក់​ជាថ្មី​ម្តង​ទៀត ពី​តម្លៃ​ជា​ស្នូល​របស់​អាស៊ាន គឺ​ការ​មិន​ជ្រៀត​ជ្រែក​។ នេះ​ជា​គោល​នយោបាយ ​ដែល​បណ្តាល​ឲ្យ​មាន​ការ​រិះ​គន់ ពី​សហគមន៍​អន្តរ​ជាតិ​ជា​ច្រើន​ឆ្នាំមក​ហើយ មកដល់​អាស៊ាន ទាក់​ទង​នឹង​ភាព​ស្ទាក់​ស្ទើរ​របស់​អាស៊ាន ​ក្នុង​ការ​​ដោះ​ស្រាយ​បញ្ហា​រំលោភ​សិទិ្ធ មនុស្ស ក្នុង​បណ្តា​រដ្ឋសមាជិក​អាស៊ាន ជា​ពិសេស​នៅ​ប្រទេស​មីយ៉ាន់ម៉ា។
ប៉ុន្តែ​មាន​កត្តា​មួយ​ទៀត​ ដែលប្រហែល​ជា​សំខាន់​ជាង​នេះ ដែល​ជំរុញ​ឲ្យ​គ្មាន​សកម្មភាព ក្នុង​កិច្ច​ប្រជុំ​អា​ស៊ាន នៅ​រាជ​ធានី​ភ្នំពេញ។ កិច្ច​ប្រជុំ​ក្លាយ​ជា​សង្វៀន នៃ​ការ​តស៊ូ​ដណ្តើម​អំណាច​ថ្នាក់​តំបន់ រវាង​មហា​អំណាច​ទាំង​ពីរ គឺ​ចិន និង​សហ​រដ្ឋ​អាមេរិក ហើយ​មេដឹកនាំ​អាស៊ាន ប្រហែល​ជា​ដឹង​ថា មិន​គួរ​បង្ហាញ​ពី​ការ​ប្រកាន់​ជំហរ​នោះ​ឡើយ។

ទាំង​ចិន និង​សហរដ្ឋ​អាមេរិក​បាន​បញ្ជូន​ប្រតិភូ​ថ្នាក់​ខ្ពស់​មក​ចូល​រួម វេទិកា​ប្រជុំ​។ ក្រុម​ប្រតិភូ​សហរដ្ឋ​អាមេរិក ត្រូវ​បាន​ដឹក​នាំ​ដោយ​លោក​ស្រី ហ៊ីឡារី គ្លីនតុន រដ្ឋ​មន្ត្រី​ការ​បរទេស​។ លោក​ស្រី​បាន​ជួប​រដ្ឋ​មន្រ្តី​ការ​បរទេស ​ក្នុង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​បញ្ចុះ​បញ្ចូល​ពួកគេ ឲ្យ​ផ្ញើ​សារ​ច្បាស់​លាស់​មួយ​ ប្រាប់​ចិនឲ្យ​ដឹង​ថា អាស៊ាន​ច្រាន​ចោល​ការ​ទាម​ទារ​បូរណភាព​លើ​ផ្ទៃ​សមុទ្រ ដែល​កាន់​តែ​ខ្លាំង​ក្លា​ឡើង​របស់​ចិន​ ប៉ុន្តែ​ចុង​បញ្ចប់​ លោក​ស្រី​បែរ​ជា​ខក​ចិត្ត​។ ​ក្រៅ​ពី​​ហ្វីលីពីន និង​វៀត​ណាម ដែល​កំពុង​បន្ត​មាន​វិវាទ​ផ្ទៃ​សមុទ្រ​ជាមួយ​នឹង​ចិន ប្រទេស​ឥណ្ឌូនេស៊ី និង​សិង្ហបុរី​គាំទ្រ​សេចក្តីថ្លែង​ការណ៍ ដែល​ឆ្លុះ​បញ្ចាំង​នូវ​ជំហរ​សម្រុះ​សម្រួល ​ដែល​ពុំ​មាន​លក្ខណៈ​អរិភាព​ ប៉ុន្តែ​ប្រទេស​ដទៃ​ទៀត​នៃ​អាស៊ាន ពុំ​បាន​សម្រេច​ចិត្ត​ច្បាស់​លាស់​នោះ​ទេ។ សំខាន់​ទៅ​ទៀតនោះ គឺ​លោក ហោ ណាំហុង រដ្ឋ​មន្រ្តី​ការ​បរទេស​នៃ​ប្រទេស​ម្ចាស់​ផ្ទះ បាន​បដិសេធ​មិន​ធ្វើ​តាម​ការ​សម្រុះ​សម្រួល​នោះ​ទេ ដោយ​លោក​បាន​មាន​ប្រសាសន៍​ថា វា​គឺជា​«​គោល​ការណ៍»​សម្រាប់​អាស៊ាន ដែល​មិន​ត្រូវ​ប្រកាន់​ជំហរ​ណា​មួយ​ឡើយ​ក្នុង​វិវាទ​ទ្វេ​ភាគី។
កាសែត New York Times បាន​ស្រង់​សម្តី​អ្នក​ការ​ទូត​ម្នាក់ នៅ​កិច្ច​ប្រជុំ​កំពូល ដែល​ស្នើសុំ​មិន​បញ្ចេញ​ឈ្មោះ ដោយ​និយាយ​ថា៖ «​ចិន​បាន​ទិញ​ប្រធាន គឺ​សាមញ្ញ​បំផុត»។ លោក​បាន​សំដៅ​លើ​ឥទិ្ធពល​សេដ្ឋ​កិច្ច និង​នយោ​បាយ​រឹង​មាំ​របស់​ចិន ក្នុង​ប្រទេស​កម្ពុជា ដែល​ចិន​បច្ចុប្បន្ន កំពុង​ឧបត្ថម្ភ​ដល់​ការ​រីក​ចម្រើន​ខាង​ការ​សាង​សង់​។ អ្នក​ការ​ទូត​ម្នាក់​នោះ​បាន​ចង្អុល​បង្ហាញ ពី​អត្ថបទ​មួយ កាលពី​ថ្ងៃព្រហស្បតិ៍ ដោយ​សារ​ព័ត៌​មានរដ្ឋ​ចិន​ឈ្មោះថា Xinhua ដែល​ក្នុង​អត្ថ​បទ​នោះ លោក Yang Jiechi រដ្ឋ​មន្រ្តី​ការ​បរទេស​ចិន ត្រូវ​បាន​ស្រង់​សម្តី​ថា បាន​ថ្លែង​អំណរ​គុណ​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន ដែល​បាន​គាំទ្រ​ផល​ប្រយោជន៍​ស្នូល​របស់​ចិន។
ប្រទេសចិន ចង់​ដោះ​ស្រាយ​ជាមួយ​នឹង​ប្រទេស​នីមួយៗ ដែល​ពាក់​ព័ន្ធ​នឹង​វិវាទ​សមុទ្រ​ចិន​ខាង​ត្បូង ហើយ​ជឿ​ជាក់​ថា សហរដ្ឋ​អាមេរិក កំពុង​ជ្រៀត​ជ្រែក​ក្នុង​តំបន់ ហើយ​ពុំ​មាន​កិច្ច​ការ​អ្វី​ត្រូវ​លើក​ទឹក​ចិត្ត​អាស៊ាន ឲ្យ​ប្រកាន់​ជំហរ​នោះ​ទេ ដែល​នឹង​ធ្វើ​ឲ្យ​ចិន មាន​អំណាច​ចរ​ចា​ចុះ​ខ្សោយ។ កាល​ពី​ថ្ងៃ​ទី ២១ ខែ​មិថុនា ​សភា​វៀតណាម បាន​អនុម័ត​ច្បាប់​សមុទ្រ​ដែល​អះអាង​ជា​ថ្មី នូវ​ការ​ទាម​ទារ​របស់​ប្រទេស​វៀត​ណាម ចំពោះកោះ Spratly និងកោះ Paracel ដែល​ចិន​ហៅ​ថា ជា​ការ​រំលោភ​បំពាន​ធ្ងន់​ធ្ងរ លើ​អធិបតេយ្យ​ភាព​របស់​ចិន។
ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ លោក​ស្រី គ្លីនតុន បាន​ផ្តល់​មូល​ហេតុ ពី​ការ​ជាប់​ពាក់​ព័ន្ធ​របស់​សហរដ្ឋ​អាមេរិក ក្នុង​វិវាទ​សមុទ្រ​ចិន​ខាង​ត្បូងថា៖ «​គ្មាន​ប្រជា​ជាតិ​ណាមួយ មិន​ព្រួយ​បារម្ភ ពី​ការ​កើន​ឡើង​នៃ​ភាព​តាន​តឹង ដែល​ជា​ការ​ប្រើ​សម្តី​អរិភាព និង​ខ្វែង​គំនិត​គ្នា លើ​ការ​ទាញ​យក​ធន​ធាន​នោះ​ឡើយ​»។
លោក​ស្រី គ្លីនតុន ធ្វើ​ត្រឹម​ត្រូវ​ក្នុង​ការ​រិះ​គន់​ពី​ភាព​តាន​តឹង ដែល​កើន​ឡើង​ដោយ​សារ​ការ​ទាម​ទារ​សិទិ្ធ​ផ្ទៃ​សមុទ្រ​យ៉ាង​តឹង​រ៉ឹង ពី​សំណាក់​ចិន​។ ព្រឹតិ្ត​ការណ៍​ធ្ងន់​ធ្ងរ​បំផុត​នោះ​ គឺ​ពាក់​ព័ន្ធ​នឹង​ការ​ប្រឈម​ដាក់​គ្នា រវាង​នាវា​ហ្វីលីពិន និង​ចិន លើ​កោះ​តូច​មួយ ហៅ​ថា Scarborough Shoal នៅ​សមុទ្រ​ចិន​ខាង​ត្បូង​។ ការ​ប្រឈម​ដាក់​គ្នា​នោះ​បន្ត​ ២ ខែ​ ហើយ​ជា​ច្រើន​លើក​ច្រើន​សារ ប្រទេស​ចិន​បាន​ត្រៀម​ជា​ស្រេច ក្នុង​ការ​បង្ហាញ​កម្លាំង តែ​ក្រោយ​មក​ភាគី​ទាំ​ង​ពីរ​បាន​ដក​ខ្លួន​ចេញ​។
ប៉ុន្តែ វា​គួរ​ត្រូវ​បាន​ចង្អុល​បង្ហាញ​ផង​ដែរ​ថា សហ​រដ្ឋ​អាមេរិក មិន​មែន​ជា​អ្នក​គ្មាន​កំហុស​សោះ​ទេ ពាក់​ព័ន្ធ​នឹង​ភាព​តាន​តឹង​កើន​ឡើង​នោះ។ ទីក្រុង​វ៉ាស៊ីន​តោន ​បាន​បង្ហាញ​ពី​ចំណុច​សំខាន់​នៃ​អាស៊ី បន្ទាប់​ពី​ខ្លួន កំពុង​បញ្ចប់​សង្គ្រាមពីរ នៅ​មជ្ឈិម​បូព៌ា គឺ​ត្រូវ​តប​នឹង​ឥទិ្ធពល​កំពុង​កើន​ឡើង​របស់​ចិន នៅ​តំបន់​សមុទ្រ​ប៉ាស៊ីហ្វិក​ខាង​កើត​។ ការ​ធ្វើ​សម​យុទ្ធ​រួម​គ្នា នៅ​សមុទ្រ​ចិន​ខាង​ត្បូង ដែល​ចូល​រួម​ដោយ​កម្លាំង​សហ​រដ្ឋ​អាមេរិក និង​ហ្វីលីពីន ៧០០០ នាក់ ​ក្នុង​អំឡុង​ពេលចិន​និង​ហ្វីលីពីន ប្រឈម​មុខ​ដាក់​គ្នា​នៅ Scarborough Shoal នោះ ជា​រឿង​គួរ​ឲ្យ​ចោទ​សួរ​ផង​ដែរ។
ពុំ​មាន​អ្នក​ឈ្នះ​ច្បាស់​លាស់​ រវាង​មហា​អំណាច​ទាំង​ពីរ​នៅ​ភ្នំពេញ​ កន្លង​ទៅ​នោះ​ទេ ហើយ​វា​ជា​ផល​ប្រយោជន៍​អាស៊ាន និង​ពិភព​លោក ដែល​គ្មាន​អ្នក​ឈ្នះ​ក្នុង​ការ​ប្រទាញ​ប្រទង់​អំណាច​នេះ​។ ផ្ទុយ​ទៅ​វិញ​ប្រទេស​ទាំង​ពីរ​គួរ​ទម្លាក់​ចោល​នូវ​ផ្នត់​គំនិត សង្គ្រាម​ត្រជាក់ ហើយ​ចាប់​ផ្តើម​ធ្វើ​ការ​រួម​គ្នា ដោះ​ស្រាយ​ជម្លោះ​សមុទ្រនិង​បញ្ហា​ដទៃ​ទៀត តាម​វិធី​ដែល​ឆ្លុះ​បញ្ចាំង​ពី​ការ​ពឹង​ផ្អែក​លើ​គ្នា​ទៅ​វិញ​ទៅ​មក​លើ វិស័យ​សេដ្ឋ​កិច្ច និង​យុទ្ធសាស្រ្ត៕ TK​ដោយ​ បាង​កក ប៉ុស្តិ៍

No comments:

Post a Comment

yes