សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, July 18, 2012

ចោទពលរដ្ឋបង្កើតតំបន់អបគមន៍រឿងជម្លោះដីធ្លីមួយទៀត


ពោធិ៍សាត់ៈយ៉ាង​ហោច​ណាស់​មាន​ផ្ទះ​ពលរដ្ឋ​ជាង​ ៥០០ ខ្នង ដែល​ស្ថិត​នៅ​ក្នុង​ចំណុច​ស្រែ​យក្ស​ភូមិ​កំពង់ក្ដី ឃុំ​ក្រពើពីរ ស្រុក​វាលវែង ត្រូវ​បាន​រុះរើ និង​ពលរដ្ឋ​ម្នាក់ ត្រូវ​បាន​កម្លាំង​ចម្រុះ ​ធ្វើ​ការ​ឃាត់​ខ្លួន នៅ​ខណៈ​ពេល​អាជ្ញាធរ​ បាន​បើក​យុទ្ធនាការ​បណ្តេញ​ពលរដ្ឋ​ឲ្យ​ចាក​​ចេញ​ពី​លំនៅដ្ឋាន​ របស់​ពួក​គេ ដោយ​ចោទ​ប្រកាន់​ពី​បទ​រស់​នៅ​អនាធិបតេយ្យ ទន្ទ្រាន​យក​ដី​រដ្ឋ​ខុស​ច្បាប់ និង​បង្កើត​តំបន់​អបគមន៍​។
លោក ជិន វន ​តំណាង​ប្រជាពលរដ្ឋ​ចំនួន ៦០០ ​គ្រួសារ​ ដែល​កំពុង​តែ​គេច​ខ្លួន ​ពី​ការ​តាម​ចាប់​របស់​អាជ្ញាធរ ដែល​បាន​ចោទ​ពី​បទ​បំផុស​ឲ្យ​ពលរដ្ឋ​ ចូល​ទន្ទ្រាន​យក​ដី​រដ្ឋ និង​បង្កើត​តំបន់​អបគមន៍​នោះ បាន​ថ្លែងថា អាជ្ញាធរ​ចម្រុះ​ ដែល​មាន​ប៉ូលិស​ ប៉េអឹម​ប្រមាណ ៥០ នាក់ ​បាន​ចុះ​មក​រុះ​រើ ​បង្ខំ​ឲ្យ​ពលរដ្ឋ ចាក​ចេញ​ពី​លំនៅដ្ឋាន និង​តាម​ស្វែង​រក​តាម​ចាប់​ខ្លួន​ពួក​លោក​។ លោក និយាយ​ថា៖ «ខ្ញុំ​ធ្វើ​អ្វីៗ​ដើម្បី​ឲ្យ​ប្រជាជន​ក្រីក្រ​មាន​ដី​រស់​នៅ ហើយ​ខ្ញុំ​ធ្វើ​គឺ​អនុវត្ត​ទៅ​តាម​ច្បាប់ បែរ​ជា​គេ​ចោទ​ខ្ញុំ​ថា​ បង្កើត​តំបន់​អបគមន៍​ប្រឆាំង​ នឹង​គេ​ទៅ​វិញ​។ តើ​ខ្ញុំ​មាន​អី​ធ្វើ​អបគមន៍​នោះ​ ខ្ញុំ​មិន​បាន​ធ្វើ​ដូច​ជា​ការ​ចោទ​ប្រកាន់​នោះ​ទេ​»។​

លោក​បាន​ឲ្យ​ដឹង​ទៀត​ថា​ មុន​នឹង​លោក​ចូល​មក​រស់​នៅ​ក្នុង​ទីតាំង​ចាស់​ដែល​ជា​ដី​របស់​ជន​ជាតិ​ភាគ​ តិច​រស់​នៅ​ពី​មុន​នោះ ​លោក​បាន​ស្នើ​សុំ​ទៅ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ រដ្ឋ​សភា អាជ្ញាធរ​ស្រុក ឃុំ ដើម្បី​ឲ្យ​ពលរដ្ឋ​ចំនួន​ ២០៣ គ្រួសារ​រស់នៅ​ លើ​ផ្ទៃ​ដី​៧០០០ ហិកតា​ នៅ​ក្នុង​ឆ្នាំ​ ២០០៨ ហើយ លោក​មេឃុំ​ និង​អភិបាល​ស្រុក​ ក៏​បាន​យល់​ព្រម​តាម​សំណើ​នោះ​ដែរ​។ ដោយ​សារ​តែ​ការ​រស់នៅ​យូរ​ទៅ​ បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​មួយ​ចំនួន ​បាន​ចូល​មក​រស់នៅ​បន្ថែម​ទៀត​ជា​ហូរហែ ចាប់​តាំង​ពី ​២០០៩ រហូត​ដល់​បច្ចុប្បន្ន​ ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​កើន​រហូត​ដល់​ ៦០០ គ្រួសារ​។ លោក​បញ្ជាក់​ថា៖«លោក​ចៅ​ហ្វាយ​ស្រុក បាន​ប្រព្រឹត្ត​អំពើ​ពុករលួយ​ជាមួយ​បក្ខ​ពួក​គាត់ ដូច្នេះ​គេ​យក​គ្រឿង​ចក្រ មក​ឈូស​ផ្ទះ​ពលរដ្ឋ​ ដើម្បី​បង្ខំ​ឲ្យ​ចាកចេញ ហើយ​យក​ដី​លក់​ឲ្យ​ឈ្មួញ​ ហេតុ​អ្វី​ក៏​ពួក​គេ​រួច​ខ្លួន? ខ្ញុំ​មិន​យល់​ទេ​ច្បាប់​ស្រុក​ខ្មែរ»។​ លោក ជិន វន ឲ្យ​ដឹង​ទៀត​ថា​ នៅ​ក្នុង​យុទ្ធនាការ​របស់​អាជ្ញាធរ​ចម្រុះ​ ចាប់​តាំង​ពី​ថ្ងៃ​ចន្ទ​ រហូត​មក​ដល់​ម្សិលមិញ គេ​បាន​ឈូស​បំផ្លាញ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​ ៥០០ ខ្នង ដែល​ផ្ទះ​ខ្លះ​ មាន​ទំហំ​៦ម៉ែត្រ គុណ ៧ ម៉ែត្រ។ អាជ្ញាធរ ចាប់​ខ្លួន​ពលរដ្ឋ​ម្នាក់​ដែល​ជាជន​ពិការ និង​កំពុង​តែ​ស្វែង​រក​តាម​ចាប់​ខ្លួន​ពួក​លោក​បី​នាក់​ទៀត។
លោក ប៊ុល ស៊ុន អាយុ ៦១ ឆ្នាំ​ ដែល​ត្រូវ​អាជ្ញាធរ​ចោទ​ប្រកាន់​ពី​បទ បង្កើត​តំបន់​អបគមន៍ បាន​ថ្លែង​ថា នៅ​ព្រឹក​ម្សិលមិញ​មាន​កម្លាំង​ចម្រុះ​ប្រមាណ​ជា​៥០ នាក់ ហើយ​ក៏​មាន​កម្មករ​ប្រមាណ ២០០ នាក់​ដែរ ត្រូវ​បាន​អាជ្ញាធរ​ ជួល​មក​ឲ្យ​រុះរើ​ផ្ទះ​ពលរដ្ឋ​ទាំង​អស់​ ដោយ​ក្រុម​កម្មករ​ទាំង​នោះ ទទួល​បាន​ប្រាក់​ឈ្នួល ក្នុង​ម្នាក់​ ២​ម៉ឺន​រៀល​។ លោក​និយាយ​ថា​៖«បើ​ពួក​ខ្ញុំ​រស់​នៅ​លើ​គម្រប​ព្រៃ​ឈើ​ ចុះ​ដី​នេះ​ ដែល​អភិបាល​ស្រុក​ ឆេ ឈីវ យក​លក់​ឲ្យ​ឈ្មួញ​វា​ជា​ដី​ស្អី​ដែរ​? ហើយ​យើង​ហ៊ាន​ថា​ គាត់​លក់​​ដី​ឲ្យ​ឈ្មួញ ​ពី​ព្រោះ​ផ្ទះ​មួយ​ ដែល​គេ​បាន​ទិញ​ពី​គាត់​ គឺ​គាត់​មិន​បាន​ឲ្យ​គេ​រុះរើ​ទេ​»។​
លោក​ឲ្យ​ដឹង​ទៀត​ថា​ លោក​មិន​បាន​ញុះ​ញង់​ពលរដ្ឋ​ ឲ្យ​ចូល​មក​រស់​នៅ​ក្នុង​តំបន់​នោះ​ និង​បង្កើត​តំបន់​អបគមន៍​ស្អី​នោះ​ទេ គឺ​ពល​រដ្ឋ ​បាន​ចូល​មក​រស់​នៅ​ដោយ​ខ្លួន​ឯង ​បន្ទាប់​ពី​ប្រសាសន៍​លោក​នាយក​រដ្ឋ​មន្ត្រី ដែល​បាន​ប្រកាស​ថា​ ប្រសិន​បើ​ពលរដ្ឋ​ដែល​គ្មាន​ដី ហើយ​រស់​នៅ​លើ​ដី​របស់​រដ្ឋ គឺ​អាជ្ញាធរ​ ត្រូវ​ចែក​ដី​នោះ​ឲ្យ​ពលរដ្ឋ ដោយ​មិន​ត្រូវ​បណ្តេញ​ពល​រដ្ឋ​ចេញ​ទៅ​ណា​នោះ​ទេ​ ប៉ុន្តែ​អាជ្ញាធរ បាន​អនុវត្ត​ផ្ទុយ​ពី​ប្រសាសន៍​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​។
លោក​បាន​ឲ្យ​ដឹង​ទៀត​ថា​៖«យើង​សង្ឃឹម​ថា​ សម្តេច​នាយក​រដ្ឋ​មន្ត្រី​នឹង​ជួយ​ពួក​យើង​»។​ លោក​បន្ត​ថា​៖ «​បើ​ពួក​យើង​ធ្វើ​អបគមន៍​វិញ​នោះ ​មិន​មែន​ឲ្យ​ពួក​គេរុះ​រើ​ផ្ទះ​ដោយ​ស្រួល​ៗ​បែប​នេះ​នោះ​ទេ។ អាជ្ញាធរ ​មាន​កាំភ្លើង​យើង​មាន​តែ​ដៃ​ទទេ​ គេ​ថា​ជា​តំបន់​អបគមន៍​តើ​អបគមន៍​ស្អី?»។
លោក ឆេ ឈីវ អភិបាល​ស្រុក​វាលវែង ដែល​ត្រូវ​បាន​ប្រជា​ពលរដ្ឋ​ចោទ​ថា បាន​រុះរើ​ផ្ទះ​សម្បែង​របស់​ប្រជាពលរដ្ឋ រឹបអូស​យក​ដី​ទៅ​លក់​ឲ្យ​ឈ្មួញ​នោះ​ ពុំ​អាច​ទាក់ទង​ដើម្បី​ធ្វើ​ការ​អត្ថាធិប្បាយ​បាន​ទេ​កាល​ពី​ម្សិលមិញ ។ ប៉ុន្តែ​ លោក ខូយ សុខា អភិបាល​ខេត្ត​ពោធិ៍សាត់ បាន​​ថ្លែងថា ក្រុម​នោះ​ បាន​បំផុស​ឲ្យ​ពលរដ្ឋ មក​កាប់​គម្រប​ព្រៃ​ឈើ​យ៉ាង​អនាធិបតេយ្យ​ ​ដែល​ធ្វើ​ផ្ទុយ ទៅ​នឹង​អនុសាសន៍​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​។ ទីនោះ​ពុំ​មែន​ជា​ដី​ទំនេរ​សម្រាប់​ធ្វើ​ស្រែ​ចម្ការ​ទេ​ គឺជា​ដី​ព្រៃ​ឈើ ពួក​គេ​កំពុង​តែ​កាប់​បំផ្លាញ​ព្រៃឈើ។ លោក​បញ្ជាក់​ថា​៖ «យើង​កំពុង​តែ​រក​ចាប់​ខ្លួន​មេ​ខ្លោង​របស់​ពួក​គេ​ គេ​មិន​ស្តាប់​អាជ្ញាធរ​ ដូច្នេះ គឺ​មាន​ន័យ​ថា ពួក​គេ​ធ្វើ​អបគមន៍»។
លោក សារុន ចន្ធី​ ស្នងការ​នគរបាល​ខេត្ត​ពោធិ៍សាត់ បាន​ថ្លែង​ថា​ ការ​ចុះ​បង្ក្រាប​នោះ​ កង​កម្លាំង​របស់​លោក​ បាន​ឃាត់​ខ្លួន​មនុស្ស​ម្នាក់​ ដែល​ជា​មេ​ខ្លោង​ ពីព្រោះ​គេ​បាន​ដើរ​វាស​ដី​ឲ្យ​ពលរដ្ឋ​ ហើយ​យក​លុយ​ពី​ពលរដ្ឋ​។ លោក​និយាយ​ថា៖ «យើង​អនុវត្ត​ទៅ​លើ​តែ​ពលរដ្ឋ​ដែល​មក​បោះ​ទីតាំង​ថ្មី ចំពោះ​ពលរដ្ឋ​នៅ​ក្នុង​ភូមិ​ចាស់​ យើង​មិន​បាន​ធ្វើ​អ្វី​នោះ​ទេ​»។
កាលពី​ថ្ងៃ​ទី១៦ ខែ​ឧសភា កង​កម្លាំង​ចម្រុះ​ប្រមាណ​ ១០០០ នាក់ បាន​ចុះ​ទៅ​អនុវត្ត​វិធានការ​រដ្ឋបាល ដើម្បី​បង្ខំ​ឲ្យ​ពលរដ្ឋ​នៅ​ក្នុង​ភូមិ​ប្រមា ឃុំ​កំពង់​ដំរី​ ស្រុក​ឆ្លូង​ខេត្ត​ ក្រចេះ​ ឲ្យ​ចាក​ចេញ​ពី​លំនៅដ្ឋាន​របស់​ពួក​គេ​ ដោយ​ចោទ​ប្រកាន់​ថា​ រស់នៅ​អនាធិបតេយ្យ​និង​បង្កើត​តំបន់​អបគមន៍ ហើយ​នៅ​ក្នុង​ហេតុការណ៍​នោះ​ អាជ្ញាធរ​ បាន​បាញ់​សម្លាប់​កុមារី​អាយុ ១៤ ឆ្នាំ ម្នាក់ និង​ឃាត់​ខ្លួន​មនុស្ស​ ៨ នាក់​ និង​មេ​ខ្លោង ៥​ នាក់ កំពុង​រត់​គេច​ខ្លួន។ ការ​ចោទ​ប្រកាន់​ដ៏​ចម្រូង​ចម្រាស ដែល​សង្គម​ស៊ី​វិល​មើល​ឃើញ​ថា កើត​ចេញ​ពី​រឿង​ជម្លោះ​ដី​ធ្លី​នេះ ត្រូវ​បាន​គេ​ធ្វើ​ឲ្យ​រីករាល​ដាល ឈាន​ទៅ​ដល់​ការ​ចាប់​ខ្លួន​លោក ម៉ម សូណង់ដូ ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ កាល​ពី​ថ្ងៃ​អាទិត្យ​។
លោក ភួង សុធា​ មន្ត្រី​សម្របសម្រួល​សមាគម​សិទ្ធិមនុស្ស​អាដហុក​ខេត្ត​ពោធិ៍សាត់ បាន​ឲ្យ​ដឹង​ថា​ បើ​ពិនិត្យ​តាម​ឯក​សារ​គឺ​ពលរដ្ឋ បាន​ស្នើសុំ​រស់​នៅ​ក្នុង​តំបន់​នោះ​ តាំង​ពី​ឆ្នាំ ២០០៨។​
ទង្វើ​របស់​អាជ្ញាធរ​ ក្នុង​ការ​បណ្តេញ​ពលរដ្ឋ​ចេញ​ពី​ដីធ្លី គឺ​ផ្ទុយ​ទៅ​នឹង​អនុសាសន៍​របស់​លោក​នាយករដ្ឋ​មន្ត្រី​ ដែល​ថា​ រាល់​ទំនាស់​ដី​ធ្លី​ មិន​ត្រូវ​ចាប់​ពលរដ្ឋ​នោះ​ទេ​ តែ​អាជ្ញាធរ​ បាន​ចាប់​ពលរដ្ឋ​ ហើយ​រុះរើ​ផ្ទះ​ពលរដ្ឋ​អស់​រលី​ង​។ លោក​បញ្ជាក់​ថា​៖ «បើ​ចោទ​ថា​ ពលរដ្ឋ​រស់នៅ​ខុស​ច្បាប់​លើ​ដី​រដ្ឋ និង​បង្កើត​តំបន់​អបគមន៍​ ហេតុ​អី​ក៏មិន​ហាម​ពលរដ្ឋ នៅ​ពេល​ពួក​គាត់​ បាន​ដាក់​ពាក្យ​ស្នើ​សុំនោះ​តែ​ម្តង​ទៅ​ ហេតុ​អ្វី​ក៏​ទើប​មក​ចាត់​ការ​នៅ​ពេល​នេះ​»​៕

No comments:

Post a Comment

yes