សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, July 3, 2012

ជំងឺ​ពុក​រលួយ​ធំ​ជាង​ជំងឺ​ណា​ៗ​ទាំង​អស់

120703_02

លោក ឱម យ៉ិន​ទៀង ប្រធាន​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយដែល​បង្កើត​ឡើង​
ដោយ​រដ្ឋាភិបាល​កម្ពុជា

កាល​ពី​ដើម គេ​តែង​តែ​និយាយ​ថា ជំងឺ​ពុក​រលួយ ជា​ជំងឺ​ប្រៀប​បី​ដូច​ជា​ជំងឺ​របេង ឬ​ជំងឺ​មហា​រីក (CANCER)។ តែ​ក្នុង​សម័យ​នេះ ជំងឺ​របេង​ក្តី មហា​រីក​ក្តី គេ​អាច​ព្យា​បាល​បាន ដោយ​សារ​ការ​រីក​ចម្រើន នៃ​ការ​រិះ​រក​របស់​ក្រុម​វេជ្ជ​បណ្ឌិត។ ផ្ទុយ​ទៅ​វិញ ជំងឺ​ពុក​រលួយ​សើៗ ឬ​ពុក​រលួយ​ដល់​ឆ្អឹង គ្មាន​ឱសថ​ណា​ ឬ​ទេវតា​ណា​អាច​ព្យាបាល​បាន​ទេ​! មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ជំងឺ​នេះ ថែម​ទាំង​រីក​ស៊ី​រូង​ដល់​ថ្លើម ប្រមាត់​ទៀត​ផង​។
ក្នុង​លោក​យើង​នេះ តើ​មាន​ប្រទេស​ណា​មួយ ដែល​អាច​គេច​ផុត​ពី​ជំងឺ​ពុក​រលួយ​យ៉ាង​អសោច​នេះ​បាន? សូម្បី​តែ​នៅ​ប្រទេស​កុម្មុយនីស្ត​ខ្លះ ​ដូច​ជា​ប្រទេស​ចិន ឬ​ប្រទេស​រុស្ស៊ី ​ឬ​វៀតណាម ដែល​គេ​អាច​ចាត់​ថា ជា​ប្រទេស​កាន់​នីតិ​ផ្តាច់​ការ ក៏​មិន​អាច​លុប​បំបាត់​ជំងឺ​នេះ​បាន​ដែរ​ ហើយ​មាន​អ្នក​ពុក​រលួយ​ខ្លះ មាន​ឈ្មោះ​ល្បី​ពេញ​ទាំង​ពិភព​លោក​ទៀត​ផង​។
ជំងឺ​ពុក​រលួយ​នេះ បាន​កើត​ឡើង​នៅ​គ្រប់​ប្រទេស​ក្នុង​សកល​លោក គ្មាន​ប្រទេស​ណា​អត់​កើត​ជំងឺ​នេះ​ទេ​! គ្រាន់​តែ​ប្រទេស​ធំ ពុក​រលួយ​ធំ ​ប្រទេស​តូច​ពុក​រលួយ​តូច​។ ​ចំពោះ​ប្រទេស​កម្ពុជា​យើង​ដែល​កំពុង​តែ​ធ្វើ​ការ​អភិវឌ្ឍ​គ្រប់​ផ្នែក​ គ្រប់​វិស័យ​ជាតិ ជំងឺ​ពុក​រលួយ​ក៏​មិន​ចាញ់​ប្រទេស​ដទៃ​ដែរ ហើយ​បើ​តាម​ការ​អង្កេត ​របស់​ក្រុម​អន្តរ​ជាតិ​ខ្លះ ដែល​កា​សែត​ភ្នំពេញ​ប៉ុស្តិ៍​បាន​ឲ្យ​ដឹង ក្នុង​ចំណោម​ប្រទេស ១៨៣ ក្នុង​សកល​លោក ប្រទេស​កម្ពុជា​យើង​បាន​ជាប់​លេខ ១៦៤ ខាង​ស៊ី​សំណូក​សូក​ប៉ាន់ ដែល​ជា​ការ​បំផ្លិច​បំផ្លាញ​ជាតិ​មួយ គួរ​ឲ្យ​ញ័រ​រន្ធត់​ចិត្ត ព្រម​ទាំង​ជា​ការ​ប៉ះ​ពាល់​ដល់​ថវិកា​ជាតិ​ដែល​កំពុង​តែ​ត្រូវ​ការ យក​ទៅ​ធ្វើ​ការ​អភិវឌ្ឍ​ទៀត​ផង​។

សព្វ​ថ្ងៃ​មាន​កា​សែត​ខ្មែរ​ខ្លះ និង​ទូរទស្សន៍​ជាតិ​យើង​ខ្លះ ហ៊ាន​ស្រែក​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​នេះ​ខ្លាំង​ណាស់​ដែរ! តែ​អ្នក​ដែល​មាន​ខ្លួន ព្រោះ​តែ​រលួយ​ដល់​ឆ្អឹង ធ្វើ​ជា​ថ្លង់​ ធ្វើ​ជា​គ មិន​ដឹង​មិន​ឮ ឬ​ក៏​មិន​បាន​ទិញ​កា​សែត ឬ​មិន​បាន​ស្តាប់​ព័ត៌មាន​ពី​ទូរទស្សន៍​អ្វី​ទាំង​អស់​។ គេ​ថា សត្វ​តោ និង​សត្វ​ខ្លា សុទ្ធ​តែ​ជា​ស្តេច​សត្វ​ព្រៃ​ធំ​ជាង​គេ តែ​សត្វ​តោ​ ពេល​ណា​វា​ឃ្លាន វា​ដើរ​រក​ស៊ី​ ដល់​វា​ឆ្អែត​វា​ដេក​ស្រមុក ទោះ​ជា​មាន​សត្វ​ដែល​ជា​ចំណី​ដើរ​ជាន់​ក្បាល​វា ​ក៏​វា​មិន​ចាប់​ស៊ី​ទៀត​ដែរ​។ ឯ​ចំណែក​សត្វ​ខ្លា​វិញ ​អា​សត្វ​នេះ ស៊ី​មិន​ចេះ​ឆ្អែត! ស៊ី​ហើយ​ស៊ី​ទៀត ឲ្យ​តែ​ប្រទះ ​គឺ​ស៊ី​គ្មាន​រើស​មុខ​ទេ។
ការ​លើក​យក​ឧទាហរណ៍​ពី​ស្តេច​សត្វ​ទាំង​ពីរ​នេះ​ មក​និយាយ គឺ​យើង​ចង់​បាន​សេច​ក្តី​ថា បើ​អ្នក​ពុក​រលួយ​ធ្វើ​តម្រាប់​តាម​សត្វ​តោ គឺ​ថា​ ស៊ី​ឆ្អែត​ហើយ សូម​ឈប់​ស៊ី​ទៀត​ទៅ ទុក​ឲ្យ​ដល់​ជាតិ​ខ្លះ នេះ​ក៏​ជា​ការ​ល្អ​ម្យ៉ាង​ដែរ​! សូម​កុំ​យក​តម្រាប់​តាម​សត្វ​ខ្លា​ពេក!​ គឺ​ថា​ឲ្យ​តែ​បាន​ស៊ី គឺ​ស៊ី​ហុត​ឈាម​ដោយ​គ្មាន​ការ​អៀន​ខ្មាស គ្មាន​អា​ណិត​អា​សូរ​ដល់​ជាតិ​ផង​ទេ។ អ្នក​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ កុំ​ស្មាន​តែ​​គេ​មិន​ដឹង ឬ​មិន​ស្គាល់​នោះ​! គ្រាន់​តែ​គេ​គ្មាន​សិទ្ធិ​និង​និយាយ​ ដោយ​អំពើ​ពុក​រលួយ​ ពិបាក​រក​ភស្តុតាង​ណាស់​! តែ​បើ​ឧបមា​ថា អ្នក​ខ្លះ​មាន​ប្រាក់ខែ​តែ ៥០០ ឬ ៦០០ ដុល្លារ ក្នុង​មួយ​ខែ តែ​គេ​មាន​ផ្ទះ​វី​ឡា​ធំទទឹង​បណ្តោយ​រាប់​រយ​ម៉ែត្រ មាន​រថយន្ត​ធុន​ទំនើប​ៗ​ជិះ បើ​គ្រួសារ​មាន​គ្នា​ ៤​នាក់ ត្រូវ​មាន​ឡាន​ ៤ បើ ៥ នាក់ ត្រូវ​មាន​ឡាន​ ៥ គឺ​ទាំង​ប្រពន្ធ​ ១ កូន​មួយ​ៗ​ម្នាក់​ផង ជា​អំពើ​ដែល​មតិ​សាធារណៈ យល់​ច្បាស់​ថា ទ្រព្យ​អស់​នេះគឺ​បាន​មក​ពី​ការ​ស៊ី​សំណូក ឬ​មក​ពី​អំពើ​ពុក​រលួយ​ច្បាស់​ណាស់ មិន​អាច​ប្រកែក​បាន​ឡើយ​ ពីព្រោះ​ប្រាក់​ខែ មិន​អាច​យក​មក​ចំណាយ​បែប​នេះ​បាន​ទេ​។
សម្តេច តេ​ជោ ធ្លាប់​មាន​ប្រសាសន៍​ទិតៀន​ដល់​អ្នក​ពុក​រលួយ​ខ្លះ​ៗ​ហើយ​ថា «ចុះ​ពួក​អស់​នេះ ក្រោយ​ថ្ងៃ ៧ មករា ១៩៧៩ មក​រស់​មាន​តែ​បាត​ដៃ​ទទេ​សោះ​!​ឥឡូវ​នេះ ម្តេច​ក៏​ម្នាក់ៗ ក្លាយ​ខ្លួន​ទៅ​ជា​សេដ្ឋី​អី​ក៏​ឆាប់​ម្ល៉េះ?»។ តែ​ធ្វើ​ម្តេច​កើត​បើ​គ្មាន​ច្បាប់ ចាប់​គេ​ដោយ​គ្មាន​ភស្តុតាង​ឬ​គ្មាន​គេ​ប្តឹង​។ នៅ​ជំនាន់​សង្គម​រាស្ត្រ​និយម មុន​ឆ្នាំ ១៩៧០ សម្តេច​សីហនុ ព្រះ​ប្រមុខ​រដ្ឋ​ព្រះ​អង្គ​បាន​បង្កើត​ក្រសួង​បោស​សម្អាត​មួយ​ដែរ ដែល​ហៅ​ថា «ក្រសួង​បោស​សម្អាត​» (Minis​tere Assainissement)។ ព្រះ​អង្គ​ទ្រង់ បាន​សុំ​ឲ្យ​ព្រះ​បិតុលា​ព្រះ​អង្គ ព្រះ​នាម​សម្តេច​ក្រុម​ព្រះ ស៊ី​សុវត្ថិ មុនី​រ៉េត ​ធ្វើ​ជា​រដ្ឋ​មន្ត្រី​។ ដោយ​សារ​សម្តេច​ មុនី​រ៉េត សុំ​ច្បាប់​បោស​សម្អាត​ពី​ថ្នាក់​លើ​ចុះ​មក​ក្រោម ដូច​ជា លោក​ដាប ឈួន លោក សម សារី លោក​ប៉ែន នុត​...។ល។ សម្តេច​ព្រះ​ប្រមុខ​រដ្ឋ​ក៏​ជំទាស់​ដោយ​ខ្លាច​មាន​ការ​បែក​បាក់​គ្នា។ ម្ល៉ោះ​ហើយ​ក្រសួង​បោស​សម្អាត​នេះ ត្រូវ​ស្លាប់​មុន​បាន​ឃើញ​ពន្លឺ​ថ្ងៃ​បាត់​ទៅ​។
សព្វ​ថ្ងៃ​នេះ យើង​មាន​អង្គ​ការ​ប្រឆាំង​អំពើ​ពុក​រលួយ​មួយ​ដែរ! តែ​តាម​យោបល់​យើង អង្គ​ការ​នេះ មាន​សេរី​ភាព​តិច​តួច​ណាស់​! មិន​អាច​ចាត់​ការ​ធ្វើ​ឲ្យ​មាន​ប្រសិទ្ធ​ភាព​​ទេ។ បើ​ចង់​ឲ្យ​អង្គ​ការ​នេះ​មាន​ប្រសិទ្ធភាព ទាល់​តែ​ប្រគល់​សិទ្ធិ​ឲ្យ​អង្គ​ការ​នេះ​ពេញ​លេញ ក្នុង​ការ​កោះ​ហៅ​សាក​សួរ​ដល់​មន្ត្រី​ខ្លះ ដែល​គេ​សង្ស័យ ឬ​គេ​យល់​ថា បាន​ក្លាយ​ទៅ​ជា​អ្នក​មាន ​ដោយ​គ្មាន​មូល​ហេតុ (Enrichissment sans Cause) ទើប​អំពើ​ពុក​រលួយ​អាច​អន់​ថយចុះ​ខ្លះ​ពី​ស្រុក​យើង​។ បើ​មិន​ដូច្នោះ​ទេ អង្គ​ការ​ប្រឆាំង​អំពើ​ពុក​រលួយ ​ក៏​មិន​សូវ​មាន​ការ​ងារ​ធ្វើ​ផង ហើយ​ខ្វះ​​មធ្យោ​បាយ ​ក្នុង​ការ​ជួយ​ទប់-​ទល់ នឹង​អំពើ​ពុក​រលួយ​ស៊ី​ដល់​ឆ្អឹង​របស់​មន្ត្រី​ខ្លះ​ទៀត​ផង​។
តុលាការ​ ហាក់​ដូច​ជា​មាន​អំពើ​ពុក​រលួយ គួរ​ឲ្យ​មតិ​សាធារណ​ចាប់​អារម្មណ៍​ដែរ​។ នេះ​បើ​តាម​សេច​ក្តី​ថ្លែង​ការណ៍ កាល​ពី​ថ្ងៃ​ទី ១៩ ខែ​មិថុនា ឆ្នាំ ២០១២ របស់​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌ នៅ​ក្នុង​កិច្ច​រួម​ប្រជុំ​សិក្ខា​សាលា ដោយ​លោក​រដ្ឋ​មន្ត្រី​ បាន​ដាស់​តឿន​ដល់​ចៅក្រម​ទាំង​អស់ និង​ព្រះ​រាជ​អាជ្ញា​ទាំង​អស់ គួរ​តែ​ខំ​ប្រឹង​ប្រែង​លុប​លាង​កេរ្តិ៍​ឈ្មោះ​អសោច​របស់​តុលាការ​យើង​ ផង។ លោក​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិ​ធម៌​ បាន​បន្ត​ទៀត​ថា «ក្នុង​ប្រព័ន្ធ​ច្បាប់ តួនាទី​របស់​តុលាការ ដែល​មតិ​ជាតិ និង​អន្តរ​ជាតិ​ ក្នុង​សម័យ​នេះ កំពុង​តែ​ចោទ​ទៅ​លើ​នោះ គឺ​អំពើ​ពុក​រលួយ ព្រោះ​វាជា​ដើម​ហេតុ​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​ ទៅ​លើ​ប្រព័ន្ធ​ច្បាប់​ នៅ​កម្ពុជា​»។
ក៏​ប៉ុន្តែ​អំពើ​ពុក​រលួយ មិន​មែន​មាន​តែ​នៅ​ក្នុង​ស្ថាប័ន​តុលាការ​តែ​មួយ​ប៉ុណ្ណោះ​ទេ! គឺ​មាន​ស្ទើរ​តែ​គ្រប់​ស្ថាប័ន​ទាំង​អស់ ជា​ពិសេស​ខាង​ពាណិជ្ជ​កម្ម ខាង​ហិរញ្ញ​វត្ថុ និង​ខាង​សេដ្ឋ​កិច្ច...។ល។ ពួក​ពាណិជ្ជ​ករ​ខ្លះ បាន​និយាយ​យ៉ាង​ច្បាស់​ថា «គេ​មិន​អាច​ធ្វើ​ជំនួញ​បាន​ទេ បើ​មន្ត្រី​មិន​ចេះ​ទទួល​សំណូក​» ហើយ​អ្នក​មាន​លុយ​ខ្លះ​ទៀត សុទ្ធ​តែ​រក​បង្អែក​បេតុង​សម្រាប់​ការ​ពារ​អំពើ​ពុក​រលួយ​របស់​ខ្លួន ពី​ក្រោយ​ខ្នង​នៅ​ក្នុង​ការ​ប្រកប​របរ​អាជីវកម្ម ដោយ​ចំណាយ​លុយ​យ៉ាង​ស្តុក​ស្តម្ភ ឲ្យ​ជួយ​នៅ​ពី​ក្រោយ​ខ្នង​ខ្លួន។ មាន​អំពើ​ពុក​រលួយ​ខ្លះ​ដែល​គេ​ឲ្យ​ឈ្មោះ​ថា «ពុក​រលួយ​ស្រប​ច្បាប់​» គឺ​មាន​ដូច​ជា​នៅ​ក្នុង​ក្រុង​ ឬ​ក្នុង​ខេត្ត​នីមួយ​ៗ សុទ្ធ​តែ​ត្រូវ​សាង​សង់​សម្មិទ្ធផល​នេះ ឬ​ធ្វើ​ការ​ជួស​ជុល​សមិទ្ធផល​នោះ... ។ល។ ដូច្នេះ​គេ​ត្រូវ​យក​ថវិកា​ទៅ​ចំណាយ ដោយ​ការ​ចំណាយ មាន​ច្រើន​ជាង​ការ​ងារ ដែល​ត្រូវ​ធ្វើ ដោយ​គ្មាន​អ្នក​ណា​អាច​កុង​ត្រូល​បាន​ឡើយ​។ អ្នក​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ សុទ្ធ​តែ​ពូ​កែ​ប្រើ​ល្បិច​កល​អាក្រក់​ណាស់ ដែល​មិន​ងាយ​អ្នក​ណា​ចាប់​ថ្នាក់​បាន​ទេ ព្រោះ​គេ​ចេះ​ថា បើ​ស៊ី​បាន ១០០ ចែក​ឲ្យ​គេ​តែ​ ៥០ ទៅ ​នោះ​រួច​ខ្លួន​ទៅ​ហើយ​។ ដូច្នេះ​គឺ​ជា​ការ​លំបាក​មួយ​ដែរ ដល់​អង្គ​ការ​ប្រឆាំង​អំពើ​ពុក​រលួយ ដែល​មិន​ងាយ​ចាប់​ភស្តុតាង​បាន​ក្រៅ​តែ​ពី​បុគ្គល​ពុក​រលួយ​នោះ បញ្ចេញ​ភិន​ភាគ​ខាង​ក្រៅ ឲ្យ​ដឹង​ថា ខ្លួន​ជា​មនុស្ស​ពុក​រលួយ​«ស្រប​ច្បាប់» ដែល​គ្មាន​អង្គ​ការ​ណា​ហ៊ាន​មក​ប៉ះ​ពាល់​ដល់​សិទ្ធិ​នេះ​បាន​ឡើយ។ ពួក​សេដ្ឋី ឬ​ពួក​ឧកញ៉ា​ខ្លះ ដែល​រក​ស៊ី​បាន​លុយ​កាក់​សន្ធឹក​សន្ធាប់ សុទ្ធ​តែ​មាន​ការ​រួម​គំនិត​ជា​មួយ​មន្ត្រី​ពុក​រលួយ​ទាំង​អស់​! ព្រោះ​អ្នក​ជំនួញ​ដែល​រក​ស៊ី​លួច​ជាតិ សុទ្ធ​តែ​ចេះ​វាយ​ក្បាច់​ទាំង​អស់​ គឺ​ថា បើ​គេ​បាន​ចំណេញ​មួយ​រៀល ហើយ​សូក​គេ ៦ ឬ​ ៧ កាក់​ ក៏​គេ​នៅ​ចំណេញ​ ២-៣ កាក់​ដែរ ហើយ​គ្មាន​រឿង​រ៉ាវ​អ្វី​ទៀត​ផង។ នេះ​ជា​ក្បួន​របស់​អ្នក​រក​ស៊ី​ធំ​មួយ ដែល​មជ្ឈដ្ឋាន​ស្គាល់​មុខ​ច្បាស់​ថាជា​មនុស្ស​មហា​ពុក​រលួយ ស៊ី​ញើស​ឈាម​ប្រជា​ជន​ខ្មែរ។
ប្រសិន​ណា​អង្គ​ការ​ប្រឆាំង​អំពើ​ពុក​រលួយ​មាន​បុគ្គលិក​ច្រើន​ខាង​ធ្វើ​ការ ​ស៊ើប​អង្កេត ក៏​ប្រហែល​ជា​ថ្ងៃ​ណា​មួយ ពួក​ពុក​រលួយ​ដោយ​គ្មាន​មូល​ហេតុ ប្រាកដ​ជា​ជាប់​ជុច​ជា​មិន​ខាន ដែល​ជា​ការ​ធ្វើ​ឲ្យ​អ្នក​ពុក​រលួយ​ដទៃ​ទៀត ភិត​ភ័យ​ដោយ​លះ​បង់​អំពើ​ថោក​ទាប​នេះ បាន​ខ្លះ​ជា​មិន​ខាន​៕
ដោយ នុត ឈឿម ទី​ប្រឹក្សា​ផ្ទាល់ សម្តេច​អគ្គ​មហា​​សេនា​បតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ​ឋានៈ​ស្មើ​ទេស​រដ្ឋ​មន្ត្រី​



No comments:

Post a Comment

yes