សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, July 3, 2012

ពលករ​ខ្មែរ​ឈ្នះ​ក្តី​នៅ​តុលាការ​ម៉ាឡេស៊ី

120703_08
ស្ត្រី​ពល​ករ​ខ្មែរ​ដែល​ត្រូវ​បាន​ជួយ​សង្គ្រោះ ពី​ប្រទេស​ម៉ា​ឡេ​ស៊ី 
ឲ្យ​វិល​ត្រឡប់​មក​កម្ពុជា​វិញ កាល​ពី​ដើម​ខែ​មុន​។
ភ្នំពេញៈ ពលករ​ជំនួយ​ការ​មេ​ផ្ទះ​កម្ពុជា​មួយ​រូប ដែល​រង​ការ​ធ្វើ​បាប​ពី​ថៅកែ​ ពេល​បម្រើ​ការ​​តាម​ផ្ទះ នៅ​ប្រទេស​ម៉ាឡេស៊ី​បាន​ឡើង​តុលាការ រួច​ហើយ​បាន​បន្ត​ឈ្នះ​ក្តីក្តាំ​នោះ។
អ្នកស្រី ម៉ែន ចាន់វាសនា ជា​ពលការិនី​បម្រើ​តាម​ផ្ទះ​កម្ពុជា​ដំបូង​ដែល​បាន​ប្តឹង​ប្តល់​ឈ្នះ​ក្តី​ ថៅកែ​របស់​នាង​ នៅ​តុលាការ​ម៉ាឡេស៊ី។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ កាល​ពី​ម្សិលមិញ​របស់​ក្រុម​អង្គការ​សិទ្ធិ​មនុស្ស ដែល​ហៅ​ការ​ឈ្នះ​ក្តី​នេះ​ថា​ ជា​ជោគជ័យ​ជា​ប្រវត្តិសាស្ត្រ​ សម្រាប់​ក្រុម​ពលការិនី​ជំនួយ​ការ​មេ​ផ្ទះ​ដែល​តស៊ូ​ស្វែងរក​យុត្តិធម៌​ នៅ​ក្នុង​ដៃ​ថៅកែ​ដែល​ចូល​ចិត្ត​រំលោភ​បំពាន​សិទ្ធិ​ពួក​គេ​ នៅ​បរទេស។
ពលការិនី​វ័យ ៣០ ឆ្នាំ​ មក​ពី​ខេត្ត​កំពង់ចាម​រូប​នេះ​ ផុង​ក្នុង​ភាព​មិន​ប្រាកដ​ប្រជា​រយៈ​ពេល ៦ ខែ​មក​ហើយ​ ចាប់​តាំង​ពី​ពេល​ដែល​នាង ​បាន​រត់​ចេញ​ពី​ផ្ទះ​ថៅកែ​ជន​ជាតិ​ម៉ាឡេស៊ី ដែល​នាង​បាន​ចោទ​ថា​ បង្ខំ​ឲ្យ​នាង​ធ្វើ​ការ​ជា​ទម្ងន់ និង​បាន​បន្លំ​បំបាត់​ប្រាក់​ខែ​របស់​នាង​ ក្នុង​ពេល ២ ឆ្នាំ ដែល​នាង​បាន​ធ្វើ​ការ​។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន តុលាការ​កំពូល​ម៉ាឡេស៊ី​ បាន​ចេញ​សាល​ដីកា ឲ្យ​អ្នក​ស្រី​វាសនា​ ឈ្នះ នៅ​ក្នុង​ការ​តស៊ូ​នៅ​តុលាការ​ ដែល​អូស​បន្លាយ​ពេល​ជា​យូរ​មក​ហើយ ​រវាង​នាង និង​អតីត​ថៅកែ​របស់​នាង ដែល​បាន​ប្តឹង​សា​រទុក្ខ​ការ​កាត់​ក្តី​អវិជ្ជមាន នៅ​ក្នុង​សាលា​ដំបូង។ អ្នកស្រី​វាសនា​ដឹង​ថា ថៅកែ​របស់​នាង​ ក៏​នឹង​ប្តឹង​សារទុក្ខ​ចំពោះ​សាល​ដី​កា​​ជោគ​ជ័យ​ថ្មី​បំផុត​របស់​នាង​ផង​ ដែរ។
តុលាការ​បាន​បញ្ជា​ឲ្យ​ភាគី​ចាញ់​ក្តី​ សង​ប្រាក់​អ្នក​ស្រី​វាសនា​ចំនួន ៣ ៨០០ រីងហ្គីត​(ប្រមាណ ១- ២០០ ដុល្លារ) ជា​ប្រាក់​ខែ ​ដែល​ត្រូវ​បាន​កិប​កេង​ ក្នុង​ពេល​នាង​បំពេញ​ការងារ ២ ឆ្នាំ​នេះ ព្រម​ទាំង​ប្រាក់​សំណង​បន្ថែម​ទៀត ​ដែល​នៅ​ពុំ​ទាន់​ដឹង​ថា​ មាន​ប៉ុន្មាន​ សម្រាប់​ការ​ឈឺ​ចាប់ និង​ទុក្ខ​លំបាក ដែល​នាង​ជួប​ប្រទះ​ នៅ​ក្រោម​ស្នាដៃ​ថៅកែ​របស់​នាង។
អ្នកស្រី​វាសនា​ ជា​ពលការិនី​ជំនួយ​ការ​មេ​ផ្ទះ​កម្ពុជា​ម្នាក់​ ក្នុង​ចំណោម​ពលការិនី​កាន់​តែ​កើន​ឡើង​ដែល​កំពុង​ស្វែងរក​យុត្តិ​ធម៌​ តាម​ប្រព័ន្ធ​តុលាការ​ម៉ាឡេស៊ី ពាក់ព័ន្ធ​នឹង​ការ​រំលោភ​បំពាន ដែល​ពួក​គេ​រង​ទុក្ខវេទនា។
អ្នក​ស្រី​វាសនា​ បាន​ឲ្យ​ដឹង​ថា៖​«ខ្ញុំ​បាន​រង់ចាំ​ករណី​នេះ​ ជា​យូរ​មក​ហើយ ហើយ​ឥឡូវ​នេះ ខ្ញុំ​ទទួល​បាន​យុត្តិធម៌​ពី​តុលាការ​ហើយ។ ខ្ញុំ​ចង់​ត្រឡប់​ទៅ​កាន់​ប្រទេស​កម្ពុជា​វិញ​ ជាមួយ​នឹង​ប្រាក់​ខែ និង​ប្រាក់​សំណង​ជំងឺ​ចិត្ត​របស់​ខ្ញុំ»។
លោក យ៉ា ណាវុទ្ធ នាយក​ប្រតិបត្តិ អង្គការ​ខារ៉ាម​ ជា​អង្គការ​ដៃ​គូ​កម្ពុជា​របស់​អង្គការ Tegaganita ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ម៉ាឡេស៊ី​ បាន​ឲ្យ​ដឹង​ថា វា​ជា​ការ​ចាប់​ផ្តើម​ នៃ​ជោគជ័យ​ថ្មី សម្រាប់​ពលការិនី​បម្រើ​តាម​ផ្ទះ​កម្ពុជា នៅ​ក្នុង​តុលាការ​ម៉ាឡេស៊ី។ លោក​ណាវុទ្ធ​ បាន​គូស​បញ្ជាក់​ ដោយ​កោត​សរសើរ​ករណី​ជោគជ័យ​កម្រ​មួយ សម្រាប់​ពលករ​បម្រើ​ការ​តាម​ផ្ទះ​កម្ពុជា​ថា៖​«នាង​នឹង​ទទួល​បាន​ប្រាក់​ សំណង​ល្មម​គ្រប់​គ្រាន់​ នឹង​វិល​ត្រឡប់​មក​ស្រុក​កំណើត​នាង​វិញ ហើយ​យើង​រីករាយ ដែល​នាង​បាន​តស៊ូ​រង់ចាំ រហូត​ដល់​តុលាការ ចាត់​ការ​ករណី​នេះ​ នៅ​ម៉ាឡេស៊ី»។
លោក​បន្ត​ទៀត​ថា៖​ «ពលការិនី​តាម​ផ្ទះ​ជាច្រើន បាន​វិល​ត្រឡប់​មក​កម្ពុជា​វិញ ​ដោយ​ពុំ​មាន​ប្រាក់​សំណង​អ្វី​ឡើយ​»។ លោក​ណាវុទ្ធ​ បាន​បន្ត​ថា មាន​ពលការិនី​ជំនួយ​ការ​មេ​ផ្ទះ​កម្ពុជា​៦​រូប​ដែល​បច្ចុប្បន្ន​ កំពុង​ស្នាក់​នៅ​ជាមួយ​អង្គការ Tegaganita ដោយ​ពួក​គេ​មួយ​ចំនួន​ បាន​ចាប់​ផ្តើម​ការ​តស៊ូ​ក្តី​របស់​ពួក​គេ នៅ​តុលាការ​ ទល់​នឹង​ថៅកែ​ ដែល​ចូល​ចិត្ត​រំលោភ​បំពាន​លើ​ពួក​គេ​រួច​ហើយ។
លោក មឿន តុលា នាយក​កម្មវិធី​ការងារ ​នៅ​មជ្ឈ​មណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍​ បាន​ថ្លែង​ថា ជោគជ័យ​ក្តី​ករណី​អ្នក​ស្រី​វាសនា​ កាន់​តែ​កម្រ​ទៅ​ទៀត សម្រាប់​ភាព​តស៊ូ​របស់​ស្ត្រី។
លោក​បាន​មាន​ប្រសាសន៍​ ដោយ​ចង្អុល​បង្ហាញ​ថា ស្ត្រី​ជំនួយ​ការ​មេ​ផ្ទះ​ទាំង​នោះ ​ជួប​ឧបសគ្គ​ថែម​ទៀត ដូចជា​ បញ្ហា​រក​មេធាវី​ការពារ​ក្តី និង​ការ​យល់​ដឹង​ ពី​ប្រព័ន្ធ​តុលាការ​បរទេស​ថា៖​«ស្ត្រី​បម្រើ​តាម​ផ្ទះ​ទាំង​នេះ...​ពិត​ជា​ ស្រេក​ឃ្លាន​ចង់​ត្រឡប់​មក​ផ្ទះ​វិញ ហើយ​ពួក​គេ​ ចង់​ត្រឡប់​មក​ផ្ទះ​ ដើម្បី​ជួប​ជុំ​ក្រុម​គ្រួសារ​របស់​ពួក​គេ​វិញ»។
ជន​រួម​ជាតិ​របស់​អ្នកស្រី​ វាសនា​ម្នាក់​ គឺ​នាង ទៀង សាសា អាយុ ១៨ ឆ្នាំ​ ដែល​រង​នូវ​ការ​ធ្វើ​បាប ​ខណៈ​ពេល​ធ្វើ​ការ​ជា​ស្ត្រី​ជំនួយ​ការ​មេ​ផ្ទះ​ នៅ​ប្រទេស​ម៉ាឡេស៊ី ​បាន​ដាក់​ពាក្យ​បណ្តឹង ​នា​ពេល​ដំណាល​គ្នា​ នឹង​អ្នក​ស្រី​វាសនា​ដែរ។ ប៉ុន្តែ​ពលការិនី​ដែល​ពុំ​ទាន់​គ្រប់​អាយុ​រូប​នេះ ​មិន​អាច​រង់​ចាំ​ការ​ចាត់​ការ​របស់​តុលាការ​បាន​ឡើយ ហើយ​បាន​វិល​ត្រឡប់​មក​កាន់​ផ្ទះ​សម្បែង​ជួប​ជុំ​គ្រួសារ​នាង​វិញ​ កាល​ពី​ខែ​មុន ​ដោយ​ពុំ​ទទួល​បាន​ប្រាក់​ខែ​ ដែល​ត្រូវ​បាន​កាត់​ទុក ឬ​សំណង​អ្វី​ពី​ការ​រង​ការ​ឈឺ​ចាប់ និង​វេទនា ដែល​រួម​មាន​ការ​វាយ​ដំ​ជាមួយ​នឹង​ដែក និង​ការ​ញេច​ម្ទេស​ចូល​ភ្នែក​របស់​នាង​ពី​សំណាក់​ថៅកែ​របស់​នាង​ឡើយ។
ថ្លែង​មក​កាន់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ ពី​លំនៅ​ដ្ឋាន​របស់​នាង​ នៅក្នុង​ខេត្ត​កំពង់ចាម នាង​សាសា​ និយាយ​ថា នាង​រីករាយ​ដែល​ដឹង​អំពី​ជោគជ័យ​ក្តី​ របស់​មិត្តភក្តិ​នាង។ នាង​បាន​គូស​បញ្ជាក់​ថា៖​«សម្រាប់​ខ្ញុំ ខ្ញុំ​មិន​អាច​រង់ចាំ នៅ​ប្រទេស​ម៉ាឡេស៊ី​បាន​តទៅ​ទៀត​នោះទេ»។
មេធាវី និង​ជា​អ្នក​តស៊ូ​មតិ លោក Daniel Lo មក​ពី​សម្ព័ន្ធ​អង្គការ ​ដើម្បី​លុប​បំបាត់​ទាសភាព​សម័យ​ថ្មី​ បាន​ថ្លែង​ថា ​វា​ល្អ​ខ្លាំង​ណាស់ ​ដែល​គេ​ឃើញ​ពលការិនី​ឈ្នះ​ក្តី ​នៅ​តុលាការ​នោះ។
លោក​បាន​មាន​ប្រសាសន៍​បន្ត​ទៀត​ថា៖​ «វា​ពិត​ជា​ចាំបាច់​ណាស់​[សម្រាប់​ស្ត្រី​បម្រើ​ការ​តាម​ផ្ទះ​ ដែល​រង​ការ​រំលោភ​បំពាន]​ក្នុង​ការ​ស្វែង​រក​យុត្តិធម៌​ ទៅ​តាម​ប្រព័ន្ធ​តុលាការ។ តុលាការ​ផ្តល់​សំណង​ ចំពោះ​ការ​រង​របួស​រូប​រាង​កាយ អារម្មណ៍ និង​ចំណាយ​ផ្សេងៗ»។
លោក​បាន​មាន​ប្រសាសន៍​បន្ត​ថា៖​«ច្បាប់​ពុំ​មាន​ការ​រើសអើង​ទេ​ សម្រាប់​ពលករ​ចំណាក​ស្រុក ប៉ុន្តែ​វា​មាន​ប្រពៃណី​មិន​ដេញ​ដោល​ថៅកែ​ណា​ ដែល​បាន​គ្រប់​គ្រង​ដក​ហូត​លិខិត​ឆ្លង​ដែន​របស់​ពួក​គេ ជា​លទ្ធភាព​អាច​ដក​ហូត​ច្បាប់​អនុញ្ញាត​ការងារ​របស់​ពួក​គេ​ ជា​ឯកតោ​ភាគី»។ លោក​បាន​បន្ថែម​ទៀត​ថា ការ​ជួយ​គាំទ្រ​របស់​អង្គការ​ក្រៅ​រដ្ឋា​ភិបាល​ សម្រាប់​ស្ត្រី​ទាំង​នោះ​ គឺជា​បញ្ហា​សំខាន់​ខ្លាំង​ណាស់​ខណៈ​ពល​ការិនី​រងគ្រោះ​ទាំង​នោះ​ពុំ​មា​ នទី​ពឹង​៕

No comments:

Post a Comment

yes