សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, July 29, 2012

សហគមន៍​ការពារ​ព្រៃ​ព្រួយ​បារម្ភ​ពី​ការ​កាប់​ទន្ទ្រាន​ដី​ព្រៃ​រដ្ឋ​ពី​សំណាក់​ឈ្មួញ


ដី​ព្រៃ​សហគមន៍​ភ្នំ​ព្រះ នៅ​ក្នុង​ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ កំពុង​រង​ការ​កាប់​ទន្ទ្រាន​ពី​សំណាក់​ក្រុម​ឈ្មួញ​ជាច្រើន​នាក់។
RFA/Or Phearith
ព្រៃ​សហគមន៍​នៅ​ឃុំ​ព្រែក​ព្រលូង ស្រុក​ព្រែក​ប្រសព្វ ខេត្ត​ក្រចេះ​ដែល​រង​ការ​កាប់​ទន្ទ្រាន។ រូប​ថត​ថ្ងៃ​ទី​១២ សីហា ២០០៩។
សហគមន៍​ការពារ​ព្រៃ​បាន​ថ្លែង​ថា ការ​កាប់​ទន្ទ្រាន​ដី​ព្រៃ​របស់​រដ្ឋ ពី​សំណាក់​ក្រុម​ឈ្មួញ​ដែល​ជា​អ្នក​មាន​អំណាច និង​លុយ​កាក់ កំពុង​កើត​មាន​ភាព​អនាធិបតេយ្យ​នៅ​លើ​ដី​ព្រៃ​សហគមន៍​ភ្នំ​ព្រះ ក្នុង​ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ។
សកម្មភាព​នេះ កើត​មាន​ឡើង​បន្ទាប់​ពី​រាជ​រដ្ឋាភិបាល​មាន​គោល​នយោបាយ​តាម​រយៈ​ការ​បញ្ជូន​ក្រុម​និស្សិត​ស្ម័គ្រចិត្ត ចុះ​ជួយ​វាស់​វែង​ដីធ្លី​ក្រុម​អាជ្ញាធរ​នៅ​តាម​ខេត្ត​ក្រុង​នានា ក្នុង​ប្រទេស​កម្ពុជា។
លោក ដា ឈាន មេ​ឃុំ​ថ្មពួក ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ បាន​ថ្លែង​ថា ដី​ព្រៃ​នៅ​តំបន់​នោះ​ធ្លាប់​មាន​ការ​លក់​ដូរ​អនាធិបតេយ្យ​ទៅ​ឲ្យ​ក្រុម​ឈ្មួញ​នា​រយៈកាល​កន្លង​មក។ ក្រុម​ឈ្មួញ​ដែល​ជា​អ្នក​មាន​លុយ​បាន​ជួល​ត្រាក់ទ័រ​ទៅ​ឈូស គាស់ និង​កាប់​កកាយ​ទន្ទ្រាន​នា​ពេល​បច្ចុប្បន្ន។ ដី​នៅ​តំបន់​នោះ ជា​ដី​ព្រៃ​សហគមន៍​ភ្នំ​ព្រះ និង​ជា​ទី​ជម្រក​សត្វ​ព្រៃ។ ឥឡូវ ត្រូវ​បាន​គេ​កាប់​ទន្ទ្រាន វាល​ស្រឡះ បាន​ទំហំ​ជាង​៥០​ហិកតារ​ហើយ នៅ​ក្នុង​ផ្ទៃ​ដី​ទំហំ​២១៥​ហិកតារ ដែល​ប្រជា​សហគមន៍​ស្នើ​សុំ​រក្សា​ទុក​ជា​ដី​ព្រៃ​សហគមន៍​ភ្នំ​ព្រះ។

លោក ដា ឈាន៖ «ពេល​នេះ​ក៏​មាន​ការ​រុករាន​បន្ត មាន​ត្រាក់ទ័រ ៥​ទៅ​៦​គ្រឿង ចាប់​ផ្ដើម​បាន​រយៈពេល​ប្រហែល​១​ខែ មក​ដល់​បច្ចុប្បន្ន​នេះ។ ឥឡូវ សព្វ​ថ្ងៃ​កំពុង​មាន សកម្មភាព​របស់​គេ​នៅ​តែ​ធ្វើ​បន្ត​ជានិច្ច។ គេ​ទៅ​គាស់​កកាយ​ដើម្បី​ធ្វើ​ឲ្យ​វា​ស្រឡះ​បាន​យក​ដាំ​ដំឡូង»
ក្រុម​ឈ្មួញ​ដែល​ជាប់​ពាក់ព័ន្ធ​ក្នុង​ការ​កាប់​បំផ្លាញ​ព្រៃ​យក​ដី​ខុស​ច្បាប់​នៅ​តំបន់​ដី​ព្រៃ​សហគមន៍​នោះ មាន​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​មន្ត្រី​កង​រាជ​អាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ៖ «លោក ដុំ ចិត្រ ដែល​គាត់​ជា​មេ​បញ្ជាការ​ប៉េអិម កង​រាជ​អាវុធហត្ថ​ប្រចាំ​ស្រុក​ថ្មពួក​ហ្នឹង គាត់​មាន​ការ​ពាក់ព័ន្ធ​នៅ​ក្នុង​ដីធ្លី​នៅ​ច្រក​នាងមុំ ដែល​ប្រជាពលរដ្ឋ​កំពុង​ធ្វើ​ការ​ស្នើ​សុំ​ដើម្បី​ទុក​ដី​នោះ​ជា​តំបន់​ជម្រក​សត្វ​ព្រៃ ហើយ​និង​សម្រាប់​ទុក​ឲ្យ​ប្រជាពលរដ្ឋ​ឃ្វាល​គោ ទៅ​រក​អុស​យក​មក​ដុត»
វិទ្យុ​អាស៊ី​សេរី នៅ​ពុំ​ទាន់​អាច​ទាក់​ទង​សុំ​សេចក្ដី​បញ្ជាក់​ការ​ចោទ​ប្រកាន់​នេះ​ពី​លោក ដុំ ចិត្រ ជា​មេ​បញ្ជាការ​កង​រាជ​អាវុធហត្ថ​ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ បាន​ទេ។
កាល​ពី​ថ្ងៃ​ទី​២៤ ខែ​កក្កដា ឆ្នាំ​២០១២ ប្រជាពលរដ្ឋ​នៅ​ភូមិ​អូរស្វាយ ឃុំ​ថ្មពួក ចំនួន​២៥០​គ្រួសារ បាន​នាំ​គ្នា​ធ្វើ​លិខិត​ផ្ដិត​មេដៃ​រួម​គ្នា ដាក់​ទៅ​អាជ្ញាធរ​ឃុំ​ថ្មពួក បន្ត​ទៅ​អាជ្ញាធរ​ស្រុក​ថ្មពួក ដើម្បី​ឲ្យ​អន្តរាគមន៍​ទៅ​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ ទាម​ទារ​យក​ដី​នៅ​ច្រក​នាងមុំ ទំហំ​២១៥​ហិកតារ ទុក​ជា​ដី​ព្រៃ​សហគមន៍ នៅ​ឃុំ​ថ្មពួក។ កន្លង​មក ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​នៅ​ភូមិ​ស្វាយ ឃុំ​ថ្មពួក ក៏​បាន​លើក​ក្បួន​ដង្ហែ​តាម​ម៉ាស៊ីន​គោយន្ត​ចំនួន​៣៥​គ្រឿង ទៅ​អាជ្ញាធរ​ស្រុក ដើម្បី​សុំ​យក​ដី​ព្រៃ​នៅ​ចំណុច​នាងមុំ ទុក​ជា​ដី​ព្រៃ​សហគមន៍។
អភិបាល​ស្រុក​ថ្មពួក លោក ប្លែក វ៉ារី បាន​មាន​ប្រសាសន៍​ថា ករណី​កាប់​ទន្ទ្រាន​ដី​ព្រៃ​សហគមន៍​នៅ​ច្រក​នាងមុំ នោះ អាជ្ញាធរ​បាន​ចាត់​កម្លាំង​ចុះ​ធ្វើ​ការ​ទប់ស្កាត់។ ប៉ុន្តែ ដោយ​សារ​លោក​ជាប់​ចុះ​បំពេញ​ការងារ​វាស​វែង​ដីធ្លី​នៅ​ឃុំ​បន្ទាយឆ្មារ ជួរ​ភ្នំ​ដង​រែក នៅ​ពុំ​ទាន់​ទទួល​បាន​ព័ត៌មាន​ជុំវិញ​លទ្ធផល​នៃ​ការ​ចុះ​ទប់ស្កាត់​នោះ​ទេ៖ «គឺ​ក្នុង​គណៈ​បញ្ជាការ​ឯកភាព លោក​បាន​ចាត់ចែង​កម្លាំង ដើម្បី​ល្បាត ព្រោះ​មាន​បង​ប្អូន​យើង​មួយ​ចំនួន​ទាក់​ទង​នឹង​អនុសាសន៍​នេះ គឺ​ឆ្លៀត​ឱកាស។ ហើយ​ឥឡូវ ក្រុម​ការងារ​របស់​យើង​កំពុង​ចុះ​បុក​មក​នៅ​ឃុំ​បន្ទាយឆ្មារ»
លោក​បន្ត​ថា ពាក់ព័ន្ធ​ការ​ចោទ​ប្រកាន់​អ្នក​កាប់​ទន្ទ្រាន​ដី​ព្រៃ​សហគមន៍​នៅ​តំបន់​នោះ មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​មន្ត្រី​កង​រាជ​អាវុធហត្ថ លោក​នឹង​ធ្វើ​ការ​ស្រាវជ្រាវ​ពិនិត្យ​មើល​ឡើង​វិញ។ ចំណែក​ឯ​លោក ដុំ ឈាង ជា​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ នៅ​ស្រុក​ថ្មពួក បាន​បដិសេធ​ថា ពុំ​បាន​ដឹង​ក្នុង​ករណី​កាប់​បំផ្លាញ​ដី​ព្រៃ​សហគមន៍​នេះ​ទេ។
ប្រធាន​សម្រប​សម្រួល​សមាគម​អាដហុក ប្រចាំ​ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ចន្ទគា បាន​ហៅ​ក្រុម​ជន​កាប់​បំផ្លាញ​ដី​ព្រៃ​សហគមន៍​នេះ​ថា ជា​ក្រុម​ឱកាស​និយម។ ពួក​គេ​កំពុង​រំលោភ​បំពាន​កាប់​បំផ្លាញ​ដី​ព្រៃ​របស់​រដ្ឋ​យក​មក​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន។ ករណី​នេះ លោក​សុំ​ឲ្យ​អាជ្ញាធរ​ខេត្ត​ត្រូវ​មាន​វិធាន​ការ​ទប់ស្កាត់​ជា​បន្ទាន់ ដើម្បី​រក្សា​ដី​ព្រៃ​នោះ​ទុក​ជា​សម្បត្តិ​រដ្ឋ​ឲ្យ​បាន​គងវង់៖ «បើ​សិន​ធ្វើ​អញ្ចឹង ធ្វើ​ឲ្យ​បាត់​បង់​ដី​រដ្ឋ​កាន់​តែ​ច្រើន។ ហើយ​យើង​សង្ឃឹម​ថា អាជ្ញាធរ​នៅ​ខេត្ត​បន្ទាយមានជ័យ គួរ​ពិនិត្យ​ឲ្យ​បាន​ខ្លាំង កុំ​ឲ្យ​ជន​ឱកាស​និយម​ឆ្លៀត​ក្នុង​រយៈពេល​ដែល​រដ្ឋាភិបាល​ខិតខំ​ប្រឹងប្រែង​ចែក​ដី​ជូន​ប្រជាពលរដ្ឋ​របស់​លោក​ដែល​ក្រីក្រ»
ប្រជាពលរដ្ឋ​បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​ថា បើ​សិន​ជា​ដី​ព្រៃ​សហគមន៍​នោះ​ត្រូវ​បាន​គេ​កាប់​វាល​អស់ ដើម្បី​យក​ដី​ទៅ​ធ្វើ​ដំណាំ​កសិកម្ម​នោះ ពួក​គាត់​នឹង​ជួប​ប្រទះ​ការ​លំបាក​ច្រើន ដោយ​សារ​ពុំ​មាន​ទី​កន្លែង​សម្រាប់​ចិញ្ចឹម​សត្វ​ពាហនៈ គោ​ក្របី។ ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​បាន​ពឹង​ពាក់ អាស្រ័យ​លើ​ការ​រក​អនុផល​ពី​ព្រៃ​ឈើ ដូច​ជា​ការ​រក​អុស បោច​វល្លិ ដក​ផ្សិត​ជាដើម និង​ក្ដី​ព្រួយ​បារម្ភ​សំខាន់​មួយ​ទៀត គឺ​ការ​បាត់​បង់​ទី​ជម្រក​សត្វ​ព្រៃ ដែល​កំពុង​រស់​នៅ​ក្នុង​ព្រៃ​នៅ​តំបន់​នោះ៕

No comments:

Post a Comment

yes