សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, July 29, 2012

ពលរដ្ឋ​ព្រួយ​បារម្ភ​ចំពោះ​គម្រោង​ការ​បណ្ដេញ​ពី​លំនៅឋាន​នៅ​ពោធិ៍សាត់


បន្ទាប់​ពី​បាន​បណ្ដេញ​ប្រជាពលរដ្ឋ​រាប់​រយ​គ្រួសារ​នៅ​ចំណុច​ស្រែ​យក្ស ភូមិ​កំពង់ក្ដី ឃុំ​ក្រពើ២ ឥឡូវ​អាជ្ញាធរ​ខេត្ត​មាន​គម្រោង​បណ្ដេញ​ប្រជាពលរដ្ឋ​៣៦​គ្រួសារ នៅ​ភូមិ​ស្រែក្ដី ទៀត។
RFA/Mondul Keo
២៦-កក្កដា-២០១២៖ ទិដ្ឋភាព​នៃ​ភូមិ​ស្រែក្ដី ដែល​ជា​ភូមិ​ដាច់​ស្រយាល​មួយ​ស្ថិត​នៅ​ពី​ក្រោយ​ភ្នំ និង​នៅ​ក្នុង​ព្រៃ​ជ្រៅ។
ភូមិ​នេះ​ក៏​ស្ថិត​ក្នុង​ឃុំ​ក្រពើ២ ស្រុក​វាលវែង ដែរ។ អាជ្ញាធរ​ខេត្ត​ពន្យល់​ថា ប្រជាពលរដ្ឋ​ទាំង​នេះ​មក​តាំង​ទីលំនៅ​ខុស​ច្បាប់​លើ​ដី​គម្រប​ព្រៃ​របស់​រដ្ឋ។
ប្រជាពលរដ្ឋ​ភូមិ​ស្រែក្ដី ៣៦​គ្រួសារ​កំពុង​ប្រឈម​មុខ​នឹង​ការ​បណ្ដេញ​ចេញ​ពី​ដី​លំនៅឋាន និង​ដី​បង្កបង្កើន​ផល​របស់​ពួក​គាត់។
តំណាង​ប្រជាពលរដ្ឋ​ភូមិ​ស្រែក្ដី គឺ​លោក អ៊ិន យ៉ង់ អាយុ ៦២​ឆ្នាំ គាត់​បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​២៦ កក្កដា ថា គាត់​មាន​ស្រុក​កំណើត​នៅ​ឯ​ខេត្ត​ព្រៃវែង។ នៅ​ឯ​ស្រុក​កំណើត គាត់​អត់​មាន​ដី​ស្រែ​ទេ គាត់​បាន​មក​រុករាន​ព្រៃ​តាំង​ទីលំនៅ​នៅ​ភូមិ​ស្រែក្ដី តាំង​ពី​ឆ្នាំ​២០០៦ តាម​រយៈ​ការ​ណែនាំ​របស់​ប្អូន​គាត់ ដែល​ជា​អតីត​ទាហាន​ខ្មែរ​ក្រហម​ធ្វើ​សមាហរណកម្ម៖ «ពេល​ដែល​ខ្ញុំ​ទៅ​ជួប​ប្អូន​នៅ​ជាយដែន​នោះ ប្អូន​ខ្ញុំ​ក៏​ថា​មិន​បាច់​ទៅ​នៅ​ស្រុក​វិញ​ទេ​ព្រោះ​ស្រុក​យើង​ក្រីក្រ ចង្អៀត អស់​ដីធ្លី​អី​ហើយ។ ប្អូន​ខ្ញុំ​នោះ​គេ​ថា នៅ​ទី​នេះ​មាន​ដី​ច្រើន ខ្ញុំ​ក៏​នៅ​តាម​ប្អូន​មក​រហូត​ដល់​ថ្ងៃ​នេះ​ទៅ»

លោក​តា ឡាញ់ ឆន អាយុ ៦៩​ឆ្នាំ ជា​ប្រជាពលរដ្ឋ​នៅ​ស្រុក​គាស់ក្រឡ ខេត្ត​បាត់ដំបង លោក​តា​អះអាង​ថា គាត់​បាន​មក​តាំង​ទីលំនៅ នៅ​ភូមិ​ស្រែក្ដី នេះ​កាល​ពី​ចុង​ឆ្នាំ​២០០៦។ លោក​តា​សម្ដែង​ការ​ព្រួយ​បារម្ភ​ចំពោះ​គម្រោង​ការ​បណ្ដេញ​ចេញ​នេះ ដោយ​គាត់​យល់​ថា គ្រួសារ​គាត់​ច្បាស់​ជា​ជួប​ការ​លំបាក​ក្នុង​ជីវភាព ប្រសិន​បើ​ការ​បណ្ដេញ​នេះ​ក្លាយ​ជា​ការ​ពិត៖ «ខ្ញុំ​ចង់​តែ​នៅ​ទី​នេះ ព្រោះ​ខ្ញុំ​បាន​ត្រួសត្រាយ និង​ដាំ​ដំណាំ​បាន​ផល​ទៅ​ហើយ បើ​ផ្លាស់​ទៅ​នៅ​កន្លែង​ផ្សេង ទម្រាំ​តែ​បាន​ដូច​នៅ​ទី​នេះ​នោះ វា​ជួប​ការ​លំបាក​ច្រើន​ណាស់»
ប្រភព​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា ពួក​គាត់​មក​ពី​ខេត្ត​នានា​ដូច​ជា​ខេត្ត​ព្រៃវែង ពោធិ៍សាត់ បាត់ដំបង កំពង់ចាម តាកែវ កំពត ជាដើម។ តាម​ការ​សាក​សួរ​បញ្ជាក់​ថា ប្រជាពលរដ្ឋ​ទាំង​នោះ​ភាគ​ច្រើន​គ្មាន​ដី​ស្រែ​នៅ​ឯ​ស្រុក​កំណើត និង​ខ្លះ​ទៀត​មាន​ដី​ស្រែ​បន្តិច​បន្តួច។ ចំណែក​ការ​មក​រស់​នៅ​ទី​នេះ ពួក​គាត់​ក៏​ត្រូវ​ចំណាយ​ប្រាក់​ទៅ​ឲ្យ​មេ​ខ្យល់ និង​អាជ្ញាធរ​ដែនដី​ផង​ដែរ។
លោក អ៊ិន យ៉ង់៖ «កន្លង​ទៅ​ពួក​ខ្ញុំ​មក​នៅ​ក៏​ត្រូវ​បង់​ប្លង់​ឲ្យ​គេ ចាប់​ពី​៥ម៉ឺន ១០ម៉ឺន រហូត​ដល់ ១៥០ម៉ឺន។ ខ្ញុំ​ត្រូវ​ទៅ​លក់​កេរអាករ​ពី​ស្រុក យក​មក​បង់​ឲ្យ​គេ»។
វិទ្យុ​អាស៊ី​សេរី មិន​អាច​ទាក់​ទង​សុំ​ការ​បំភ្លឺ​ពី​អាជ្ញាធរ​ឃុំ​ក្រពើ២ និង​អាជ្ញាធរ​ស្រុក​វាលវែង បាន​ទេ នៅ​ល្ងាច​ថ្ងៃ​ទី​២៧ កក្កដា នេះ។
យ៉ាង​នេះ​ក្ដី អភិបាល​ខេត្ត​ពោធិ៍សាត់ គឺ​លោក ខូយ សុខា លោក​ពន្យល់​ចំពោះ​គម្រោង​ការ​បណ្ដេញ​នេះ​ថា ដើម្បី​រៀបចំ​ប្រជាពលរដ្ឋ​ឲ្យ​មាន​ការ​តាំង​ទីលំនៅ​ឲ្យ​ត្រឹមត្រូវ​ទៅ​តាម​គោលការណ៍​របស់​រាជរដ្ឋាភិបាល។ លោក​ថា ប្រជាពលរដ្ឋ​ភូមិ​ស្រែក្ដី បាន​មក​តាំង​ទីលំនៅ​ដោយ​ខុស​ច្បាប់​នៅ​លើ​ដី​គម្រប​ព្រៃ​របស់​រដ្ឋ ព្រម​ទាំង​បាន​បំផ្លាញ​ព្រៃ​ស្រល់​អស់​រាប់​ហិកតារ​ទៀត​ផង៖ «បើ​សិន​ជា​គាត់​មាន​អត្តសញ្ញាណ​ច្បាស់​លាស់ យើង​នឹង​ឲ្យ​គាត់​ទៅ​ភូមិ​ឃុំ​គាត់​វិញ ហើយ​យើង​នឹង​ឲ្យ​អាជ្ញាធរ​ឃុំ​ពិនិត្យ​ថា តើ​គាត់​ជា​ជន​ក្រីក្រ​គ្មាន​ដីធ្លី​ពិត​ប្រាកដ​មែន​នោះ យើង​នឹង​ផ្ដល់​ដី​សម្បទាន​សង្គមកិច្ច​ជូន​គាត់»
យ៉ាង​ណា​ក៏​ដោយ លោក​អភិបាល​ខេត្ត​មាន​ប្រសាសន៍​ថា អាជ្ញាធរ​ខេត្ត​កំពុង​ស្រាវជ្រាវ​រក​ការ​ពិត។ លោក​ថា ប្រសិន​បើ​ប្រជាពលរដ្ឋ​ទាំង​នោះ​ពិត​ជា​ជន​ក្រីក្រ និង​គ្មាន​ដី​បង្កបង្កើន​ផល​មែន​នោះ អាជ្ញាធរ​នឹង​រៀបចំ​ផ្ដល់​ដី​សម្បទាន​សង្គម​កិច្ច​ដល់​ពួក​គាត់។ តែ​ប្រសិន​បើ​រក​ឃើញ​ថា នៅ​ឯ​លំនៅឋាន​ដើម​របស់​ពួក​គាត់​មាន​ដី​ស្រែ​រួច​ហើយ​នោះ អាជ្ញាធរ​នឹង​បញ្ជូន​ពួក​គាត់​ត្រឡប់​ទៅ​លំនៅឋាន​ដើម​វិញ៕

No comments:

Post a Comment

yes