សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, July 1, 2012

អ្នក​ភូមិ៖ ក្រុម​ហ៊ុន​ចិន​​​នៅ​​​ខេត្ត​ឧត្តរ​មាន​ជ័យប៉ះពាល់​ដី​ស្រែ​ដី​ចម្ការ​​​គាត់​៨​ភូមិ


ការ​វិនិយោគ​ដំណាំ​កសិឧស្សាហកម្ម​របស់​ក្រុម​ហ៊ុន​ចិន​មួយ នៅ​លើ​ផ្ទៃ​ដី​ទំហំ ៦.០០០ ហិកតារ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដី​ស្រែ​ដី​ចម្ការ​របស់​ប្រជា​ពលរដ្ឋ​ចំនួន ៨ ភូមិ។
ភូមិ​ដែល​ប៉ះពាល់​ខ្លះ​ស្ថិត​នៅ​ក្នុង​ខេត្ត​បន្ទាយ​មានជ័យ និង​ភូមិ​មួយ​ចំនួន​ទៀត នៅ​ក្នុង​ខេត្ត​ឧត្តរ​មានជ័យ។
កន្លង​ទៅ​នេះ ក្រុម​អាជ្ញាធរ​បាន​សន្យា​ជួយ​ដោះស្រាយ​ដី ដែល​មាន​ប៉ះពាល់​ជាមួយ​ក្រុមហ៊ុន​មិន​ឲ្យ​បាត់បង់​ទេ។ ប៉ុន្តែ ការ​ចុះ​អនុវត្ត​របស់​ក្រុមហ៊ុន​ជាក់​ស្ដែង​បាន​រំលោភ​បំពាន​លើ​ដី ស្រែ​ចម្ការ​របស់​អ្នក​ភូមិ ដែល​បាន​កាន់​កាប់​បង្កបង្កើន​ផល​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ។
ប្រជា​ពលរដ្ឋ​ចំនួន ៨ ភូមិ នៅ​ក្នុង​ខេត្ត​បន្ទាយ​មានជ័យ និង​ខេត្ត​ឧត្តរមានជ័យ បាន​អំពាវនាវ​ជា​ថ្មី​ម្ដង​ ទៀត សុំ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ចុះ​អន្តរាគមន៍ និង​ទប់ស្កាត់​សកម្មភាព​ក្រុមហ៊ុន​ជាតិ​អភិវឌ្ឍន៍ ដែល​បាន​ឈូស​ឆាយ​រំលោភ​យក​ដី​ស្រែ ដី​ចម្ការ​របស់​ពួក​គាត់ ដោយ​ពុំ​មាន​ការ​ផ្ដល់​សំណង​សមរម្យ​ណា​មួយ ជូន​អ្នក​ភូមិ​ទេ រហូត​មក​ទល់​ពេល​នេះ។
ក្រុម​អ្នកភូមិ​ជា​ច្រើន​នាក់ បញ្ជាក់​ថា ក្រុមហ៊ុន​ជាតិ​អភិវឌ្ឍន៍​ទទួល​បាន​សិទ្ធិ​វិនិយោគ​លើ​ដី​សម្បទាន​សេដ្ឋកិច្ច​ទំហំ ៦.០០០ ហិកតារ ពី​រាជ​រដ្ឋាភិបាល។ ទំហំ​ដី​របស់​ក្រុមហ៊ុន​នេះ នាំ​ឲ្យ​ប៉ះ​ពាល់​ដី​ស្រែ​ចម្ការ​ក្នុង​ភូមិ​ចំនួន ៧០%។

កន្លង​ទៅ​នេះ ក្រុម​អាជ្ញាធរ​បាន​បង្កើត​គណៈកម្មការ​ចុះ​បញ្ជី​ក្បាល​ដី ដើម្បី​បូក​សរុប​លើ​ដី ដែល​បាន​ប៉ះពាល់​ឲ្យ​បាន​ច្បាស់លាស់ ដើម្បី​កាត់​ចេញ​ពី​ដី​ទំហំ ៦.០០០ ហិកតារ។ ប៉ុន្តែ​ភាគី​ក្រុម​ហ៊ុន ពុំ​បាន​ទទួល​ស្គាល់​លិខិត​បញ្ជាក់​អត្តសញ្ញាណ​ដី ហើយ​បន្ត​ឈូស​ឆាយ​លើ​ដី​ដំណាំ​របស់​ភូមិ​ដដែល។
សមាគម អាដហុក បាន​ឲ្យ​ដឹង​ថា ដី​ស្រែ​ដីចម្ការ និង​ដី​ភូមិឋាន​របស់​អ្នក​ស្រុក​នៅ​ស្ថិត​នៅ​ភូមិ​ចំនួន ៨ ភូមិ។ ក្នុង​នោះ​មាន​ឃុំ​បន្ទាយ​ឆ្មារ ស្រុក​ថ្ម​ពួក ខេត្ត​បន្ទាយ​មានជ័យ និង​ឃុំ​អំពិល ក្នុង​ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧត្តរមានជ័យ សរុប​មាន​ផ្ទៃ​ដី​ទំហំ​មាន​ដី​ប៉ះពាល់ ២.៥៣០ ហិកតារ និង​មាន​ប្រជា​ពលរដ្ឋ​រងគ្រោះ ៣០៤ គ្រួសារ។ ដី​ស្រែ និង​ដី​ភូមិឋាន អ្នកភូមិ​បាន​ចូល​កាន់កាប់ តាំង​ពី​ឆ្នាំ ១៩៩៣ ក្រោយ​ពី​សម័យ​សមាហរណកម្ម​កំពុង​រង​ផល​ប៉ះពាល់​ដោយសារ​ការ​វិនិយោគ​របស់​ក្រុមហ៊ុន។
លោកស្រី ជួរ ហេង អាយុ​ជាង ៦០​ឆ្នាំ បាន​ថ្លែង​ថា ដំណាំ​ឪឡឹក​នៅ​ក្នុង​ចម្ការ​របស់​គាត់ ត្រូវ​ក្រុមហ៊ុន ដាក់​គ្រឿងចក្រ​ទៅ​ឈូស​បំផ្លាញ​ចោល ដើម្បី​យក​ដី​គាត់​ដាំ​ដំឡូង​មី។ លោក​ស្រី​បញ្ជាក់​ថា គាត់​មាន​លិខិត​បញ្ជាក់​ការ​កាន់កាប់​ដី​ពី​អាជ្ញាធរ​ស្រុក​ថ្ម​ពួក​ដែរ តែ​គេ​មិន​ទទួល​ស្គាល់​នោះ​ឡើយ។
វិទ្យុ​អាស៊ី​សេរី នៅ​ពុំ​ទាន់​អាច​សុំ​សេចក្ដី​បញ្ជាក់​ពី​អាជ្ញាធរ​ខេត្ត​បន្ទាយ​មានជ័យ និង​ភាគី​ក្រុមហ៊ុន​ ជាតិ​អភិវឌ្ឍន៍​នេះ​បាន​ទេ។
ប៉ុន្តែ​លោក អ៊ុង អឿន អភិបាល​ខេត្ត​បន្ទាយ​មានជ័យ​ធ្លាប់​មាន​ប្រសាសន៍​ថា អាជ្ញាធរ និង​ក្រុមហ៊ុន​បាន​ឯកភាព​គ្នា ក្នុង​ការ​ចុះ​ស្រង់​ស្ថិតិ​ប្រជា​ពលរដ្ឋ ដែល​មាន​ផល​ប៉ះពាល់​ ពិត​ប្រាកដ ដើម្បី​ធ្វើ​អត្ត​សញ្ញាណ​កម្ម​ដី​ឲ្យ​បាន​ច្បាស់​លាស់។
លោក អ៊ុង អឿន៖ «ក្នុង​ដី ៦.០០០ ហិកតារ​ហ្នឹង ឲ្យ​គាត់​អ្នក​ណា​មាន​ប៉ុន្មាន។ ប៉ុន្តែ យើង​កាត់​កន្លែង​ផ្សេង​ឲ្យ​ដី​នៅ​តំបន់​នោះ។ ក្នុង​ដី​ហ្នឹង​ក្រុមហ៊ុន​គេ​នៅ​តែ​ប្រគល់​ឲ្យ​គាត់ ប៉ុន្តែ​ដូរ​កន្លែង​សុខ​ចិត្ត​ឲ្យ​គាត់​ទៅ​ឈូស​ឆាយ​ធ្វើ​ស្រែ​ចម្ការ​នៅ​ខាង​ក្រោយ​ទៀត។ យើង​នៅ​តែ​ឲ្យ​អ្នក​នៅ​ក្នុង​នោះ​ពិត​ប្រាកដ​មែន ក្នុង ៦.០០០ ហិកតារ គ្រាន់​តែ​ឈូស​ឆាយ​ត្រង់​ណា ឲ្យ​គាត់​មួយ​ខ្សែ ប្រមូល​ផ្ដុំ​គ្នា​មួយ​ក្រុម​តែ​ម្ដង។ គេ​ឈូស​ត្រង់​ណា​មួយ​ឲ្យ​ទៅ​ជា​បូរី​របស់​គាត់ ធ្វើ​ផ្លូវ​ធ្វើ​អណ្ដូង​ទឹក​ឲ្យ​គាត់»។
របាយការណ៍​សមាគម អាដហុក បាន​បញ្ជាក់​ថា ក្រុមហ៊ុន​នេះ​ពុំ​បាន​សិក្សា​វាយ​តម្លៃ​លើ​ផល​ប៉ះ​ពាល់​របស់​អ្នកភូមិ​ទេ។ ក្រុមហ៊ុន​មាន​តែ​ឈ្មោះ។ ក្រោយ​ពី​ទទួល​បាន​សិទ្ធិ​ពី​រដ្ឋាភិបាល​កម្ពុជា ក៏​បាន​​ជួល​បន្ត​ទៅ​ឲ្យ​អ្នក​វិនិយោគ​ជនជាតិ​ចិន ដោយ​ជ្រក​ក្រោម​យីហោ​ក្រុម​ហ៊ុន​ជាតិ​អភិវឌ្ឍន៍។
សមាគម​បាន​បន្ត​ថា ការ​ផ្ដល់​ដី​វិនិយោគ​ទៅ​ឲ្យ​ក្រុមហ៊ុន​ជាតិ អភិវឌ្ឍន៍​នេះ ពុំ​បាន​ធ្វើ​ឡើង​តាម​គោលការណ៍​ច្បាប់​នៃ​ការ​ផ្ដល់​សម្បទាន​សេដ្ឋកិច្ច​ទេ។ ប្រជា​ពលរដ្ឋ​បាន​អះអាង​ថា បាន​តាំង​ទី​លំនៅឋាន​បង្ក​បង្កើន​ផល​លើ​ដីស្រែ​ដីចម្ការ​នៅ​តំបន់​នោះ ​យូរយារ​ណាស់​មក​ហើយ៕

No comments:

Post a Comment

yes