ភ្នំពេញ: ទីស្តីការគណៈរដ្ឋមន្ត្រី របស់រដ្ឋាភិបាលកម្ពុជា បានប្រកាសអំពីកម្មវិធី នៃការកែសម្រួល ដកកងទ័ព ចេញពីតំបន់ព្រំដែនប្រាសាទព្រះវិហារ នាថ្ងៃទី១៨កក្កដា ឆ្នាំ២០១២។ សេចក្តីប្រកាសលើកឡើងថា បន្ទាប់ពីជំនួបរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ យីងឡាក់ ស៊ីណាវ៉ាត់ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ កាលពីរសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១២ នៅទីក្រុងសៀមរាប ភាគីទាំងពីរបានឯកភាពគ្នាដោយសុឆន្ទៈកែសម្រួលកងទ័ព។
សេចក្ដីជូនដំណឹងរបស់អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្ដីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១២ បានបង្ហាញថា នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១២ រាជរដ្ឋាភិបាលកម្ពុជាសម្រេចធ្វើការកែសម្រួលកងទ័ពចំនួន ៤៨៥ នាក់ ចេញពីតំបន់គ្មានកងទ័ពបណ្តោះអាសន្ន (PDZ) តាមដីកាបង្កាប់របស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១១។
សេចក្តីជូនដំណឹងក៏បានលើកឡើងថា ការប្រារព្ធពិធីកែសម្រួលកងទ័ពនេះ នឹងប្រព្រឹត្តទៅ នៅទីបញ្ជាការសន្តិភាព ៥មករា-ព្រះវិហារ។ ការកែសម្រួលកងទ័ព ក្នុងជំហានទី១នេះ គឺកែសម្រួលពីបរិវេណ ជុំវិញប្រាសាទព្រះវិហារ ដែលរួមមាន៖ ផ្សារជណ្តើរនាគ ជណ្តើរបុរាណខាងជើង ជណ្តើរបុរាណខាងកើត និងវត្តកែវសិក្ខាគីរីស្វារៈ ហើយជំនួសវិញដោយនគរបាលចំនួន ២៥៥ នាក់ និងសន្តិសុខអភិរក្សប្រាសាទចំនួន ១០០នាក់។
សេចក្ដីជូនដំណឹងបានឲ្យដឹងថា តំណាងរាជរដ្ឋាភិបាលកម្ពុជា សមាជិកសភាព ព្រឹទ្ធសភា អនុព័ន្ធយោធានៃបណ្តាប្រទេសជាមិត្តនៅកម្ពុជា ភ្ញៀវជាតិ និងអន្តរជាតិជាច្រើនរូបនឹងចូលរួមនៅក្នុងពិធីកែសម្រួលកងទ័ពនេះ។
សេចក្ដីជូនដំណឹងបានឲ្យដឹងទៀតថា នៅក្នុងពេល និងម៉ោងជាមួយគ្នានោះដែរ ក៏មានពិធីចូលរួមនៅក្នុងពិធីអបអរសាទរខួបលើកទី៤ នៃការចុះបញ្ជីប្រាសាទព្រះវិហារជាសម្បត្តិបេតិកភ័ណ្ឌពិភពលោក ២០០៨-២០១២។
ទីស្តីការគណៈរដ្ឋមន្ត្រី ក៏បានប្រកាសពីកម្មវិធីកែសម្រួលកងទ័ពជំហ៊ានទី១ ចេញពីតំបន់គ្មានកងទ័ពបណ្តោះអាសន្ន ( PDZ ) តាមដីកាបង្គាប់របស់តុលាការយុត្តិធម៌អន្តរជាតិ ( ICJ ) លេខ ១៥១ ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅទីបញ្ជាការសន្តិភាព ប្រចាំមករា-ព្រះវិហារ។
តាមកម្មវិធី ពិធីជួបជុំនោះ នឹងធ្វើឡើង នៅម៉ោង ៧ ព្រឹក។ នៅម៉ោង ៩ និង ១០ នាទី ពិធីសម្តែងសិល្បៈ ( របាំជូនពររបាំព្រាបស និងទង់អាស៊ាន និងកន្ទ្រាំមីង )។
នៅម៉ោង ៩ និង ៤០ នាទី សុន្ទរកថាស្វាគមន៍របស់លោក ជុច ភឿន ប្រធានអាជ្ញាធរជាតិព្រះវិហារ។
នៅម៉ោង ៩ និង ៤៥ នាទី លោកនាយឧត្តមសេនីយ៍ នាង ផាត ប្រធានលេខាធិការដ្ឋានក្រុមការងារសម្របសម្រួលបទឈប់បាញ់ អានសេចក្តីសំរេចរបស់រាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងការកែសម្រួលកងទ័ព។
នៅម៉ោង ៩ និង ៥០ នាទី លោកនាយឧត្តមសេនីយ៍ ជា តារា អាននូវរបាយការណ៍សមរភូមិរបស់តំណាងគណៈបញ្ជាការឯកភាពសមរភូមិ កម្ពុជា-ថៃ។
នៅម៉ោង ១០ លោកឧត្តមសេនីយ៍ឯក ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ ទទួលបន្ទុកគ្រប់គ្រងនគរបាល នៅព្រំដែន ឡើងធ្វើការប្តេជ្ញាចិត្តរបស់តំណាងនគរបាលជាតិ និងសន្តិសុអភិរក្ស។
នៅម៉ោង ១០ និង ៥ នាទី លោកនាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ឡើងថ្លែងសុន្ទរកថាអបអរសាទរនៃការកែសម្រួល ដកកងទ័ព។
នៅម៉ោង ១០ និង ៣០ នាទី លោកនាយឧត្តមសេនីយ៍ ទៀ បាញ់ បំពាក់គ្រឿងឥស្សរិយយសទង់ ជូនអង្គភាពកងទ័ពកងពលធំអន្តរាគមន៍លេខ ៣ និងកងពលតូចអន្តរាគមន៍លេខ ៧។
នៅម៉ោង ១០ និង ៣៥ នាទី លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ បញ្ជាយុទ្ធដំណើរទ័ព និងប្រគល់ផែនទីអភិរក្ស ដល់នគរបាល និងសន្តិសុខអភិរក្សប្រាសាទព្រះវិហារ។
តាមកម្មវិធី នៅចុងបញ្ចប់ មានពិធីលែងព្រាប និងបង្ហោះប៉េងប៉ោងអបអរសាទរខួបលើកទី៤ នៃការចុះបញ្ជីបេតិកភ័ណ្ឌពិភពលោក និងការទទួលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំបេតិកភ័ណ្ឌពិភពលោក លើកទី៣៧ នៅកម្ពុជា ឆ្នាំ២០១៣៕
No comments:
Post a Comment
yes