សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, July 14, 2012

ទារុណកម្ម​ លើក្មេងស្រី រហូតដល់វាយ ញាត់ចូលការ៉ុង ជីវិតថ្លៃបាន សត្វសុនខជួយ


ប៉ៃលិន ៖ រឿងរ៉ាវដែលបានលាក់បាំង អស់រយៈពេលជាង ២ឆ្នាំមកហើយ ចំពោះការធ្វើបាប បងប្អូនប្រុសស្រី ២នាក់ ដែលមិនទាន់គ្រប់អាយុ ទីបំផុតត្រូវបាន បែកធ្លាយ បន្ទាប់ពីជនបង្ក ៣នាក់បងប្អូន ដែលមានចរិត កាចសាហាវ បានវាយក្មេងស្រីរងគ្រោះជាបង រហូតដល់ញាត់ចូលក្នុងការ៉ុង ប៉ុន្តែដោយសារ បានធ្វើបុណ្យ ពីជាតិមុន ជីវិតថ្លៃមិនបានស្លាប់ ដោយសារតែសត្វសុនខចំនួន ៣ក្បាល បានជួយក្មេងស្រី រងគ្រោះរូបនេះ។ យ៉ាងណាក៏ដោយរឿងរ៉ាវ ដែលបានកើតឡើងចំពោះបងប្អូន ស្រីប្រុស ទាំងពីរនាក់ ខាងលើនេះ មិនទាន់ទទួលបានយុត្តិធម៌នៅឡើយទេ ខណៈដែលក្មេងស្រីរងគ្រោះ កំពុងស្ថិតនៅការមើលថែទាំពីសំណាក់ អង្គការមួយ។
ហេតុការណ៍វាយធ្វើបាបទៅលើក្មេង មិនទាន់គ្រប់អាយុ ទាំងពីរនាក់ខាងលើនេះ បានកើតឡើងនៅអំឡុង ខែមិថុនា ឆ្នាំ២០១២ កន្លងទៅនេះ គឺកើតនៅក្នុងភូមិចំការ កាហ្វេ សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
អ្នកដែលបានដឹងរឿងរ៉ាវ ដ៏គួរឲ្យសោកសង្រេង និងអាណិតអាសូរចំពោះក្មេងៗ ទាំងពីរនាក់បងប្អូន ដែលម្តាយរបស់ខ្លួន បានទៅធ្វើការនៅម៉ាឡេស៊ីនោះ បានរៀប រាប់ថា ក្មេងស្រីរងគ្រោះជាបងឈ្មោះ ស៊ា បូរី ហៅណងហ្វា អាយុ១៣ឆ្នាំ រីឯប្អូនប្រុស ឈ្មោះ វិឡារ៉ូណា អាយុ៨ឆ្នាំ។ បងប្អូនទាំងពីរនាក់នេះ ត្រូវបានលោក ស៊ា ផាន បច្ចប្បន្នមានតួនាទី ជាអនុប្រធានមន្ទីរមួយរូប នៅខេត្តប៉ៃលិនទៅចិញ្ចឹមទៅក្នុងផ្ទះ ដោយសារតែរូបលោក មានការរាប់អានជាមួយ ម្តាយក្មេងទាំងពីរ ក៏យកទៅចិញ្ចឹម ឲ្យខណៈដែលស្រ្តីជាម្តាយ ទៅធ្វើការនៅម៉ាឡេស៊ីបាត់។ រយៈពេល ២ឆ្នាំ នៃការរស់នៅរបស់ក្មេងទាំងពីរ ជាមួយលោក ស៊ា ផាន ដោយមានប្រពន្ធ របស់គាត់ឈ្មោះ ស្រី រ័ត្ន ហៅស្រីកា ប្អូនស្រីថ្លៃ ឈ្មោះ រតនា និងប្អូនប្រុសថ្លៃឈ្មោះ ធឿន គឺក្មេងទាំងពីរនាក់បងប្អូននេះ មិនដែលជួបសេចក្តីសុខឡើយ ពោលត្រូវប្រពន្ធរបស់លោក ស៊ា ផាន និងប្អូនខ្លួនទាំងពីរវាយធ្វើបាប ស្ទើររៀងរាល់ថ្ងៃ ជាពិសេសនៅពេល ដែលលោក ស៊ា ផាន មិននៅផ្ទះ។

អ្នកដឹកសាច់រឿងខាងលើនេះ បានរៀបរាប់ទៀតថា នៅថ្ងៃមួយពោលមុនថ្ងៃបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ពីរបីថ្ងៃរឿងរ៉ាវនៃការធ្វើទារុណកម្ម ខ្លាំងទៅលើក្មេងទាំង ពីរបានកើតឡើង។ ពេលនោះឈ្មោះ រតនា ដែលជាប្អូន ថ្លៃលោក ស៊ា ផាន បានស្ងោរស្អំ បន្ទាប់មកដោយឃើញទឹកពុះ ក្មេងស្រី ណងហ្វា បានទៅបើកគម្របឆ្នាំង ដើម្បីស្រង់មកគ្របទុក ដោយគិតថា ទំនងឈ្មោះ រតនា ស្ងោរដើម្បីធ្វើអន្លក់។ ក្រោយពីឃើញសកម្មភាពនេះ ឈ្មោះ រតនា បានទៅជេរបណ្តាសាយ៉ាងខ្លាំង ភ្លាមនោះ អ្នកជិតខាង ដែលបានឃើញហេតុការណ៍នេះ ក៏បានទៅប្រាប់ លោក ស៊ា ផាន ហើយពេលលោក ស៊ា ផាន មកដល់ផ្ទះ លោកក៏ស្តីឲ្យឈ្មោះ រតនា និងចង់បណ្តេញ ចេញពីផ្ទះទៀតផង ហើយប្រាប់ឲ្យបញ្ឈប់ធ្វើសកម្មភាពវាយតប់ ទៅលើក្មេងទាំងពីរនាក់នេះ។
រឿងរ៉ាវបានបញ្ចប់ទៅមួយសន្ទុះធំ រួចហើយក្មេងស្រី ណងហ្វា បានយកបាយឲ្យសុនខនៅឯតូបមួយផ្សេងទៀត នៅក្បែរផ្ទះ ទីដែលលោក ស៊ា ផាន ច្រើនសម្រាកនៅ ទីនោះ។ លុះពេល ណងហ្វា ឲ្យបាយសុនខរួច ត្រឡប់មកផ្ទះវិញ ចំពេលដែលលោក ស៊ា ផាន មិននៅ ស្រាប់តែឈ្មោះ រតនា និងប្រពន្ធលោក ស៊ា ផាន ព្រមទាំងឈ្មោះ ធឿន ដែលជាប្អូនថ្លៃលោកផងនោះ បាននាំគ្នាចាប់ខ្ទប់មាត់ក្មេងស្រី ណងហ្វា រហូតដល់សន្លប់ រួចក៏យកទៅញាត់ក្នុងការ៉ុង បោះចេញខាងក្រៅរបងដោយខ្លាចគេដឹង ។ ដើម្បីចង់បញ្ចប់រឿងតទៅទៀត ក្មេងស្រី រងគ្រោះ ដែលស្ថិតនៅក្នុងការ៉ុង ត្រូវបានគេនាំយកចេញពីផ្ទះ ប៉ុន្តែដោយសារមានការដឹងឮពីប្រជាពលរដ្ឋខ្លះៗ និងពី សំណាក់លោក ស៊ា ផាន ថាបាត់ ណងហ្វា ទៅណា ហើយប្តឹងទៅសមត្ថកិច្ចឲ្យជួយរក ទើបជនខាងលើ បានយក ណងហ្វា ដែលកំពុងស្ថិតនៅក្នុងការ៉ុង ត្រឡប់មក ផ្ទះវិញ ដោយបោះចោលនៅក្រោមដើមស្វាយ។
ពិតជាជីវិតថ្លៃមែន ពេលនោះហើយ ធ្វើឲ្យសត្វសុនខចំនួន ៣ក្បាល ក្នុងនោះសុនខតូចចំនួន ២ ទៅដេកលើការ៉ុង រីឯសុនខធំមួយ បានព្រួស ហើយទាញ និងខាំមាត់ការ៉ុង រហូតដល់ របូតខ្សែលៀនសក់ក្បាល ណងហ្វា ចេញពីការ៉ុង ទើបអ្វីៗបានដឹង និងរួចជីវិតពីការស្លាប់។
យោងតាមអ្នកដឹងរឿងរ៉ាវនេះ បានបន្តថា បន្ទាប់ពីមានហេតុការណ៍នេះកើតឡើង ក៏ដឹងដល់ប្រជាពលរដ្ឋ ផ្សេងទៀត ហើយដឹងដល់សមត្ថកិច្ចឲ្យចុះមកជួយអន្តរាគមន៍ ប៉ុន្តែរហូតមកដល់ពេលនេះ ពុំទាន់មានការឃាត់ ខ្លួនជនបង្កណាម្នាក់នៅឡើយ ហើយសំណុំរឿងនេះ ហាក់បីដូចជា ស្ងាត់ឈឹង ខណៈដែលក្មេងស្រី ណងហ្វា ត្រូវបានអង្គការមួយ ជួយយកទៅចិញ្ចឹម។
ទាក់ទិនទៅនឹងបញ្ហានេះ ដើមអម្ពិលមិនអាចទាក់ទងព្រះរាជអាជ្ញាខេត្តប៉ៃលិនបានទេ ខណៈដែលស្នងការនគរ បាលខេត្ត លោក ឡី ចាន់ឆាយ និងមេបញ្ជាការ អាវុធហត្ថខេត្ត លោក វ៉ាន់ ណាឡុង ឆ្លើយថា មិនដឹងរឿងរ៉ាវទាំង នេះ ។ ដោយឡែក លោក ស៊ា ផាន ក៏មិនអាចទាក់ទងសុំការបំភ្លឺផងដែរ ។ បើទោះបីព័ត៌មាននេះ មិនមែនជា ព័ត៌មានទាន់ហេតុការណ៍ ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មានក្នុងស្រុកមួយចំនួន កាលពីពេលកន្លងទៅ នោះ ប៉ុន្តែរឿងរ៉ាវធ្វើទារុណកម្មទៅលើ ក្មេងទាំងពីរនាក់បងប្អូននេះ មិនទាន់ទទួលបានយុត្តិធម៌នៅឡើយ៕

No comments:

Post a Comment

yes