សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, July 30, 2012

ម៉ម សូណង់​ដូ​អំពាវ​នាវ​ឲ្យ​អន្តរ​ជាតិ​ជួយ

120730_06
អ្នក​គាំ​ទ្រ​បួង​សួង​នៅ​មុខ​ព្រះ​អង្គ​ដង​កើ​ កាល​ពី​សប្តាហ៍​មុន 
សូម​​ឲ្យ​ដោះ​លែង​លោក​ម៉ម សូណង់​ដូ​​
ភ្នំពេញៈ លោកម៉ម សូណង់ដូ នាយក​វិទ្យុ​សំបុក​ឃ្មុំ និង​ជា​ប្រធាន​សមាគម​អ្នក​ប្រជា​ធិប​តេយ្យ​បាន​អំពាវ​នាវ​ពី​ពន្ធនាគារ ព្រៃស​សូម​ឲ្យ​សហគមន៍​អន្តរជាតិ ជួយ​អន្តរា​គមន៍​រក​យុត្តិធម៌ ដើម្បី​ឲ្យ​រូប​លោក​រួច​ផុត​ពី​ការ​ចោទ​ប្រកាន់​ដ៏ ចម្រូង​ចម្រាស​របស់​រដ្ឋាភិបាល។
ការ​អំពាវ​នាវ​របស់​លោក ម៉ម សូណង់​ដូ បាន​ធ្វើ​ឡើង តាម​រយៈ​ប្រធាន​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូ វីរៈ ដែល​បាន​ចូល​ទៅ​សួរ​សុខ​ទុក្ខ​រូបលោក នៅ​ពន្ធនាគារ​ព្រៃស កាល​ពី​ល្ងាច​ថ្ងៃ​សុក្រ។
លោកអ៊ូ វីរៈ ឲ្យ​ដឹង​ថា លោក​ម៉ម សូណង់ដូ បាន​ប្រាប់​លោក​នៅ​ក្នុង​ពន្ធនាគារ​ថា សុំ​ឲ្យ​អន្តរ​ជាតិ​ជួយ​អន្តរាគមន៍ រក​យុត្តិធម៌ ពី​ព្រោះ​អ្វី​ដែល​គាត់​បាន​ធ្វើ​បទ​សម្ភាស ក្នុង​កម្ម​វិធី​វិទ្យុ​របស់​គាត់​កន្លង​មក គ្រាន់​តែ​បំពេញ​តួនាទី ជា​អ្នក​ព័ត៌មាន​ឯក​រាជ្យ​ម្នាក់​តែ​ប៉ុណ្ណោះ។ លោក​បន្ត​ថា ៖ «គាត់​នៅ​តែ​អះអាង​ថា គាត់​មិន​មាន​កំហុស ដូច​ការ​ចោទ​ប្រកាន់​របស់​រដ្ឋាភិបាល​ទេ។ គាត់​បាន​ប្រាប់​ខ្ញុំ​ថា សុំកុំ​យក​រឿង​នេះ ទៅ​ជា​រឿង​នយោបាយ»។
លោក​ឲ្យ​ដឹង​ទៀត​ថា គាត់​ថា​រឿង​របស់​គាត់ វា​ជា​រឿង​សារ​ព័ត៌មាន ពី​ព្រោះ​គាត់​បាន​ផ្សាយ អំពី​ការ​ទទួល​ពាក្យ​បណ្តឹង​ថ្ងៃ​ទី ២២ ខែ​មិថុនា របស់​តុលា​ការ​ឧក្រិដ្ឋ​កម្ម​អន្តរ​ជាតិ ICC ប្រឆាំង​នឹង​រាជ​រដ្ឋាភិបាល​កម្ពុជា ពី​បទ​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ ដែល​មាន​លោក​សួន សេរី​រដ្ឋា ជា​ដើម​បណ្ដឹង។​លោកអ៊ូ វីរៈ បន្ត​ថា៖​«​យើង​នៅ​តែ​បារម្ភ អំពី​សុខ​ភាព​របស់​គាត់ បើ​ទោះ​បី​ជា​គាត់​មាន​ការ​ធូរស្បើយ​ជាង​មុន​ក៏​ដោយ ពីព្រោះ​នៅ​ក្នុង​ពន្ធនាគារ បន្ទប់​តូច​ចង្អៀត ហើយ​ដាក់​មនុស្ស​ច្រើន»។

អ្នក​នាំពាក្យ​ទីស្តី​ការ​គណៈ​រដ្ឋមន្ត្រី លោក​ផៃ ស៊ី​ផាន បាន​អំពាវ​នាវ​ឲ្យ​អ្នក​ដែល​វា​យ​តម្លៃ ត្រូវ ឬ​ខុស ក្នុង​ការ​ចាប់​ឃុំ​ខ្លួន​ដ៏​ចម្រូង​ចម្រាស ទៅ​លើ​លោក​ម៉ម សូណង់​ដូ​នេះ ឲ្យ​ដក​ខ្លួន​ចេញ ទុក​ឲ្យ​លោក ម៉ម សូណង់​ដូ តតាំង​ជាមួយ​តុលាការ ទៅ​តាម​ផ្លូវ​ច្បាប់។ តុលា​ការ​មាន​ភស្តុតាង​គ្រប់​គ្រាន់ ក្នុង​ការ​ឃុំ​ខ្លួន​គាត់។ លោក​អះ​អាង​ថា៖ «ការ​ឃាត់​ខ្លួន​លោក ម៉ម សូណង់​ដូ គឺ​ជារឿង​របស់​តុលាការ ធ្វើ​តាម​ផ្លូវ​ច្បាប់ ពុំ​មាន​សម្ពាធ​ផ្នែក​នយោ​បាយ​ពី​ខាង​ណា​នោះ​ទេ»។
ទន្ទឹម​នឹង​ការ​ទាម​ទារ​របស់​លោក​ម៉ម សូណង់​ដូ ឲ្យ​លើក​លែង​ការ​ចោទ​ប្រកាន់ និង​ដោះ​លែង​រូប​លោក ឲ្យ​មាន​សេរី​ភាព​វិញ​នោះ សកម្មជន​របស់​សមា​គម​អ្នក​ប្រជា​ធិបតេយ្យ​គ្រប់​ខេត្ត​ក្រុង បាន​ដើរ​ប្រមូល​ស្នាម​មេដៃ គាំ​ទ្រ ដើម្បី​ធ្វើ​ជា​ញត្តិ ដាក់​ទៅ​រដ្ឋាភិ​បាល​ស្នើ​សុំ​ឲ្យ​ដោះ​លែង​ប្រធាន​របស់​ពួក​គេ។ នៅ​ក្នុង​សកម្មភាព​នោះ ត្រូវ​បាន​អាជ្ញាធរ ហាម​ឃាត់ ដោយ​ចោទ​ប្រកាន់​ថា ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សណ្តាប់​ធ្នាប់​និង​សន្តិសុខ​សង្គម។
លោក​មោឃ សារ៉េន អាយុ ៤៧ ឆ្នាំ នៅ​ឃុំ​ព្រះ​ប្រសប់ ស្រុក​ខ្សាច់​កណ្ដាល ខេត្ត​កណ្តាល​បាន​ឲ្យ​ដឹង​ថា កាល​ពី​ថ្ងៃ​សៅរ៍ ពេល​លោក​ដើរ​ប្រមូល​ស្នាម​មេដៃ​ត្រូវ​បាន​ប៉ូលិស​ប៉ុស្តិ៍​ឃុំ​គំរាម​ចាប់​ខ្លួន។ លោក​ឲ្យ​ដឹង​ថា ៖ «គេ​សួរ​ខ្ញុំ​ថា ម៉េច​ចង់​ដេក​គុក​ដូច​មេ​ដែរ​ឬ​យ៉ាង​ម៉េច? គេ​ថា ប្រសិន​បើ​ខ្ញុំ​នៅ​តែ​បន្ត​ធ្វើ​ទៀត គេ​នឹង​ចាប់​ខ្ញុំ​ដាក់​គុក​ដូច​មេ​ខ្ញុំ​ដែរ»។​
ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ លោក​សា​រ៉េន បញ្ជាក់​ពី​ជំហរ​របស់​លោក​ថា លោក​ពុំ​មាន​ការ​ភ័យ​ខ្លាច​នឹង​ពាក្យ​គំរាម​នោះ​ទេ ហើយ​លោក​នៅ​តែ​បន្ត​ធ្វើ​សកម្មភាព​ដដែល។ រហូត​មក​ដល់​ពេល​នេះ លោក​បាន​ប្រមូល​ស្នាម​មេដៃ​ក្នុង​ឃុំ​ចំនួន​បី​បាន​ជាង​២០០០ នាក់​ហើយ។
កាល​ពី​ថ្ងៃ​ទី ២៦ ខែ​កក្កដា លោក ជ័យ ឡាយ អាយុ ៧៤​ ឆ្នាំ ជា​អាចារ្យ​វត្ត​ចិន​ដំ​ដែក រស់​នៅ​ភូមិ ២០ សង្កាត់​ស្រះ​ចក ខណ្ឌ​ដូន​ពេញ ត្រូវ​បាន​នគរ​បាល​ខណ្ឌ​ដូន​ពេញ​ចាប់​ខ្លួន ខណៈ​គាត់​កំពុង​បណ្ដើរ​កង់​មក​ពី​សុំស្នាម​មេដៃ​ពី​អ្នក​ភូមិ ដើម្បី​ធ្វើ​ញតិ្តគាំ​ទ្រ​ឲ្យ​មាន​ការ​ដោះ​លែង​លោក​ម៉ម សូ​ណង់ដូ។
លោក​ម៉ម សូណង់ដូ ត្រូវ​បាន​ប៉ូលិស​ចាប់​ខ្លួន កាលពី​ថ្ងៃ​ទី ១៥ ​កក្កដា បន្ទាប់​ពីរូប​លោក ​បាន​វិល​ត្រឡប់​មក​ពី​បរទេស​រយៈ​ពេល​បី​ថ្ងៃ ដោយ​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ឃុំ​ខ្លួន​រូប​លោក នៅ​ពន្ធនាគារ​ព្រៃស ក្រោម​ការ​ចោទ​ប្រកាន់​ដ៏​ចម្រូង​ចម្រាស​ពី​បទ​ផ្ដួច​ផ្ដើម​គំនិត​ប្រឆាំង អ្នក​រាជការ​សាធារណៈ ធ្វើ​កុបកម្ម​ជ្រៀត​ជ្រែក​ខុស​ច្បាប់ នៅ​ក្នុង​ការ​បំពេញ​មុខ​ងារ​សាធារណៈ ញុះ​ញង់​ឲ្យ​ប្រជា​ពលរដ្ឋ​កាន់​អាវុធ​ខុស​ច្បាប់ និង​ប្រឆាំង​នឹង​អាជ្ញាធរ​ស្រប​ច្បាប់ ដែល​មាន​ចែង​ក្នុង​មាត្រា មួយ​ចំនួន​នៃ​ក្រម​ព្រហ្ម​ទណ្ឌ។
ប៉ុន្តែ​លោក​ម៉ម សូណង់​ដូ បាន​ច្រាន​ចោល​ទាំង​ស្រុង​ចំពោះ​បទ​ចោទ​ប្រកាន់​ទាំង​នេះ៕

No comments:

Post a Comment

yes