សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, July 2, 2012

ដី​ចម្ការ​កៅស៊ូ​រដ្ឋ​នៅ​រតនគិរី​ត្រូវ​ហ៊ុមព័ទ្ធ​យក​ធ្វើ​ជា​កម្មសិទ្ធិ​ឯកជន


ដី​ចំការ​កៅស៊ូ​រដ្ឋ​នៅ​អម​សង​ខាង​ផ្លូវ​ជាតិ​លេខ ៧៨ ចំណុច​ភូមិ​១ ហៅ​ភូមិ​តាស៊ុយ ក្នុង​សង្កាត់​កាចាញ ក្រុង​បានលុង ខេត្ត​រតនគិរី កំពុង​ត្រូវ​ប្រជាពលរដ្ឋ​ប្រមាណ ៤០​ម្ចាស់ បាន​បោះ​បង្គោល​របង​ហ៊ុមព័ទ្ធ​យក​ដី​ជា​កម្មសិទ្ធិ​បែប​អនាធិបតេយ្យ។
RFA/Ratha Visal
១-កក្កដា-២០១២៖ ទីតាំង​ដែល​ពលរដ្ឋ​ចូល​ចាប់​ដី​ចំការ​កៅស៊ូ​រដ្ឋ​អនាធិបតេយ្យ បោះ​បង្គោល​ហ៊ុមព័ទ្ធ​ដី និង​សង់​លំនៅ​ខុស​ច្បាប់ នៅ​សង្កាត់​កាចាញ ក្រុង​បានលុង ខេត្ត​រតនគិរី។
ប្រជាពលរដ្ឋ​រស់​នៅ​ភូមិ​តាស៊ុយ លោក ហុង សារៀម មាន​ប្រសាសន៍​បញ្ជាក់​ថា ចលនា​ចូល​មក​វាស់វែង​កាន់កាប់​ដី​ចំការ​កៅស៊ូ​រដ្ឋ​នេះ កើត​មាន​តាំង​ពី​ឆ្នាំ​២០១០ រហូត​មក ក៏​ប៉ុន្តែ​អ្នក​ដែល​ចូល​មក​រស់​នៅ​លើ​ដី​ចំការ​កៅស៊ូ​រដ្ឋ​នេះ ភាគ​ច្រើន​ជា​កម្មករ​បម្រើ​ការ​នៅ​ក្រុមហ៊ុន​ចំការ​កៅស៊ូ​នេះ។
នៅ​អំឡុង​ខែ​មិថុនា ឆ្នាំ​២០១២ នេះ ចលនា​ចូល​មក​ចាប់​ដី​ចំការ​កៅស៊ូ​បាន​រីក​រាល​ដាល​កាន់​តែ​ច្រើន​ពី​សំណាក់​ប្រជាពលរដ្ឋ​ចំណាក​ស្រុក និង​ប្រជាពលរដ្ឋ​ជា​អតីត​សមាជិក​ក្រុម​សាមគ្គី​ចំការ​កៅស៊ូ​នៅ​ខេត្ត​រតនគិរី ខ្លះ​ទៀត​ដឹក​ជញ្ជូន​ឈើ​មក​សាងសង់​ជា​ផ្ទះ ឬ​រោង​ស្នាក់​នៅ​ភ្លាមៗ ដោយ​មិន​មាន​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​មូលដ្ឋាន​ឡើយ។

លោក​បន្ត​ថា នៅ​ចំណុច​ភូមិ​តាស៊ុយ​នេះ កាល​ពី​ឆ្នាំ​២០០៥ មាន​តែ​អតីត​កម្មករ​ក្រុម​សាមគ្គី​ចំការ​កៅស៊ូ​រដ្ឋ​ប្រមាណ ៣០​គ្រួសារ​តែប៉ុណ្ណោះ បាន​តាំង​ទី​លំនៅ​បណ្ដោះអាសន្ន​លើ​ដី​នេះ ក៏​ប៉ុន្តែ​បច្ចុប្បន្ន​មាន​ប្រជាពលរដ្ឋ​ចូល​មក​វាស់​វែង​បោះ​បង្គោល​របង​យក​ដី​នោះ​សរុប​ប្រមាណ​ជិត ១០០​ប្លង់៖ «ក្រុមហ៊ុន​មាន​ដេញ​ដែរ តែ​ពួក​ហ្នឹង​វា​ធ្វើ​កូដកម្ម​ប្រឆាំង​អត់​ឲ្យ​ដេញ​អត់​ឲ្យ​ឈូស សុទ្ធ​តែ​កម្មករ​ចាស់​ធ្លាប់​តវ៉ា​មុន។ បាទ! ទាមទារ​សុំ​នៅ​លើ​ដី​ហ្នឹង​តែម្ដង ពួក​ថ្មី​គ្រាន់​តែ​មក​ចុះៗ អត់​ហ៊ាន​ចេញ​មុខ​ទេ»
ចំការ​កៅស៊ូ​រដ្ឋ​នៅ​ខេត្ត​រតនគិរី គឺ​ជា​អតីត​ចំការ​កៅស៊ូ​បន្សល់​ពី​សម័យ​មុន​ឋិត​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួង​កសិកម្ម។ នៅ​អំឡុង​ឆ្នាំ​១៩៨៦ រដ្ឋ​បាន​វិនិយោគ​ចំការ​កៅស៊ូ​នេះ​ទៅ​ឲ្យ​ក្រុមហ៊ុន តាយ សេង ហើយ​នៅ​ឆ្នាំ​២០១០ ក្រុមហ៊ុន តាយ សេង បាន​ផ្ទេរ​សិទ្ធិ​វិនិយោគ​ចំការ​កៅស៊ូ​នេះ​ទៅ​ឲ្យ​ក្រុមហ៊ុន ស្វីហ រាប់ប៊ឺរ (Swift Rubber) លើ​ផ្ទៃ​ដី​ចំការ​កៅស៊ូ​ជាង ៣.៧០០​ហិកតារ។
ប្រធាន​រដ្ឋបាល​ក្រុមហ៊ុន ស្វីហ រាប់ប៊ឺរ លោក ឈុន ហេង មាន​ប្រសាសន៍​ទទួល​ស្គាល់​ថា ក្រុមហ៊ុន​កំពុង​ជួប​បញ្ហា​ស្មុគស្មាញ​ទាក់​ទិន​ករណី​ប្រជាពលរដ្ឋ​ចូល​ទៅ​កាន់​កាប់​ដី​ចំការ​កៅស៊ូ​ដែល​ក្រុមហ៊ុន​បាន​វិនិយោគ​នេះ។
លោក​បន្ត​ថា អ្នក​ចូល​មក​កាន់​កាប់​ដី​នោះ​បាន​ធ្វើ​ការ​ប្រឆាំង​ក្រុមហ៊ុន​មិន​ឲ្យ​ដាំ​កៅស៊ូ ហេតុ​នេះ​ក្រុមហ៊ុន​បាន​ធ្វើ​របាយការណ៍​ទៅ​អាជ្ញាធរ​ខេត្ត និង​អគ្គនាយកដ្ឋាន​ចំការ​កៅស៊ូ​ឲ្យ​ជួយ​ចាត់​វិធានការ​ក្នុង​បញ្ហា​នេះ​ហើយ៖ «កន្លែង​ណា​ក៏​ប៉ះពាល់ៗ​ដី​គេ ពី​មុន​អត់​មាន​សោះ ឥឡូវ​គេ​ថា ដី​គេ​ពី​ដើម​មក​ដែរ។ ហ្នឹង​យើង​ឈូស​ម្ដង​ហើយ យើង​កាប់​ដើម​ឥឡូវ​គេ​មក​ទន្ទ្រាន»
អភិបាល​ក្រុង​បានលុង លោក លី វិន មាន​ប្រសាសន៍​បញ្ជាក់​ថា អ្នក​ចូល​ទៅ​កាន់​កាប់​ដី​ចំការ​កៅស៊ូ​រដ្ឋ គឺ​ជា​អំពើ​រំលោភ​ច្បាប់ ក៏​ប៉ុន្តែ​កន្លង​ទៅ​នេះ ក្រុម​អាជ្ញាធរ​បាន​ចុះ​ហាមឃាត់ និង​តម្រូវ​ឲ្យ​រុះរើ​របង​រោង ឬ​ផ្ទះ​នោះ​ចេញ​វិញ ក៏​ប៉ុន្តែ​ចលនា​ចូល​ចាប់​ដី​ថ្មីៗ​នេះ លោក​នឹង​ចុះ​ត្រួត​ពិនិត្យ​ករណី​នេះ៖ «បើ​របស់​ចាស់​ខ្ញុំ​អត់​ទាន់​ឲ្យ​ប៉ះពាល់​ទេ សំខាន់​អា​ថ្មី។ ឥឡូវ​ខ្ញុំ​កំពុង​ធ្វើ​អា​ហ្នឹង កំពុង​ស្រង់​ថ្មី​ឡើង​វិញ​ទាំង​អស់។ ខ្ញុំ​ថា អា​ដី​ណា​វាលៗ ឲ្យ​ឈូស​បណ្តើរៗ​ទៅ​កុំ​ឲ្យ​គាត់​ចេះ​តែ​បង្ក»
អ្នក​សម្របសម្រួល​សមាគម​អាដហុក ខេត្ត​រតនគិរី លោក ប៉ែន ប៊ុណ្ណារ៍ កត់​សំគាល់​ថា ចលនា​ចូល​ទៅ​កាន់​កាប់​ដី​រដ្ឋ​នោះ ទំនង​មក​ពី​ប្រជាពលរដ្ឋ​យល់​ច្រឡំ​ទៅ​នឹង​គោលការណ៍​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​ចាត់​តាំង​ក្រុម​និស្សិត​ចុះ​វាស់វែង​ដី​ជូន​ប្រជាពលរដ្ឋ​ជា​កម្មសិទ្ធិ កាល​ពី​ពេល​ថ្មីៗ​នេះ។
លោក​បន្ត​ថា បញ្ហា​មិន​ដាក់​ទោស​អ្នក​ប្រព្រឹត្ត​ខុស​ក្នុង​ការ​ចូល​កាន់​កាប់​ដីធ្លី ទ្រព្យ​សម្បត្តិ​ជាតិ គឺ​ជា​មូលហេតុ​សំខាន់​នាំ​ឲ្យ​កើត​មាន​ចលនា​អនាធិបតេយ្យ​ចូល​កាន់​កាប់​ដី​ចំការ​កៅស៊ូ​រដ្ឋ​នេះ៖«ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែល​លោក​ខ្វះខាត​ដី ឃើញ​ថា ដី​រដ្ឋ​គេ​យក​បាន អ៊ីចឹង​គាត់​ក៏​នាំ​គ្នា​ទៅ​ប្រព្រឹត្ត​អំពើ​ហ្នឹង​ទៅ។ តែ​អំពើ​ហ្នឹង​វា​ផ្ទុយ​ពី​ច្បាប់​ភូមិបាល ច្បាប់​ព្រៃ​ឈើ»
អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ចំការ​កៅស៊ូ​ក្រសួង​កសិកម្ម លោក លី ផល្លា មាន​ប្រសាសន៍​បញ្ជាក់​ថា ដី​ចំការ​កៅស៊ូ​នៅ​ខេត្ត​រតនគិរី បាន​ចុះ​បញ្ជីសារពើភណ្ឌ និង​មាន​ប័ណ្ណ​កម្មសិទ្ធិ​ជា​សម្បត្តិ​រដ្ឋ​ត្រឹមត្រូវ។ លោក​បន្ត​ថា អាជ្ញាធរ​មូលដ្ឋាន និង​ក្រុមហ៊ុន​មាន​ភារកិច្ច​ការពារ និង​ទទួល​ខុស​ត្រូវ​ដីធ្លី​ទ្រព្យ​សម្បត្តិ​របស់​រដ្ឋ​នេះ៕

No comments:

Post a Comment

yes