សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, July 18, 2012

ស្ថានភាព​ប្រឈម​របស់​យុវជន​ស្ម័គ្រចិត្ត​ចុះ​វាស់វែង​ដីធ្លី


ក្រុម​យុវជន​ស្ម័គ្រចិត្ត​ដែល​បាន​ចុះ​ទៅ​តាម​បណ្ដា​ខេត្ត​នានា​ទូទាំង​ប្រទេស ដើម្បី​វាស់វែង​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​តាម​បទ​បញ្ជា​០០១ របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កំពុង​ប្រឈម​បញ្ហា​មួយ​ចំនួន​ក្នុង​បេសកកម្ម​មនុស្សធម៌​របស់​ខ្លួន។
RFA/Ouk Savborey
៣-កក្កដា-២០១២៖ ក្រុម​យុវជន​ស្ម័គ្រចិត្ត ចុះ​ពិនិត្យ​ដី​ជម្លោះ​នៅ​ភ្នំ​សែនហាន ឃុំ​ដំបូកខ្ពស់ ស្រុក​អង្គរជ័យ ខេត្ត​កំពត។
ក្រុម​យុវជន​ស្ម័គ្រចិត្ត​មាន​គ្នា​ជិត​២ពាន់​នាក់ មក​ពី​សមាគម​សិស្ស​និស្សិត​បញ្ញវន្ត​ក្មេង​វត្ត សហព័ន្ធ​និស្សិត​បញ្ញវន្ត​ប្រជាធិបតេយ្យ សាកលវិទ្យាល័យ​ភូមិន្ទ​ចម្ការ​ដូង វិទ្យាស្ថាន​បច្ចេកវិទ្យា សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ និង​យុវជន​ស្ម័គ្រចិត្ត​ពី​ក្រសួង​រៀបចំ​ដែន​ដី នគរូបនីយកម្ម និង​សំណង់ បាន​ចេញ​ដំណើរ​ពី​ក្រុង​ភ្នំពេញ ជា​បន្តបន្ទាប់​ចាប់​តាំង​ពី​ថ្ងៃ​ទី​២៨ ខែ​មិថុនា ដើម្បី​បំពេញ​កិច្ចការ​របស់​ខ្លួន។
យុវ​សិស្ស​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច លោក ឈឿន យ៉ង ដែល​បាន​ចុះ​ទៅ​វាស់វែង​ដីធ្លី​នៅ​តំបន់​ប្រាសាទ​ត្បែង ក្នុង​ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ ឲ្យ​ដឹង​ថា ក្រុម​យុវជន​របស់​គាត់​កំពុង​ពុះពារ​បំពេញ​ការងារ​ដោយ​លំបាក​នៅ​ក្នុង​តំបន់​ព្រៃ​ក្រាស់ និង​តំបន់​មាន​មីន​ដែល​បន្សល់​ទុក​តាំង​ពី​សម័យ​សង្គ្រាម៖ «គាត់​ចង់​បាន​ដី​ហ្នឹង​ទៅ គឺ​ថា​គាត់​ឲ្យ​យើង​ដើរ​ចូល​ទៅ​តំបន់​រាង​ព្រៃ​ហ្នឹង​ទៅ វា​អាច​មាន​មីន​នៅ​ហ្នឹង គាត់​អត់​ហ៊ាន​កាប់​ឆ្ការ​វា​ដែរ។ ដល់​អញ្ចឹង​ទៅ គាត់​ឆ្ការ​តិចតួច​អញ្ចឹង​ទៅ គាត់​ឲ្យ​យើង​ទៅ​បោះ​ព្រំ​ក្នុង​ហ្នឹង។ ពួក​ខ្ញុំ​រាង​ខ្លាច​ដែរ អញ្ចឹង​ចង់​ឲ្យ​គាត់​ដី​មីន​មិន​មីន​អី ប្រាប់​យុវជន​ឲ្យ​ច្បាស់ ឬ​អាជ្ញាធរ​ប្រាប់​ឲ្យ​ច្បាស់ កុំ​ចង់​បាន​ដី​ខ្លាំង​ពេក​អញ្ចឹង»

ក្រៅ​ពី​បារម្ភ​ពី​សុវត្ថិភាព ប្រធាន​ក្រុម​យុវជន​ដែល​កំពុង​វាស់វែង​ដី​នៅ​តំបន់​ប្រាសាទ​ត្បែង បន្ត​ថា យុវជន​ដែល​ធ្លាប់​នៅ​ទីក្រុង​ស្រួល ធុញទ្រាន់​នឹង​ដើរ​កាត់​ព្រៃ​ភ្នំ ដែល​មាន​ចម្ងាយ​ឆ្ងាយ កង្វះ​មន្ត្រី​ជំនាញ​ដើរ​ជាមួយ​ក្រុម​យុវជន ជា​ហេតុ​ធ្វើ​ឲ្យ​មាន​ការ​យឺតយ៉ាវ​ក្នុង​ការ​បំពេញ​ការងារ និង​កង្វះ​ទឹក​ស្អាត​ប្រើប្រាស់ ជាពិសេស​បារម្ភ​ថា​អាច​មាន​កើត​ជំងឺ​គ្រុនចាញ់។
យុវ​សិស្ស​ម្នាក់​ទៀត​ឈ្មោះ ជូ ដានីត ប្រធាន​ក្រុម​ទី​២៣ នៃ​យុវ​សិស្ស​ដែល​ចុះ​ទៅ​បំពេញ​ការងារ​វាស់វែង​ដី​នៅ​ស្រុក​អូររាំងឪ ក្នុង​ខេត្ត​កំពង់ចាម ឲ្យ​ដឹង​ថា មាន​យុវជន​មួយ​ចំនួន​បាន​ឈឺ​ជំងឺ​គ្រុនក្តៅ និង​ផ្ដាសាយ នៅ​ពេល​ដែល​ចុះ​ទៅ​ដល់​តំបន់​នោះ​ដំបូង កាល​ពី​ថ្ងៃ​ទី​២៩ ខែ​មិថុនា កន្លង​ទៅ។ តែ​ស្ថានភាព​របស់​ពួក​គេ​បាន​ជា​សះស្បើយ នៅ​ពេល​ដែល​មាន​គ្រូពេទ្យ​ចំនួន​២​នាក់ ចុះ​ទៅ​ជួយ​ព្យាបាល និង​ប្រចាំការ​ជាមួយ​ក្រុម​យុវជន។
លោក ជូ ដានីត បញ្ជាក់​ថា ក្រុម​យុវជន​ទាំង​អស់​បាន​ទទួល​ប្រាក់​ឧបត្ថម្ភ​ពី​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចំនួន​៩០ម៉ឺន​រៀល​ម្នាក់ ក្នុង​មួយ​ខែ ហើយ​ប្រាក់​នោះ​បាន​ទទួល​ក្នុង​រយៈពេល ៦ខែ​ក្នុង​ការ​បំពេញ​យុទ្ធនាការ​នេះ។ តែ​លុយ​ទាំង​នោះ​ត្រូវ​បាន​ចំណាយ​ជា​ប្រចាំ​ថ្ងៃ​ទៅ​វិញ ដោយ​ក្រុម​យុវជន​បាន​រៃអង្គាស​គ្នា​ក្នុង​ម្នាក់​ចំនួន ១ម៉ឺន​រៀល សម្រាប់​ចំណាយ​លើ​ថ្លៃ​ម្ហូប​អាហារ បន្ថែម​លើ​អាហារ​ក្រៀម​ដែល​មាន​ស្រាប់ រួម​មាន​មី​កញ្ចប់ និង​ត្រី​ខ​កំប៉ុង ជា​ការ​ឧបត្ថម្ភ​ពី​មន្ត្រី​មូលដ្ឋាន និង​មន្ត្រី​ជាន់​ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល​មួយ​ចំនួន៖ «ត្រី​ខ មី យើង​អត់​អាច​ញាំ​រាល់​ថ្ងៃ​បាន​ទេ​បង។ មាន​យក​ថ្នាំ​រៀងៗ​ខ្លួន​មក​ខ្លះ​អញ្ចឹង ទៅ​ជួយ​កោសខ្យល់​ឲ្យ​គ្នា​អញ្ចឹង​ទៅ គឺ​អត់​អី​ទេ មើល​ថែ​គ្នា​អញ្ចឹង​ទៅ អ្នក​ណា​ឈឺ​ឲ្យ​សម្រាក​សិន​ទៅ កុំ​ឲ្យ​គាត់​ទៅ​ធ្វើ​ការ​បង»
លោក គាត រង្ស៊ី ប្រធាន​ក្រុម​យុវជន​ចុះ​ទៅ​វាស់វែង​ដីធ្លី​នៅ​ខេត្ត​រតនគិរី ឲ្យ​ដឹង​ថា ក្រុម​លោក​កំពុង​ស្ថិត​នៅ​ក្នុង​ស្រុក​អណ្ដូងមាស ខេត្ត​រតនគិរី ជា​តំបន់​ក្តៅ​នៃ​ទំនាស់​ដីធ្លី​រវាង​អ្នក​ភូមិ​ជន​ជាតិ​ភាគ​តិច ជាមួយ​ក្រុមហ៊ុន​វៀតណាម។ លោក​ថា​ឧបសគ្គ​ដែល​ក្រុម​យុវជន​នៅ​តំបន់​នោះ​ជួប​ប្រទះ​ធ្ងន់ធ្ងរ គឺ​ស្ថានភាព​ផ្លូវ​លំបាក​ធ្វើ​ដំណើរ ដោយ​សារ​តែ​នៅ​មាន​ភ្លៀង​ធ្លាក់​ជា​ប្រចាំ និង​គម្រោង​វាស់វែង​ដីធ្លី​នៅ​តំបន់​ខ្លះ ត្រូវ​រំលង​ដោយ​អន្លើ ដោយ​មាន​ទំនាស់​ដីធ្លី​រវាង​អ្នក​ភូមិ​ជាមួយ​អ្នក​ភូមិ និង​ទំនាស់​ដីធ្លី​រវាង​អ្នក​ភូមិ​ជាមួយ​ក្រុមហ៊ុន​ឯក​ជន៖ «ប្រជាពលរដ្ឋ​គាត់​ថា ខាង​ក្រុមហ៊ុន​នេះ​រំលោភ​ចូល​ការ​បែងចែក​ព្រំ​បន្ត​ទៀត ប៉ុន្តែ​ខាង​ក្រុមហ៊ុន​គាត់​ថា គាត់​ក៏​មាន​ឯកសារ​ច្បាស់​លាស់​ដែរ​ថា គាត់​មិន​បាន​រំលោភ​ចូល​ព្រំ​ដែល​បាន​បែង​ចែក​ហើយ​នោះ​ទេ។ ចំណុច​នេះ​ខាង​ក្រុម​យើង​ខ្ញុំ​មិន​ទាន់​បាន​ចូល​ទៅ​វាស់វែង​ទេ ដោយ​សារ​តែ​មិន​ទាន់​មាន​ភាព​ច្បាស់​លាស់​ដូច្នេះ»
តាម​របាយការណ៍​របស់​សមាគម​សិទ្ធិ​មនុស្ស អាដហុក (Adhoc) បង្ហាញ​ថា​រហូត​ដល់​ឆ្នាំ​២០១១ រដ្ឋាភិបាល​កម្ពុជា​បាន​ប្រគល់​ដី​សម្បទាន​សេដ្ឋកិច្ច​ដល់​ក្រុមហ៊ុន​ចំនួន ២២៥​ក្រុមហ៊ុន លើ​ផ្ទៃដី​ជាង​២លាន​ហិកតារ (២,២៧៦,៣៤៩​ហិកតារ) នៅ​ទូទាំង​ប្រទេស។ ក្នុង​របាយការណ៍​ដដែល​ឲ្យ​ដឹង​ថា ក្រៅ​ពី​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ទាំង​នោះ ក៏​នៅ​មាន​ការ​បណ្ដេញ​ពលរដ្ឋ​ចេញ​ពី​លំនៅឋាន​ដោយ​បង្ខំ​ចំនួន ១២៧​សហគមន៍ ស្មើ​នឹង ៣០,០០៩​គ្រួសារ ក្នុង​នោះ​មាន ៨១​សហគមន៍​ស្ថិត​នៅ​រាជធានី​ភ្នំពេញ។
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​ព្រលយ​ថា កម្ពុជា​ប្រយ័ត្ន​មាន​បដិវត្តន៍​ដីធ្លី​ម្តង​ទៀត ដូច​នៅ​តំបន់​សំឡូត ដោយ​រយៈពេល​ចុង​ក្រោយ​នេះ សន្ទុះ​នៃ​ការ​ទាមទារ​ដីធ្លី​មាន​ការ​កើន​ឡើង ទើប​ចេញ​បទ​បញ្ជា​០០១ ឲ្យ​អាជ្ញាធរ​នៅ​តាម​មូលដ្ឋាន​រូតរះ​ដោះស្រាយ​បញ្ហា​ទំនាស់​ដីធ្លី។
ក្នុង​យុទ្ធនាការ​បញ្ចប់​ទំនាស់​ដីធ្លី​នៅ​កម្ពុជា ដែល​ផ្ដើម​ចេញ​ពី​ការ​ចុះ​វាស់វែង​ដីធ្លី​ជូន​ប្រជាពលរដ្ឋ ដោយ​ក្រុម​និស្សិត​ស្ម័គ្រចិត្ត មាន​រឿង​អាស្រូវ​ជាច្រើន​ដែល​លេច​ធ្លាយ​ចេញ​ពី​ការ​ចុះ​វាស់វែង​នោះ ដោយ​ថ្មីៗ​នេះ​តុលាការ​ខេត្ត​ស្ទឹងត្រែង បាន​សម្រេច​ចោទ​ប្រកាន់ និង​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​មេធាវី​របស់​ក្រុម​ប្រឹក្សា​អ្នក​ច្បាប់ នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី គឺ​លោកស្រី មាស សុគន្ធ និង​ស្វាមី ក្នុង​បទ​ចោទ​ប្រកាន់​ថា បាន​សម្លុត​គំរាម និង​ជ្រៀតជ្រែក​កិច្ចការ​មន្ត្រី​រាជការ​សាធារណៈ។
បន្ទាប់​ពី​មាន​ប្រជាពលរដ្ឋ​ជិត​១០០​គ្រួសារ បាន​នាំ​គ្នា​មក​ទីតាំង​អតីត​ដី​របស់​ពួក​គេ ដែល​កំពុង​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​មួយ ឈ្មោះ បូណារីតា នៅ​ជាប់​ផ្លូវ​ជាតិ​លេខ​៧ នៅ​ខេត្ត​ស្ទឹងត្រែង ជាប់​នឹង​ព្រំដែន​ប្រទេស​ឡាវ ក្នុង​គោល​បំណង​ឲ្យ​ក្រុម​យុវជន​ស្ម័គ្រចិត្ត​ទាំង​នោះ ចុះ​វាស់វែង​ដី​ជា​កម្មសិទ្ធិ​ខ្លួន តាម​គោល​នយោបាយ​ចាស់ សកម្មភាព​ថ្មី​របស់​រដ្ឋាភិបាល។
នៅ​ខេត្ត​កំពង់ធំ ក៏​មាន​ការ​រិះគន់​ដល់​អាជ្ញាធរ និង​ក្រុម​និស្សិត​ស្ម័គ្រចិត្ត ចុះ​វាស់វែង​ដីធ្លី​ថា មាន​ការ​រើសអើង​បក្ខពួក វាស់វែង​ដី​ឲ្យ​តែ​អ្នក​មាន​លុយ ដែល​សូកប៉ាន់​ពួក​គេ​តែ​ប៉ុណ្ណោះ។
ក្រុម​ប្រឹក្សា​ស្រុក​សន្ទុក លោក ទាំ ជៀន ធ្លាប់​ប្រាប់​វិទ្យុ​អាស៊ី​សេរី ថា ក្រុម​អាជ្ញាធរ និង​ក្រុម​និស្សិត​ស្ម័គ្រចិត្ត បាន​ចុះ​ទៅ​វាស់វែង​ដីធ្លី នៅ​តំបន់​៤៤ ក្នុង​ស្រុក​សន្ទុក ដោយ​ស្ងាត់ៗ មិន​បាន​ជូន​ដំណឹង​ដល់​ប្រជាពលរដ្ឋ។ លោក​បន្ត​ថា ការ​ចុះ​វាស់វែង​មាន​ការ​ប្រកាន់​បក្ខពួក និង​វាស់​ឲ្យ​តែ​គ្រួសារ​មន្ត្រី​ប៉ូលិស ទាហាន កងរាជអាវុធហត្ថ និង​ប្រជាពលរដ្ឋ​ជា​សាច់​ញាតិ​មន្ត្រី​រាជការ​ប៉ុណ្ណោះ៖ «ប៉ូលិស ទាហាន ទៅ​ដល់​គេ​វាស់​ឲ្យ​ហើយ ម្នាក់​៥​ហិកតារៗ បើ​ថា​អ្នក​ណា ឬ​ប្រជាពលរដ្ឋ​ខ្សែ​ខាង​ទាហាន ខ្សែ​ខាង​ប៉ូលិស ឲ្យ​ទៅ​ជា​មួយ​ហ្មង ទៅ​ថា​ប៉ុន្មាន ៥០​រៀល ១០០​អី គេ​ឲ្យ​ភ្លែតៗ ៥ហិកតារៗ»
អ្នក​នាំ​ពាក្យ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក បេង ហុងសុជាតិខេមរ៉ូ បដិសេធ​ថា ព័ត៌មាន​ដែល​ក្រុម​យុវជន​វាស់វែង​ដីធ្លី​ប្រកាន់​បក្ខពួក និង​ទទួល​សំណូក​ជា​រឿង​មិន​ពិត ហើយ​ថា យុវជន​ទាំង​នោះ​ប្រកាន់​ភ្ជាប់​នូវ​គោលការណ៍​អភិបាលកិច្ច​ល្អ។ ម្យ៉ាង​វិញ​ទៀត អ្នក​នាំ​ពាក្យ​រូប​នេះ​បញ្ជាក់​ថា ក្រុម​យុវជន​ស្ម័គ្រចិត្ត​បច្ចុប្បន្ន​មិន​មាន​ស្ថានភាព​អ្វី​គួរ​ឲ្យ​កត់​សម្គាល់​នោះ​ឡើយ ក្នុង​ការ​បំពេញ​ការងារ ហើយ​តំបន់​ខ្លះ​ដែល​មាន​មីន មាន​មន្ត្រី​ជំនាញ​ចុះ​ទៅ​ជាមួយ​ដើម្បី​ការពារ​សុវត្ថិភាព​របស់​ពួក​គេ៖ «បង​ប្អូន​និស្សិត​ហ្នឹង​ជា​ភ្នែក​ច្រមុះ​របស់​រដ្ឋាភិបាល ដែល​ត្រូវ​អនុវត្ត​ជាមួយ​អាជ្ញាធរ​ដែនដី​ហ្នឹង​ឯង។ ព័ត៌មាន​ហ្នឹង បែប​មិន​អាច​យក​ជា​ការ​បាន​ទេ»
លោក អ៊ឹម ឈុនលឹម រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ថ្លែង​នៅ​ក្នុង​ពិធី​ជូន​ដំណើរ​ក្រុម​យុវជន​ស្ម័គ្រចិត្ត កាល​ពី​ដើម​ខែ​កក្កដា ថា យុទ្ធនាការ​វាស់វែង​ដី​នេះ តាម​គម្រោង​របស់​រដ្ឋាភិបាល​ត្រូវ​បញ្ជូន​ក្រុម​យុវជន​ស្ម័គ្រចិត្ត​ចំនួន ១៦៨​ក្រុម ស្មើ​នឹង​ជាង ២ពាន់​នាក់ ដើម្បី​ចុះ​ទៅ​វាស់វែង​ចែក​ដី​ជូន​ពលរដ្ឋ​ចំនួន ៣សែន​៥ម៉ឺន​គ្រួសារ ដោយ​ក្នុង​មួយ​ក្រុមៗ មាន​ចំនួន ១២​នាក់ ដោយ​មាន​ប្រើ​ឧបករណ៍ GPS កុំព្យូទ័រ និង​សម្ភារៈ​មួយ​ចំនួន​ទៀត និង​មាន​ការ​សហការ​ជាមួយ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​មាន​សមត្ថកិច្ច​នៅ​តាម​មូលដ្ឋាន។
លោក បេង ហុងសុជាតិខេមរ៉ូ ថា របាយការណ៍​ដែល​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ទទួល​បាន​ក្នុង​យុទ្ធនាការ​រួម​នៃ​ការ​វាស់វែង​ដីធ្លី​ទំហំ ១លាន​ហិកតារ នៅ​ខេត្ត​ចំនួន​១៦ ដែល​មាន​ទំនាស់ ក្រុម​យុវជន​បាន​វាស់វែង​ដី​ជាង ៥ម៉ឺន​ហិកតារ​រួច​ហើយ។
លោក អំ សំអាត អ្នក​គ្រប់គ្រង​បច្ចេកទេស​ឃ្លាំ​មើល​ការ​រំលោភ​សិទ្ធិ​មនុស្ស នៃ​អង្គការ លីកាដូ (Licadho) ថា យុវជន​ទាំង​នោះ​នៅ​ថ្មី​ថ្មោង​ក្នុង​ការងារ​ចុះ​ទៅ​តាម​តំបន់​ភ្នំ ជាពិសេស​នៅ​តំបន់​ដែល​មាន​មីន ពួក​គេ​គួរ​ត្រូវ​រក្សា​សុវត្ថិភាព និង​សុំ​ឲ្យ​មន្ត្រី​ស៊ីម៉ាក់ (CMAC) ចុះ​ទៅ​តំបន់​មាន​មីន និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ ជួយ​ដោះ​មីន​នៅ​តំបន់​ដែល​ត្រូវ​វាស់វែង​ដីធ្លី​ជូន​ប្រជាពលរដ្ឋ។
លោក អំ សំអាត ក៏​ស្នើ​សុំ​ឲ្យ​ក្រុម​យុវជន​ទាំង​នោះ ធ្វើ​កិច្ចការ​របស់​ខ្លួន​ប្រកប​ដោយ​តម្លាភាព ឯករាជ្យ និង​មិន​ស្ថិត​នៅ​ក្រោម​សម្ពាធ​នរណា​មួយ ក្រៅ​តែ​ពី​គោលនយោបាយ​របស់​រដ្ឋាភិបាល៕

No comments:

Post a Comment

yes