សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, July 25, 2012

ស៊ីខៅឌូ ថ្កោល​ទោស​ការ​ប្រើ​ហិង្សា​មក​លើ​កម្មករ និង​សកម្មជន​សហជីព​នា​រយៈ​ពេល​ចុង​ក្រោយ​នេះ


សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា ហៅ​កាត់​ថា ស៊ីខៅឌូ (C.CAWDU) នៅ​ថ្ងៃ​ពុធ​នេះ បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ ដោយ​ធ្វើ​ការ​ថ្កោល​ទោស​ចំពោះ​ការ​ប្រើ​អំពើ​ហិង្សា​មក​លើ​កម្មករ និង​សកម្មជន​សហជីព​នា​រយៈ​ពេល​ថ្មីៗ​ចុង​ក្រោយ​នេះ។
ក្រុមជើងកាង និងកម្មករដែលរងគ្រោះ (រូប៖ស៊ីខៅឌូ)
ស៊ីខៅឌូ បាន​លើក​ឡើង​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ថា ត្រឹម​តែ​រយៈ​ពេល​៣សប្តាហ៍ ក្នុង​ខែ​កក្កដា​នេះ មាន​ការ​ប្រើ​អំពើ​ហិង្សា រួម​នឹង​ការ​គំរាម​កំហែង​៤ករណី​បាន​កើត​ឡើង​ចំពោះ​កម្មករ និង​សកម្ម​ជន​សហជីព​ស៊ីខៅឌូ​ចំនួន​៧នាក់ ក្នុង​នោះ​ស្រី​ចំនួន​២នាក់ បណ្តាល​ឲ្យ​រងរបួស​ជា​ទម្ងន់ និង​រហូត​ដល់​សន្លប់។
ស៊ីខៅឌូ បាន​បន្ត​ថា អំពើ​ហិង្សា​ទាំង​នេះ​បាន​កើត​ឡើង​ស្ទើរ​គ្រប់​រូប​ភាព ដូច​ជា​ការ​ជួល​ក្រុម​ជើង​កាង និង​សន្តិសុខ​ក្រុមហ៊ុន​ដើម្បី​វាយ​មក​លើ​កម្មករ សកម្មជន​សហជីព​ដែល​កំពុង​ចូលរួម និង​ឃ្លាំ​មើល​កូដកម្ម​ទាមទារ​លក្ខខណ្ឌ​ការងារ និង​ធ្វើ​ដំណើរ​តាម​ដង​ផ្លូវ ដែល​ស៊ីខៅឌូ​សង្ស័យ​ថា មាន​ការ​រៀបចំ​ពី​ក្រោយ​ដោយ​និយោជក។
ស្រប​គ្នា​នេះ សម្ព័ន្ធ​សហជីព​ស៊ីខៅឌូ ក៏​បាន​សម្តែង​ការ​សោក​ស្តាយ​យ៉ាង​ខ្លាំង ចំពោះ​ទង្វើ​ប្រកប​ដោយ​ចរិត​កោងកាច រំលោភ​សិទ្ធិ​កម្មករ សិទ្ធិ​មនុស្ស​ដោយ​មិន​ខ្លាច​ញញើត​ច្បាប់ និង​មិន​មាន​ការ​អើពើ​ពី​អាជ្ញាធរ​មូល​ដ្ឋាន ចំពោះ​អំពើ​ហិង្សា​ដែល​បាន​ប្រព្រឹត្ត​មក​លើ​កម្មករ និង​សកម្មជន​សហជីព​នោះ។
ក្នុង​សេចក្តី​ថ្លែង​ការណ៍ ស៊ីខៅឌូ ក៏​បាន​ធ្វើ​ការ​ចោទ​ប្រកាន់​ផង​ដែរ​ចំពោះ​សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា​ថា ជា​រឿយៗ​តែង​តែ​ទម្លាក់​កំហុស​មក​លើ​ភាគី​កម្មករ និង​សហជីព​ថា ជា​អ្នក​បំផ្លាញ​ទំនាក់​ទំនង​វិជ្ជា​ជីវៈ ដែល​តាម​ការ​ពិត ភាគី​កម្មករ និង​សហជីព​ធ្វើ​ គឺ​ជា​ការ​ធ្វើ​កូដកម្ម​ដោយ​អហិង្សា ដើម្បី​ទាមទារ​លក្ខខណ្ឌ​ការងារ ប្រាក់​ឈ្នួល​ដើម្បី​រស់​នៅ​សម​រម្យ​នៅ​ក្នុង​សង្គម​តែ​ប៉ុណ្ណោះ។

ជាមួយ​គ្នា​នេះ ស៊ីខៅឌូ បាន​ស្នើ​ទៅ​រដ្ឋាភិបាល និង​ក្រសួង​ពាក់ព័ន្ធ ឲ្យ​ចូល​រួម​អន្តរាគមន៍​ដោះ​ស្រាយ​បញ្ហា​ទាំង​អស់​ខាង​លើ ដោយ ១.ជំរុញ​ឲ្យ​និយោជក​បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​ប្រើ​អំពើ​ហិង្សា​តាម​រយៈ​គ្រប់​រូប​ភាព​មក​លើ​កម្មករ និង​សកម្មជន​សហជីព, ២.ជំរុញ​ឲ្យ​និយោជក​បញ្ឈប់​ការ​រើស​អើង​ប្រឆាំង​សហជីព ជា​ពិសេស​សហជីព​ស៊ីខៅឌូ និង ៣.​ជំរុញ​អាជ្ញាធរ​មូល​ដ្ឋាន​ចាប់​ជន​សង្ស័យ និង​បក្ខ​ពួក​ទាំង​អស់​មក​ផ្តន្ទា​ទោស​ឲ្យ​ធ្ងន់ធ្ងរ​តាម​ច្បាប់៕

No comments:

Post a Comment

yes