ឈ្មោះ ជាតិ ស៊ីវុត្ថា មុខងារជាប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ, ឈ្មោះ ពាញ ពូល មុខងារជាមេឃុំសំព្រោច ស្រុកស្ទោង ខេត្តកំពង់ធំ, ឈ្មោះ ម៉េង ផល្លី, ឈ្មោះ ថាវ ទុំ, ឈ្មោះ ធាង ធា និងឈ្មោះ យុ គឹមឡេង ភេទស្រី បានត្រូវសមត្ថកិច្ចកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឃាត់ខ្លួនកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១២ នៅទឹកដីខេត្តកំពង់ធំ តាមដីកាបង្គាប់ឱ្យនាំខ្លួនរបស់លោក សេង នាង ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ រួចបញ្ជូនមករាជធានីភ្នំពេញ។
បន្ទាប់មក នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១២ សមត្ថកិច្ចបានបញ្ជូនមនុស្សទាំង ៦នាក់នេះ មកសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរពីដំណើររឿង ដែលត្រូវចោទប្រកាន់ពាក់ព័ន្ធនឹងករណីកាប់បំផ្លាញព្រៃលិចទឹក នៅស្រុកស្ទោង ខេត្តកំពង់ធំ។
ចំពោះលទ្ធផលនៃការសាកសួរ ពុំមានប្រភពណាទម្លាយចេញឱ្យដឹងជាផ្លូវការនោះទេ តែនៅរសៀលថ្ងៃដដែល តុលាការបានចេញដីកាសម្រេចឃុំខ្លួនមនុស្សទាំង ៦នាក់នេះ ដើម្បីរង់ចាំការស៊ើបអង្កេតជាបន្តទៀត។
គួររម្លឹកថា កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១២ កម្លាំងចម្រុះបានបើកកិច្ចប្រតិបត្តិការ បង្ក្រាបករណីកាប់បំផ្លាញព្រៃលិចទឹក ដោយពុំមានឃាត់ខ្លួនមនុស្សណាម្នាក់ទេ គ្រាន់តែបានដកហូតគ្រឿងចក្រប្រភេទអ៊ិចស្ការវ៉ាទ័រ ចំនួន ៤៤គ្រឿង ទុកជាវត្ថុតាង។ បន្ទាប់មក នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១២ សមត្ថកិច្ចបានបញ្ជូនរបាយការណ៍សំយោគ មកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ ដោយភ្ជាប់នូវឯកសារភស្តុតាងមួយចំនួន ប្រយោជន៍ដើម្បីធ្វើជាមូលដ្ឋានក្នុងការសម្រេចរកជនល្មើសទាំងឡាយ ដែលជាប់ពាក់ព័ន្ធនឹងករណីនេះ។
ក្រោយពីបានពិនិត្យ និងកោះហៅមនុស្សជាប់ពាក់ព័ន្ធមួយចំនួន មកសាកសួររួចហើយ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១២ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ បានផ្ទេរសំណុំរឿងនេះ មកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមច្បាប់។
នៅដំណាក់កាលនេះ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានពិនិត្យ រួចសម្រេចចោទប្រកាន់មនុស្សចំនួន ២៧នាក់ ជាអាជ្ញាធរដែនដី អាជ្ញាធរជំនាញ មន្ត្រីទទួលអាណត្តិតាមរយៈការបោះឆ្នោត (មេឃុំ ជំទប់ឃុំ) និងបក្ខពួក រួចបញ្ជូនសំណុំរឿងនេះ ទៅឱ្យចៅក្រមស៊ើបសួរចាត់ការបន្តតាមនីតិវិធី។
ចំពោះមូលហេតុដែលនាំឱ្យមានការចោទប្រកាន់នេះ ពុំមានប្រភពណាបញ្ជាក់ឱ្យដឹងជាផ្លូវការនោះទេ គ្រាន់តែបង្ហើបថា មនុស្សចំនួន ២៧នាក់ ដែលជាម្ចាស់អាង និងតំណាងក្រុមហ៊ុននៅតំបន់ទន្លេសាប ក្នុងភូមិសាស្ត្រឃុំចំណារក្រោម ឃុំសំព្រោច និងឃុំម្យាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ បានធ្វើសកម្មភាពកាប់បំផ្លាញព្រៃលិចទឹក ទំហំប្រមាណមួយម៉ឺនហិកតា បំពានអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលកំណត់តំបន់នោះជាតំបន់ហាមឃាត់ ឬហៅថាតំបន់បី តាំងពីដើមឆ្នាំ២០១២ មកម្ល៉េះ តាមរូបភាពរំកិលបង្គោលព្រំសីមា រវាងតំបន់ពីរចូលទៅក្នុងតំបន់បី ចាប់ពីរាប់រយម៉ែត្រ រហូតដល់កន្លែងខ្លះដល់ទៅជាងមួយពាន់ម៉ែត្រឯណោះ ហើយអាងចាស់ៗ ដែលត្រូវបានរដ្ឋាភិបាលសម្រេចឱ្យរំលាយចោលក្នុងឆ្នាំ២០១០ បានកើតឡើងវិញស្ទើរតែទាំងអស់។
ក្រៅពីនោះ មនុស្សទាំង ២៧នាក់នេះ បានធ្វើអាងទឹក ដើម្បីយកទឹកលក់ទៅឱ្យកសិករ សម្រាប់ធ្វើស្រែប្រាំងជាច្រើនកន្លែងទៀត ដែលមានទំហំរាប់ពាន់ហិកតា ស្ថិតនៅក្នុងតំបន់បី ដែលហាមផ្តាច់មិនឱ្យនរណាប៉ះពាល់។ ក្នុងនោះពួកគេ និងបក្ខពួក បានប្រមូលលុយយ៉ាងច្រើនសន្ធឹកសន្ធាប់ តាមរយៈលក់ទឹក និងលក់ត្រីដែលនៅក្នុងអាង។
ក្នុងពេលធ្វើសកម្មភាពកាប់បំផ្លាញព្រៃលិចទឹកនេះ មានអភិបាល អភិបាលរងខេត្តកំពង់ធំ អភិបាល អភិបាលរងស្រុកស្ទោង មេឃុំ ជំទប់ឃុំ មេភូមិ អាជ្ញាធរធនធានទឹក និងមន្ត្រីជលផលប្រចាំការនៅតំបន់នោះ ពោលគឺមានលក្ខណៈជាប្រព័ន្ធ បានឃុបឃិត និងផ្តល់ឯកសារមួយចំនួន បង្កលក្ខណៈងាយស្រួលឱ្យមនុស្សទាំង ២៧នាក់នេះ ធ្វើសកម្មភាពតាំងពីដើមឆ្នាំ២០១២ រហូតមកដល់ថ្ងៃដែលកម្លាំងចម្រុះបានបើកកិច្ចប្រតិបត្តិការបង្ក្រាប កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១២។
ប្រភពដដែលបានបញ្ជាក់ថា ចំពោះករណីខាងលើនេះ បានត្រូវតុលាការចាត់ទុកជាបទល្មើស មិនប្តឹងបរិហារបទឧក្រិដ្ឋ ឬបទមជ្ឈឹមដោយអ្នករាជការសាធារណៈ បទបំលាស់ទីនៃគោលព្រំ បទផ្តល់សេចក្តីប្រកាសដោយភូតកុហក និងបទផ្តល់លិខិតបញ្ជាក់មិនពិត និងផ្តន្ទាទោសតាមច្បាប់ជលផល និងច្បាប់ធនធានទឹកផងដែរ។
ប្រភពដដែលបានពោលអះអាងថា នៅក្នុងដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរ តំណាងអយ្យការបានបញ្ជាក់ឈ្មោះមនុស្ស ២៧នាក់ ដែលរងនូវការចោទប្រកាន់នេះ ដោយគ្រាន់តែអ្នកខ្លះមានសាវតាជាតិ និងអ្នកខ្លះពុំទាន់មានសាវតាជាតិប៉ុណ្ណោះ។ ដោយឡែក ចំពោះអាជ្ញាធរដែនដី និងអាជ្ញាធរជំនាញដែលជាប់ពាក់ព័ន្ធ តុលាការពុំបានបញ្ជាក់នោះទេ គ្រាន់តែបានប្រាប់ពីតួនាទីប៉ុណ្ណោះ ហើយចំណាត់ការរឿងក្តីនេះ វិវត្តន៍ទៅយ៉ាងណានោះ អាស្រ័យលើលោក សេង នាង ចៅក្រមស៊ើបសួរ កំពុងចាត់ការជាបន្តបន្ទាប់តាមនីតិវិធី ដើម្បីបញ្ជាក់អំពីអត្តសញ្ញាណជនត្រូវចោទនីមួយៗ។
នៅដំណាក់កាលនេះ ចៅក្រមស៊ើបសួរ បានចេញដីកាបង្គាប់ឱ្យសមត្ថកិច្ចនាំខ្លួនមនុស្សចំនួន ៨នាក់ ដែលក្នុងនោះមានប្រធានមន្ទីរធនធានទឹកខេត្តកំពង់ធំ មេឃុំសំព្រោច អតីតអធិការនគរបាលស្រុងស្ទោង និងប្រជាពលរដ្ឋ ៥នាក់ទៀត ដែលជាម្ចាស់អាងនៅតំបន់បីដែលរដ្ឋហាមឃាត់ ដើម្បីយកមកសាកសួរពីដំណើររឿងដែលត្រូវចោទប្រកាន់នេះ។ ប៉ុន្តែសមត្ថកិច្ចទើបតែឃាត់ខ្លួនបានមនុស្ស ៦នាក់ប៉ុណ្ណោះ នៅសល់ ២នាក់ទៀត សមត្ថកិច្ចកំពុងស្រាវជ្រាវជាបន្ត៕
No comments:
Post a Comment
yes