សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, July 30, 2012

ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ​ផ្សព្វផ្សាយ​គោលដៅ​រួម​ថ្នាក់​ជាតិ​លើក​ដំបូង


ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ​ដែល​ទើប​បង្កើត​ដោយ​គណបក្ស សម រង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស​រួម​គ្នា បាន​ផ្សព្វផ្សាយ​ពី​គោលដៅ​រួម​របស់​ចលនា​នេះ​ទៅ​ដល់​សកម្មជន​គណបក្ស​របស់​ខ្លួន​នៅ​ថ្នាក់​ជាតិ​ជា​លើក​ដំបូង នៅ​ថ្ងៃ​ទី​៣០ ខែ​កក្កដា។
RFA/Tep Soravy
លោក កឹម សុខា ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស ថ្លែង​ទៅ​កាន់​សកម្មជន​គណបក្ស​សិទ្ធិ​មនុស្ស និង​គណបក្ស សម រង្ស៊ី នៅ​ទីស្នាក់ការ​គណបក្ស​សិទ្ធិ​មនុស្ស នា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៣០ កក្កដា ឆ្នាំ​២០១២។
ការ​បង្ហាញ​ពី​គោល​ដៅ​រួម​ថ្នាក់​ជាតិ​នេះ ធ្វើ​ឡើង​នៅ​ក្នុង​កិច្ច​ប្រជុំ​រួម​គ្នា​រវាង​សកម្មជន​គណបក្ស​ទាំង​ពីរ​ប្រមាណ​ជាង ៣០០​នាក់ មក​ពី​តាម​បណ្តា​ខេត្ត​ក្រុង​នានា នៅ​ស្នាក់ការ​កណ្តាល​គណបក្ស​សិទ្ធិ​មនុស្ស ក្នុង​រាជធានី​ភ្នំពេញ។
នៅ​ក្នុង​ពិធី​ជួបជុំ​នោះ តំណាង​គណបក្ស សម រង្ស៊ី មាន​លោក គង់ គាំ ប្រធាន​ស្ដីទី​គណបក្ស សម រង្ស៊ី អ្នកស្រី មូរ សុខហួរ អ្នក​តំណាងរាស្ត្រ​ខេត្ត​កំពត អ្នកស្រី កែ សុវណ្ណរតន៍ អគ្គលេខាធិការ​គណបក្ស សម រង្ស៊ី និង​ជា​សមាជិក​ព្រឹទ្ធ​សភា។
លោក សម រង្ស៊ី ដែល​កំពុង​និរទេស​ខ្លួន​នៅ​ឯ​ក្រៅ​ប្រទេស ក៏​បាន​បង្ហាញ​វត្តមាន​តាម​រយៈ Video Conference មក​កាន់​កិច្ច​ប្រជុំ​ផង​ដែរ។ចំណែក​ខាង​គណបក្ស​សិទ្ធិ​មនុស្ស មាន​លោក កឹម សុខា ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស លោក យ៉ែម បុញ្ញឫទ្ធិ អគ្គលេខាធិការ និង​ជា​សមាជិក​រដ្ឋសភា​មណ្ឌល​ព្រៃវែង និង​លោក ប៉ែន សុវណ្ណ ប្រធាន​គណៈកម្មាធិការ​វិន័យ​របស់​គណបក្ស​សិទ្ធិ​មនុស្ស។

លោក កឹម សុខា ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស បាន​ពន្យល់​ដល់​សកម្មជន​គណបក្ស​សិទ្ធិ​មនុស្ស និង​សកម្មជន​គណបក្ស សម រង្ស៊ី ពី​មូលហេតុ​នៃ​ការ​រួប​រួម​គ្នា​បង្កើត​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ។ លោក​បាន​លើក​ឡើង​ថា ក្រុមប្រឹក្សា​ឃុំ​សង្កាត់​របស់​គណបក្ស​ទាំង​ពីរ​នៅ​មូលដ្ឋាន​កំពុង​ដើរ​ផ្លូវ​រួម​គ្នា​ក្នុង​ការ​សង្គ្រោះ​ជាតិ ដើម្បី​ទាញ​យក​សំឡេង​ឆ្នោត ឬ​អ្នក​គាំទ្រ​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​នៅ​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៣។
លោក​ថ្លែង​បន្ត​ថា ការ​រួម​គ្នា​រវាង​គណបក្ស​ទាំង​ពីរ នឹង​មិន​ប៉ះពាល់​អ្វី​ដល់​អាសនៈ​មេ​ឃុំ ឬ​ចៅ​សង្កាត់​ថ្មី និង​បញ្ហា​ផ្នែក​ច្បាប់​ដែល​ធ្វើ​ឲ្យ​គណបក្ស​ទាំង​ពីរ​មិន​អាច​បង្កើត​គណបក្ស​ថ្មី​មួយ​ទៀត​សម្រាប់​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៣ ទេ។
អ្វី​ដែល​លោក កឹម សុខា សង្កត់​ធ្ងន់​នោះ គឺ​គណបក្ស​ទាំង​ពីរ​នឹង​បង្កើត​គោលការណ៍​រួម កម្មវិធី​គោលការណ៍​រួម និង​សារ​រួម​ទៅ​សកម្មជន​នៅ​តាម​មូលដ្ឋាន ដើម្បី​ឲ្យ​អនុវត្ត និង​ផ្សព្វផ្សាយ​បន្ត​ដល់​ប្រជាពលរដ្ឋ មុន​នឹង​ដំណើរ​ការ​នីតិ​វិធី​ច្បាប់ ស្នើ​សុំ​បង្កើត​គណបក្ស​ថ្មី នឹង​លេច​ជា​រូបរាង​នៅ​ពេល​ខាង​មុខ​ឆាប់ៗ​នេះ។
លោក កឹម សុខា៖ «គឺ​យើង​នឹង​រៀបចំ​ជា​បន្ទាន់​នូវ​លក្ខន្តិកៈ​នៃ​គណបក្ស​ថ្មី បទបញ្ជា​នៃ​គណបក្ស​ថ្មី ដើម្បី​ចុះ​ឈ្មោះ។ យើង​មិន​ល្ងង់​ទេ យើង​ស្គាល់​ច្បាប់​យើង​ដឹង​ច្បាប់ យើង​អត់​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ»
លោក កឹម សុខា និង​លោក សម រង្ស៊ី រួម​គ្នា​បង្កើត​សម្ពន្ធភាព​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ កាល​ពី​ថ្ងៃ​ទី​១៧ កក្កដា ឆ្នាំ​២០១២ នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន ដោយ​សង្ឃឹម​ថា នឹង​បង្កើត​គណបក្ស​ថ្មី​មួយ​ដើម្បី​រំដោះ​ជាតិ ក្នុង​ការ​ទាញ​យក​សំឡេង​ឆ្នោត​នៅ​ឆ្នាំ​២០១៣ ដែល​គណបក្ស​ប្រឆាំង​ចាត់​ទុក​ប្រទេស​កម្ពុជា បច្ចុប្បន្ន​កំពុង​ស្ថិត​នៅ​មាត់​ជ្រោះ​នៃ​របប​កុម្មុយនិស្ត និង​ជា​អាយ៉ង​យួន។
លោក សម រង្ស៊ី ប្រធាន​គណបក្ស សម រង្ស៊ី ក៏​បាន​ថ្លែង​តាម Video Conference នៅ​ក្នុង​កិច្ច​ប្រជុំ​លើក​ដំបូង​រវាង​សកម្មជន​គណបក្ស​ទាំង​ពីរ​ថា ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ​នឹង​ធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​ទាំង​ក្នុង​ប្រទេស និង​ក្រៅ​ប្រទេស ដើម្បី​ប្រមែប្រមូល​អ្នក​ប្រជាធិបតេយ្យ​ឲ្យ​រួម​គ្នា។
នៅ​ក្នុង​ការ​ជួប​ប្រជុំ​គ្នា​នោះ លោក កឹម សុខា ប្រកាស​ថា នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋ​អាមេរិក​នៅ​ថ្ងៃ​ទី​៣១ ខែ​កក្កដា។
លោក សម រង្ស៊ី បញ្ជាក់​ថា ដំណើរ​ទស្សនកិច្ច​របស់​លោក កឹម សុខា នោះ គឺ​ដើម្បី​រួម​គ្នា​ជាមួយ​លោក​ស្វែង​រក​ការ​គាំទ្រ​ពី​ប្រទេស​មហា​អំណាច​មួយ​ចំនួន​នៅ​បរទេស​ឲ្យ​ដាក់​សំពាធ​លើ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ធ្វើ​ការ​ផ្លាស់ប្ដូរ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ដែល​គណបក្ស​ប្រឆាំង​ចាត់​ទុក​ថា មិន​មាន​អព្យាក្រឹត និង​ជួយ​ឲ្យ​លោក សម រង្ស៊ី មាន​សិទ្ធិ​ត្រឡប់​មក​កម្ពុជា​វិញ ឲ្យ​ទាន់​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៣។
លោក សម រង្ស៊ី៖ «បេក្ខជន​នាយករដ្ឋមន្ត្រី​ដែល​យក​ជា​ការ​បាន គឺ​មាន​តែ ២​ទេ គឺ ហ៊ុន សែន និង សម រង្ស៊ី ដូច្នេះ​មិន​អាច​បោះ​ឆ្នោត​គ្មាន​វត្តមាន​ខ្ញុំ​ទេ។ ដូច​គូ​ប្រដាល់​ឡើង​លើ​សង្វៀន ហើយ​មាន ២​ឡើង​ប្រដាល់​គ្នា ហ៊ុន សែន គាត់​អត់​ហ៊ាន​ទេ គាត់​អត់​ហ៊ាន​ប្រដាល់​ជាមួយ សម រង្ស៊ី ដាល់​ជាមួយ សម រង្ស៊ី សម រង្ស៊ី ដាល់​សន្លប់​ឥឡូវ»
នៅ​ក្នុង​កិច្ច​ប្រជុំ​នេះ​ដែរ គណបក្ស​សិទ្ធិ​មនុស្ស​ក៏​បាន​ចែក​កុំព្យូទ័រ ម៉ាស៊ីន​បោះ​ពុម្ភ (Printer) ទៅ​ដល់​មេ​ឃុំ ដែល​ជាប់​ឆ្នោត​ថ្មី​ចំនួន ១៨​រូប សម្រាប់​ផ្ទុក​ឯកសារ។ ដោយ​ឡែក​រថយន្ត ៤​គ្រឿង​ទៀត ក៏​ត្រូវ​បាន​ចែក​ដល់​មេ​ឃុំ​ថ្មី​មក​ពី​គណបក្ស​សិទ្ធិ​មនុស្ស​ផង​ដែរ ហើយ​គណបក្ស​នេះ​កំពុង​ស្វែង​រក​ជំនួយ​ពី​បរទេស​បន្ត​ទៀត ដើម្បី​ទិញ​រថយន្ត​ចំនួន ១៤​គ្រឿង​បន្ថែម ចែក​ជូន​មេឃុំ​ថ្មី​របស់​ខ្លួន​ទៅ​តាម​ការ​សន្យា​ពេល​ឃោសនា​បោះ​ឆ្នោត​រើស​សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​កន្លង​ទៅ។
ការ​ផ្តល់​នេះ​ត្រូវ​បាន​គេ​កត់​សម្គាល់​ថា ជា​ការ​ទទួល​ខុស​ត្រូវ​នូវ​ការ​សន្យា​របស់​គណបក្ស​នយោបាយ​ដែល​កន្លង​មក​គេ​មើល​ឃើញ​ថា អ្នក​នយោបាយ​មួយ​ចំនួន​តែង​សន្យា​ចោល ដើម្បី​រក​សំឡេង​ឆ្នោត​នៅ​មុន​ការ​បោះ​ឆ្នោត៕

No comments:

Post a Comment

yes