សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, July 30, 2012

សង្គម​ស៊ីវិល​បារម្ភ​ពី​សកម្មភាព​បំផ្លាញ​ជម្រក​សត្វ​ព្រៃ​នៅ​ខេត្ត​ក្រចេះ


មន្ត្រី​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​បាន​អះអាង​ថា សកម្មភាព​កាប់​បំផ្លាញ​ជម្រក​សត្វព្រៃ នៅ​ស្រុក​ស្នួល ខេត្ត​ក្រចេះ ដើម្បី​ទន្ទ្រាន​យក​ដី​ធ្វើ​ចម្ការ និង​លក់​បន្ត មាន​ភាព​អនាធិបតេយ្យ ប៉ុន្តែ​អាជ្ញាធរ​ខេត្ត​មិនទាន់​មាន​វិធានការណ៍​ទប់ស្កាត់​ទេ។
CCHR Photo
សកម្មភាព​ចុះ​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ​របស់​ប្រជា​សហគមន៍​នៅ​ស្រុក​ស្នួល ខេត្ត​ក្រចេះ កាល​ពី​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០១២។
មន្ត្រី​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា និង​ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​ឃ្សឹម ស្រុក​ស្នួល កំពុង​ព្រួយបារម្ភ​ខ្លាច​បាត់បង់​​ជម្រក​សត្វព្រៃ ប៉ះពាល់​បរិស្ថាន ដោយសារ​ឈ្មួញ និង​មន្ត្រី​មានអំណាច ខេត្ត​ក្រចេះ កាប់​ទន្ទ្រាន​ព្រៃឈើ វាទ​យក​​ដី​ធ្វើ​ចម្ការ​រាប់​រយ​រាប់​ពាន់​ហិកតារ។
លោក ឈឹម សាវុធ មន្ត្រី​កម្មវិធី នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា បាន​អះអាង​ថា បទល្មើស​កាប់​បំផ្លាញ​បរិស្ថាន​ជម្រក​សត្វព្រៃ នៅ​ឃុំ​ឃ្សឹម ស្រុក​ស្នួល មាន​សកម្មភាព​ធ្ងន់ធ្ងរ ប៉ុន្តែ​អាជ្ញាធរ​មិន​មាន​វិធានការ​ទប់ស្កាត់​​ទេ។ លោក​ថា បើ​គ្មាន​វិធានការ​ទប់ស្កាត់​សកម្មភាព​កាប់​បំផ្លាញ​ដី​ព្រៃ នៅ​ស្រុក​ស្នួល ឲ្យ​មាន​ប្រសិទ្ធភាព​ទេ ដី​ជម្រក​សត្វព្រៃ ក្នុង​មូលដ្ឋាន​នេះ​នឹង​បាត់បង់​ក្នុង​ពេល​ដ៏​ឆាប់។  ព្រោះថា សព្វថ្ងៃ​នេះ​មាន​ម៉ាស៊ីន​​រណា​អា​ឈើ​មិន​​តិច​ជាង ១រយគ្រឿង​ទេ បាន​ធ្វើ​សកម្មភាព​កាប់​ទន្ទ្រាន​ដី​ព្រៃ ដើម្បី​វាទ​យក​ដី​ធ្វើ​ចម្ការ និង​លក់​បន្ត។

លោក ឈឹម សាវុធ៖ «ពាក់ព័ន្ធ​ការ​កាប់​បំផ្លាញ​ព្រៃឈើ និង​បទល្មើស​ព្រៃឈើ​នៅ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​អភិរក្ស​នៅ​ស្នួល ក្នុង​ឃុំ​ឃ្សឹម គឺ​កើន​ឡើង​មាន​ម៉ាស៊ីន​កាត់​ឈើ​រាប់​រយ​គ្រឿង​កំពុង​តែ​កាប់​ព្រៃស្រោង​ធ្វើជា​ចម្ការ ហើយ​ប្រជាពលរដ្ឋ​មួយ​ចំនួន​ធំ គាត់​ទិញ​ពី​មន្ត្រី​បរិស្ថាន​ស្រុក​ស្នួល គឺ​កាប់​ព្រៃស្រោង​តែ​ម្ដង គឺ​បទល្មើស​កើតឡើង​ពេញបន្ទុក​តែ​ម្ដង។ រាប់​រយ​រាប់ពាន់​ហិកតារ​កំពុង​កាប់​បំផ្លាញ​ព្រៃស្រោង។ និយាយ​ទៅ​មាន​រណារ​យន្ត​រាប់​រយ​គ្រឿង​កំពុង​កាប់​ឈើ​រាល់ថ្ងៃ​នេះ»
មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​បន្ត​ថា មាន​មនុស្ស​រាប់​រយ​នាក់ ជា​រៀងរាល់​ថ្ងៃ​ត្រូវ​បាន​គេ​ជួល​ឲ្យ​ទៅ​កាប់ព្រៃ ដើម្បី​ទន្ទ្រាន​យក​ដី​ធ្វើ​ចម្ការ ឬ​ក៏​លក់​បន្ត។
បន្ថែម​លើ​នេះ តំណាង​ប្រជាពលរដ្ឋ​សហគមន៍ ឃុំ​ឃ្សឹម ស្រុក​ស្នួល ខេត្ត​ក្រចេះ ស្នើ​មិន​បង្ហាញ​អត្តសញ្ញាណ ក៏​បាន​​​អះអាង​ថា សព្វថ្ងៃ​នេះ​សកម្មភាព​កាប់​ទន្ទ្រាន​ដី​ព្រៃ​ក្នុង​មូលដ្ឋាន​ខ្លួន​មាន​រូបភាព​អនាធិបតេយ្យ​បំផុត។ លោក​ឲ្យ​ដឹង​ថា រាល់ថ្ងៃ​នេះ​មាន​ម៉ាស៊ីន​អា​ឈើ​រាប់​រយ​គ្រឿង បាន​ធ្វើ​សកម្មភាព​កាប់​ទន្ទ្រាន​ដី​ព្រៃ ដើម្បី​វាទ​យក​ដី​ធ្វើ​ចម្ការ ឬ​ក៏​លក់​បន្ត។
តំណាង​ពលរដ្ឋ បាន​ស្នើ​ឲ្យ​មន្ត្រី​ជំនាញ​ក្រសួង​ពាក់ព័ន្ធ​ថ្នាក់លើ ជួយ​ទប់ស្កាត់​សកម្មភាព​កាប់​បំផ្លាញ​ដី​ព្រៃ​ជម្រក​សត្វ ដែល​ធ្វើ​សកម្មភាព នៅ​ឃុំ​ឃ្សឹម ស្រុក​ស្នួល ឲ្យ​បាន​ទាន់​ពេល ព្រោះ​​ថា បទល្មើស​នេះ មាន​មន្ត្រី​ធ្វើការ​តាម​​ស្ថាប័ន ឬ​មន្ទីរ​មួយ​ចំនួន​ក្នុង​ខេត្ត​ក្រចេះ ជា​អ្នក​នៅ​ពីក្រោយ​បទល្មើស។
ទាក់ទង​បញ្ហា​នេះ លោក ស ចំរ៉ុង អភិបាល​ខេត្ត​ក្រចេះ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៣០ ខែ​កក្កដា ថា អាជ្ញាធរ​កំពុង​ស៊ើបអង្កេត​ជុំវិញ​បទល្មើស​​បំផ្លាញ​បរិស្ថាន​ជម្រក​សត្វព្រៃ នៅ​ស្រុក​ស្នួល ដែល​ពលរដ្ឋ​ព្រួយបារម្ភ ដើម្បី​​មាន​វិធានការ​ទប់ស្កាត់​រួចហើយ។
លោក ស ចំរុង មាន​ប្រសាសន៍​ដូច្នេះ៖ «បញ្ហា​កាប់​បំផ្លាញ​បរិស្ថាន​ព្រៃ​ជម្រក​សត្វ​នេះ ខាង​សហគមន៍​គេ​រាយការណ៍​ប្រាប់​ប៉ុន្មាន​ថ្ងៃមុន​នេះ ខ្ញុំ​បាន​ឲ្យ​អាជ្ញាធរ​ស្រុក និង​មេព្រៃ​ចុះ​ទៅ​ពិនិត្យ​មើល គេ​មិនទាន់​រាយការណ៍​ប្រាប់​ថា​ម៉េច​នៅ​ឡើយ​ទេ ប៉ុន្តែ​ខ្ញុំ​បាន​ឲ្យ​មន្ត្រី​ចុះ​អង្កេត​រួចហើយ»
យ៉ាង​ណា​ក៏ដោយ មន្ត្រី​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ ហាក់​មិន​មាន​ជំនឿ​ថា ថ្នាក់ដឹកនាំ​ខេត្ត​ក្រចេះ អាច​ទប់ស្កាត់​បទល្មើស​កាប់​បំផ្លាញ​បរិស្ថាន​ជម្រក​សត្វព្រៃ កំពុង​ធ្វើ​សកម្មភាព​នៅ​ឃុំ​ឃ្សឹម ស្រុក​ស្នួល មាន​ប្រសិទ្ធភាព​ទេ បើ​​គ្មាន​អន្តរាគមន៍​ពី​ប្រមុខ​ដឹកនាំ ឬ​មន្ត្រី​ជំនាញ​ក្រសួង​ពាក់ព័ន្ធ ចុះ​មាន​វិធានការ​ទប់ស្កាត់​ទេ​នោះ៕

No comments:

Post a Comment

yes