សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, August 16, 2012

មន្ត្រី​អាមេរិក​ម្នាក់​ប្រដូច​លោក​ហ៊ុន សែន​ទៅ​មេដឹកនាំ​ផ្តាច់​កា

120816_08
លោក Omar Al Bashir​​។ រូបថត Reuter លោក​នាយក​រដ្ឋ​​មន្ត្រី ហ៊ុន​ សែន។
 រូប​ថត លីណា

ភ្នំពេញៈ ទីប្រឹក្សា​នយោ​បាយ​ការ​បរ​ទេស​ជាន់​ខ្ពស់ របស់​បេក្ខ​ជន​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​លោក មីត រ៉ូមនី (Mitt Romney)​បាន​ប្រដូច​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ទៅ​នឹង​ជន​ផ្ដាច់​ការ នៃ​ប្រទេស​ស៊ីម​បាវ៉េ គឺ​លោក Robert Mugabe និង​អតីត​ប្រធានា​ធិបតី​ស៊ូដង់ ដែល​គេ​បាន​ចោទ​ប្រកាន់ ពីបទ​ប្រល័យ​ពូជ​សាសន៍ គឺ​លោក Omar Al Bashir ខណៈ​មិន​បាន​និយាយ​ឲ្យ​ចំ​ឈ្មោះ របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន។
ក្នុងពេល​ពិភាក្សា​មួយ ដែល​បង្ហាញ​ដោយ​ទីប្រឹក្សា​របស់​លោក រ៉ូមនី គឺ​លោក រីច វីលៀម​សុន (Rich Williamson) ធ្វើ​ឡើង​នៅ​ឯ​វិទ្យា​ស្ថាន Brookings របស់​ក្រុម​អ្នក​វិភាគ មាន​មូល​ដ្ឋាន​នៅ​ទីក្រុង​វ៉ាស៊ីន​តោន​កាល​ពី​ថ្ងៃទី ២៥ ខែ​កក្កដា ជំនួយ​ការ​រូប​នេះ បាន​ដាក់​បញ្ចូល​លោក «ហ៊ុន សែន» ជាមួយ​នឹង​ក្រុម​«មនុស្ស​មិន​សូវ​ពេញ​ចិត្ត​»​ផ្សេង​ទៀត ដែល​លោក​បាន​លើក​ឡើង។ លោក វីលៀម​សុន ថ្លែង​ថា​៖ «តើ​លោក ហ៊ុន សែន ឬលោក រ៉ូប៊ើត មូហ្គាបេ ឬក៏​លោក អូម៉ារ អាល់​បាសៀ មួយ​ណា​ល្អ​ជាង ឬ​មួយ​ណា​អាក្រក់​ជាង​មួយ​ណា​នោះ​ទេ ខ្ញុំ​គ្រាន់​តែ​ចង់​និយាយ ពី​មនុស្ស​មិន​សូវ​ពេញ​ចិត្ត​មួយ​ចំនួន​ប៉ុណ្ណោះ។
លោក វីលៀម​សុន បាន​ធ្វើ​ការ​អធិប្បាយ​លើក​ដំបូង ស្ដីពី​វេទិកា​ខ្មែរ ៤៤០​(Khmer 440) តាម​ប្រព័ន្ធ​អ៊ីន​ធឺណិត នៃ​ប្រជាជន នៅ​ក្នុង​កិច្ច​ពិភាក្សា គោល​នយោបាយ​ការ​បរទេស​ជាមួយ​លោក Michele Flournoy សហ​ប្រធាន នៃ​គណៈ​កម្មា​ធិការ​ប្រឹក្សា​យោបល់​អំពី​សន្តិសុខ​ជាតិ​របស់​លោក បារ៉ាក់ អូបាម៉ា សម្រាប់​សហរដ្ឋ​អាមេរិក។
អ្នក​នាំ​ពាក្យ​ទីស្តីការ​គណៈ​រដ្ឋ​មន្ត្រី​លោក ផៃ ស៊ីផាន បាន​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​អង្គារ​ថា វា​គឺ​ជា​ការ​ស្ថាបនា​បន្ថែម​ទៀត សម្រាប់​លោក វីលៀម​សុន ក្នុងការ​ខិតខំ​ប្រឹង​ប្រែង​ពង្រឹង​ទំនាក់​ទំនង ជាមួយ​ប្រទេស​មួយ​ចំនួន មាន​កម្ពុជា​ជាដើម ដូច​ដែល​លោក បារ៉ាក់ អូបាម៉ា បាន​ធ្វើ ជា​ជាង​ការ​និយាយ​បែប​នេះ។ លោក​បាន​ថ្លែង​ថា៖«ខ្ញុំ​គិត​ថា នោះ​គឺ​ជា​ពាក្យ​សម្ដី ដែល​គ្មាន​មូល​ដ្ឋាន ហើយ​ខ្ញុំ​មិន​គិត​ថា នោះ​ជា​គំនិត​ល្អ ដែល​នឹង​អាច​ជួយ​ដល់​គោល​នយោ​បាយ​ការ​បរទេស​សហរដ្ឋ​អាមេរិក​នោះ​ទេ»។
អ្នក​វិភាគ​នយោ​បាយឯក​រាជ្យ លោក បណ្ឌិត ឡៅ ម៉ុង​ហៃ បាន​ហៅ​ការ​អធិប្បាយ​នេះ​ថា​«ចម្លែក​» ដោយ​ហេតុ​ថា កម្ពុជា ​យ៉ាង​ហោច​ណាស់​ ក៏​មាន​មូល​ដ្ឋាន​ប្រជា​ធិបតេយ្យ នៅ​តាម​ស្ថាប័ន​ពាក់​ព័ន្ធ​មួយ​ចំនួន​ដែរ។ លោក​ថ្លែង​ថា៖«ខ្ញុំ​គិត​ថា វា​អយុត្តិ​ធម៌ ចំពោះ​លោក​នាយក​រដ្ឋ​មន្ត្រី របស់​យើង»។
គោល​នយោ​បាយ​ការ​បរទេស របស់​លោក រ៉ូម​នី ស្ថិត​នៅ​ក្រោម​ការ​ពិនិត្យ​ពិច័យ​យឺតយ៉ាវ ដោយ​សារ​តែមាន​អំពើ​ខុស​ឆ្គង ដែល​គេ​ធ្វើ​ជា​បន្ត​បន្ទាប់ នៅ​បរទេស។
តុលាការ​ឧក្រិដ្ឋ​កម្ម​អន្តរ​ជាតិ បាន​ចោទ​ប្រកាន់​លោក អូម៉ារ អាល់ បាសៀ​ពី​បទ​ឧក្រិដ្ឋ​កម្ម​សង្គ្រាម​ប្រឆាំង​នឹង​មនុស្ស​ជាតិ​និង​ការ​ចោទ ប្រកាន់​ពី​បទ​ឧក្រិដ្ឋ​កម្ម​ប្រល័យ​ពូជ​សាសន៍ ៣ ទៀត ដែល​គេ​សង្ស័យ​ថា បាន​ប្រព្រឹត្ត ទៅ​លើ​ក្រុម​កុល​សម្ព័ន្ធ នៅ​ក្នុង​តំបន់​ដាហ្វឺរ ប្រទេស​ស៊ូដង់។
ទោះ​បី​ជា​លោក មូហ្គាបេ ត្រូវ​បាន​ចោទ​ប្រកាន់​ជា​ទូទៅ ពី​បទ​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្ស​ជាតិ​ផង​ដែរ​ក៏​ដោយ ក៏​ពុំ​មាន​ចំណាត់​ការ​ណា​មួយ ត្រូវ​បាន​គេ​ចាត់​ ទៅ​លើ​គាត់​ដោយ​តុលាការ​ឧក្រិដ្ឋ​កម្ម​អន្តរជាតិ ដែល​ត្រូវ​ធានា​នូវ​សេច​ក្ដី​សម្រេច​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ ប្រជាជាតិ ដើម្បី​ចោទ​ប្រកាន់​ប្រធានា​ធិបតី​ស៊ីម​បាវ៉េ​នោះ​ទេ។
ឯក​សារ​ដែល​គាំទ្រ​ការ​ចោទ​ប្រកាន់ លោក ហ៊ុន សែន ពី​បទ​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋ​កម្ម ប្រឆាំង​មនុស្ស​ជាតិ ដោយ​សារ​ការ​បណ្ដេញ​ពលរដ្ឋ​មួយ​ចំនួន​ទាំង​បង្ខំ ឲ្យ​ចេញ​ពី​ដីធ្លី​ផ្ទះ​សម្បែង ក្នុង​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​កន្លង​មក​នេះ​ ត្រូវ​បាន​គេ​ដាក់​ជូន​ទៅ​តុលាការ​ឧក្រិដ្ឋ​កម្ម​អន្តរ​ជាតិ តែ​ក្រុមអ្នក​ច្បាប់​និយាយ​ថា សំណុំ​រឿ​ង​នេះ នឹង​មិន​ត្រូវ​​បាន​គេ​យក​​ចិត្ត​ទុក​ដាក់​នោះ​​ទេ​៕ PN

No comments:

Post a Comment

yes