សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, August 15, 2012

អង្គ​ការ​សមាគម​បួន​អំពាវ​នាវ​ឲ្យ​រដ្ឋាភិបាល​ជួយ​ពលករ​ចំណាក​ស្រុក​រង​គ្រោះ

120815_04
លោក យ៉ា ណាវុធ នៅ​ក្នុង​សន្ន​ិ​សីទ​កាសែតស្តី​ពី​បញ្ហា​ប្រ​ឈម​
របស់​ពលករ​ចំណាក​​ស្រុក កាល​ពី​ម្សិល​មិញ​​​​​។ រូបថត ហេង ជីវ័ន​

ភ្នំពេញ អង្គការ​សមាគម​ចំនួន​បួន​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​រួម​ពី​ថ្ងៃ​អង្គារ អំពាវ​នាវ​ឲ្យ​​រដ្ឋាភិបាល​ដោះ​ស្រាយ​ករណី​ពលករ​រង​គ្រោះ ដែល​វិល​មក​ស្រុក​វិញ​ដោយ​មិន​បាន​ទទួល​ប្រាក់​ខែ ជាមួយ​នឹង​ក្រុម​ហ៊ុន​ជ្រើសរើស​ពលករ​ដែល​បាន​បិទ​និង​ដក​ហូត អាជ្ញា​ប័ណ្ណ​ចំនួន​ពីរ គឺ​ក្រុម​ហ៊ុន T&P​និង​ក្រុមហ៊ុន Giant Ocean International Fishery ។
ក្នុង​សេចក្តី​ថ្លែង​ការណ៍​អង្គការ​សមាគម​ទាំង​បួន រួម​មាន​សមាគម​ការ​ពារ​សិទ្ធិ​មនុស្ស​និង​អភិវឌ្ឍន៍​ហៅ​អាដ​ហុក (ADHOC​), អង្គការ​ខារ៉ាម​កម្ពុជា​(CARAM) គណៈ​កម្មា​ធិការ​ប្រព្រឹត្តកម្ម​នៃ​អង្គការ​សមាគម​ការពារ​សិទ្ធិ​មនុស្ស កម្ពុជា (CHRAC) និង​គណៈ​កម្មាធិការ​នៃអង្គការ​មិន​មែន​រដ្ឋាភិបាល​កម្ពុជា ដើម្បី​អនុសញ្ញា​លុប​បំបាត់​រាល់​ទម្រង់​នៃ​ការ​រើស​អើង​លើ​ស្ត្រី ភេទ (NGO-CEDAW) កំពុង​បារម្ភ​អំពីសិទ្ធិ​ពលករ​ចំណាក​ស្រុក បន្ទាប់​ពី​មាន​ការ​តវ៉ា​ថ្មីៗ​នេះ ជាមួយ​ក្រុម​ហ៊ុន​ទាំងពីរ។

បណ្តា​អង្គការ​ទំាងនោះ​បាន​ទទួល​ពាក្យ​បណ្តឹង​ចំនួន​១០២ ទាក់​ទង​នឹង​ក្រុម​ហ៊ុន​ទាំង​ពីរ ក្នុង​នោះ ​មាន ៤៦​ករណី​ ទាក់ទិន​នឹង​ក្រុម​ហ៊ុន​Giant Ocean និង ៥៦​ករណី​ទាក់​ទិន​នឹង​ក្រុម​ហ៊ុន​ T&P ​នៅ​ក្នុង​៦​ខែ ឆ្នាំ​២០១២​នេះ។ ចំនួន​នេះ​កើន​ឡើង​៧​ដង​បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នាពី​ឆ្នាំ​មុន ពាក់​ព័ន្ធ​នឹង​ការ​កេង​ប្រវ័ញ្ច​កម្លាំង​ពលកម្ម ការ​ធ្វើ​ទារុណ​កម្ម ការ​បាត់​ខ្លួន ជាប់​ពន្ធនាគារ មិន​បាន​ទទួល​ប្រាក់ឈ្នួល​ និង​អត់​អាហារ រហូត​មាន​ជំងឺ​និង​ស្លាប់​ជា​ដើម។​
លោក យ៉ា ណាវុធ នាយក​ប្រតិ​បត្តិ​អង្គការ​ខារ៉ាម​បាន​ថ្លែង​ក្នុង​សន្និសីទ កាសែត​ម្សិល​មិញ​ថា ​ក្រុម​ហ៊ុន​T&P រដ្ឋាភិបាល​បាន​ដក​អាជ្ញា​ប័ណ្ណ និង​ក្រុម​ហ៊ុន Giant Ocean ត្រូវ​បាន​បិទ​កាល​ដើម​ឆ្នាំ​២០១២ ប៉ុន្តែ ក្រុម​ហ៊ុន​ទាំងពីរ​នេះ​មិន​ទទួល​ខុស​ត្រូវ ចំពោះ​ពលករ​ដែល​ធ្វើ​ការ​និង​ជាប់​ឃុំ​ឃាំង​នៅ​បរ​ទេសទេ។​
លោក​បន្ត​ថា ពលករ​បាន​សុំ​ឲ្យ​ជួយ​ពួកគេ​ជា​បន្ទាន់ តាមការ​ទូរស័ព្ទ​មក​ក្រុម​គ្រួសារ​ឲ្យ​ដាក់​ពាក្យ​ប្តឹង។ ពលករ​រង​គ្រោះ​ទាំងនោះ​ធ្វើការ​ងារ​លើស​ម៉ោង​ ហើយមិន​បាន​ប្រាក់​ឈ្នួល​ទេ​ពេល​វិល​​ត្រឡប់​មកស្រុក​វិញ។
លោក​បន្ថែមថា​៖ «ថ្មីៗ​នេះ​ក្រុម​អង្គការ​កំពុង​ធ្វើ​ការរួម​គ្នា បាន​ទទួល​ពាក្យ​បណ្តឹង​ជាច្រើន​ពី​ជន​រង​គ្រោះ​ដែល​ធ្វើ​ការ​នៅ​បរទេស តាម​រយៈក្រុម​ហ៊ុន​ទាំង​២នេះ។ យើង​ឆ្ងល់​ថា ហេតុ​អ្វី​បាន​ជា​ក្រុម​ហ៊ុន​ទាំង​នោះ​បញ្ជូន​ពលករ​ទៅ​ប្រទេស​សិង្ហបុរី​ ចិន ហ្វីជី ម៉ូរីទីស និង​អា្រហ្វិក​ខាង​ត្បូង? ពី​ព្រោះ​ថា រដ្ឋាភិបាល​បាន​អនុញ្ញាត​ឲ្យ​បញ្ជូន​ទៅ​ប្រទេស​ថៃ កូរ៉េ​ និង​ម៉ាឡេស៊ី ប៉ុណ្ណោះ។ ក្រុម​ហ៊ុន​មិន​ទទួល​ខុស​ត្រូវ​ចំពោះ​ពលករ​ខ្លួន​ទេ នៅ​ពេល​ពួកគេ​រងនូវ​ការ​កេង​ប្រវ័ញ្ច​លើ​កម្លាំង​​ពលកម្ម»។
លោក​បាន​បញ្ជាក់​ថា៖ «អង្គការ​សមាគម​យើង សូម​អំពាវនាវ​សុំ​ឲ្យ​រដ្ឋាភិបាល​ដោះ​ស្រាយ​សំណង​ជំងឺ​ចិត្ត​ជូន​ពលករ ដែល​រង​ការ​កេង​ប្រវ័ញ្ច​ពលកម្ម និង​មិន​បាន​ប្រាក់​ឈ្នួល និង​សុំ​ឲ្យ​ផាក​ពិន័យ​ដល់​ជន​ដែល​រំលោភ​បំពាន​ច្បាប់»។
លោក ជួន ចំរុង ប្រធាន​កម្មវិធី​ផ្នែក​ស្រី្ត​និង​កុមារ នៃ​សមាគមន៍​អាដ​ហុក​ថ្លែង​ថា បន្ទាប់​ពី​យើង​បាន​ទទួល​ពាក្យ​ប្តឹង​ចោទ​ក្រុម​ហ៊ុន​ទាំង២ ពី​ក្រុម​គ្រួសារ​ជន​រងគ្រោះ លើ​ករណី​បាត់​ខ្លួន​ក្នុង​ប្រទេស​ទាំង​នោះ យើង​ទាំង​អស់​គ្នា​មាន​ការ​ព្រួយ​បារម្ភ​ណាស់។
លោកស្រី ពុង ឈីវ​កេក​ ប្រធាន​បណ្តាញ NGO-CEDOC មាន​ប្រសាសន៍​ថា៖ «​យើង​ព្រួយ​បារម្ភ​ដោយសារ​ឮ​ថា ពលករ​ចំណាក​ស្រុក ជា​ជន​រង​គ្រោះ​នៅ​ប្រទេស​ទាំង​នោះ។ គ្រួសារ​របស់​គេ​ក្រីក្រ​ពេក ​ទើបពួក​គេចេញ​ទៅ​ធ្វើ​ការ​ឯបរទេស ទោះ​បី​ជាពួក​គេ​មិន​ចេះ​ភាសា​ក៏​ដោយ»។
លោក ម៉ៅ ភ័ក្រ​ អាយុ​៣២ឆ្នាំ​មកពី​ខេត្ត​ព្រៃវែង និយាយ​ទំាង​ភ័យ​រក​កល​ចង់​យំ​ថា គាត់​បាន​ទៅ​ធ្វើ​ការ​ជា​អ្នក​នេសាទ​នៅ​ប្រទេស​ហ្វីជី តាម​រយៈ​ក្រុមហ៊ុន Giant Ocean។ ក្រុមហ៊ុន​សន្យា​ថា បញ្ជូន​គាត់​ទៅ​ប្រទេស​ជប៉ុន ប៉ុន្តែ​បែរ​ជាឲ្យ​ទៅ​ប្រទេស​ហ្វីជី។ ដោយ​ការ​ងារ​លំបាក​និង​ប្រាក់​ខែ គាត់​ក៏​ទូរស័ព្ទ​មក​គ្រួសារ​ឲ្យ​ប្តឹង​អង្គការ​ឲ្យ​ជួយ ហើយ​គាត់​បាន​មក​ដល់​ផ្ទះ​នៅ​ដើម​ខែ​សីហា​នេះ។
ម៉ៅ ភ័ក្រ បន្តថា​៖​ «លុយតែ​១​រៀលមិន​បាន​ផង ពេល​ខ្ញុំ​វិល​មក​ស្រុក​វិញ ទោះ​ជា​ខ្ញុំ​ធ្វើ​ការ​នៅ​លើ​សមុទ្រ​ជាង​១​ឆ្នាំក៏​ដោយ។ ខ្ញុំ​បាន​ធ្វើ​ការ​គ្មាន​ពេល​សម្រាក​និង​គ្មាន​អាហារ។ ជួន​ខ្ញុំ​ត្រូវ​គេ​វាយ​ធ្វើ​បាប​និង​អត់​អាហារ​ពេញ​១ថ្ងៃ ជួន​២​ថ្ងៃ​ក៏មាន។ ខ្ញុំ​មិន​បាន​ទទួល​ប្រាក់ខែ​សោះ»៕ 


No comments:

Post a Comment

yes