សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, August 27, 2012

គ្រូពេទ្យ​នៅ​ខេត្ត​ពោធិ៍សាត់ រង​ការ​ចោទ​ប្រកាន់​ថា​មិន​បាន​គោរព​វិជ្ជាជីវៈ


ប្រជាពលរដ្ឋ​ជាច្រើន​នាក់ នៅ​ឯ​ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ បាន​រិះគន់​ចំពោះ​ក្រុម​គ្រូពេទ្យ​នៅ​មណ្ឌល​សុខភាព​ស្រុក​ក្រគរ ថា មិន​យក​ចិត្ត​ទុក​ដាក់​មើល​ថែ​អ្នក​ជំងឺ ដោយ​រវល់​តែ​ទៅ​ធ្វើ​ការងារ​នៅ​បន្ទប់​ព្យាបាល​ឯកជន​នៅ​ឯ​ផ្ទះ។
RFA/Mondul Keo
២៦-សីហា-២០១២៖ ឪពុក​ម្ដាយ​ចង់​ពិនិត្យ​ឈាម ត្រូវ​ដឹក​កូន​ទៅ​គ្លីនិក រួច​ដឹក​មក​មណ្ឌល​សុខភាព​វិញ នៅ​ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់។
បុរស​អ្នក​ភូមិ​ឈ្មោះ សុខ ជាលី ជា​ប្រជាពលរដ្ឋ​នៅ​ឃុំ​អន្លង់ត្នោត ស្រុក​ក្រគរ គាត់​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២៦ សីហា ថា កូន​គាត់​មាន​ជំងឺ​ក្ដៅ​ខ្លួន​ខ្លាំង គាត់​សង្ស័យ​ថា​កូន​គាត់​គ្រុនឈាម គាត់​បាន​យក​កូន​ទៅ​មណ្ឌល​សុខភាព​ស្រុក​ក្រគរ។ គាត់​បន្ត​ថា មិន​ទាន់​ទាំង​បាន​ពិនិត្យ​ជំងឺ​ផង បុគ្គលិក​ពេទ្យ​បាន​តម្រូវ​ឲ្យ​គាត់​បង់​ថ្លៃ​គ្រែ​ដេក​ចំនួន​២ម៉ឺន​៨ពាន់​រៀល។ ដោយ​គាត់​មិន​បាន​ត្រៀម​ខ្លួន​ជា​មុន គាត់​គ្មាន​ប្រាក់​បង់ គេ​ក៏​ដេញ​ឲ្យ​គាត់​ទៅ​យក​លុយ​មក​បង់​សិន ទើប​គេ​ព្រម​ទទួល​ព្យាបាល​កូន​គាត់៖ «ខ្ញុំ​នាំ​កូន​មក​សម្រាក​នៅ​មណ្ឌល​សុខភាព​ស្រុក​ក្រគរ​ហ្នឹង។ គេ​តម្រូវ​ឲ្យ​ខ្ញុំ​បង់​ថ្លៃ​កក់​គ្រែ​២ម៉ឺន​៨ពាន់។ ចៃដន្យ ខ្ញុំ​ទៅ​ហ្នឹង​ម៉ោង​៨យប់ ថ្ងៃ​សុក្រ ដោយ​អត់​បាន​ត្រៀម​ជា​មុន គេ​អត់​រវីរវល់​អី​ដល់​យើង​ទេ។ ដល់​ស្អែក​ឡើង ខ្ញុំ​ក៏​ដាច់​ចិត្ត​យក​កូន​ទៅ​ពិនិត្យ​ឈាម​នៅ​ខាង​ក្រៅ ឃើញ​ថា វា​គ្រុនឈាម ខ្ញុំ​ក៏​យក​កូន​មក​មណ្ឌល​សុខភាព​វិញ គេ​នៅ​តែ​ធ្វើ​ព្រងើយ​មិន​រវល់​មើល​កូន​ខ្ញុំ​ដដែល គេ​សួរ​រក​តែ​ប័ណ្ណ​ក្រីក្រ តែ​ខ្ញុំ​អត់​មាន​ទេ»

បុរស​អ្នក​ភូមិ​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា មណ្ឌល​សុខភាព​ស្រុក​ក្រគរ គឺ​មាន​តែ​សំបក​ផ្ទះ​ប៉ុណ្ណោះ អ្វីៗ​ទាំង​អស់ គឺ​អ្នក​ជំងឺ​ត្រូវ​ទៅ​ទិញ​ពី​ខាង​ក្រៅ ដូច​ជា​ថ្នាំ ឬ​ឧបករណ៍​ដែល​ត្រូវ​ប្រើប្រាស់​ក្នុង​ការ​ព្យាបាល​ជាដើម៖ «តាំង​ពី​ស្រោម​ដៃ​អីៗ គេ​ឲ្យ​យើង​ទៅ​ទិញ​ពី​ខាង​ក្រៅ​មក​ឲ្យ​គេ​ទាំង​អស់។ ក្នុង​មណ្ឌល​សុខភាព​គ្មាន​ឧបករណ៍​អី​សម្រាប់​បម្រើ​ប្រជាពលរដ្ឋ​ទេ»
ប្រធាន​មណ្ឌល​សុខភាព​ស្រុក​ក្រគរ គឺ​លោក គ្រី ជិន្ថា បាន​បដិសេធ​ការ​លើក​ឡើង​របស់​ប្រជាពលរដ្ឋ លោក​ពន្យល់​ចំពោះ​បញ្ហា​កង្វះ​ខាត​ខ្លះៗ​ក្នុង​មណ្ឌល​សុខភាព​ថា គឺ​មក​ពី​ប្រជាពលរដ្ឋ​មិន​យល់​ពី​កត្តា​បច្ចេកទេស ក្នុង​ការ​ព្យាបាល​របស់​គ្រូពេទ្យ៖«ជួន​កាល ប្រជាជន​គាត់​អត់​យល់​ពេល​ដែល​យើង​ឲ្យ​ថ្នាំ​ឲ្យ​គាត់​លេប​ហើយ​មិន​បញ្ចូល​សេរ៉ូម​ឲ្យ​គាត់ គាត់​ថា​យើង​មិន​យក​ចិត្ត​ទុក​ដាក់​គាត់។ តែ​តាម​ពិត ជំងឺ​គាត់​គឺ​មិន​តម្រូវ​ឲ្យ​ដាក់​សេរ៉ូម​ទេ។ ដល់​អ៊ីចឹង គាត់​ក៏​យល់​ថា​យើង​មិន​ព្រម​ព្យាបាល​ឲ្យ​គាត់ ដោយ​សារ​យើង​ចង់​ឲ្យ​គាត់​ទៅ​ពិនិត្យ​នៅ​បន្ទប់​ឯកជន តែ​តាម​ពិត គឺ​មិន​មែន​ដូច្នោះ​ទេ»
ចំពោះ​ការ​រិះគន់​ថា គ្រូពេទ្យ​មិន​រវល់​ការងារ​ក្នុង​មណ្ឌល​សុខភាព ដោយ​រវល់​តែ​ទៅ​មើល​បន្ទប់​ព្យាបាល​ឯកជន​ផ្ទាល់​ខ្លួន​នោះ​លោក​ថា រឿង​នេះ​ពុំ​អាច​កើត​ឡើង​ទេ ព្រោះ​ក្នុង​មណ្ឌល​សុខភាព​មាន​ការ​បែងចែក​វេន​ការងារ​ប្រចាំ​ការ​ត្រឹមត្រូវ ព្រម​ទាំង​មាន​ប្រអប់​សំបុត្រ​សម្រាប់​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​ការ​រិះគន់ ដើម្បី​កែលំអ​ទៀត​ផង។
យ៉ាង​នេះ​ក្ដី លោក​ទទួល​ស្គាល់​ថា គ្រូពេទ្យ​ដែល​ធ្វើ​ការ​ក្នុង​មណ្ឌល​សុខភាព​ភាគ​ច្រើន បាន​បើក​បន្ទប់​ព្យាបាល​ជំងឺ​ក្រៅ​ម៉ោង នៅ​ឯ​គេហដ្ឋាន ដើម្បី​រក​កម្រៃ​បន្ថែម​ដោះស្រាយ​ជីវភាព​គ្រួសារ​ដែល​ជា​ប្រការ​ចៀស​មិន​រួច ដោយ​សារ​ប្រាក់​បៀវត្សរ៍​បច្ចុប្បន្ន​នៅ​មាន​កម្រិត៕

No comments:

Post a Comment

yes