ភ្នំពេញៈ ឧត្តមសេនីយ៍ទោផ្នែកកងទ័ព ដែលត្រូវចាប់ខ្លួន កាលពីសប្តាហ៍មុន ក្រោមការចោទប្រកាន់ពីបទសមគំនិត ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន កំពុងប្រឈមនឹងការកាត់ទោសជាប់ពន្ធនាគារមួយជីវិត។
លោក គី ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងភ្នំពេញ បានឲ្យដឹងថា ឧត្តមសេនីយ៍ ចាន់ ឫទ្ធីឌី អង្គរក្សលោក និងប្តីប្រពន្ធជនជាតិខ្មែរកាត់ឡាវ ឈ្មោះ ឌៀប ស៊ុនឡាយ និងប្រពន្ធ ញ៉ម សុខា ត្រូវសាលាដំបូងរាជធានីភ្នំពេញចោទប្រកាន់ជាផ្លូវការ ក្នុងសវនាការកាលពីម្សិលមិញ ពីបទជួញដូរគ្រឿងញៀន និងត្រូវបានបញ្ជូនទៅពន្ធនាគារព្រៃស ដើម្បីរង់ចាំការជំនុំជម្រះ។
លោក គី ប៊ុណ្ណារ៉ា បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ថា៖ «កាលពីព្រឹកម្សិលមិញ ពួកគេត្រូវតុលាការចោទប្រកាន់ជាផ្លូវការ តាមមាត្រាទី៤០ នៃច្បាប់ស្តីពីការគ្រប់គ្រងគ្រឿងញៀន។ យោងតាមមាត្រាថ្មី... ប្រសិនតុលាការរកឃើញថា មានកំហុសមែននោះពួកគេម្នាក់ៗ នឹងត្រូវប្រឈមនឹងការជាប់ពន្ធនាគារចាប់ពី២០ឆ្នាំ ទៅ៣០ឆ្នាំ និងមួយជីវិតតែម្តង»។
លោក ប៊ុណ្ណារ៉ា បានបន្តទៀតថា លោក ចាន់ ឫទ្ធីឌី នឹងត្រូវឡើងសវនាការជាថ្មីម្តងទៀតក្នុងពេលឆាប់ៗនេះ ដើម្បីប្រឈមនឹងករណីចោទបន្ថែមទៀត។
លោកលើកឡើងថា៖ «ទោះជាលោក ចាន់ ឫទ្ធីឌី បច្ចុប្បន្នត្រូវបានចោទប្រកាន់ និងបញ្ជូនទៅពន្ធនាគារក៏ដោយក្តី លោក ឫទ្ធីឌី នៅតែប្រឈមនឹងការចោទប្រកាន់ផ្សេងៗច្រើនទៀត។ លោក ឫទ្ធីឌី នឹងត្រូវនាំមកសួរចម្លើយនៅតុលាការ អំពីការកាន់កាប់ និងការស្តុកទុកឈើប្រណីតដោយគ្មានការអនុញ្ញាត»។
យោងតាមនាយនគរបាលប្រឆាំងគ្រឿងញៀន លោក ខៀវ សាម៉ន បានថ្លែងឲ្យដឹងថា លោក ចាន់ ឫទ្ធីឌី និងអង្គរក្សលោក ត្រូវចាប់ខ្លួននៅគេហដ្ឋានដ៏ស្តុកស្តម្ភរបស់គាត់ កាលពីថ្ងៃសុក្រមុន នឹងបានឆែកឆេររកឃើញថ្នាំញៀនប្រភេទម៉ាទឹកកកទម្ងន់១គីឡូក្រាម និងថ្នាំញៀនប្រភេទមេតំហ្វេតាមីន ចំនួន ៨៥.០០០ គ្រាប់។ ក្រោយការចាប់ខ្លួនកម្លាំងនគរបាលរកឃើញឃ្លាំងស្តុកឈើប្រណីតដ៏ ធំមួយ ដែលលាក់នៅក្នុងគេហដ្ឋានមួយទៀត។
លោក ខៀវ សាម៉ន បានមានប្រសាសន៍ថា ក្រុមសមគំនិតជនជាតិឡាវទាំងពីរនាក់ ត្រូវចាប់ខ្លួននៅថ្ងៃបន្ទាប់ ជាមួយនឹងគ្រឿងញៀន ជិត១គីឡូក្រាមផងដែរ នេះបើតាមព័ត៌មាន ដែលប្រមូលបានពីចម្លើយលោក ឫទ្ធីឌី។
លោក ឌៀប ស៊ុនឡាយ ជនជាប់ចោទម្នាក់ក្នុងចំណោមនោះសារភាពថា ខ្លួនបាននាំគ្រឿងញៀនចូលមកប្រទេសកម្ពុជាតាមព្រំដែនឡាវ ហើយបានលក់វា ទៅឲ្យលោកចាន់ ឫទ្ធីឌី នេះបើតាមការអះអាងរបស់លោក ខៀវ សាម៉ន។ លោក ស៊ុនឡាយ បានដើរតួជាឈ្មួញកណ្តាល ដោយទិញគ្រឿងញៀននៅប្រទេសឡាវ ក្នុង១គីឡូក្រាម តម្លៃ៣២.០០០ដុល្លារអាមេរិក បន្ទាប់មកលក់ឲ្យលោក ឫទ្ធីឌី ក្នុងតម្លៃ ៣៥.០០០ដុល្លារអាមេរិក ហើយលោក ឫទ្ធីឌី យកមកលក់ចេញបន្ត ក្នុងតម្លៃ៤២.០០០ដុល្លារអាមេរិក។
ជនជាប់ចោទទាំង៤នាក់ និងមេធាវីការពារពួកគេ មិនអាចទាក់ទងសុំការបំភ្លឺបានទេ កាលពីថ្ងៃម្សិលមិញ៕
No comments:
Post a Comment
yes